បុរស​ជនជាតិ​អាមេរិក​ប្រើប្រាស់​ជំនាញ​ភាសា​ខ្មែរ​អភិរក្ស​ឯកសារ​បុរាណ

បុរស​ជនជាតិ​អាមេរិក​ប្រើប្រាស់​ជំនាញ​ភាសា​ខ្មែរ​អភិរក្ស​ឯកសារ​បុរាណ

លោក ត្រេ​ន្ត វ៉ក​ឃ័រ តំណាងក្រុមអ្នកអភិរក្សឯកសារបុរាណ

ក្នុង​វ័យ​៣០​ឆ្នាំ លោក ត្រេ​ន្ត វ៉ក​ឃ័រ (Trent Walker) កើត​នៅ​រដ្ឋ​កាលីហ្វ័​រញ៉ា សហរដ្ឋអាមេរិក មាន​បងប្អូន​ប្រុស​២​នាក់ ហើយ​លោក​ជា​កូនពៅ​។​

មាន​មាឌតូច​ល្មម សក់​ពណ៌​ទង់ដែង បុរស​ជនជាតិ​អាមេរិក​រូប​នេះ បាន​រំឭក​ពី​ខ្សែជីវិត​អតីត​កាល​ពី​ការសិក្សា​ជំនាញ​ភាសា​ខ្មែរ​ថា លោក​ចាប់ផ្ដើម​រៀន​ភាសា​ខ្មែរ​នៅក្នុង​អង្គការ​ខ្មែរ​អមតៈ ដែល​បាន​មក​បើក​ថ្នាក់​បង្រៀន​ភាសា​ខ្មែរ​និង​ថ្នាក់​ជំនាញ​ស្មូត្រ​នៅក្នុង​ខេត្ត​កំពង់ស្ពឺ​តាំងពី​ឆ្នាំ​២០០៥​មក​៖ «​ខ្ញុំ​បាន​មក​ស្រុក​ខ្មែរ​លើក​ដំបូង​នៅ​ឆ្នាំ​២០០៥ និង​បាន​រៀន​ភាសា​ខ្មែរ​តាំងពី​ពេលនោះ​មក​។ កាលពី​ឆ្នាំ​២០០៥ ខ្ញុំ​មក​តាម​រយៈ​អង្គការ​ខ្មែរ​អមតៈ និង​បាន​រៀន​ភាសា​ខ្មែរ​ជាមួយ​គ្រូ​ឯកជន ហើយ​បន្ទាប់មក​បាន​ទៅ​ស្នាក់​នៅ​តាម​ស្រុកស្រែ គឺ​នៅ​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ដើម្បី​បន្ត​រៀន​ស្មូត្រ​របស់​ខ្មែរ​»​។​

​ក្រៅពី​សិក្សា​ភាសា​ខ្មែរ​និង​ជំនាញ​ស្មូត្រ លោក ត្រេ​ន្ត វ៉ក​ឃ័រ ក៏​ធ្លាប់​បួស​ជា​ព្រះសង្ឃ​រយៈពេល​ខ្លី​២​ដង​ផងដែរ​។ បន្ទាប់ពី​បាន​សិក្សា​ភាសា​ខ្មែរ​និង​ជំនាញ​ស្មូត្រ​ជាច្រើន​ឆ្នាំ លោក​បាន​វិលត្រឡប់​សហរដ្ឋអាមេរិក​វិញ និង​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញាបត្រ​ផ្នែក​សាសនា និង​ថ្នាក់អនុបណ្ឌិត​ផ្នែក​ព្រះពុទ្ធសាសនា​។

បច្ចុប្បន្ន លោក​កំពុង​សិក្សា​ថ្នាក់បណ្ឌិត​នៅ​សាកលវិទ្យាល័យ​កាលីហ្វ័​រញ៉ា (University Of California) ក្នុង​ទីក្រុង Berkeley សហរដ្ឋអាមេរិក ដោយ​សិក្សា​លើ​ផ្នែក​ព្រះពុទ្ធសាសនា​។​

​លោក ត្រេ​ន្ត វ៉ក​ឃ័រ បានឱ្យដឹងថា មូលហេតុ​និង​គោលបំណង​សំខាន់​ដែល​លោក​សិក្សា​លើ​ជំនាញ​ភាសា​ខ្មែរ ព្រោះ​លោក​ចង់​ស្រាវជ្រាវ​វិស័យ​ព្រះពុទ្ធសាសនា​នៅ​កម្ពុជា ដើម្បី​បញ្ចប់​និក្ខេប​បទ​ថ្នាក់បណ្ឌិត​របស់​លោក​នៅ​សហរដ្ឋអាមេរិក​។​

