តើ​សហគមន៍​កសិកម្ម​បែប​និរន្ត​ភាព​ចំណេញ​អ្វីខ្លះ​ដល់​កសិករ​ខ្នាត​តូច​?

តើ​សហគមន៍​កសិកម្ម​បែប​និរន្ត​ភាព​ចំណេញ​អ្វីខ្លះ​ដល់​កសិករ​ខ្នាត​តូច​?

​អ្នកជំនាញ​ក្នុង​វិស័យ​ស្រូវ​អង្ករ​យល់ថា កសិករ​ខ្នាតតូច​នៅ​កម្ពុជា​ប្រឈម​បញ្ហា​ជាច្រើន​ក្នុង​វិស័យ​កសិកម្ម ដូច​ជា​តម្លៃ​កសិផល​កសិកម្ម​ទាប ខ្វះខាត​ដើមទុន ការចំណាយ​លើ​ធាតុ​ចូល​កសិកម្ម​ខ្ពស់ កង្វះ​គោលនយោបាយ​គាំទ្រ និង​ភាព​ខ្វះ​ខាត​នៅក្នុង​ការគ្រប់គ្រង​តម្លៃ​ទីផ្សារ​សម្រាប់​ផលិតផល​កសិកម្ម​។ បញ្ហា​ទាំងនេះ​កំពុង​ក្លាយជា​មូលហេតុ​ចម្បង​ដែល​ជំរុញ​ឱ្យ​កសិករ​ខ្នាតតូច មិន​ចង់​បន្ត​ការងារ​កសិកម្ម​។​

​អ្នកធ្វើការ​ក្នុង​វិស័យ​ស្រូវ​អង្ករ​ក៏​បាន​លើកឡើង​ដែរ​ថា មាន​តែ​ការបង្កើត​សហគមន៍​កសិកម្ម​ឬ​ផលិតកម្ម​បែប​និរន្ត​ភាព​ទេ ទើប​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​កសិកម្ម​បាន​។

អគ្គនាយក​ក្រុមហ៊ុននាំចេញ​អង្ករ អេម​រុរ៉ាយ​ស៍ (AMRU RICE) លោក ស៊ុង សារ៉ន មានប្រសាសន៍​ប្រាប់​វិទ្យ​ផ្កាឈូ​កថា បច្ចុប្បន្ន ក្រុមហ៊ុន​លោក​បាន​បង្កើត​សហគមន៍​កសិកម្ម​កិច្ច​បែប​និរន្ត​ភាព ជាមួយ​គ្រួសារ​កសិករ​ជាង ៤០០០​គ្រួសារ​នៅ​ខេត្ត​ព្រះវិហារ​។ លោក ស៊ុង សារ៉ន បាន​ពន្យល់ថា សហគមន៍​កសិកម្ម​បែប​និរន្ត​ភាព គឺ​មាន​លក្ខណៈ​ច្បាស់លាស់ និង​ស៊ីជម្រៅ​ជាង​សហគមន៍​កសិកម្ម​កិច្ចសន្យា។

«ការដាំដុះ​នេះ​ជា​ស្តង់ដា​មួយ ជា​ស្តង់ដា​ដែល​កំណត់ឡើង​ស្តង់ដា​ដាំ​ដុះ​បែប​និរន្តរភាព គឺជា​ស្តង់ដា​ដែល​កំណត់ឡើង​ដោយ​អង្គការ​យូ​អិន ដោយ​ស្ថាប័ន​ស្រាវជ្រាវ​អាយ​រី គឺ​យើង​ធ្វើ​តាម​បែប​នេះ​ដើម្បី​ឱ្យ​មាន​ការទទួលស្គាល់​ទូទៅ​។ ក្រុមហ៊ុន​ធំៗ​លើ​ពិភពលោក គេ​ទទួលស្គាល់​ស្តង់ដា​ហ្នឹង គេ​ធ្វើ​ចលនា​មួយ​ដើម្បី​ឱ្យ​គ្រប់​គ្នា​ដាំ​ស្តង់ដា​ហ្នឹង ហើយ​គេ​នឹង​ទទួលយក​ទៅ​លក់​នៅ​ក្នុង​បណ្តាញ​ទីផ្សារ​របស់​គាត់ ដែលជា​អ្នក​ចែកចាយ​ដល់​អ្នក​ហូប​ចុងក្រោយ​។ ហើយ​តាម​បែប​កិច្ចសន្យា​វិញ មិនចាំបាច់​ថា​ស្តង់ដា​និរន្តរភាព​ទេ កិច្ចសន្យា​ឱ្យតែ​គាត់​ដាំ ដាំ​អី​ឱ្យ​តែ​ក្រុមហ៊ុន​ហ្នឹង​គាត់​ចង់បាន គាត់​ចុះកិច្ចសន្យា គាត់​ខ្វល់​ថា​ត្រូវតែ​ដាំ​បែប​និរន្តរភាព ត្រូវតែ​ដាំ​បែប​សរីរាង្គ ត្រូវតែ​ដាំ​បែប​ធម្មតា គាត់​អត់​ខ្វល់​ទេ គាត់​ចង់​ដឹង​ថា គាត់​ចង់​ទិញ​អង្ករ​ក្រអូប​អ៊ីចឹង​គាត់​ធ្វើ​កិច្ចសន្យា​ទៅ ទិញ​ទៅ​»។

