​កសិករ​ស្ត្រី​ឆ្នើម​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ប្រឈម​ចំនួន​៣​ក្នុង​វិស័យ​កសិកម្ម

​កសិករ​ស្ត្រី​ឆ្នើម​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ប្រឈម​ចំនួន​៣​ក្នុង​វិស័យ​កសិកម្ម

កសិករ​កំពុង​ភ្ជួររាស់​ដី​ដាំ​ដំណាំ​

​តំណាង​កសិករ​ស្ត្រី​ឆ្នើម​ក្នុង​វិស័យ​កសិកម្ម​បារម្ភ​ថា ប្រសិនបើ​លទ្ធភាព​ទទួលបាន​ទឹក ទុន និង​ទីផ្សារ​សម្រាប់​ផលិតកម្ម​កសិកម្ម នៅតែ​បន្ត​ប្រឈម វា​អាច​នឹង​បង្ក​ជា​ក្តីបារម្ភ​ដល់​លទ្ធភាព​ផ្គត់ផ្គង់​ស្បៀង​អាហារ និង​អាច​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។​

​បញ្ហា​នេះ​ត្រូវបាន​លើកឡើង​ក្នុង​នៅក្នុង​សិក្ខាសាលា​ស្តីពី «​ការលើកកម្ពស់​សុវត្ថិ​ភាព​បន្លែ សម្រាប់​ទីផ្សារ​នៅ​ប្រទេស​កម្ពុជា​» ដែល​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​២១ ខែ​មេសា​។ សិក្ខាសាលា​នេះ​ត្រូវបាន​រៀបចំឡើង​ដើម្បី​កំណត់​បញ្ហាសំខាន់ៗ ការចែករំលែក​បទពិសោធ​ន៍​ចំណេះដឹង និង​ការកំណត់រ​កនូវ​អនុសាសន៍ ដើម្បី​ស្វែងរក​អន្តរាគមន៍​ឱ្យ​បាន​ត្រឹមត្រូវ និង​សមស្រប​។​

​តំណាង​កសិករ​ស្ត្រី​ឆ្នើម​ក្នុង​វិស័យ​កសិកម្ម មកពី​ខេត្ត​កំពង់ស្ពឺ អ្នកស្រី ឆ​យ តាំង​លី លើកឡើងថា ឆ្លងកាត់​ការពិភាក្សា​ក្នុង​វេទិកា​កសិករ​ថ្នាក់ក្រោម​ជាតិ​ជា​ច្រើនលើក​ច្រើនសា​កន្លង​មក អ្នកស្រី​បាន​រកឃើញ​កត្តា​បី​សំខាន់ គឺ​កង្វះ​ទុន កង្វះ​ទឹក និង​កង្វះ​ទីផ្សារ បាន​ក្លាយជា​ឧបសគ្គ​រាំងស្ទះ​ដល់​ដំណើរការ​ផលិតកម្ម ពិសេស​ជំរុញ​ឱ្យ​គ្រួសារ​កសិករ​ខ្នាតតូច​នៅ​កម្ពុជា​មួយ​ចំនួន កាន់តែ​ក្រីក្រ​ទៅៗ​៖ «​ឱ្យ​គាត់​ជួយ​ពី​រឿង​គ្រាប់ពូជ ហើយ​ជួយ​រក​ទីផ្សារ​ឱ្យ ដាំ​បាន​ហើយ​ឱ្យ​យើង​បាន​លក់​តម្លៃ​សមរម្យ​។ ដល់ពេល​អ៊ីចឹង​កសិករ​មាន​កម្លាំង​ចិត្ត​។ ដល់​ពេល​បន្លែ​ដាំ​បាន​ហើយ មួយ​គីឡូ​បី​រយ​រៀល ដល់​អ៊ីចឹង​អស់​ទឹកចិត្ត​ហើយ​។ បី​រយៗ​ដល់​យើង​អស់​បន្លែ​ចាប់ផ្តើម​ឡើងថ្លៃ​»​។​

