សិប្បកម្មច្នៃក្រដាសឱ្យក្លាយជាផ្ការបស់ស្រ្តីមេផ្ទះនៅសង្កាត់ដង្កោ

សិប្បកម្មច្នៃក្រដាសឱ្យក្លាយជាផ្ការបស់ស្រ្តីមេផ្ទះនៅសង្កាត់ដង្កោ

អ្នកនាង យីម វ៉ាន់ណេ ម្ចាស់សិប្បកម្មលម្អ Creative
អ្នកនាង យីម វ៉ាន់ណេ ម្ចាស់សិប្បកម្មលម្អ Creative

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ គេ​សង្កេត​ឃើញ​ថា​ កម្មវិធី​តូច​ធំ​រាប់​តាំង​ពី​អាពាហ៍​ពិពាហ៍​ ភ្ជាប់​ពាក្យ​ ជប់លៀង​ ខួប​កំណើត​ សម្ពោធ​ផលិតផល​ ឡើង​គេហដ្ឋាន​ថ្មី​ ព្រម​ទាំង​ការ​តាំង​លម្អ​ក្នុង​គេហដ្ឋាន​ជា​ដើម​ និយម​ប្រើប្រាស់​ផ្កា​ស្រស់​មក​លម្អ​កម្មវិធី​ ដែល​ជួន​កាល​ធ្វើ​ឱ្យ​ខ្ទង់​ចំណាយ​លើ​ការ​តុបតែង​អាច​ឈាន​ដល់​ម៉ឺន​ ឬ​សែន​ដុល្លារ​ក៏​មាន។​

អ្នក​ដែល​មិន​ចង់​ចំណាយ​ប្រាក់​ច្រើន​សន្ធឹក​សន្ធាប់​លើ​ការ​តុបតែង​ផ្កា​ស្រស់​សម្រាប់​កម្មវិធី​តែ​មួយ​ថ្ងៃ​ឬ​ពីរថ្ងៃ​នោះ​ គេ​អាច​មាន​ជម្រើស​មួយ​ទៀត​គឺ​ការ​ដាក់​តាំង​លម្អ​ដោយ​ផ្កា​ក្រដាស​ពណ៌​គ្រប់​សណ្ឋាន​ជំនួស​ផ្កា​ស្រស់​វិញ។​

ទន្ទឹម​គ្នា​នឹង​គំនិត​នេះ​ ព្រម​ទាំង​ជាមួយ​ទេពកោសល្យ​ពី​កំណើត​ក្នុង​ការ​ប្រែ​ក្លាយ​ក្រដាស​ពណ៌​ឱ្យ​ក្លាយ​ទៅ​ជា​បុប្ផា​ជា​ច្រើន​ប្រភេទ​នេះ​ដែរ​ អ្នកនាង​ យីម​ វ៉ាន់ណេ​ ដែល​ជា​ស្រ្តី​មេផ្ទះ​ម្នាក់​ ព្រម​ទាំង​ជា​ម្ចាស់​សិប្បកម្ម​លម្អ​ Creative​ បាន​ឱ្យ​ដឹង​ពី​បទពិសោធន៍​និង​ដំណើរ​ដើម​ទង​នៃ​ការ​បង្កើត​សិប្បកម្ម​ច្នៃ​ក្រដាស​ពណ៌​ ទៅ​ជា​ផ្កា​ដូច្នេះ​ថា៖ «ការ​ពិត​ទៅ​ អាច​និយាយ​បាន​ថា​គ្រាន់​ដុង​ពី​កំណើត​មក។​ យើង​អត់​បាន​រៀន​អត់​បាន​អីទេ​ ប៉ុន្តែ​អ្វីៗ​ជា​ដុង​ពី​កំណើត​មក​ រួច​អ្វី​ដែល​យើង​ចាប់​ផ្តើម​ធ្វើ​នេះ​ គឺ​យើង​បាន​ដាក់​ផ្សព្វផ្សាយ​តាម​អនឡាញ​ចោល​រយៈពេល​៦ឆ្នាំ​ក្នុង​អំឡុង​ពេល​ដែល​យើង​ធ្វើការ។​ ដល់​ក្រោយ​មក​យើង​បាន​ឈប់​សម្រាក​ពី​ការងារ​រយៈពេល​៦ខែ​មក​ យើង​ក៏​មាន​គំនិត​បង្កើត​ជា​អាជីវកម្ម​នេះ​ឡើង។»​