លោក​បន្ថែម​ថា៖ «អា​ហ្នឹង Model ជា​លក្ខណៈ​យន្តការ​ទេ វា​មិនមែន​ជា​ស្តង់ដា​ទេ អ៊ីចឹង​ហើយ​វា​ខុស​គ្នា​ត្រង់​ថា ត្រូវ​ការអនុវត្ត​ស្តង់ដា SRP គេ​ហៅថា​និរន្តរភាព ភាសា​អង់គ្លេស​គេ​ហៅថា SRP (Sustainable Rice Platform) បានជា​តម្រូវ​ឱ្យមាន​ប្រព័ន្ធ​ប្រតិបត្តិ​ផ្ទៃក្នុង Internal Control Inspector ។ យើង​ត្រូវ​មាន​ការបណ្តុះបណ្តាល​អំពី ការដាំដុះ​បែប​ហ្នឹង ការប្រើប្រាស់​ថ្នាំ ការប្រើប្រាស់​ជីគីមី ការប្រើប្រាស់​ទឹក​ដើម្បី​ឱ្យ​ទឹក​គ្រប់គ្រាន់ កុំ​ខ្ជះខ្ជាយ​ទឹក សិទ្ធិមនុស្ស ការ​មិន​រើសអើង​ដល់​កសិករ ចំណូល​ពី​ការដាំដុះ​ហ្នឹង ហើយ​ចុងក្រោយ​គឺ​សុខភាព​របស់​អ្នក​ផលិត Safety and Health​។ អ៊ីចឹង​៨​ចំណុច​ដែល​គេ​លើក​ហ្នឹង គឺ​គេ​មាន​សុ​ច្ចាករ​ដើម្បី​កំណត់​នូវ​ការរីកចម្រើន»។​

លោក ស៊ុង សារ៉ន​ ​អគ្គនាយក​ក្រុមហ៊ុននាំចេញ​អង្ករ អេម​រុរ៉ាយ​ស៍ កំពុង​ត្រួតពិនិត្យ​គ្រាប់​អង្ករ
លោក ស៊ុង សារ៉ន​ ​អគ្គនាយក​ក្រុមហ៊ុននាំចេញ​អង្ករ អេម​រុរ៉ាយ​ស៍ កំពុង​ត្រួតពិនិត្យ​គ្រាប់​អង្ករ

