រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានចារឹកទុកថា «ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ» ដោយផ្នែកលើតួនាទីមិនអាចខ្វះបានរបស់ព្រះសង្ឃពោលគឺវត្តអារាម។ តាំងតែពីដើមមករហូតដល់បច្ចុប្បន្នវត្តអារាមព្រះពុទ្ធសាសនាបានចូលរួមអភិវឌ្ឍសង្គមកម្ពុជាស្ទើរតែគ្រប់វិស័យ ដូចវិស័យអប់រំ សុខាភិបាល សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ជាដើម។ ថ្នាក់ដឹកនាំជាច្រើនរូបសុទ្ធតែមានអតីតភាពជាក្មេងវត្តឬក៏បានទទួលការអប់រំ បណ្តុះបណ្តាលពីសាលាវត្តដែលមានព្រះសង្ឃជាគ្រូបង្ហាត់បង្រៀនឬជាគ្រូបាធ្យាយ។
ក្រៅពីជាកន្លែងប្រារព្ធពិធីបែបសាសនា វត្តអារាមត្រូវបានចាត់ទុកថាជាទីថែរក្សានូវអត្តសញ្ញាណនិងវប្បធម៌របស់ខ្មែរផងដែរ។ វត្តអារាមក៏ជាទីជម្រកស្នាក់អាស្រ័យរបស់សិស្ស និស្សិតក្រីក្របន្តការសិក្សាជាច្រើន ដែលមកពីជនបទចុងកាត់មាត់ញក ហើយមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការរកលុយដើម្បីជួលផ្ទះឬអាហារហូបចុក មិនថានៅរាជធានីឬតាមបណ្តាខេត្តឡើយ។
យុវជន សេង ស្តុក ដែលទើបបញ្ចប់បរិញ្ញបត្រផ្នែកគ្រប់គ្រងអាជីវកម្មកំពុងស្នាក់នៅវត្តបទុមវតីរាជវរារាម បានចាត់ទុកវត្តអារាមថាជាមជ្ឈមណ្ឌលសម្រាប់សង្គ្រោះសិស្ស និស្សិតក្រីក្រឱ្យទទួលបានឱកាសបន្តការសិក្សានិងការអប់រំ។
យុវជន សេង ស្តុក បញ្ជាក់ថា ៖«ប្រសិនបើអត់មានវត្តអារាមសម្រាប់និស្សិតស្នាក់នៅទេ ភាគច្រើននិស្សិតត្រូវបោះបង់ចោលការសិក្សា។ ទី១ដោយសារលទ្ធភាពបន្តការសិក្សាគឺអត់មាន ណាមួយថ្លៃផ្ទះជួលវាថ្លៃ ប្រាក់ខែនិស្សិតដំបូងគឺមានកម្រិតទាប ដូច្នេះបំពេញតម្រូវការសិក្សានិងហូបចុកគឺអត់គ្រប់គ្រាន់នោះទេ តម្រូវឱ្យបោះបង់ចោលការសិក្សាហើយអាចទៅធ្វើការរោងចក្រវិញ»។
និស្សិតឆ្នាំទី២នៃសាកលវិទ្យាល័យន័រតុន យុវជន ហាន ដានិច្ច មកពីខេត្តព្រៃវែង ស្នាក់នៅវត្តស្វាយជ្រំបានអះអាងថា បច្ចុប្បន្នរូបគេទទួលបាននូវការឧបត្ថម្ភពីសំណាក់ព្រះសង្ឃដូចជាការជួយផ្ដល់អាហារហូបចុកជាដើម។
យុវជន ហាន ដានិច្ច ៖ «អាចនិយាយបានថា ជាបញ្ហាជីភាពគ្រួសារដោយសារយើងជាអ្នកស្រែចេញមកពីស្រុកបើយើងទៅជួលផ្ទះគេ យើងអស់ថវិកាក្នុងការជួលផ្ទះ យើងត្រូវចាយវាយ។ បើនៅវត្ត ទី១ យើងអត់អស់ថវិកាសម្រាប់បង់ថ្លៃផ្ទះជួល ហើយអាហារហូបចុករបស់យើង គឺយើងហូបអាហារដែលព្រះសង្ឃឆាន់ហើយ។
យុវជនមួយរូបទៀត អ៊ុន ពិសិដ្ឋ មកពីខេត្តតាកែវ ស្នាក់នៅវត្តបទុមវតីរាជវរារាមលើកឡើងថា ការស្នាក់នៅវត្តអារាម បានផ្ដល់ឱ្យរូបគេនូវចំណេះដឹងពាក់ព័ន្ធនឹងក្រមសីលធម៌ ក៏ដូចជាការអប់រំចិត្តតាមទ្រឹស្ដីព្រះពុទ្ធសាសនាជាដើម។
យុវជន អ៊ុន ពិសិដ្ឋ៖ «វត្តបានផ្តល់ទីជម្រកនិងអាហារបីពេលសម្រាប់ខ្ញុំ។ ព្រះសង្ឃបានទូន្មានប្រៀនប្រដៅឱ្យខ្ញុំធ្វើតែអំពើល្អ បានបង្ហាត់បង្រៀនខ្ញុំយល់ពីផ្លូវលោក ផ្លូវធម៌ យល់ដឹងពីការងារសង្គម ចេះជួយគ្នា ចេះអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក»។
ចំណែកសមណសិស្ស ដែលកំពុងសិក្សានៅពុទ្ធិកអនុវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ខ្សាច់កណ្តាល មានថេរដីកាស្រដៀងៗគ្នាថា ព្រះសង្ឃភាគច្រើន មកពីគ្រួសារក្រីក្រ ហើយមិនមានលទ្ធភាព ក្នុងការសិក្សា ក៏សម្រេចមកបួសដើម្បីទទួលបានឱកាសក្នុងសិក្សាឱ្យបានខ្ពង់ខ្ពស់។
ព្រះតេជគុណ សូម ស៊ីម និមន្តមកពីខេត្តស្វាយរៀង៖ «ពីព្រោះអាត្មាឃើញថា ជីវភាពរបស់គ្រួសារអាត្មាទីទ័លក្រខ្លាំង ហើយបងប្អូនអាត្មាក៏ច្រើន ដល់ថ្នាក់ញោមអាត្មាគ្មានលទ្ធភាពក្នុងរកស៊ីចិញ្ចឹមកូន បីបាច់ថែពួកអាត្មាហ្នឹង ហើយក៏សម្រេចចិត្តឱ្យអាត្មាមកបួស រៀននៅខាងព្រះពុទ្ធសាសនាដើម្បីបន្តការសិក្សាជាបន្តបន្ទាប់ឱ្យបានខ្ពងខ្ពស់»។
ព្រះតេជគុណ ទឹម សុខពៅ និមន្តមកពីខេត្តព្រះសីហនុ ៖ «វត្តមិនមែនត្រឹមតែជាកន្លែងគ្រឿងសក្ការបូជាប៉ុណ្ណោះទេ មានទាំងការបណ្តុះបណ្តាលមនុស្សឱ្យចេះដឹងជាងមុន។ អ្នកខ្លះអត់សូវដឹងគុណឪពុកម្តាយទេ ដល់ពេលមកបួសបានរៀនធម៌ពុទ្ធវិស័យ។ លោកបានបកស្រាយថា ម៉ែឪយើងមានគុណអ្វីខ្លះ? ក៏ធ្វើឱ្យយើងដឹងថា វត្តអារាមហ្នឹងជាកន្លែងបណ្តុះបណ្តាលយើង ទាំងឱ្យយើងរៀនចេះទាំងអក្សរ ចេះអ្វីគ្រប់យ៉ាង»។
សម្រាប់ព្រះឃោសធម្ម លន់ សុគន្ធា ព្រះរាជាគណៈថ្នាក់ទោ ព្រះវិន័យធរគណខេត្តកណ្តាល និងជា ព្រះអនុគណស្រុកខ្សាច់កណ្តាល ព្រមទាំងជាព្រះចៅអធិការវត្តស្វាយជ្រំ មានថេរដីកាថា វត្តអារាមនេះ បានផ្តល់ទីស្នាក់អាស្រ័យដល់សិស្ស និស្សិត និងសមណសិស្សក្រីក្ររាប់រយអង្គ និងនាក់មកហើយ។
លើសពីនេះ ព្រះឃោសធម្ម លន់ សុគន្ធា មានថេរដីកាបន្តថា ទីវត្តអារាម បានបង្រៀនទ្រឹស្ដីព្រះពុទ្ធសាសនា អប់រំផ្លូវចិត្តពួកគេ ឲ្យជៀសវាងអំពើអបាយមុខផ្សេងៗ ដូចជាការសេពគ្រឿងញៀន និងសេពគប់មិត្តភក្ដិមិនល្អ ដែលនាំឲ្យប្រព្រឹត្តរឿងរ៉ាវអាក្រក់ផ្សេងៗជាដើម។
ព្រះឃោសធម្ម លន់ សុគន្ធា៖ «សំខាន់គឺអប់រំមនុស្សឱ្យរៀបរយអត្តចរិត ឬកពាឱ្យមានចំណេះ មានធម៌មានវិន័យ ឱ្យមានសេចក្តីថ្លៃថ្នូរ ន័យថា អប់រំឱ្យមានចរិយាធម៌ គុណធម៌។ បានន័យថា មានចំណេះហើយយកទៅបម្រើកិច្ចការងារ ឆ្លើយតបនឹងអ្វីដែលខ្លួនចេះ ដឹកនាំសង្គម ដឹកនាំខាង វិស័យអាណាចក្រ ពុទ្ធចក្រហ្នឹងឱ្យប្រទេសជាតិ ឬក៏សង្គមពុទ្ធសាសនាមានការរីកចម្រើន អ៊ីចឹងសំខាន់បំផុតដៅទៅគុណធម៌ ចរិយាធម៌នេះឯងជាធំ»។
បើតាមព្រះឃោសធម្ម លន់ សុគន្ធា ក្នុងចំណោមយុវជន ដែលបានបួស និងទទួលការអប់រំតាមពុទ្ធិកសិក្សា ខ្លះបានរៀនរហូតចប់ថ្នាក់បរិញ្ញបត្រ អនុបណ្ឌិត និងបណ្ឌិតទៀតផង ពិសេសទៅទៀតនោះ អ្នកបួសខ្លះ បានទទួលនូវអាហារូបករណ៍ទៅសិក្សាឯបរទេសថែមទៀត។
បើតាមរបាយការណ៍ក្រសួងធម្មការ និងសាសនា គិតត្រឹមចុងឆ្នាំ២០១៨ វត្តអារាម នៅកម្ពុជាបច្ចុប្បន្នមានចំនួន ៤,៩៧៩វត្ត និងព្រះសង្ឃ ៧០,៨៥៣អង្គ ទូទាំងប្រទេស៕