ពិព័រណ៍​កសិកម្ម​អន្តរជាតិ​ជា​ជំហាន​ថ្មី​ជួយ​កែ​ទម្លាប់​ពលរដ្ឋ​ឱ្យ​ចេះ​ធ្វើ​កសិកម្ម​បែប​ទំនើប

ពិព័រណ៍​កសិកម្ម​អន្តរជាតិ​ជា​ជំហាន​ថ្មី​ជួយ​កែ​ទម្លាប់​ពលរដ្ឋ​ឱ្យ​ចេះ​ធ្វើ​កសិកម្ម​បែប​ទំនើប

ស្តង់​តាំង​បង្ហាញផលិត​ផលកសិកម្មក្នុង​ពិព័រណ៍​កសិកម្ម​អន្តរជាតិនៅកោះពេជ្រ

​អ្នក​រៀបចំ​កម្មវិធី​ពិព័រណ៍​ផលិតផល​កសិកម្ម​អន្តរជាតិ​ចាត់ទុក​ពិព័រណ៍​នេះ​មិន​ត្រឹមតែ​ជួយ​បង្កើន​ការ​វិយោគ​រវាង​ភាគី​អន្តរជាតិ និង​ជំរុញ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​បែប​ទំនើប​ប៉ុណ្ណោះ​ទេ វា​ក៏​ជួយ​រួមចំណែក​ពង្រឹង​ធនធានមនុស្ស ឈាន​ទៅ​ជួយ​កែ​ទម្លាប់​ពលរដ្ឋ​ទាំង​នៅ​ទីក្រុង និង​ជនបទ​ឱ្យ​ចេះ​ធ្វើ​កសិកម្ម​ឡើងវិញ​។​

​ការលើកឡើង​របស់​ក្រុម​អ្នកជំនាញ និង​ក្រុម​អ្នក​រៀបចំ​ធ្វើឡើង​ក្នុង​កម្មវិធី​ពិព័រណ៍​ផលិតផល​កសិកម្ម​អន្តរជាតិ​លើក​ទី​១ ស្ដី​ពី​កសិកម្ម បសុសត្វ វារីវប្បកម្ម និង​នេសាទ ដែល​ធ្វើឡើង​កាលពី​ចុង​ខែ​មិថុនា​។ ពិធី​ពិព័រណ៍​នេះ មាន​ក្រុមហ៊ុន​និង​សហគមន៍​ជាង​១០០០ មកពី​ប្រទេស​កម្ពុជា ចិន តៃវ៉ាន់ ហុងកុង ជប៉ុន វៀតណាម កូរ៉េ និង​ប្រទេស​ថៃ​។​

​ផលិតផល​ចំនួន​៦​ពាន់​មុខ នាំ​យក​ពី​បណ្តា​ខេត្ត​នៃ​ប្រទេស​ចិន​និង​ប្រទេស​មួយចំនួន​ទៀត មាន​ទឹកប្រាក់​សរុប​ប្រមាណ​២១​លាន​ដុល្លារ​អាមេរិក ត្រូវបាន​មក​ដាក់​បង្ហា​ញ​ក្នុង​ពិព័រណ៍​នេះ​។ កម្មវិធី​នេះ​គឺជា​ឱកាស​ល្អ​សម្រាប់​កម្ពុជា ព្រោះថា​មាន​សហគ្រិន​ចិន​ប្រមាណ​១០០០​នាក់​បាន​ចូលរួម ហើយ​បាន​សម្រេចចិត្ត​ធ្វើ​ការវិនិយោគ​នៅ​កម្ពុជា​លើ​វិស័យ​កសិកម្ម​និង​កសិឧស្សាហកម្ម​។​

​អគ្គនាយក​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​រៀបចំ​ពិព័រណ៍​និង​ផ្សព្វផ្សាយ​កសិកម្ម តំណាង​ឱ្យ​ប្រទេស​ចិន ដែល​រៀបចំ​ពិព័រណ៍​ផលិតផល​កសិកម្ម​អន្តរជាតិ​នេះ អ្នកស្រី Bridget Lau មានប្រសាសន៍ថា កម្ពុជា​ជា​ប្រទេស​មាន​សក្ដានុពល​ផ្នែក​កសិកម្ម ព្រោះ​កម្ពុជា​ទទួល​អត្ថប្រយោជន៍​ផ្នែក​ភូមិសាស្ត្រ​ក្នុង​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​។ អ្នកស្រី​ថា អ្វី​ដែល​កម្ពុជា​ខ្វះ​គឺ​ការវិនិយោគ​ផ្នែក​កសិកម្ម​ធំ​និង​ការអនុវត្ត​កសិកម្ម​ទំនើប ដែល​នៅតែ​ជា​បញ្ហា​ប្រឈម​សម្រាប់​ការកែលម្អ​វិស័យ​នេះ​។​
​អ្នកស្រី​បន្ត​ថា ការរៀបចំ​ឱ្យមាន​ការតាំងពិព័រណ៍​នេះ គឺ​ចង់​ជំរុញ​ធនធានមនុស្ស ពិសេស​យុវជន​កម្ពុជា ឱ្យ​ចាប់ផ្ដើម​ធ្វើ​កសិកម្ម​តាម​បែប​បច្ចេកទេស​ត្រឹមត្រូវ​ឡើងវិញ​។​