លោក ស៊ុង សារ៉ន បានឱ្យដឹង​ទៀត​ថា បច្ចុប្បន្ន ទោះជា​កម្ពុជា​មិន​សូវ​មាន​អ្នក​ចាប់ផ្តើម អនុវត្ត​កសិកម្ម​បែប​និរន្ត​ភាព ប៉ុន្តែ​និន្នាការ​ពិភពលោក ចាប់ផ្តើម​មក​អនុវត្ត​កសិកម្ម​បែប​និរន្ត​ភាព ព្រោះ​ដើម្បី​ផ្តល់​ផល​ចំណេញ​ដល់​កសិករ​ត្រូវបាន​ទទួល​ស្គាល់​​លើ​ទីផ្សារ​អន្តរជាតិ​ជាង​មុន​។ ហេតុនេះ លោក​ថា​ការលើកទឹកចិត្ត​តាមរយៈ​សហគមន៍​កសិកម្ម​ឱ្យ​ធ្វើ​កសិកម្ម​បែប​និរ​ន្ត​ភាព ជា​កត្តា​សមស្រប​ជួយ​សម្រួល​ដល់​កសិករ​ក្នុង​ការពង្រឹង​លទ្ធភាព​ផលិត​៖ «​ហើយ​យើង​ដើរ​រាង​ខុសគេ ខុស​គេ​ត្រង់​ហ្នឹង [តាមនិរន្តរភាព]ហើយ​យើង​មានការ​ហៅថា សុទិដ្ឋិនិយម ថា​ការដើរ​របស់​យើង​នៅ​លើ​ផ្លូវត្រូវ ដោយសារ​និន្នាកា​ល​ពិភពលោក​ងាក​មក​រក​និរន្តរភាព ងាក​ទៅរក​ចីរភាព គេ​ងាក​ទៅរក​សុខុមាលភាព​របស់​អ្នក​ផលិត។ មិន​មែន​ថា​គ្រប់​គ្នា​ងាក​មក​ភ្លាម​បាន យើង​កំពុងតែ​លូតលាស់ ហើយ​និន្នាកា​ល​ទីផ្សារ​ហ្នឹង ខ្ញុំ​នៅ​មាន​ជំនឿ​ថា នឹង​មាន​ការកើនឡើង​ខ្លាំង​ពី​មួយ​ឆ្នាំ ទៅ​មួយ​ឆ្នាំ​នៅ​ពេល​ដែល​ការជួញដូរ​បែប​ប្រកួតប្រជែង នឹង​មាន​ការថយចុះ ឬ​ក៏​កាន់តែ​តឹងតែង​ឡើង​។ អ៊ីចឹង​យើង​ត្រូវ​មាន​ចរន្ត​ពីរ​ហ្នឹង​»​។​

​លោក ស៊ុង សារ៉ន គាំទ្រ​ចំពោះ​ការជំរុញ​ឱ្យ​បង្កើត​សហគមន៍​អនុវត្តន៍​កសិកម្ម​បែប​និរន្ត​ភាព ព្រោះ​យុទ្ធសាស្ត្រ​នេះ នឹង​ផ្តល់​ចំណេញ​ច្រើន​ដល់​កសិករ​ខា្ន​តតូច ជំរុញ​ដល់​ការនាំចេញ​ផលិតផល​កសិកម្ម ជួយ​លើកស្ទួយ​កេរ្តិ៍ឈ្មោះ​ផលិតផល​កម្ពុជា លើកកម្ពស់​ជីវភាព​កសិករ​កម្ពុជា ពិសេស​ជួយ​បញ្ចៀស​ឱនភាព​សេដ្ឋកិច្ចជាតិ​។

«ចំណុច​ទី​១ គឺ​កេរ្តិ៍ឈ្មោះ កម្ពុជា​យើង​គឺ​គេ​ស្គាល់​ច្រើន​គេ​ហៅថា​ស្លាក​យីហោ​។ ទី​២ គឺ​ចំណូល​កសិករ កើនឡើង​បាន​ភ្លាមៗ​គឺ​អត់​ចាំបាច់​ថា ត្រូវ​ចាំ​៥​ឆ្នាំ ១០​ឆ្នាំ​ក្រោយ​បាន​ជីវភាព​គាត់​ធូរធារ អត់​ទេ គឺ​ចូល​ភ្លាម បី​បួន​ខែក្រោយ​ទទួលបាន​ប្រាក់ចំណេញ​ភ្លាម​ហ្ម​ង​។ ទី​៣ គឺ​បង្កើត​ការងារ​សហគមន៍​គឺ​គេ​ហៅថា​ការងារ មិនមែន​ជា​ការដាំដុះ​បែប​សុវត្ថិភាព​ចំណីអាហារ​ទេ គឺជា​ការដាំដុះ​ដើម្បី​លក់​ជា​របៀប​ពាណិជ្ជកម្ម​។ ទី​៤ គឺ​យើង​រក្សា​បរិស្ថាន ព្រោះ​អី​យើង​មើល​ថា​ការបំពុល​បរិស្ថាន​គឺ​ច្រើន​ទៅៗ ទៅ​លើ​ការប្រើប្រាស់​គីមី ថ្នាំ​បំពុល​ផ្សេងៗ អ៊ីចឹង​ហើយ​បាន​យើង​ខំ​ជំរុញ​អា​ហ្នឹង គឺ​គាត់​បន្ថយ​អាហ្នឹង​ឱ្យទាប​។ អ៊ីចឹង​គឺ​យើង​ឃើញថា Impact បាន​មក​ក្នុង​រយៈពេល​ពីរ​ទៅ​បី​ឆ្នាំ​ហ្នឹង គឺ​បាន​ច្រើន​ជា​ជាង​យើង​ធ្វើ​តាម​បែប​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​អង្ករ​ធម្មតា»។