បើ​ទោះ​ជា​ ដើម​ឡើយ​គ្រាន់​តែ​មាន​ចំណូលចិត្ត​រៀប​ផ្កា​លេង​នៅ​ផ្ទះ​ ដោយ​មិន​បាន​នឹក​ឃើញ​យក​វិជ្ជា​នេះ​មក​ធ្វើ​អាជីវកម្ម​ក៏​ដោយ​ តែ​ស្រ្តី​មេផ្ទះ​រូបនេះ​ក៏​បាន​ឱ្យ​ដឹង​ពី​មូលហេតុ​សំខាន់​ដែល​ជំរុញ​ឱ្យ​អ្នកនាង​ មាន​គំនិត​ចង់​បង្កើត​ជា​សិប្បកម្ម​ច្នៃ​ក្រដាស​ពណ៌​បែប​នេះ​ថា៖​ «អានេះ​វា​គឺ​ជា​របរ​មួយ​ដែល​យើង​អាច​រក​ប្រាក់​ចំណូល​បាន​ខ្លះ​ដែរ​ ពី​ការ​ដែល​យើង​ច្នៃ​វា។​ ឧទាហរណ៍​ ការ​ដែល​ design​ (រចនា)​ ជា​ផ្កា​ព្យួរ​លើ​ជញ្ជាំង​ ការ​យក​របស់​របរ​ដែល​គេ​ប្រើ​រួច​ផ្សេងៗ​ មក​បង្កើត​ជា​វត្ថុ​អនុស្សាវរីយ៍​ផ្សេងៗ​ ដូចជា​ ថូ​ កែវ​ ដើម្បី​យើង​ដាក់​តាំង​នៅ​លើ​តុ​ទទួល​ភ្ញៀវ​ វា​មើល​ទៅ​ឃើញ​ស្អាត​ ចឹង​អ្វីៗ​វា​កើត​ចេញ​ពី​ការ​ច្នៃ​ប្រឌិត​របស់​យើង​ចឹង​មក​ បាន​ធ្វើ​ឱ្យ​មហាជន​មួយ​ចំនួន​ដែល​គាត់​ស្រឡាញ់​ចូលចិត្ត​ផ្កា​ក្រដាស​ប្រភេទ​នេះ​ គាត់​បាន​ចាប់​អារម្មណ៍​ កុម្ម៉ង់​ទិញ​ពី​យើង។»​

ផ្កាចម្ប៉ាធ្វើពីក្រដាស
ផ្កាចម្ប៉ាធ្វើពីក្រដាស

រាល់​គំនិត​ធ្វើ​ផ្កា​ក្រដាស​ទាំង​នេះ​គឺ​អ្នក​នាង​ យីម​ វ៉ាន់ណេ​ នឹក​ឃើញ​ច្នៃ​ដោយ​ខ្លួន​ឯង​ ខណៈ​ម៉ូដ​ផ្កា​ក្រដាស​ថ្មីៗ​ខ្លះ​ អ្នកស្រី​ធ្វើ​ស្វ័យ​សិក្សា​បន្ថែម​តាម​រយៈ​ការ​មើល​ផ្កា​ពិត​ពី​ធម្មជាតិ​ ដើម្បី​ស្រប​ទៅ​នឹង​ការ​កុម្ម៉ង់​ទិញ​របស់​អតិថិជន។​ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​បន្ថែម​ពី​តម្រូវ​ការ​លើ​ផលិតផល​ផ្កា​ក្រដាស់​ ពី​សំណាក់​អតិថិជន​ ពី​អ្នកនាង​ យីម​ វ៉ាន់ណេ។

