បទពិសោធន៍​ដាំ​ស្ពៃខៀវ​ឬ​ស្ពៃ​ខ្មៅ​របស់​គ្រួសារ​មួយ​នៅ​ខេត្ត​កំពង​ស្ពឺ

បទពិសោធន៍​ដាំ​ស្ពៃខៀវ​ឬ​ស្ពៃ​ខ្មៅ​របស់​គ្រួសារ​មួយ​នៅ​ខេត្ត​កំពង​ស្ពឺ

បន្លែស្ពៃខៀវដែលដាំដោយអ្នក​ស្រី ថោង រីម​​ ស្ថិតក្នុងខេត្តកំពង់ស្ពឺ

​ស្ពៃ​ខៀវ ឬ​ស្ពៃ​ខ្មៅ គឺជា​ប្រភេទ​បន្លែ​ស្លឹក​មួយ​ប្រភេទ​ក្នុង​ចំណោម​បន្លែ​ស្ពៃ​ជាច្រើន​ប្រភេទ ដែល​ប្រជាពលរដ្ឋ​កម្ពុជា បរិភោគ​ដើម្បី​បំពេញ​សេចក្ដីត្រូវការ​ប្រចាំថ្ងៃ​។ ហេតុនេះហើយ ស្ពៃខៀវ​ត្រូវបាន​គេ​ជួញដូរ និង​ដាំ​ដុះ​ច្រើន​នៅ​គ្រប់​តំបន់​ទូទាំង​ប្រទេស​កម្ពុជា​។​

​ទន្ទឹមគ្នានេះ អ្នក​ដាំ​ស្ពៃខៀវ ឬ​ស្ពៃ​ខ្មៅ​តាម​វិធី​ធម្មជាតិ​របស់​គ្រួសារ​មួយ នៅ​ភូមិ​សំរិទ្ធិ ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ  លើកឡើងថា ទោះ​ស្ពៃខៀវ ឬ​ស្ពៃ​ខ្មៅ ជា​បន្លែ​សាមញ្ញ​ងាយស្រួល​ដាំ​ដុះ ប៉ុន្តែ​ស្ពៃខៀវ​ដែល​គេ​ចរាចរណ៍​នៅលើ​ទីផ្សារ ភាគច្រើន​រីកលូតលាស់​ដោយ​ប្រើ​ថ្នាំ​គីមី​ដែល​បណ្ដាល​ឱ្យ​ប៉ះពាល់​សុខភាព​អ្នក​បរិភោគ​។ ដោយ​ការយល់ឃើញ​នេះ ទើប​មួយ​គ្រួសារ​នេះ រក្សា​ទម្លាប់​ដាំ​ស្ពៃខៀវ តាម​វិធី​ធម្មជាតិ៖ «ខ្ញុំ​ចាប់​អារម្មណ៍ ដំបូង​ខ្ញុំ​គិតថា តំបន់​ខ្ញុំ​វា​ជិត​ទឹក​ស្រាប់ អ៊ីចឹង​ដាំ​ស្ពៃ​បែប​ធម្មជាតិ​ទៅ។ យើង​ដាំ​ព្រោះ​វា​មិនបាច់​ធ្វើ​រង​មិនបាច​អី ដាក់​តែ​ជី​អាចម៍មាន់ អាចម៍គោ ស្លឹក​កន្ទ្រាំ​ង​ខែ​ត មិន​ប្រើ​ឆ្នាំ​គីមី​អី​ទាំងអស់​ដល់ពេល​ខ្ញុំ​ដាំ​ទៅ​ឃើញ​ថាល្អ​មែន»​។​

តើ​វិធី​ដាំ​ស្ពៃខៀវ ឬ​ស្ពៃ​ខ្មៅ ងាយស្រួល​យ៉ាងណា​?

​កសិករ​អ្នក​ដាំ​ស្ពៃ​នៅ​ភូមិ​សំរិទ្ធិ គឺ​អ្នកស្រី ថោង រី​ម រៀបរាប់​ប្រាប់​វិទ្យុ​ផ្កាឈូក​ថា ស្ពៃខៀវ​ដែល​អ្នកស្រី​ដាំ​មិន​លើក​រង​នោះទេ គឺ​ដាំ​នៅលើ​ដី​ដោយ​ផ្ទាល់​។ ហេតុ​នេះ​អ្នកស្រី​ថា មុន​ដាំ​ត្រូវ​ត្រៀម​ដី​ដោយ​កាប់​បំបែក​ឱ្យ​ល្អិត​លាយ​ជីលា​មក​សត្វ ផេះ ឬ​ជីកំប៉ុស ហើយ​ហាល​សំដិល​ដី​នោះ​យ៉ាង​យូរ​៣​ទៅ​៤​ថ្ងៃ ធ្វើ​បែប​នេះ​ដើម្បី​សម្លាប់សត្វ​ចង្រៃ​ក្នុង​ដី​។ បន្ទាប់មក អ្នកស្រី​ថា ត្រូវ​ស្រោច​ទឹក​ឱ្យ​ជោគ រួច​ព្រោះ​គ្រាប់​ស្ពៃ​យក​តែ​ម្ដង៖ «ដំបូង​ខ្ញុំ​បោច​ស្មៅ កាប់​ដី​ហា​លវា ដំ​វា​ឱ្យ​តូច ហាល​ដី ៣ ទៅ ៤ ថ្ងៃ​ចាំ​យក​គ្រាប់​ស្ពៃ​មក​ព្រោះ ហើយ​ស្រោច​ទឹក​វា​ទៅ​តែ ៣​ថ្ងៃ​វា​ដុះ​កូន​ហើយ»​។​