តំណាង​កសិករ​ស្ត្រី​ឆ្នើម​ក្នុង​វិស័យ​កសិកម្ម​រូបនេះ​ឱ្យដឹងទៀតថា បច្ចុប្បន្ន កសិករ​នៅ​ទី​ជនបទ​នៅ​តែ​ធ្វើស្រែ​តាម​ទម្លាប់​បុរាណ ធ្វើ​កសិកម្ម​រំពឹង​ទឹកភ្លៀង ឬ​ហៅ​ថា កសិកម្ម​ប្រវាស់​មេឃ​នោះ​។ លោកស្រី​បន្ត​ថា ទម្លាប់​ទាំងនេះ​មិន​បាន​ផ្តល់​ផល​ចំណេញ និង​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​កសិកម្ម​នោះ​ទេ វា​កាន់តែ​ឱ្យ​កសិករ​បែរ​ចេញពី​ការងារ​នេះ ពិសេស​ក្លាយជា​កូន​បំណុល​របស់​ធនាគា​រ​កាន់តែ​ច្រើន​ទៅវិញ​។​ ​ហេតុនេះ លោកស្រី​ជំរុញ​ឱ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​គិតគូរ និង​ដោះស្រាយ​បញ្ហា​ទាំង​បី​នេះ​ជា​បន្ទាន់​។​

​នាយក​ប្រត្តិបត្តិ​អង្គការ​ជីវិត​ថ្លៃថ្នូរ​(LWD) លោក មិន ស មានប្រសាសន៍ថា បញ្ហា​ប្រឈម​ទាំង​បី​រួមមាន កង្វះ​ទឹក ទុន និង​កង្វះ​ទីផ្សារ គឺជា​មូលហេតុ​ចម្បង​ជំរុញ​ឱ្យ​មាន​ការថយចុះ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម ពិសេស​យុវជន​ផងដែរ​។ បញ្ហា​នេះ នឹង​ប៉ះពាល់​ដល់​ការធានា​តុល្យភាព​ស្បៀង​ទៅ​ថ្ងៃមុខ​។ ហេតុនេះ លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល ត្រូវមាន​គោលនយោបាយ​ច្បាស់លាស់ ពិសេស​កញ្ចប់​ទុន​ជាក់លាក់​ណាមួយ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ​៖ «​ខ្ញុំ​ចង់ឱ្យ​រាជរដ្ឋាភិបាល​ថា ដាក់ទុន​រាជរដ្ឋាភិបាល​មាន​ប៉ុន្មាន NGO មាន​ប៉ុន្មាន​ផ្គុំ​គ្នា ធនធាន​ហ្នឹង​បាន​ច្រើន អ៊ីចឹង​ដល់ពេល​យើង​បង្រៀ​ន​ហើយ​កសិករ គាត់​ចេះ​សព្វគ្រប់​អស់ហើយ អ្វី​ដែល​ប្រឈម​សម្រាប់​គាត់​គឺ​រក​ធនធាន​សម្រាប់​ធ្វើ ឬ​ដាំ​កសិកម្ម​ផលិតផល​កសិកម្ម​ហ្នឹង​។ គាត់​ខ្វះ​ធនធាន ទៅ​ខ្ចី​ឯកជន​យក​ការ​(​ប្រាក់​)​ច្រើន​។ បើសិនជា​គាត់​មាន​ធនធាន​ហិរញ្ញវត្ថុ​ហើយ ទីផ្សារ​គឺ​រឿង​មួយ​ទៀត ហើយ​ពិបាក​សម្រាប់​គាត់​។ អ៊ីចឹង​រដ្ឋាភិបាល​ជួយ​បន្ទុក​នៅក្នុង​ទីផ្សារ នាំ​ផលិតផល​ដែល​ប្រជាកសិករ​ផលិត​បាន​ហើយ យកមក​លក់​ក្នុង​ទីផ្សារ​។ ប្រឈម​បី​ហ្នឹង ហើយ​យុទ្ធសាស្ត្រ​បី​ហ្នឹង​បើ​យើង​ធ្វើ វា​ជា​រឿង​មួយ​ថ្មី​ដែល​ខ្ញុំ​មាន​បទពិសោធ​៣០​ឆ្នាំ​មកហើយ​ជាមួយ​សង្គម​ស៊ីវិល​។ ខ្ញុំ​ចង់​ជម្រាប​ជូន​ឱ្យ​ច្បាស់​ថា​រាជរដ្ឋាភិបាល​មិន​ដែល​ដាក់​ធនធាន​ដែល​គាត់​មាន​ប៉ុន្មាន NGO មាន​ប៉ុន្មាន​ចូល​គ្នា​ហើយ​ធ្វើការ​ទាំងអស់​គ្នា​នៅក្នុង​រឿង​ហ្នឹង​ទេ បើសិនជា​ចាប់ផ្តើម​គឺ​ធ្វើ​រឿង​មួយ​ថ្មី​»​។