អ្នកនាង​បន្ថែម​ថា៖ «ដូចជា​អ្នក​ខ្លះ​គាត់​ចង់​កុម៉្មង់​ទៅ​ផ្កា​អ័រគីដេ​ ចឹង​យើង​រៀបចំ​ជា​ផ្កា​អ័រគីដេ​ឱ្យ​គាត់​ចឹង​ទៅ។​ មាន​អ័រគីដេ​រៀប​ជា​កន្ត្រក​ អ័រគីដេ​ដាក់​ជា​ថូ​ ឬ​ក៏​អ្វី​ផ្សេង​ទៀត​តាម​ដែល​គាត់​កុម្ម៉ង់។​ ហើយ​អ្នក​ខ្លះ​ទៀត​គាត់​គិត​ថា​កុម្មង់​ជា​ផ្កា​របៀប​ខ្មែរ​ដូច​ជា​ ចំប៉ី​ ចម្ប៉ា​ ផ្កាម្លិះ​ ផ្ការំដួល​អី​ចឹង​ទៅ។​ ចឹង​ធ្វើ​ឱ្យ​យើង​មាន​គំនិត​ហ្នឹង​ ដោយ​យើង​មើល​ផ្កា​ពី​ធម្មជាតិ​ ហើយ​មក​ធ្វើ​ជា​ផ្កា​កែច្នៃ​ ចឹង​ធ្វើ​ឱ្យ​ការ​គាំទ្រ​របស់​យើង​ចេះ​តែ​មាន​ជា​ហូរហែ​ដោយ​ការ​ធ្វើ​ដោយ​ដៃ​នេះ។»​

ក្នុង​ការ​ធ្វើ​ផ្កា​ក្រដាស​នានា​ អ្នកនាង​ យីម​ វ៉ាន់ណេ​ ប្រើ​ឧបករណ៍​កាវ​ទៀន​ កន្រ្ដៃ​កាត់​ ម្ជុល​ លួស​ អំបោះ​ និង​ក្រដាស​ពណ៌​មាន​លក់​ក្នុង​ស្រុក​ ឬ​ផលិតផល​ពី​ប្រទេស​ថៃ។​

មក​ដល់​បច្ចុប្បន្ន​នេះ​ អ្នកនាង​ យីម​ វ៉ាន់ណេ​ បាន​បង្រៀន​ពី​របៀប​ច្នៃ​ក្រដាស​ពណ៌​ទៅ​ជា​ផ្កា​ដល់​ស្រ្តី​មេផ្ទះ​ និង​និស្សិត​មួយ​ចំនួន​ដែល​ពួក​គេ​បាន​មក​រៀន​ជំនាញ​នេះ​ពី​អ្នកនាង​ផ្ទាល់​ នៅ​ពេល​ដែល​ពួកគេ​ទំនេរ​ពី​ការងារ​ផ្ទះ​ ឬ​ការ​សិក្សា។​ អ្នកនាង​ យីម​ វ៉ាន់ណេ​ យល់​ថា​ នេះ​ជា​ចំណែក​មួយ​ជួយ​បង្កើត​ការងារ​នៅ​ក្នុង​ស្រុក​ ព្រម​ទាំង​បង្កើន​សេដ្ឋកិច្ច​គ្រួសារ​បាន​ ប្រសិន​បើ​ពួកគាត់​មាន​ជំនាញ​នេះ​ច្បាស់​លាស់។​

អ្នកស្រី​ ម៉ូ​ វីស្រីលក្ខ​ ស្រ្តី​មេផ្ទះ​ម្នាក់​បាន​ឱ្យ​ដឹង​ថា​ ដំបូង​ឡើយ​ អ្នកស្រី​គ្រាន់​តែ​ជា​អតិថិជន​ម្នាក់​ប៉ុណ្ណោះ។​ ប៉ុន្តែ​ដោយ​យល់​ថា​ ជំនាញ​ច្នៃ​ក្រដាស​ក្លាយ​ជា​ផ្កា​នេះ​ វា​ជា​ជំនាញ​សិល្បៈ​មួយ​បែប​ ដែល​អាច​រក​ចំណូល​ជួយ​គ្រួសារ​បាន​ ទើប​អ្នកស្រី​បាន​ចំណាយ​ពេល​ពី​ការងារ​ផ្ទះ​ មក​រៀន​ជំនាញ​នេះ​ពី​អ្នកនាង​ យីម​ វ៉ាន់ណេ។​

អ្នកស្រី​បន្ត​ថា៖​ «មុន​ដំបូង​គាត់​មក​ទិញ​ផ្ទះ​នៅ​ជិត​ខ្ញុំ។​ និយាយ​ទៅ​ខ្ញុំ​អត់​សូវ​ចាប់​អារម្មណ៍​ទេ​ តែ​ពេល​ដែល​មក​ឃើញ​ផ្ទះ​គាត់​ ខ្ញុំ​ចាប់​អារម្មណ៍​ឃើញ​ផ្កា​ដែល​គាត់​ធ្វើ​ស្អាត​ ព្រោះ​ខ្ញុំ​អ្នក​ចូលចិត្ត​ផ្កា​ដែរ។​ ក្នុង​ផ្ទះ​ខ្ញុំ​សុទ្ធ​តែ​ផ្កា​ តែ​ដល់​ពេល​ឥឡូវ​ដូរ​យក​ផលិតផល​របស់​គាត់​វិញ​ ដោយសារ​អី​ របស់​គាត់​មើល​ទៅ​ ធ្វើ​ដោយ​ដៃ​មែន​ ហើយ​របស់​របរ​មួយ​ចំនួន​ដូច​កំប៉ុង​ខ្ញុំ​រើស​ក្រវាត់​ចោល​ដូចជា​កំប៉ុង​សាប៊ូ​ដែល​ស្អាតៗ​អ៊ីចឹង​ គាត់​រើស​យក​មក​ច្នៃ​ដាក់​ធ្វើ​ជា​ថូផ្កា​ចឹង​ទៅ​ ហើយ​ពេល​ហ្នឹង​ខ្ញុំ​មើល​ឃើញ​អ្វី​ដែល​គាត់​ធ្វើ​ហ្នឹង​ ចង់​ស្អាត​ជាង​ជ័រ​ដែល​គេ​ធ្វើ​នោះ​ទៀត​ ព្រោះ​អី​វា​ទុន​មើល​ទៅ​ដូច​ធម្មជាតិ​ ដល់​ពេល​ចឹង​ទៅ​ខ្ញុំ​ចាប់​ចិត្ត​ហើយ​ក៏​សម្រេច​ចិត្ត​មក​រៀន​ជាមួយ​គាត់។»​

សកម្មភាពធ្វើផ្កាក្រដាសនៅសិប្បកម្មលម្អ Creative
សកម្មភាពធ្វើផ្កាក្រដាសនៅសិប្បកម្មលម្អ Creative

ខុស​ប្លែក​ពី​ការ​ប្រើ​ផ្កា​ស្រស់​តុប​តែង​លម្អ​កម្មវិធី​ដែល​ទាមទារ​ពេល​វេលា​ខ្លី​ក្នុងការ​រៀបចំ​ អតិថិជន​របស់​អ្នកនាង​ យីម​ វ៉ាន់ណេ​ ត្រូវ​ធ្វើការ​កុម្ម៉ង់​ម៉ូដ​មុន​យ៉ាង​ហោច​ណាស់​២សប្ដាហ៍​ ទៅ​១ខែ​ ព្រោះ​ផលិតផល​នីមួយៗ​ត្រូវ​ការ​ពេល​វេលា​និង​កម្លាំង​ផលិត។​

ចំពោះ​តម្លៃ​លក់​សម្ភារ​ទាំង​នោះ​វិញ​ អ្នកនាង​ យីម​ វ៉ាន់ណេ​ ឱ្យ​ដឹង​ថា​ ទាប​បំផុត​ចាប់​ពី​៥ដុល្លារ​និង​ខ្ពស់​បំផុត​រហូត​ដល់​៥០ដុល្លារ​ ទៅ​តាម​ម៉ូត​ឬ​ការ​កុម្ម៉ង់​ពី​សំណាក់​អតិថិជន។​

មក​ដល់​ត្រង់​ចំណុច​នេះ​ ទោះ​បី​ជា​ផលិតផល​ទាំង​នេះ​ គ្រាន់​តែ​ជា​ផ្កាក្រដាស​ ដែល​កើត​ចេញ​ពី​ការ​កែច្នៃ​ដោយ​ដៃ​ គ្មាន​ក្លិន​ ប៉ុន្តែ​លក្ខណៈ​ពិសេស​របស់​វា​ គឺ​អាច​រក្សា​ទុក​បាន​យូរ​ មិន​ចំណាយ​ខ្ពស់​លើ​ការ​តុបតែង​អាច​ឈាន​ដល់​ម៉ឺន​ ឬ​សែន​ដុល្លារ​ក៏​មាន។​

យ៉ាង​ណា​មិញ​ ថ្វី​ត្បិត​សិប្បកម្ម​ច្នៃ​ក្រដាស​ក្លាយ​ជា​ផ្កា​ចំណាយ​ពេល​វេលា​យូរ​ ស្រប​ពេល​គេ​និយម​ប្រើប្រាស់​ផ្កា​ស្រស់​មក​លម្អ​គេហដ្ឋាន​និង​កម្មវិធី​នានា​ ច្រើន​ជាង​ផ្កា​ដែល​ច្នៃ​ចេញ​ពី​ក្រដាស​ក្តី​ ប៉ុន្តែ​អ្នកនាង​ យីម​ វ៉ាន់ណេ​ មិន​ធ្លាប់​គិតថា​បោះបង់​ជំនាញ​នេះ​ឡើយ​ ព្រោះ​ជា​ជំនាញ​សិល្បៈ​មួយ​ដែល​មាន​លក្ខណៈ​ពិសេស​ខុស​ពី​ការងារ​ដទៃ។​

អ្នកនាង​រៀបរាប់​ថា៖​ «នេះ​គឺ​ជា​អារម្មណ៍​មួយ​ដែល​យើង​ធ្វើ​ទៅ​សប្បាយ​ នៅ​ពេល​ណា​ដែល​យើង​បាន​នូវ​ផលិតផល​សម្រេច​មួយ​នៅ​ក្នុង​ក្តី​ស្រមៃ​របស់​យើង។​ ឧទាហរណ៍​ថា​ យើង​ស្រមៃ​ថា​ យើង​ធ្វើ​ផ្កា​កុលាប​មួយ​ទង​ឱ្យ​ចេញ។​ ចឹង​នៅ​ពេល​ដែល​យើង​ធ្វើ​ គឺ​អារម្មណ៍​របស់​យើង​គឺ​ផ្តោត​ទៅ​លើ​ផ្កា​កុលាប​ ដោយ​យើង​ស្រមៃ​ទៅ​ដល់​ធម្មជាតិ​ រួច​ហើយ​ធ្វើ​វា​ ធ្វើ​ឱ្យ​ផ្កា​មួយ​ទង​ហ្នឹង​ឱ្យ​មាន​សម្រស់​ដូច​ជា​ផ្កា​ធម្មជាតិ​ពិត​ប្រាកដ​ចឹង។​ ចឹង​ការ​ធ្វើ​សិប្បកម្ម​ដោយ​ដៃ​ហ្នឹង​ត្រូវ​ការ​ប្រើ​អារម្មណ៍​ ហើយ​បើ​អារម្មណ៍​យើង​មិន​ល្អ​ផលិតផល​របស់​យើង​ចេញ​ មក​ក៏​អត់​ល្អ​ដែរ»។​

ម្ចាស់​សិប្បកម្ម​លម្អ​ Creative​ រូប​នេះ​ចែក​រំលែក​ទៅ​យុវជន​មួយ​ចំនួន​ដែល​ចង់​ចាប់​យក​ជំនាញ​នេះ​ថា៖​ «សំខាន់​អ្វី​ក៏​ដោយ​ គឺ​ការ​ដាក់​ចិត្ត​ស្រលាញ់​ចូលចិត្ត​ និង​ត្រូវ​ការ​ពេល​វេលា​គ្រប់​គ្រាន់​នៅ​ក្នុង​ការងារ​រៀន​សូត្រ​និង​អាស្រ័យ​ទៅ​លើ​ឆន្ទៈ។»​

បន្ថែម​ពី​នេះ​ទៀត​ ស្រ្តី​ម្ចាស់​សិប្បកម្ម​លម្អ​ Creative​ រូប​នេះ​ ក៏​ចង់​ឃើញ​សាធារណៈ​ងាក​មក​គាំទ្រ​ផលិតផល​ដែល​កែច្នៃ​ដោយ​ដៃ​ឱ្យ​បាន​ច្រើន​ ដើម្បី​កាត់​បន្ថយ​ខ្ទង់​ចំណាយ​លើ​ការ​តុបតែង​ផ្កា​លើ​ផ្កា​ស្រស់​ ព្រម​ទាំង​ជួយ​បង្កើត​ការងារ​ឱ្យ​ពលរដ្ឋ​ក្នុង​ស្រុក​ឬ​អាច​ឈាន​ទៅ​ប្រកួត​ប្រជែង​លើ​ទីផ្សារ​អន្តរជាតិ៕​

ចែករំលែកតាម៖