​ស្ត្រី​អ្នក​ដាំ​ស្ពៃ​វ័យ​ជាង​៦០​ឆ្នាំ រូប​នេះ​ឱ្យដឹងថា ក្រោយ​ព្រោះ​គ្រាប់​បាន ៣​ថ្ងៃ ស្ពៃចាប់​ផ្ដើម​ដុះ​ហើយ ដូច្នេះ​ក្រោយ​ដាំ ត្រូវ​តាមដាន​ស្ពៃ​នីមួយៗ បើ​វា​ងាប់ ឬ​ស្វិត​ត្រូវ​ដកចេញ​។ លើសពីនេះ អ្នកស្រី​ថា ក្រៅពី​ស្រោច​ទឹក​មួយ​ថ្ងៃ ៣​ដង គឺ​ព្រឹក ថ្ងៃ ល្ងាច​ហើយ បើ​ចង់ឱ្យ​ដើម​ស្ពៃ​កាន់តែ​ធំ​លូតលាស់​ល្អ ក្រោយ​ស្ពៃ​មាន​អាយុ​បាន១៥​ថ្ងៃ ត្រូវ​ប្រើ​ជីកំប៉ុស​ទឹក​ស្រោច​កាន់តែ​ប្រសើរ៖ «ស្ពៃ​ខ្ញុំ ដាក់​តែ​អាចម៍​អាណា អាចម៍​មាន់ និង​ស្រោច​ទឹក​កន្ទ្រាំ​ង​ខែ​ត យក​ស្លឹក​កន្ទ្រាំ​ង​ខែ​ត​មក​ចិញ្ច្រាំ​វា​ឱ្យ​ល្អិត ឱ្យមើល​ស្ពៃ​យើង​ថា វា​មាន​ប៉ុន្មាន​រង ហើយ​យើង​លាយ​ទឹក​ប៉ុណ្ណឹង បន្ទាប់​មក​ទុក​វា​ឱ្យ​បាន​មួយអាទិត្យ រួច​យកមក​ស្រោច​លើ​ស្ពៃ ហើយ​យើង​ឧស្សាហ៍​ស្រោច​ទឹក​វា​ទៅ ស្ពៃ​យើង​វា​ល្អ​ណាស់»។

អ្នក​ស្រី ថោង រីម ម្ចាស់​ចម្ការស្ពៃខៀវដែលស្ថិតក្នុងខេត្ត​កំពង់ស្ពឺ
អ្នក​ស្រី ថោង រីម កសិករដាំបន្លែស្ពៃខៀវស្ថិតក្នុងខេត្ត​កំពង់ស្ពឺ

​ប៉ុន្តែ​ស្ត្រី​វ័យ​ចំណាស់​ដែល​មាន​ស្បែក​ជ្រីវជ្រួញ​ម្នាក់នេះ ក៏​ឱ្យ​ដឹងថា ចាប់ពី​ថ្ងៃ​ដាំ​រហូតដល់​ពេល​ប្រមូល​ផល​ស្ពៃខៀវ​មាន​អាយុ៤០​ថ្ងៃ​។ ហេតុនេះ​ស្ពៃខៀវ​ក៏​មាន​បញ្ហា​ប្រឈម​ខ្លះ ដូច​ជា​សត្វ​ដង្កូវ ស្រមោច ខ្យង និង​មេអំបៅ​ជាដើម​។ សត្វ​ទាំងនេះ ច្រើន​មក​ស៊ី​ស្លឹក និង​ដើម​ផងដែរ ប៉ុន្តែ​អ្នកស្រី​មាន​វិធី​បញ្ចៀស​បញ្ហា​នេះ​ដ៏​មាន​ប្រសិទ្ធភាព៖ «ធម្មជាតិ​វា​អាច​កើត​ដង្កូវ​ដោយ​ឯងៗ អ៊ីចឹង​បើ​ព្រលឹម​ឡើង​យើង​ឃើញ​អាចម៍​ដង្កូវ​ជាប់​ស្លឹក​ស្ពៃ​ហ្នឹង យើង​មាន​វិធី​ទៀត ម៉ោង​៧​យប់​បាត់​សូរសំឡេង យើង​យក​ពិល​មក​បញ្ចាំង​មើល​ទៅ​នឹង​ឃើញ​ដង្កូវ តែ​បើ​អត់​ឃើញ​ម៉ោង​ហ្នឹង មក​មើល​ម្ដងទៀត​នៅ​ម៉ោង ៤​ទៀប​ភ្លឺ នឹង​ឃើញ​ដង្កូវ អណ្ដើក​មាស មេ​អំបៅ និង​កណ្ដូប»។

