ក្រុមហ៊ុនអារ៉ាខាវ៉ាបន្ថែមចំណេះដឹងជុំវិញការរស់នៅបែបខុនដូ តាមរយៈសិក្ខាសាលារាល់ខែ

ក្រុមហ៊ុនអារ៉ាខាវ៉ាបន្ថែមចំណេះដឹងជុំវិញការរស់នៅបែបខុនដូ តាមរយៈសិក្ខាសាលារាល់ខែ

(កណ្ដាល) លោកអៀង សុធារ៉ា សហស្ថាបនិករបស់ក្រុមហ៊ុនអារ៉ាខាវ៉ា
(កណ្ដាល) លោកអៀង សុធារ៉ា សហស្ថាបនិករបស់ក្រុមហ៊ុនអារ៉ាខាវ៉ា

បុរស​វ័យ​ជាង​៥០ឆ្នាំ​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​សហស្ថាបនិក​មួយ​រូប​របស់​ក្រុមហ៊ុន​អារ៉ាខាវ៉ា​ គឺ​លោក​អៀង​ សុធារ៉ា​ បាន​បង្ហាញ​ពី​សុទិដ្ឋិនិយម​ថា​ ក្រុមហ៊ុន​លោក​នឹង​រៀបចំ​ខុនដូ​តម្លៃ​សមរម្យ​នេះ​ ប្រកប​ដោយ​ក្តី​សុខដុម​រមនា​ សន្តិសុខ​ និង​សណ្តាប់ធ្នាប់។​ សម្រាប់​ការ​រៀបចំ​ទាំង​នេះ​ ក្រុមហ៊ុន​នឹង​ផ្តល់​ឱកាស​ឱ្យ​ប្រជាជន​ចូល​រួម​ដឹង​លឺ​ជា​សាធារណៈ​ពី​ដំណើរការ​វិវឌ្ឍ​នៃ​ការ​សាងសង់​រហូត​ដល់​ចប់។​

លោក​អៀង​ សុធារ៉ា​មាន​ប្រសាសន៍​ថា៖​ «លក្ខណៈ​ពិសេស​មួយ​ទៀត​ ពេល​កំពុង​សាងសង់​ លោក​អ្នក​ដែល​មាន​ចិត្ត​ចាប់​អារម្មណ៍​ចង់​ទិញ​លំនៅឋាន​ឬ​ចំណែក​ឯកជន​ក្នុង​អគារ​អារ៉ាខាវ៉ា​នេះ​ នឹង​ត្រូវ​បាន​ពន្យល់​តាម​រយៈ​សិក្ខា​សាលា​ឬក៏​តាម​រយៈ​ទេសចរណ៍​​ទៅ​ដល់​ការដ្ឋាន​ ដើម្បី​ឱ្យ​យល់​ដឹង​កាន់​តែ​ច្បាស់​ថា​តើ​ការ​សង់​អគារ​ខ្ពស់​និង​ការ​រៀបចំ​ផ្សេងៗ​ទៀត​ មាន​លក្ខណៈ​បែប​ម៉េច។​ ក្នុង​ការ​រចនា​អគារ​ទាំង​ក្នុង​ទាំង​ក្រៅ​ ក្រុម​ស្ថាបត្យករ​យើង​គឺ​គិត​ដល់​សន្តិសុខ​ ដល់​សុវត្ថិភាព​ ដល់​សោភណភាព​ ការ​សន្សំ​សំចៃ​ ព្រម​ទាំង​ភាព​សុខដុម​រមនា​ ផាសុកភាព​ និង​បរិស្ថាន​ផង​ដែរ»។

កម្មវិធី​ដែល​មាន​អ្នក​ចូលរួម​ជាង​២០០នាក់​បាន​ស្តាប់​និង​សួរ​រាល់​បទ​បង្ហាញ​ពី​ស្ថាបនិក​អារ៉ាខាវ៉ា​ តំណាង​ធនាគារ​ ដែល​ជា​ដៃគូ​សហការ​របស់​ក្រុមហ៊ុន​ ពិសេស​បាន​ទទួល​ចំណេះដឹង​ទូទៅ​ពី​របៀប​ទិញ​​និង​ការ​រស់នៅ​ក្នុង​លំនៅឋាន​បែប​ទំនើប​ នៅ​កណ្តាល​រាជធានី​ភ្នំពេញ។​

អ្នក​ចូល​រួម​ម្នាក់​ដែល​ចាប់​អារម្មណ៍​លើ​គម្រោង​លំនៅឋាន​អារ៉ាខាវ៉ា​ បាន​អះអាង​ថា​ សម្រាប់​លោក​ នេះ​ជា​លើក​ទីមួយ​ដែល​បាន​ជួប​ការ​លក់​លំនៅឋាន​មាន​លក្ខណៈ​ច្បាស់​លាស់​ ទាំង​តម្លៃ​ ក៏​ដូចជា​ការ​រៀបចំ។​