agri substainable.00_04_35_13.Still009

​ទោះបីជា​យ៉ាងណា​ក៏ដោយ អគ្គនាយក​ក្រុមហ៊ុននាំចេញ​អង្ករ​រូបនេះ​យល់ថា ដើម្បី​ឱ្យ​ការអនុវត្ត​សហគមន៍​កសិកម្ម​បែប​និរន្ត​ភាព មាន​ប្រសិទ្ធភាព​ទៅបាន ទាមទារ​ត្រូវ​ឱ្យមាន​ការចូលរួម ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ពី​គ្រប់ភាគី​ពាក់ព័ន្ធសំ​ដៅ​​ជំរុញ​ដល់​កិច្ច​អនុវត្តន៍​ការងារ​ឱ្យមាន​លក្ខណៈ​ច្បាស់លាស់ និង​ស៊ីជម្រៅ។

«កត្តា​ជោគជ័យ​សំខាន់​បំផុត​ហ្នឹង គឺ​ការប្តេជ្ញាចិត្ត ដាក់​រួម​គ្នា​តាម​វិធីសាស្ត្រ​ការចូលរួម Participatory Approach ។ អ៊ីចឹង​វិធីសាស្ត្រ​ការចូលរួម​នេះ គឺ​មានន័យ​ទូលំទូលាយ បង្ហាញ​ពី​ការចូលរួម​របស់​អ្នក​ផលិត ការចូលរួម​រោង​ម៉ាស៊ីន​កិនស្រូវ និង​ក្រុមហ៊ុននាំចេញ ក៏​ដូច​ជា​អ្នកបញ្ជា​ទិញ​។ Supply Chain ទាំងមូល​ហ្នឹង​ត្រូវការ​ចូលរួម​គ្នា​ជា​ចង្កឹះ​មួយ​ដុំ​អ៊ីចឹង យើង​មិន​អាច​ឱ្យ​នរណា​មួយ​ដើរ​ចេញ​បានទេ​។ អ៊ីចឹង​បន្ទាប់មក យើង​ជជែក​ពី​ភារកិច្ច​និង​ការទទួលខុសត្រូវ តើ​កសិករ​គាត់​មាន​ភារកិច្ច​អី ហើយ​យើង​ជា​ម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចេញ​មាន​ភារកិច្ច​អី ហើយ​ក្រុមហ៊ុន​ដែល​បញ្ជា​ទិញ គាត់​មាន​តួនាទី​អ្វីខ្លះ​ក្នុង​ការងារ​សម្របសម្រួល​ហ្នឹង ក៏ដូចជា​តួនាទី​របស់​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ការចូលរួម​ធ្វើ​។ អ៊ីចឹង​គឺ​យើង​ចូលរួម​ទាំងអស់ មិន​ថា​តែ​យើង​ជាមួយ​កសិករ​ទេ ទាំង​រដ្ឋ ទាំង​ឯកជន ទាំង​អ្នក​ផលិត ក៏​ដូចជា​អ្នក​នាំចេញ»។