​វិស័យ​កសិកម្ម​បាន​បង្កើត​នូវ​ផលិតផល​ក្នុង​ស្រុកស​រុប ៣៦,៣​ភាគរយ និង​បាន​ផ្តល់​ការងារ​ប្រហែល ៧០​ភាគរយ​នៃ​កម្លាំង​ពលកម្ម​របស់​ប្រទេស​។ វិស័យ​នេះ ត្រូវ​បាន​គ្របដណ្ដប់​ដោយ​កសិករ​ខ្នាតតូច ដែល​ត្រូវបាន​ចូលរួម​យ៉ាង​សំខាន់​នៅក្នុង​ផលិតកម្ម​គ្រួសារ​។ នេះ​បើ​តាម​របាយការណ៍ ស្តី​ពី​វឌ្ឍនភាព បញ្ញា​ប្រឈម និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ដំណាំ​បន្លែ​នៅ​កម្ពុជា  របស់​នាយកដ្ឋាន​សាក​វប្បកម្ម និង​ដំណាំ​រួមផ្សំ នៃ​ក្រសួង​កសិកម្ម ។​

​លើសពីនេះ​ទៀត របាយការណ៍​ដដែល ក៏​បង្ហាញថា ភាគច្រើន​នៃ​អ្នក​ធ្វើការ​នៅ​ក្នុង​វិស័យ​កសិកម្ម គឺជា​សមាជិក​ក្រុមគ្រួសារ​ខ្លួនឯង ដែល​ធ្វើការ​ដោយ​គ្មាន​ប្រាក់ខែ និង​ធ្វើ​ការងារ​នៅលើ​ដីស្រែ​គ្រួសារ​។ ហេតុនេះ ការផ្ដោត​ការយកចិត្តទុកដាក់​ក្នុង​ការគាំទ្រ​ដល់​កសិករ​ខ្នាតតូច គឺជា​ដំណោះស្រាយ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការចូលរួម​ការកាត់បន្ថយ​ភាពក្រីក្រ​កសិករ​កម្ពុជា​។​

​របាយការណ៍​របស់​វិទ្យាស្ថាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CDRI) ស្ដីពី​ការលុបបំបាត់​ឧបសគ្គ​រាំងស្ទះ​ដល់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា បង្ហាញថា វិស័យ​កសិកម្ម​នៅ​កម្ពុជា​បាន​ផ្តល់​ស្បៀងអាហារ​ដល់​ប្រជាជន​ជិត​១៥​លាន​នាក់ ដែល​កំពុង​កើនឡើង និង​កើន​ចំណាយ​ប្រើប្រាស់​ក្នុង​មនុស្ស​ម្នាក់ៗ​។ ដូចនេះ ការធានា​និង​រក្សា​ការផ្គត់ផ្គង់​ស្បៀង​អាហារ​ឱ្យ​មាន​ស្ថិរភាព ដើរតួនាទី​សំខាន់​សម្រាប់​សន្តិសុខ​ស្បៀង​នៅ​កម្ពុជា ទៅ​ថ្ងៃ​អនាគត​។​