លោក​ ហូរ​ មុនីវ័ន្ដ​ បន្ត​ថា៖​ «ជាទូទៅ​ ប្រសិន​បើ​យើង​ប្រៀបធៀប​ជាមួយ​នឹង​ការ​ផ្តល់​ព័ត៌មាន​នៅ​កន្លែង​ផ្សេង​ គឺ​ទីនេះ​ពិសេស​មែនទែន។​ គឺវា​ធ្វើ​មាន​លក្ខណៈ​ល្អ​មែន​ទែន​ ដោយ​ការ​បង្ហាញ​នូវ​បទ​បង្ហាញ​ក្បោះក្បាយ​មែន​ទែន។​ ហើយ​អតិថិជន​ល្មមៗ​ គឺ​ថា​គេ​មើល​គេ​ស្គាល់​ គេ​ដឹង​ ហើយ​យល់​ច្បាស់​តែ​ម្តង។​ ហើយ​ជា​ពិសេស​គឺ​អាច​ជឿជាក់។​ សូម្បី​តែ​ខ្លួន​ខ្ញុំ​ផ្ទាល់​ ទោះ​បី​ជា​ខ្ញុំ​មិន​បាន​អប់រំ​ មិន​បាន​ស្វែង​យល់​ពី​មុន​ ក៏​មក​ថ្ងៃនេះ​ក៏​អាច​ស្វែង​យល់​ក្នុង​រយៈពេល​មួយ​ថ្ងៃ​បាន​ដែរ។​ ខ្ញុំ​ឃើញ​ថា​ ការ​ផ្សព្វផ្សាយ​បែប​នេះ​ល្អ​មែន​ទែន»។

កម្មវិធីសិក្ខាសាលាផ្ដល់ព័ត៌មានបន្ថែមពី «លំនៅឋានអារ៉ាខាវ៉ា»
កម្មវិធីសិក្ខាសាលាផ្ដល់ព័ត៌មានបន្ថែមពី «លំនៅឋានអារ៉ាខាវ៉ា»

អ្នក​ចូល​រួម​មួយ​រូប​ផ្សេង​ទៀត​ ដែល​​បច្ចុប្បន្ន​ក៏​ជា​អ្នក​ជំនួញ​ខាង​អចលនទ្រព្យ​ដែរ​នោះ​ បាន​ឱ្យ​ដឹង​ថា​ លំនៅឋាន​អារ៉ាខាវ៉ា​ បាន​លម្អិត​ពី​គម្រោង​នៃ​ការ​លក់​ ការ​រស់នៅ​ និង​តម្លៃ​ក៏​ដូចជា​រយៈពេល​នៃ​ការ​បង់​ប្រាក់​ ដែល​វា​ខុស​ពី​គម្រោង​ខុនដូ​ផ្សេងៗ​ដែល​លោក​ស្រី​ធ្លាប់​ជួប​​និង​មាន​បទពិសោធន៍​កន្លង​មក។​ លោក​ស្រី​បន្ត​ទៀត​ថា​ សម្រាប់​ការ​ចូល​រួម​សិក្ខា​សាលា​មួយ​រសៀល​នេះ​ លោក​ស្រី​ទទួល​បាន​ចំណេះ​ដឹង​បន្ថែម​ជា​ច្រើន។​

លោកស្រី​ សោម​ វណ្ណនិត ​លើក​ឡើង​បន្ត​ថា៖​ «បង​មុន​នឹង​មក​ បង​គ្រាន់​តែ​គិត​ថា​ ប្រហែល​គ្រាន់​តែ​ជា​ខុនដូ​ធម្មតា​មួយ​ ដែល​ដូច​នៅ​ខាង​បណ្ដា​គេ​ផ្សេងៗ​ហើយ​ណា។​ ប៉ុន្តែ​ពេល​ដែល​បង​មក​ដល់​ភ្លាម​ សូម្បី​តែ​ខ្ញុំ​ក៏​ចង់​បាន​មួយ ​Unit​ (ចំណែក​ឯកជន)​ ហ្នឹង​គេ​ដែរ។​ វា​ជា ​feeling​ (អារម្មណ៍) ​ពិត​មួយ​ ដែល​ថា​យើង​ គិត​ថា​ អូខេ​ ប្រសិន​បើ​បាន​មួយ​ Unit​ នឹង​គេ​ដែរ​ ក៏​គ្រាន់​បើ​ដែរ​ ព្រោះ​យើង​គិត​ថា​ ទី១​យើង​មើល​ទៅ​លើ​បរិយាកាស​នៃ​ការ​រស់នៅ​ជុំវិញ​ហ្នឹង​ ហើយ​វា​នៅ​តំបន់​ក្រុង​កណ្តាល​ក្រុង។​ អ៊ីចឹង​ពេល​វា​នៅ​កណ្តាល​ក្រុង​ យើង​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ជួប​អ្នកនេះ​អ្នកនោះ​ ឬក៏​ជួប​ជាមួយ​ក្រុម​ការងារ​របស់​យើង​ឬក៏​កន្លែង​ធ្វើការ​របស់​យើង​ដែរ»។