​លើសពីនេះ​ទៀត អ្នកស្រី​ថា ពិ​ព័​រណ៌​នេះ​ក៏​ជា​គោលដៅ​គាំទ្រ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​ទំនើប រោងចក្រ​កែច្នៃ​ផលិតផល​កសិកម្ម​សម្រេច​សម្រាប់​នាំចេញ និង​តម្រូវការ​ដោយ​ប្រកាន់ខ្ជាប់​នូវ​ការបង្កើត​ប្រសិទ្ធភាព​ទីផ្សារ ដើម្បី​ពង្រីក​ទីផ្សារ​អន្តរជាតិ​សម្រាប់​ឧស្សាហកម្ម ក្នុង​គោលបំណង​កសាង​អាជីវកម្ម​កសិកម្ម​មាន​ភាពជាក់លាក់​និង​ប្រសិទ្ធភាព​ខ្ពស់​។​

exhibition-agriculture-20170630-02

​ទន្ទឹមគ្នានេះ លោក សួន ពិសិដ្ឋ អ្នកតំណាង​ផ្នែក​លក់​មកពី​ក្រុមហ៊ុននាំចេញ​អង្ករ បាយ័ន បានចាត់ទុក​ពិព័រណ៍​នេះ​មាន​សារៈសំខាន់​ជួយ​ឱ្យ​បណ្តា​ក្រុមហ៊ុន​ផ្នែក​កសិកម្ម និង​ប្រជាពលរដ្ឋ​អាច​សិក្សា​ស្វែងយល់​ពី​បច្ចេកទេស​កសិកម្ម​ដូចជា ផលិត​កសិកម្ម ការសិក្សា​ពី​ការប្រើប្រាស់​ពូជ ជី​កសិកម្ម ការថែទាំ ការកែច្នៃ​ចំណីអាហារ​តាមរយៈ​ការប្រឹក្សា​យោបល់​ជាមួយ​ក្រុមហ៊ុន និង​បណ្ដា​ប្រទេស​ដែល​រីកចម្រើន​លើ​វិស័យ​កសិកម្ម​ជាដើម​៖ «​ការតាំង​ពិព័ណ៍​រយៈពេល​បួន​ថ្ងៃនេះ ចាប់ពី​ថ្ងៃ​២៥ ដល់​ថ្ងៃ​ទី​២៨​នេះ​គឺ​វា​មាន​អត្ថប្រយោជន៍​ខ្លាំង​មែនទែន សម្រាប់​អ្នកជំនួញ​នៅក្នុង​ស្រុក​ខ្មែរ​យើង ប្រសិន​ជា​គាត់​ចង់​សហការ​ឬ​ក៏​ចង់​ចង​ជា​ដៃគូ​ជាមួយ​បងប្អូន​ដែល​នៅ​ខាង​ប្រទេស​ចិន ដោយសារ​តែ​ការតាំង​ពិព័ណ៍នេះ​យើង​ឃើញ​មាន​៣០​ខេត្ត​ចូលរួម និង​៨០០​ក្រុមហ៊ុន​។ អ៊ីចឹង​វា​ពិតជា​ពិសេស​មែនទែន យើង​មិន​ចាំបាច់​ចំណាយ​ពេលវេលា​ដើម្បី​ទៅ​ជួប​គាត់ គឺ​យើង​អាច​ជួប​គាត់​ទាំងអស់​គ្នា នៅក្នុង​ការតាំង​ពិព័ណ៍នេះ​»​។​

ជា​និស្សិត​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម លោក ស៊ីរ៉ា ខន​ឌី ដែល​បាន​ទៅ​រួម​ពិព័រណ៍​កសិកម្ម​អន្តរជាតិ​ដែរនោះ យល់ឃើញថា បច្ចុប្បន្ន​ការយកចិត្តទុកដាក់​បណ្ដុះបណ្ដាល​កសិករ ពិសេស​យុវជន​ឱ្យ​យល់ដឹង​ពី​ការដាំដុះ​បន្លែ​សរីរាង្គ​នៅ​មាន​កម្រិត​និង​មិនទាន់​ស្របតាម​សម័យ​បច្ចេកវិទ្យា​ទំនើប ឬ​ស័ក្ដិសម​នឹង​ប្រទេស​ដែល​យក​វិស័យ​កសិកម្ម​ជាធំ​នោះ​ទេ​។ ករណីនេះ លោក​គាំទ្រ​ឱ្យមាន​កម្មវិធី​ពិព័រណ៍​កសិកម្ម​ឱ្យ​កាន់តែច្រើន ដើម្បី​បណ្ដុះ​គំនិត​ពលរដ្ឋ​ខ្មែរ ពិសេស​កសិករ​ឱ្យ​យល់ដឹង​ពី​ការងារ​កសិកម្ម និង​ផ្ដល់​ទីផ្សារ​ជូន​កសិករ​៖ «​ចំពោះ​យុវជន​យើង ភាគច្រើន​គាត់​អត់​សូវ​ចូលចិត្ត​រៀន​ខាង​កសិកម្ម អ៊ីចឹង​ធ្វើ​ឱ្យ​ខាង​ផ្នែក​ធនធានមនុស្ស​យើង​ខាង​កសិកម្ម​ហ្នឹង អត់​មាន​តែ​ម្តង ដោយសារតែ​គាត់​គិតថា រៀន​ខាង​កសិកម្ម​ចេញ​មក​ធ្វើ​ស្រែ​»​។​

​ប្រធាន​សហគមន៍​ស្ត្រី​សិប្បកម្ម​កែឆ្នៃ​វត្ថុ​អនុស្សាវរីយ៍​ដោយ​ដៃ លោកស្រី យុន សុភា យល់ឃើញថា កម្មវិធី​នេះ​ជា​ជំហាន​ថ្មី​ជួយ​បំផុសគំនិត​ប្រជាពលរដ្ឋ​ឱ្យ​ស្រឡាញ់​ការ​ធ្វើ​កសិកម្ម ដើម្បី​ឈាន​ទៅ​កាត់បន្ថយ​ការនាំ​ចូល​បន្លែ​គីមី​ពី​បរទេស​៖ «​សម្រាប់​ខ្ញុំ​ផ្ទាល់ ឃើញ​ពិព័ណ៍នេះ​គឺ​មាន​អត្ថប្រយោជន៍​ចំពោះ​ពួក​យើង​ដែល​ជា​ស្ត្រី​ហ្នឹង ពីព្រោះ​ពួក​យើង​អត់​សូវ​មាន​ទីផ្សារ បើ​យើង​បាន​មក​លក់​អ៊ីចឹង​គឺ​បាន​ប្រាក់ចំណូល គឺ​បាន​ដល់​ពួកគាត់ ឱ្យ​ពួកគាត់​មានទឹក​ចិត្ត​ធ្វើ​តទៅទៀត បើសិនជា​យើង​អត់​មាន​មក​ធ្វើការ​តាំង​ពិព័ណ៍​លក់​អ៊ីចឹងទេ យើង​អត់​ប្រាក់ចំណូល អ៊ីចឹង​ពិបាក​មែនទែន​។ ទី​២ គឺ​ឃើញ​មាន​ចិន​មក​ចូលរួម អ៊ីចឹង​វា​ប្លែក ពី​មុន​ខ្ញុំ​ធ្លាប់​មក​តាំង​ពិព័ណ៍​ដែរ តែ​អត់​ឃើញ​មាន​ពិព័ណ៍​របៀប​ចិន​អ៊ីចឹងទេ​»​។​

​នា​ឱកាស​នោះ​ដែរ ក្រសួង​ពាណិជ្ជកម្ម​នៃ​ប្រទេស​កម្ពុជា ចាត់ទុក​ប្រទេស​ចិន​គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​សម្រាប់​កម្ពុជា ដោយ​មាន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កាលពី​ឆ្នាំ​២០១៦ គឺមាន​៤,៨​ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​គ្រោង​នឹង​ឈាន​ដល់​៥​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៧​។ នៅ​ឆ្នាំ​២០២០​ខាងមុខ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​និង​ចិន​ត្រូវបាន​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ពីរ​រំពឹងថា នឹង​មាន​ចំនួន​៦​ពាន់​លាន​ដុល្លារ​អាមេរិក​។​

​ទន្ទឹម​គ្នា​នេះ​ដែរ តាមរយៈ​ការចូលរួម​ពិព័រណ៍​ផលិត​កសិកម្ម​អន្តរជាតិ​លើក​ដំបូង​នៅ​កម្ពុជា​នេះ ខេត្ត​របស់​ប្រទេស​ចិន​ចំនួន​៣០​និង​មាន​ក្រុមហ៊ុន​ចំនួន​៨០០ បាន​អះអាង​ថា  ខ្លួន​នឹង​មក​បណ្តាក់ទុន​វិនិយោគ​លើ​វិស័យ​កសិកម្ម សិក្សា​បង្កើត​រោងចក្រ​កែច្នៃ ផលិតផល​កសិកម្ម​ក្នុងប្រទេស​កម្ពុជា ដើម្បី​នាំចេញ​ទៅ​ទីផ្សារ​ប្រទេស​ចិន​៕

ចែករំលែកតាម៖