​ឆ្លើយតប​នឹង​ការលើកឡើង​របស់​កសិក​រ​និង​អ្នកជំនាញ​កសិកម្ម ប្រតិភូ​រាជរដ្ឋាភិបាល និង​ជា​អគ្គនាយករង​នៃ​អគ្គនាយក​ដ្ឋាន​​កសិកម្ម​​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ លោក ហ៊ាន វណ្ណ​ហន ទទួលស្គាល់​ពី​បញ្ហា​ប្រឈម​ដែល​បានលើកឡើង​នេះ ថា​ពិតជា​កើតឡើង​ក្នុង​វិស័យ​កសិកម្ម ប៉ុន្តែ​លោក​ថា បញ្ហា​នេះ​ទាមទារ​ឱ្យមាន​ការចូលរួម​ទាំង​អស់​គ្នា​។​
​យ៉ាងណាក៏ដោយ លោក​អះអាង​ថា ក្រសួង​កសិកម្ម​កំពុងតែ​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ក្នុង​វិស័យ​កសិកម្ម ក្នុងនោះ​មាន បញ្ហា​ខ្វះ​ទឹក និង​បញ្ហា​ខ្វះ​ទុន កង្វះ​ទីផ្សារ​ដែល​កំពុងតែ​ជា​បញ្ហា​ប្រឈម​ខ្លាំង​របស់​កសិករ​។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ពី​ថវិកា​សរុប​សម្រាប់​ចំណាយ ដើម្បី​ដោះស្រាយ​លើ​បញ្ហា​ទាំងបី​នេះ​នោះ​ឡើយ​៖ «​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ទើប​អនុម័ត​រួច​ហើយ​ដែរ​ពី​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ជាតិ នៅ​ជា​ធរមាន​នៃ​គោលនយោបាយ​នេះ​។ អ៊ីចឹង​ក្រសួង​ពាក់ព័ន្ធ​ត្រូវតែ​ចូលរួម​គាំទ្រ​អ្នកវិនិយោគ ពិសេស​ពាក់ព័ន្ធ​នឹង​ការកែច្នៃ​ឧស្សាហកម្ម កែច្នៃ​ហើយ​ធ្វើ​ម៉េច​តម្រង់ទិស​ឱ្យ​គាត់​លក់​បាន​។ រឿង​ថវិការ​ក្នុងការ​ដំណើរការ​នៃ​ការផ្សព្វផ្សាយ ការងារ​អប់រំ ការងារ​ចុះ​ទៅ Audit អី​គឺ​ហើយ​មាន​។ ក៏​ប៉ុន្តែ​រឿង​ការអនុវត្ត​មិនមែន​ក្រសួង​កសិកម្ម មិនមែន​រដ្ឋ​ជា​អ្នក​ផលិត​ទេ គឺ​យើង​ជា​អ្នកសម្របសម្រួល​ឱ្យ​គាត់​ផលិត​»​។​

​តំណាង​កសិករ​ស្ត្រី​ឆ្នើម​ក្នុង​វិស័យ​កសិកម្ម បាន​ផ្តល់​អនុសាសន៍​ឱ្យ​រដ្ឋាភិបាល ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នេះ​ឱ្យបាន​ជោគជ័យ ដោយ​រដ្ឋាភិបាល​ត្រូវ​ពង្រឹង​ភាព​អង់អាច​ដល់​កសិករ​ខ្នាត​តូច ដើម្បី​ពិភាក្សា​រួមគ្នា ធ្វើយ៉ាងណា​ឈានទៅ​តាក់តែង​គោលនយោបាយ​លើ​បញ្ហា​ទុន ទឹក និង​ទីផ្សារ​ឱ្យមាន​ប្រសិទ្ធភាព​។ តំណាង​កសិករ​ស្ត្រី​ឆ្នើម​អះអាង​ទៀតថា ការពង្រឹង​សិទ្ធិ​អំណាច​កសិករ​ខ្នាត​តូច គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត សម្រាប់​ចូលរួម​ក្នុង​ការបង្កើន​សេដ្ឋកិច្ច និង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​កសិកម្ម​៕

ចែករំលែកតាម៖