លោក​បន្តថា វិស័យ​ព្រះពុទ្ធ​នៅ​កម្ពុជា​ត្រូវបាន​បុព្វបុរស​ខ្មែរ​សរសេរ​នៅលើ​ឯកសារ​បុរាណ​ដូចជា​សាស្ត្រា​ស្លឹក​រឹត ក្រាំង និង​វៀន ជាដើម  ស្រប​ពេល​ស្ថានភាព​ឯកសារ​បុរាណ​ខ្មែរ ដែល​នៅ​សេសសល់​ពី​សម័យ​សង្គ្រាម​ដែល​ត្រូវ​បាន​រក្សាទុក​នៅតាម​វត្ត​នានា កំពុងតែ​ទទួលរង​នូវ​ការបាត់បង់​ជា​បន្តបន្ទាប់ ដែល​ទាមទារ​ឱ្យមាន​ការសង្គ្រោះ​ឡើងវិញ​៖ «​ពេល​ខ្ញុំ​រៀន​នៅ​អាមេរិក រៀន​ផ្នែក​ពុទ្ធសាសនា​ថ្នាក់បណ្ឌិត គឺ​នៅក្នុង​ថ្នាក់រៀន​និមួយៗ គឺ​គេ​យើង​មើល​សាស្ត្រា​ស្លឹករឹត​របស់​ឥណ្ឌា ឬ​គម្ពី​បុរាណ​ចិន អ៊ីចឹង​យើង​ត្រូវ​សិក្សា​តាម​ច្បាប់​ដើម ខ្ញុំ​នឹកឃើញ​ថា​អ៊ីចឹង​ខ្ញុំ​គួរ​សិក្សា​តាម​ច្បាប់​ដើម​ខ្មែរ ដោយសារ​ខ្ញុំ​ចេះ​ភាសា​ខ្មែរ​សមគួ​រដែរ បើ​ខ្ញុំ​សិក្សា​តទៅទៀត​ប្រហែល​អាច​មើល អាន​និង​ប្រែ​បាន​នូវ​គម្ពី ឯកសារ​បុរាណ​ទាំងនោះ​…»​។​

trade-walker-20170816-03​ក្រៅ​ពី​ជំនាញ​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស បុរស​ជនជាតិ​អាមេរិកកាំង​រូប​នេះ​ក៏​ចេះ​ភាសា​ថៃ ឡាវ និង​បារាំង​ថែម​ទៀត​។​
​លោកត្រេ​ន្ត វ៉ក​ឃ័រ បាន​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ដើមឆ្នាំ​២០១៦​។ ដើម្បី​ដឹង​កាន់តែ​ស៊ីជម្រៅ​អំពី​ឯកសារ​បុរាណ​ខ្មែរ​នៅក្នុង​ព្រះពុទ្ធសាសនា លោកត្រេ​ន្ត វ៉ក​ឃ័រ បាន​ធ្វើការ​ជាមួយ​ក្រុម​អ្នក​អភិរក្ស នៅ​បណ្ណាល័យ​ព្រះ​វណ្ណា​រ័ត្ន​កែន​វង្ស ក្នុង​បរិវេណ​វត្ត​សា​រ៉ា​វន្ត កណ្ដាល​រាជធានី​ភ្នំពេញ ដែល​ជា​ទីតាំង​ធំ​មួយ​មាន​តម្កល់​ឯកសារ​បុរាណ​។​