អ្នក​ចូល​រួម​​​វ័យ​ជាង​៣០​រូប​នេះ​បន្ត​ទៀត​ថា​ បច្ចុប្បន្ន របត់​នៃ​ការ​រស់នៅ​ក្នុង​សង្គម​មាន​ការ​ផ្លាស់ប្តូរ​ យុវជន​ខ្មែរ​ខ្លះ​មិន​ខ្វល់​ថា​ខុនដូ​ ឬក៏​ផ្ទះ​ល្វែង​ជាប់​ដី​នោះ​ទេ​ គឺ​​ឱ្យ​តែ​កន្លែង​រស់នៅ​នោះ​ជិត​កន្លែង​ធ្វើការ​ តម្លៃ​សមរម្យ​ សំណង់​ល្អ​ តាម​រយៈ​ប្រវត្តិ​ក្រុមហ៊ុន​ ទីតាំង​នោះ​នឹង​ជា​ជម្រើស​របស់​ពួក​គាត់​ហើយ។​ ដូច្នេះ​លោក​ស្រី​ក៏​លើក​ទឹក​ចិត្ត​ឱ្យ​សាធារណជន​ឆ្លៀត​ឱកាស​ចូល​រួម​ស្តាប់​បទ​បង្ហាញ​របស់​គម្រោង​អារ៉ាខាវ៉ា​នេះ​នៅ​ពេល​បន្ត​បន្ទាប់​ ព្រោះ​វា​នឹង​ផ្តល់​ចំណេះដឹង​ពី​ការ​រស់នៅ​ជា​ច្រើន​ សម្រាប់​កម្ពុជា​ទាំង​មូល។​

​ក្នុង​សុន្ទរកថា​បើក​កម្មវិធី​សិក្ខាសាលា លោក​អៀង​ សុធារ៉ា​ បាន​ឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​អារ៉ាខាវ៉ា​នឹង​រៀបចំ​សិក្ខា​សាលា​បែប​នេះ​ជា​បន្តបន្ទាប់​ ដោយ​យ៉ាង​តិច​បំផុត​​ជា​រៀងរាល់​១ខែ​ម្តង​ ដើម្បី​ផ្តល់​ព័ត៌មាន​ផ្លូវ​ការ​ជូន​សាធារណជន​ ឱ្យ​បាន​ដឹង​អំពី​វិវឌ្ឍភាព​នៃ​លំនៅឋាន​នេះ។​

អគារគំរូនៃ «លំនៅឋានអារ៉ាខាវ៉ា»
អគារគំរូនៃ «លំនៅឋានអារ៉ាខាវ៉ា»

ក្រុមហ៊ុន​អារ៉ាខាវ៉ា​ (Arakawa)​ បាន​សម្រេច​​បោះទុន​វិនិយោគ​ទឹក​ប្រាក់​ជាង៧០​លាន​ដុល្លារ​អាមេរិក​ សាង​សង់​លំនៅឋាន​ បែប​ខុនដូ​ ដែល​មាន​តម្លៃ​សមរម្យ​ សម្រាប់​ប្រជាជន​កម្ពុជា។​ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​ អាឡិច​ យ៉ាស៊ូម៉ូតុ​ (Alex​ Yasumoto)​ សហស្ថាបនិក​នៃ​ក្រុមហ៊ុន​អារ៉ាខាវ៉ា។​

លោក​អាឡិច​ យ៉ាស៊ូម៉ូតុ​ បន្ត​ទៀត​ថា​ គម្រោង​ លំនៅឋាន​អារ៉ាខាវ៉ា​ បែង​ចែក​ជា​២ដំណាក់កាល​ធំៗ​ ដោយ​ក្នុង​នោះ​ដំណាក់កាល​ទី១​ មាន​១០​អគារ​ ដែល​មាន​ប្រមាណ​ជា​២០០០​ ចំណែក​ឯកជន​ឬ units​ ដែល​គ្រោង​នឹង​បញ្ចប់​ក្នុង​រយៈពេល​៣ឆ្នាំ​ខាង​មុខ ដោយ​ក្នុង​មួយ​unit​ តម្លៃ​ចាប់​ពី​ជាង​២ ម៉ឺន​ដុល្លារ។​

នៅ​ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាង​សង់​របស់​លំនៅឋាន​អារ៉ាខាវ៉ា​ កាល​ពី​ថ្ងៃទី៨​ វិច្ឆិកា​កន្លង​ទៅ​ ទេសរដ្ឋមន្រ្តី​និងជា​​រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី​ នគ​រូបនីយកម្ម​ និង​សំណង់​ លោក​ ជា​ សុផារ៉ា​ បាន​គាំទ្រ​ លើ​គម្រោង​រៀបចំ​លំនៅឋាន​ដែល​មាន​តម្លៃ​សមរម្យ​របស់​អារ៉ាខាវ៉ា​នេះ។​

លោក​ទេស​រដ្ឋ​មន្រ្តី​​មាន​ប្រសាសន៍​ថា៖​ «ខ្ញុំ​ក៏​ជឿជាក់​លោក​អាឡិច​ គឺ​មាន​ការ​ខិតខំ​ប្រឹង​ប្រែង​ជាមួយ​នