បច្ចេកទេស​ដាំ​ប្រទាល​កន្ទុយក្រពើ​នៅក្នុង​ផើង​របស់​កសិដ្ឋាន​មួយ​នៅ​ជាយក្រុង​ភ្នំពេញ

បច្ចេកទេស​ដាំ​ប្រទាល​កន្ទុយក្រពើ​នៅក្នុង​ផើង​របស់​កសិដ្ឋាន​មួយ​នៅ​ជាយក្រុង​ភ្នំពេញ

ប្រទាលកន្ទុយ​ក្រពើ​ ដែលដាំ​ដោយ​កសិករ​នៅខណ្ឌ​សែន​សុខ​

កសិករ​និង​អ្នកបច្ចេកទេស​កសិកម្ម​លើកឡើងថា ដើម​ប្រទាល​កន្ទុយក្រពើ​ផ្តល់​ប្រយោជន៍​ជាច្រើន ទាំង​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ និង​ក្នុង​វិស័យ​កសិកម្ម ពិសេស​រុក្ខជាតិ​នេះ​អាច​ធន់​ទ្រាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​បានល្អ​ជាង បើ​ប្រៀបធៀប​នឹង​រុក្ខជាតិ​និង​ដំណាំ​ដទៃទៀត​។​

​ជាងនេះទៀត អ្នកបច្ចេកទេស​អះអាងថា មាន​វិធី​ច្រើនយ៉ាង​ដែល​គេ​អាច​ដាំ​រុក្ខជាតិ​ប្រភេទ​នេះ​បាន​ដូច​ជា ដាំ​នៅលើ​ដី​ផ្ទាល់ ដាំ​នៅលើ​កេះ​ស្នោ ដាំ​នៅក្នុង​ស្បោង និង​ដាំ​នៅ​លើ​ឧបករណ៍​ជ័រ ពិសេស​ដាំ​នៅក្នុង​ផើង​។​

​លោក តូច សុភាព គឺ​ជា​ម្ចាស់​កសិដ្ឋាន​ហ្គ្រែ​ន​ភ្នំពេញ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដែល​មាន​បទពិសោធ​ជោគជ័យ​ក្នុង​ការដាំ​ប្រទាល​កន្ទុយក្រពើ​ក្នុង​ផើង ក្រោម​អាកាសធាតុ​ស្ងួត​និង​ខ្វះ​ទឹក​នៅ​កសិដ្ឋាន​។​

​លោក​អះអាង​ថា ប្រទាល​កន្ទុយក្រពើ​ជា​ដំណាំ​ងាយ​ដាំ មិន​លំបាក​ថែទាំ និង​មិន​ដាំ​ដុះ​ដោយ​គ្រាប់​ដូច​ដំណាំ​ដទៃទៀត​នោះទេ​។ លោក​បន្តថា មូលហេតុ​ដែល​លោក​ដាំ​ប្រទាល​កន្ទុយក្រពើ​នៅក្នុង​ផើង ព្រោះ​វា​ឆាប់​ទទួលបាន​ផល​និង​ល្អ​ជាង ដាំ​នៅលើ​ដី​ផ្ទាល់​ឬ​វិធី​ផ្សេងទៀត បើទោះជា​អាកាសធាតុ​ក្តៅ​ខ្លាំងឬ​ត្រជាក់​ខ្លាំងក៏​ដោយ​។​

ទាក់ទិន​ទៅ​នឹង​បច្ចេកទេស​ដាំ​ប្រទាល​កន្ទុយក្រពើ​នៅក្នុង​ផើង​នេះដែរ លោក តូច សុភាព បាន​ចែករំលែក​ថា ដើម្បី​ដាំ​ប្រទាល​កន្ទុយក្រពើ​នៅក្នុង​ផើង​បាន មុន​ដាំ​ត្រូវ​លាយ​ដី​ជា​មួយ​ជីកំប៉ុស ដែល​មាន​វត្ថុធាតុដើម​ផ្សំ​ចេញពី​ជី​អង្កា​ម ស្លឹកឈើ​ស្រស់​ដែល​ងាយ​រលួយ កាកសំណល់​ផ្ទះបាយ និង​លាមក​គោ​។ បន្ទាប់មក​យក​កូន​ប្រទាល​កន្ទុយក្រពើ​ដែលមាន​អាយុ​២​សប្តាហ៍​មក​ផ្សាំ ដោយ​ទុក​រយៈពេល​១៥​ថ្ងៃ​ទើប​យក​ទៅ​ដាំ នៅក្នុង​ផើង​ដែល​បាន​រៀបចំ​ដី​រួច​នោះ៖ «​ចំពោះ​ការដាំ​ប្រទាល​កន្ទុយក្រពើ យើង​លាយ​ដី​សម្រាប់​ផ្សាំ​វា​មក ហើយ​យើង​បេះ​ពី​ដើម​មេ​យក​មក​ដោត​ដាំ​ផ្សាំ​ប្រហែល​ជា​កន្លះ​ខែ ហើយ​រៀង​ធំ​បន្តិច​ទើប​អាច​យកទៅ​ដាក់​ដាំ​បាន​។ ដោយសារ​កន្លែង​ខ្ញុំ​នេះ ដី​វា​រៀង​អន់​អ៊ីចឹង​ខ្ញុំ​ដាំ​លើ​ថូ​ទាំងអស់ អត់​ដាំ​លើ​ដី​ទេ​។ អ៊ីចឹង​យើង​លាយ​ដី​សម្រាប់​ដាក់​ថូ​មក ហើយ​បាន​យើង​យក​អា​កូន​ដែល​ផ្សាំ​បាន​យកមក​ដាក់​… បើ​យើង​ដក​យក​ដាំ​ភ្លាម​វា​អាច​ងាប់ ហើយ​អត្រា​ងាប់​វា​ច្រើន​ជាង​យកមក​ផ្សាំ​ហើយ​»​។​

លោក តូច សុភាព ឱ្យដឹង​បន្ត​ទៀត​ថា ពេល​ដាក់​បន្ទាល​កន្ទុយក្រពើ​ដាំ​នៅក្នុង​ផើង ត្រូវ​ជីករណ្តៅ​នៅក្នុង​ផើង​ជម្រៅ​៥​សង់ទីម៉ែត្រ ហើយ​គំលាត​រវាង​ផើង​មួយ ទៅ​ផើង​មួយ​ប្រវែង​កន្លះ​ម៉ែត្រ​។ ជាង​នេះ​ទៀត​លោក​ថា ក្នុង​មួយ​ផើង​ដាំ​បាន​តែ​កូន​ប្រទាល់​កន្ទុយក្រពើ​មួយ​ប៉ុណ្ណោះ ដើម្បី​ឱ្យ​ដើម​ប្រទាល​កន្ទុយក្រពើ​ងាយស្រួល​លូតលាស់​បានល្អ និង​ងាយស្រួល​ថែទាំ​។
​ដោយឡែក​ការថែទាំ​វិញ ម្ចាស់​កសិដ្ឋាន​រូប​នេះ​អះអាង​ថា ប្រទាល​កន្ទុយក្រពើ​ទោះជា​ដាំ​នៅលើ​ដី​ក្តី នៅក្នុង​ផើង​ក្តី មិន​ទាមទារ​ត្រូវ​ស្រោច​ទឹក​វា​ឱ្យ​ជោគជាំ​ពេក​ទេ គឺ​ស្រោច​តែ​ម្តង​នៅ​ក្នុង​មួយ​សប្តាហ៍​ប៉ុណ្ណោះ ព្រោះ​វា​មាន​សម្បក​ក្រាស់​និង​មាន​ជាតិ​ទឹក​ច្រើន​ស្រាប់​៖ «​បើ​និយាយ​ទៅ ដាំ​ប្រទាល​កន្ទុយក្រពើ វា​ធន់​នឹង​អាកាសធាតុ​ក្តៅ បើ​ថា​ដូច​ដំណាំ​ផ្សេងៗ​បើ​ឆ្លងកាត់​ខែប្រាំង​ក្តៅ​ខ្លាំង​ដឹង​តែ​ងាប់​អស់ បើ​នេះ​(​ប្រទាល​កន្ទុយក្រពើ​)​វា​អាច​ធន​ទ្រាំ​នឹង​អាកាសធាតុ​ក្តៅ​ស្ងួត​បាន ហើយ​យើង​ក៏​មិនសូវ​ប្រើ​ទឹក​ប៉ុន្មាន​ដែរ ព្រោះ​បើ​យើង​ប្រើ​ទឹក​ខ្លាំងពេក​ក៏​អាច​រលួយ​»​។​

​បច្ចុប្បន្ន​ដើម​ប្រទាល​កន្ទុយក្រពើ​កំពុង​ពេញនិយម​ជួញដូរ​ដ៏​សកម្ម​នៅក្នុង​ទីផ្សារ​កម្ពុជា ព្រោះ​ប្រទាល​កន្ទុយក្រពើ​គឺជា​រុក្ខជាតិ​សម្រាប់​ផលិត​ជា​ឱសថ ព្យាបាល​ជំងឺ​ផ្សេងៗ និង​អាច​កែច្នៃ​ជា​ភេសជ្ជៈ​ដ៏​មានឱជារស​ផង​។​

ជាក់ស្តែង​លោក តូច សុភាព អះអាងថា សម្រាប់​កសិដ្ឋាន​របស់​លោក ដែល​មាន​ដើម​ប្រទាល​កន្ទុយក្រពើ​ជិត​៨០០​ផើង សព្វថ្ងៃ​លោក​ផ្គត់ផ្គង់​ទៅ​ឱ្យ​ទីផ្សារ​សេ​ដាក​មានតម្លៃ​១​គី​ឡូ​៤០០០​រៀល​។​

​ឯកសារ​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា ឱ្យដឹងថា ប្រទាល​កន្ទុយក្រពើ​មាន​ដើមកំណើត​ដំបូង​មកពី​តំបន់​អាហ្វ្រិច​ខាងជើង និង​មាន​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា «Aloe Vera»​។ ប្រទាល​កន្ទុយក្រពើ​ជា​រុក្ខជាតិ ដែល​អត់​មាន​មែក​និង​មាន​កម្ពស់​ចាប់ពី​៦០​ទៅ​១០០​សង់ទីម៉ែត្រ ដោយ​មាន​ទទឹង​ធាង​៣​ទៅ​៥​សង់ទីម៉ែត្រ​។ ដោយឡែក​អាយុ​ប្រទាល​កន្ទុយក្រពើ ដែល​អាច​លូតលាស់​បានល្អ និង​ផ្តល់​អត្ថប្រយោជន៍​ច្រើន ចាប់ពី​អាយុ​ចន្លោះ​ពី​៣​ទៅ​៦​ឆ្នាំ តែបើ​អាយុ​ក្រោម​ពី​នេះ ក៏​ផ្តល់​អត្ថប្រយោជន៍​ដែរ​គ្រាន់តែ មិនសូវ​សំបូរ​ជាតិ​ទឹក​ច្រើន​។​ចំណែកឯ​អាយុ​រស់នៅ​វា​វិញ វា​អាច​មាន​អាយុ​រហូតដល់​៥០​ឆ្នាំ​។​

ឯកសារ​ដដែល​ក៏​បង្ហាញ​ដែរ​ថា ប្រទាល​កន្ទុយក្រពើ​មាន​អត្ថប្រយោជន៍​ជា​ច្រើន​សម្រាប់​សុខភាព​។ រុក្ខជាតិ​នេះ​ត្រូវ​បាន​ចែកចេញ​ជា​ពីរ​ផ្នែក​សំខាន់​៖ គឺ​ផ្នែក​ខាងក្រៅ​និង​ផ្នែក​ខាងក្នុង​។ ចំពោះ​ផ្នែក​ខាងក្រៅ​ឬ​សម្បក គឺ​មាន​រសជាតិ​ល្វីង ដែល​ត្រូវបាន​គេ​យក​ទៅ​ប្រើប្រាស់​ជា​ឱសថ​ធម្មជាតិ និង​ប្រើ​ជា​សារធាតុ​ល្វីង​នៅក្នុង​ស្រា ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​នៅ​ក្នុង​អារម្មណ៍​។​

ឯ​ផ្នែក​ខាងក្នុង​វិញ ដែល​ជា​ផ្នែក​ដែល​មាន​លក្ខណៈ​ថ្លា​ស្អិតៗ​និង​ទន់ គេ​អាច​យក​វា​មក​ប្រើប្រាស់​ជា​ថ្នាំ ព្យាបាល​មុខរបួស​ដោយ​ការ​មុត ដាច់​រលាត់ ពិសេស​អាច​ធ្វើ​ជា​ភេសជ្ជៈ​និង​អាហា​ផ្សេងៗ​។​

បន្ថែម​ពី​នេះ ឯកសារ​នេះ​ក៏​ឱ្យដឹងទៀតថា ប្រទាល​កន្ទុយក្រពើ​គឺជា​ប្រភព​ដ៏​ល្អ​នៃ​សារធាតុ​បំប៉ន​សំខាន់ៗ​មួយចំនួន ដែល​ធ្វើឱ្យ​របប​អាហារ​មាន​តុល្យភាព ជួយ​បង្កើន​ថាមពល និង​មាន​សុខភាព​ល្អ​។​