​លោក​បន្តថា ការងារ​សព្វថ្ងៃ​នៅ​ទីនេះ លោក​បាន​ប្រើប្រាស់​ជំនាញ​ភាសា​ខ្មែរ ដើម្បី​អាន​និង​ស្រាវជ្រាវ​លើ​ឯកសារ​បុរាណ​ដូចជា ឯកសារ​បាលី សាស្ត្រា​ស្លឹករឹត និង​ក្រាំង ដើម្បី​យក​មក​កែសម្រួល​អក្ខរា​វិរុទ្ធ​ថ្មី​តាម​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត  ព្រមទាំង​យក​មក​ប្រៀបធៀប​ជាមួយ​ឯកសារ​បុរាណ​របស់​ប្រទេស​ដទៃ និង​បក​ប្រែជា​ភាសា​អង់គ្លេស​ផងដែរ​៖ «​សព្វ​ថ្ងៃនេះ​ខ្ញុំ​តែងតែ​មើល​ក្រាំង និង​សាស្ត្រា​ស្លឹក​រឹត យក​អត្ថបទ​ដែល​មាន​នៅក្នុង​ក្រាំង និង​សាស្ត្រា​ស្លឹករឹត​ហ្នឹង យក​មក​កែសម្រួល ហើយ​យកមក​ប្រៀបធៀប​នឹង​ឯកសារ​ដែល​ស្រដៀង​គ្នា យក​មក​ប្រៀបធៀប​នឹង​ឯកសារ​នៅក្នុង​ភាសា​ផ្សេង ដូច​ជា​ភាសា​ថៃ ភាសាបាលី ដែល​មាន​គម្ពី​ខ្មែរ​ខ្លះ​ប្រែ​ចេញ​ពី​ថៃ ប្រែ​ចេញពី​បាលី​នេះ​ផង និង​កែសម្រួល​តាម​អក្ខរា​វារុទ្ធ​សម័យថ្មី​នេះតាម​វេចនា​នុ​ក្រម​របស់​សម្តេច ជួន ណាត និង​ការ​ប្រែ​ចេញ​ជា​ភាសា​អង់គ្លេស និង​វិភាគ​អត្ថបទ​។ អ៊ីចឹង​អ្វីដែល​ខ្ញុំ​ផ្តោត​ធំ​ទៅលើ​ផ្នែក​ណា​នៅ​ក្នុង​ភាសា​ខ្មែរ​សព្វថ្ងៃ​គឺ​កិច្ចការ​ទាំង​នោះ​»​។​

​តាមរយៈ​បទពិសោធន៍​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ពី​ឯកសារ​បុរាណ​នៅ​កម្ពុជា​ច្រើន​ឆ្នាំ​មកនេះ លោក ត្រេ​ន្ត យល់ថា រាល់​ឯកសារ​បុរាណ​ដែល​អ្នកប្រាជ្ញ​បុរាណ​ខ្មែរ​បាន​ចារ​ទុក  មាន​ខ្លឹមសារ​បង្កប់​នូវ​លក្ខណៈ​ពិសេស នៃ​អក្សរសាស្ត្រ​ខ្មែរ ច្បាប់​ទំនៀមទម្លាប់ និង​អត្តសញ្ញាណ​ព្រលឹង​ជាតិខ្មែរ ដែល​ទាមទារ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ រួម​គ្នា​អភិរក្ស​ទាំងអស់គ្នា​៖ «​ជាទី​មោទកភាព​របស់​ប្រជាជន​ខ្មែរ ដែល​ឃើញ​នូវ​អ្វី​ដែល​បុព្វបុរស​របស់​ពួកគាត់​បាន​កសាង​នៅក្នុង​សម័យ​មុន នេះ​ជា​រឿង​មួយ​ដែល​សំខាន់ មួយទៀត បើ​ក្មេងជំនាន់ក្រោយ​ឬ​អ្នកស្រាវជ្រាវ​ចង់ដឹង​អំពី​អតីតកាល និង​ស្នាដៃ​របស់​អ្នកប្រាជ្ញ​សម័យមុន គឺ​ត្រូវតែ​សិក្សា​នៅ​ក្នុង​ក្រាំង និង​សាស្ត្រា​ស្លឹក​រឹត មួយ​ទៀត​ប្រសិនបើ​មាន​ជំនឿ​នៅក្នុង​ព្រះពុទ្ធសាសនា គឺ​សាស្ត្រា​ស្លឹករឹត​មួយចំនួនធំ គឺ​ព្រះ​ធម្ម​តែម្តង អ៊ីចឹង​បើ​យើង​យល់​ថា​ព្រះ​ធម្ម​ជា​របស់​សំខាន់ គឺជា​អ្វីមួយ​ដែល​យើង​ត្រូវ​រក្សាទុក ត្រូវ​អភិរក្ស​ឱ្យ​គង់វង្ស និង​ដាក់​វា​នៅ​កន្លែង​ដែល​សមគួរ​»​។​