«អ៊ីចឹង​ហើយ​វិធីសាស្ត្រ​នេះ ខ្ញុំ​នៅ​មាន​ជំនឿ​ថា នៅ​មាន​ប្រសិទ្ធភាព​ក្នុង​ការជំរុញ​ឱ្យ​គម្រោង​ហ្នឹង​ជោគជ័យ​បាន​។ បើ​យើង​ចូលរួម​មែន តែ​យើង​លួច​ប្រើ ឧទាហរណ៍​ថា​លួច​ប្រើ​ជីគីមី គេច​មិន​ផុត​ទេ ព្រោះ​ថា​គេ​ហ្នឹង​មើល អ្នកឯង​ហ៊ាន​គេច​ពី​ផ្លូវ​ហ្នឹង មាន​អ្នកតាមដាន​មួយ គេ​មើល គេ​រាយការណ៍​ប្រាប់ គេ​ដក​យើង​ចោល​ហើយ​។ អ៊ីចឹង​មួយ​ភ្លេត​គេ​យើង​អាច​បាត់បង់​ការងា​របា​ន​។ អ៊ីចឹង​យើង​ប្រើ​វិធី​នេះ​កាន់តែ​ទូលំទូលាយ​ទៅ បង្កើត​នូវ​សាមគ្គីភាព បង្កើត​នូវ​ភាព​ទុកចិត្ត និង​ភាពស្មោះត្រង់​ហ្នឹង​គឺ​នឹង​សម្រេច​នូវ​គោលដៅ​ដែល​យើង​បានធ្វើ គឺ​ថា​តាំងពី​១០០​កសិករ​ជាង​ឡើង​ដល់​ជាង​បី​បួន​ពាន់​ហើយ ហើយ​យើង​នឹង​ប្រយ័ត្នប្រយែង​ការជ្រើសរើស​កសិករ​ថ្មី​ចូល កុំឱ្យ​មាន​ការប៉ះពាល់​ដល់​កសិករ​ផ្សេង​ដែល​គាត់​មាន​ភាពស្មោះត្រង់​។ អ៊ីចឹង​គឺ​យើង​ប្រើ​វិធីសាស្ត្រ​ហ្នឹង ហើយ​តែងតែ​មាន​ការជជែក​គ្នា​ញឹកញាប់​មែនទែន ក្នុង​ចលនា​សហគមន៍ គឺ​យើង​តែងតែ​ជួប​ជាមួយ​គាត់ ជា​រៀងរាល់​ខែ​ខ្ញុំ​តែងតែ​ទៅ​ជួប​ដើម្បី​ពង្រឹង​ដល់​សហគមន៍ ដើម្បី​ឱ្យ​មាន​ទំនុកចិត្ត​គ្នា»។​

​ឆ្លើយតប​នឹង​ការលើកឡើង​នេះ​ដែរ អ្នកនាំពាក្យ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ឡោ រស្មី បាន​ប្រាប់​វិទ្យុ​ផ្កាឈូក​តាម​ទូរ​សព្ទ​ថា រដ្ឋាភិបាល ពិសេស​ក្រសួង​កសិកម្ម ចាត់ទុក​សហគមន៍​កសិកម្ម​បែប​និរន្តភាព គឺជា​វិធីសាស្ត្រ​តែ​មួយ​គត់​ដែល​ជួយ​កសាង​ទំនុកចិត្ត​ដល់​ការធ្វើ​ធុរកិច្ច និង​សិទ្ធិមនុស្ស​ក្នុង​វិស័យ​កសិកម្ម​កម្ពុជា ពិសេស​ផ្តល់​អំណាច​ដល់​កសិករ​ក្នុង​ការចរចា​តម្លៃ​លក់​ផលិតផល​របស់​ខ្លួន​។​

​បន្ថែម​ពី​នេះ លោក ឡោ រស្មី បាន​ជំរុញ​ឱ្យ​អ្នកវិនិយោគ​លើ​ផ្នែក​កសិកម្ម​ទាំង​អស់ គួរតែ​ប្រតិបត្តិ​កសិកម្ម​តាម​កិច្ចសន្យា ឬ​បែប​និរន្ត​ភាព​ប្រកប​ដោយ​ភាពស្មោះត្រង់ ដើម្បី​ធានា​ទាំង​សេដ្ឋកិច្ច បរិស្ថាន សង្គម និង​សិទ្ធិ​មនុស្ស​ដល់​សហគម​ន៍​កសិករ ពិសេស​បញ្ចៀស​បញ្ហា​ប្រឈម​ក្នុង​វិស័យ​កសិកម្ម​។​