​ឯកសារ​ស្រាវជ្រាវ​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ស្ដី​ពី​អត្ថប្រយោជន៍​ស្ពៃ​ខៀវ ឬ​ស្ពៃ​ខ្មៅ បង្ហាញថា ស្ពៃខៀវ​ជា​បន្លែ​ដែល​សម្បូរ​ទៅដោយ​ជីវជាតិ​ច្រើន​មុខ ក្នុងនោះ​រួមមាន ជាតិ​ប្រូតេអ៊ីន វីតាមីន​អា (A) វីតាមីន​បេ (B) និង​វីតាមីន​សេ (C)​។ លើសពីនេះ ស្ពៃខៀវ​ក៏​សម្បូរ​ជាតិ​រ៉ែ មាន​ជាតិ​កាល់ស្យូម ជាតិ​ដែក ផូស្វ័​រ និង​ជាតិ​ប៉ូ​តា​ស្យូម​។​

ដោយសារ​ស្ពៃខៀវ​មាន​អត្ថប្រយោជន៍​ច្រើន​នេះ​ហើយ បាន​ក្លាយ​ជា​ដំណាំ​អាទិភាព​របស់​អ្នកស្រី ថោង រី​ម ដើម្បី​លើកស្ទួយ​កម្រិតជីវភាព​ប្រចាំថ្ងៃ ព្រោះស្ពៃ​ខៀវ​ដែល​អ្នកស្រី​ដាំ​តាម​បែប​ធម្មជាតិ​នេះ លក់​ទៅ​ឱ្យ​ទីផ្សារ​នៅ​រាជធានី​ភ្នំពេញ បាន​តម្លៃ​ក្នុង​១​គីឡូក្រាម ៣៥០០​រៀល៖ «តម្លៃ​នេះ​ថ្លៃ​ជាង​នៅលើ​ទីផ្សារ ដែល​លក់​បាន​ត្រឹមតែ ២៥០០​រៀល​ប៉ុណ្ណោះ តែ​អ្នកទិញ​មិន​ដែល​ចេះ​សូ​ញ​សាញ​នោះទេ»។​

​ការខិតខំ​ដាំ​ស្ពៃខៀវ​តាម​វិធី​ធម្មជាតិ​នេះ មិន​ត្រឹមតែ​ជួយ​លើកស្ទួយ​ជីវភាព​គ្រួសារ និង​កាត់បន្ថយ​ការចំណាយ​លើ​ថ្នាំពេទ្យ​ប៉ុណ្ណោះ​ទេ​។ អ្នកស្រី​អះអាងថា អ្នក​ទិញ​ជា​ច្រើន​តែ​សរសើរ​មិន​ដាច់​ពី​មាត់ និង​ជួយ​គាំទ្រ​ទិញ​បន្លែ​ដែល​អ្នកស្រី​ដាំ​៖
«គេ​សរសើរ​ថា ពេល​ទិញ​បន្លែ​ខ្ញុំ​យក​ទៅ​ហូប គេ​ថា​បន្លែស្រស់​ល្អ អត់​រាករូស ដូច​បន្លែ​ទិញ​នៅ​ផ្សារ​នោះទេ»។​

ប៉ុន្តែ​មក​ដល់​ត្រង់​ចំណុច​នេះ ស្ត្រី​វ័យ​ចំណាស់​រូប​នេះ​និយាយ​ខ្លាំងៗ​ថា បើ​ទោះបីជា​ខ្លួន​វ័យ​ចំណាស់​គ្រួសារ​មាន​ជីវភាព​ខ្វះខាត ខណៈ​របស់របរ​ប្រើប្រាស់​នៅ​ទីក្រុង​ភ្នំពេញ មាន​តម្លៃ​ខ្ពស់ ហើយ​មិន​មាន​ដីធ្លី​ធំ​ទូលាយ​ដើម្បី​ពង្រីក​ការដាំដុះ​ក៏ដោយ ក៏​គ្រួសារ​កសិករ​រូបនេះ មិន​ដែល​គិត​បោះបង់​អាជីព​នេះ​នោះ​ឡើយ​។ ហេតុនេះ គ្រួសារ​នេះ​ជំរុញ​ឱ្យ​ពលរដ្ឋ​ដែល​រស់នៅ​ទីក្រុង​ភ្នំពេញ ត្រូវតែ​ចាប់ផ្ដើម​ពី​ដី​តូចតាច​ជាមុនសិន និង​គិត​លើ​សុខភាព​ជា​រឿង​សំខាន់​។ អ្នកស្រី​ក៏​ចង់​ឃើញ​រដ្ឋាភិបាល​លើកទឹកចិត្ត​ការដាំ​បែប​វិធី​ធម្មជាតិ និង​ស្វែងរក​ទីផ្សារ​នៅពេល​ដែល​ពលរដ្ឋ​ដាំ​បាន​ជោគជ័យ​៕

ចែករំលែកតាម៖