តំណាង​ក្រុម​អភិរក្ស​ឯកសារ​បុរាណ​ក្នុង​នៅ​បណ្ណាល័យ​ព្រះ​វណ្ណា​រ័ត្ន​កែន​វង្ស លោក ម៉េច ឃឿន បាន​បង្ហាញ​ការគាំទ្រ ចំពោះ​សកម្មភាព​ជនជាតិ​បរទេស​រូបនេះ​។ លោក​បន្តថា  បច្ចុប្បន្ន​ឯកសារ​បុរាណ​ខ្មែរ អាច​នឹង​ត្រូវ​បាត់បង់​ទៅ ថ្ងៃ​អនាគត ប្រ​សិន​បើ​មិន​ការយកចិត្តទុកដាក់​អភិរក្ស​ឱ្យបាន​គង់វង្ស ខណៈ​មិន​មាន​ការ​ចារ​និង​សរសេរ​ឡើងវិញ​៖ «​បើសិនជា​ឯកសារ​ទាំង​អស់​នេះ​បន្ត​ការអភិរក្ស​ដោយ​យកចិត្តទុកដាក់ និង​ស្ថិតស្ថេរ​យូរអង្វែង​រាប់រយឆ្នាំ​ត​ទៅ​មុខ​ទៀត ហើយ​ឯកសារ​ទាំងអស់​នេះ​ជា​ប្រយោជន៍​មួយ​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ ទោះបីជា​នៅក្នុង​បច្ចុប្បន្ន ក្រែង​លរ​យើង​មិន​សូវ​ចាប់អារម្មណ៍ ដល់​ថ្ងៃ​ក្រោយ​ទៅ កូន​ខ្មែរ​មួយចំនួន​ដែល​គាត់​ត្រូវ​ការស្រាវជ្រាវ​អំពី​ផលប្រយោជន៍​នៃ​សាស្ត្រា​ស្លឹក​រឹត គឺ​យើង​បាន​រក្សា​ពី​ពេលនេះ​ទៅ ជា​ការ​ល្អ​មួយ​សម្រាប់​កូន​ខ្មែរ​យើង​ជំនាន់​ក្រោយ​ទៀត ប៉ុន្តែ​មិន​ថា​បច្ចុប្បន្ន​នេះ មិន​មែន​ថា​អត់​និស្សិត ឬ​កូន​ខ្មែរ​មួយចំនួន​មក​ស្រាវជ្រាវ​ទេ គឺមាន ប៉ុន្តែ​មាន​តិច​»​។​

លោក ត្រេ​ន្ត វ៉ក​ឃ័រ លើកឡើងថា ភាសា​ខ្មែរ​គឺជា​យាន​មួយ​ជំរុញ​ឱ្យ​លោក​កាន់តែ​មាន​បេះដូង និង​មាន​ទំនាក់ទំនង​កាន់តែ​កៀក​ជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា​។​

​ក្រុម​អភិរក្ស​និង​អ្នក​ធ្វើ​ការពាក់ព័ន្ធ​ឯកសារ​បុរាណ​ខ្មែរ អំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​ជាតិ និង​អន្តរជាតិ ពិសេស​យុវជន ឱ្យ​ចូលរួម​ថែរក្សា​សាស្ត្រា​ស្លឹករឹត​បុរាណ​ខ្មែរ ដើម្បី​លើកស្ទួយ​វិស័យ​អក្សរសាស្ត្រ​ជាតិខ្មែរ​។​

​លោក ត្រេ​ន្ត រំពឹងថា ការសិក្សា​ស្រាវជ្រាវ​ពី​ឯកសារ​បុរាណ​ខ្មែរ និង​សរសេរ​និក្ខេប​ទ​ពាក់ព័ន្ធ​បាលី​សំ​ស្រឹត្ត ឯកសារ​ក្រាំង និង​សាស្ត្រា​ស្លឹករឹត​ដោយ​ផ្តោត​លើ​វិស័យ​ព្រះពុទ្ធសាសនា ដែល​លោក​បាន​ធ្វើ នឹង​ក្លាយជា​ចំណែក​មួយ​ជួយ​អភិរក្ស​ឯកសារ​បុរាណ​ខ្មែរ និង​ផ្សព្វផ្សាយ​ទៅកាន់​ពិភពលោក​បាន​ស្គាល់​ពី​ប្រទេស​កម្ពុជា​៖ «​នៅក្នុង​និក្ខេប​ទ​ខ្ញុំ​ក៏​មាន​ការវិភាគ​ទៅ​លើ​របៀប​សរសេរ ទៅ​លើ​ជំនឿ​ផ្សេងៗ​ដែល​មាន​នៅក្នុង​ក្រាំង ទៅលើ​អត្ថប្រយោជន៍​នៅក្នុង​សម័យ​អតីតកាល​អំពី​ការប្រើប្រាស់​ក្រាំង​។ ប៉ុន្តែ​សមិទ្ធផល​មួយ​ដែល​យើង​គិតថា​សំខាន់​គឺ​ការបកប្រែ​អត្ថបទ​ទាំងនោះ ដើម្បី​ឱ្យ​អ្នក​ពី​ស្រុក​ខាងក្រៅ​ដែល​ពុំ​ចេះ​ភាសា​ខ្មែរ អាច​យល់ដឹង​ខ្លះៗ​អំពី​អត្ថបទ​ដែល​មាន​ក្នុង​គម្ពី​បុរាណ​ខ្មែរ​»៕

ចែករំលែកតាម៖