agri substainable.00_09_21_22.Still013

​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម​រូបនេះ​ក៏​អះអាង​ដែរ​ថា ក្រសួង​កសិកម្ម​នឹង​ពង្រឹង​ការសហការ​ជាមួយ​ស្ថាប័ន​ក្រសួង​ពាក់ព័ន្ធ ដើម្បី​ដោះស្រាយ​ប្រព័ន្ធធារាសាស្ត្រ សម្រួល​ដល់​ការ​ធ្វើ​កសិកម្ម របស់​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​មាន​និរន្ត​ភាព​៖ «​សហគមន៍​នេះ​គឺ​សំខាន់​ណាស់ បញ្ហា​នេះ​គឺ​សហគមន៍​ទាំងអស់​យើង​ចង់​ឱ្យ​គាត់​ជា​អ្នក​ម្ចាស់ការ យើង​ចង់ឱ្យ​គាត់​ក្លាយ​ជា​សហគ្រាស​សហគម​ន៍​កសិកម្ម​។ អ៊ីចឹង​កិច្ចការ​នេះ​គាត់​ត្រូវ​អនុវត្ត​កសិកម្ម​តាម​កិច្ចសន្យា​។ ខ្ញុំ​ឱ្យ​ឧទាហរណ៍​ដូចជា​ក្រុមហ៊ុនអេម​រុរ៉ាយ​ស៍​អ៊ីចឹង គាត់​បាន​ធ្វើស្រែ​ជា​មួយ​បងប្អូន​កសិករ​របស់​យើង ក្នុង​ការអនុវត្ត​កសិកម្ម​តាម​កិច្ចសន្យា​។ រាជរដ្ឋាភិបាល ក្រសួង​កសិកម្ម​បាន​ចុះ MOU ជាមួយ​ប្រទេស​កូរ៉េ​ដើម្បី​នាំ​ស្វាយ​ចេញ​។ នេះ​ហើយ​គឺជា​ការអនុវត្ត​កសិកម្ម​តាម​កិច្ចសន្យា​។ យើង​ធ្វើ​របៀប​នេះ​គឺ​នឹង​ធ្វើឱ្យ​កសិកម្ម​យើង​មាន​និរន្តរភាព ជាពិសេស​គឺ​ផ្តល់​ភាពកក់ក្តៅ​ដល់​បងប្អូន​កសិករ​យើង​ក្នុង​ការនាំ​ចេញ​កសិផល​»​។​

បច្ចុប្បន្ន កម្ពុជា​មាន​សហគមន៍​កសិកម្ម​ជាង ៨០០​សហគមន៍ ដែល​គាំទ្រ​ដោយ​ក្រសួង​កសិកម្ម និង​អង្គការក្រៅរដ្ឋាភិបាល​។ ភាគច្រើន សហគមន៍​កសិកម្ម​ទាំងនោះ​នៅ​មិនទាន់​មាន​សមត្ថភាព​អនុវត្តន៍​កសិកម្ម តាម​កិច្ចសន្យា និង​បែប​និរន្ត​ភាព​នៅឡើយ ដែល​ទាមទារ​ឱ្យ​បង្កើន​ការយកចិត្តទុកដាក់​បន្ថែមទៀត​។​

​យ៉ាងណាក៏ដោយ អ្នក​រកស៊ី​ក្នុង​វិស័យ​ស្រូវ​អង្ករ ក៏​ចង់ឱ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ គាំទ្រ​សហគមន៍​កសិកម្ម​កិច្ច​បែប​និរន្ត​ភាព ដែល​មាន​ស្រាប់ និង​បង្កើត​សហគមន៍​កសិកម្ម​កិច្ច​បែប​និរន្ត​ភាព​ថ្មី​បន្ថែមទៀត សម្រាប់​គាំទ្រ​កសិករ​ខ្នាតតូច ដើម្បី​លើកកម្ពស់​ជីវភាព​កសិក​រ និង​អភិវឌ្ឍ​វិស័យ​កសិកម្ម​ដែល​ជា​សសរស្ដម្ភ​ដ៏​សំខាន់​មួយ​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​៕

ចែករំលែកតាម៖