​ដើម​ប្រទាល​កន្ទុយក្រពើ​មាន​ផ្ទុក​វីតាមីន​ចំនួន​១២​ប្រភេទ ដែល​នៅ​ក្នុង​នោះ​មាន​វីតាមីន​សំខាន់​ដូចជា​៖ វីតាមីន​A វីតាមីន B1 វីតាមីន C វីតាមីន E និង វីតាមីន​សំខាន់ៗ​មួយចំនួនទៀត​។​

ទាក់ទិន​ទៅ​នឹង​អត្ថប្រយោជន៍​ប្រទាល​កន្ទុយក្រពើ​នេះដែរ អ្នកស្រី ស៊ិន អង្គា​សាធ មន្ត្រី​ជំនាញ​របស់​អង្គការ​សេ​ដាក  មានប្រសាសន៍ថា ប្រទាល​កន្ទុយក្រពើ គឺ​ធន់​ទៅ​នឹង​អាកាសធាតុ​ក្តៅ​ខ្លាំង ហើយ​វា​ជា​ដំណាំ​ដែល​ងាយ​ថែទាំ មិន​ភ័យ​សត្វ​ចង្រៃ​បំផ្លាញ និង​សមស្រប​ទៅនឹង​ឥទ្ធិពល​នៃ​ការប្រែប្រួល​អាកាសធាតុ នាពេល​បច្ចុប្បន្ន​។​អ្នកស្រី​ថា ការដាំ​ប្រទាល​កន្ទុយក្រពើ នៅក្នុង​ផើង គឺជា​វិធីសាស្ត្រ​ដ៏​ល្អ​ជាងគេ​។​អ្នកស្រី ក៏​ជម្រុញ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ បង្កើន​ការដាំដុះ ព្រោះ​រុក្ខជាតិ​ប្រទាល់​កន្ទុយក្រពើ ពិតជា​មាន​អត្ថប្រយោជន៍​ច្រើនចំពោះ​សុខភាព​៖ «​លក្ខណៈ​ជីវសាស្ត្រ​របស់​វា​ហ្នឹង គឺ​វា​ត្រូវការ​ដី​ធម្មតា​អ៊ីចឹង ផុតពី​ដី​កន្លះ​តឹក​ធ្វើ​ម៉េច​កុំឱ្យ​វា​មាន​លក្ខណៈ​រាបស្មើ​ដី​ហ្នឹង គឺ​យើង​លើក​ឱ្យ​ខ្ពស់​ជាង​ដី​ធម្មតា ប្រហែល​ជា​កន្លះ​តឹក លើក​អោយ​ផុត​វា​អត់​ចូល​ចិត្ត​ថា​ដាំ​វា​អត់​លើក​ជា​រង​ទេ ដាំ​វា​នៅលើ​ដី​រាបស្មើ​គឺ​អត់​សូវ​ល្អ​ទេ ប៉ុន្តែ​បើសិន​លក្ខណៈ​នៅក្នុង​ផើង​គឺ​វា​ក្រាញ​ពេញ​ផើង​ហ្នឹង​តែម្តង​»​។​

​ទាំង​កសិករ​និង​អ្នកបច្ចេកទេស​យល់ថា ខណៈ​ដែល​ប្រទាល​កន្ទុយក្រពើ​មាន​ប្រយោជន៍​ច្រើន​សម្រាប់​សុខភាព​និង​ផ្តល់​ប្រយោជន៍​ចំពោះ​ឧស្សាហកម្ម​ច្រើនក្តី ក៏​ការដាំដុះ​ដំណាំ​ប្រភេទ​នេះ​នៅតែ​តិចតួច​នៅឡើយ នៅ​កម្ពុជា​។ ហើយ​ពី​មួយថ្ងៃ​ទៅ​ថ្ងៃ កម្ពុជា​នៅតែ​នាំចូល​ប្រទាល​កន្ទុយក្រពើ​ពី​បរទេស​។​

​កសិករ​និង​អ្នកបច្ចេកទេស ចង់​ឃើញ​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​ក្រសួង​កសិកម្ម ជំរុញ​ពលរដ្ឋ​ឱ្យ​ងាក​មក​ដាំ​ដំណាំ​ប្រភេទ​នេះ​ឱ្យបាន​ច្រើន ដើម្បី​បំពេញ​សេចក្តីត្រូវការ​នៅក្នុង​ស្រុក​៕

ចែករំលែកតាម៖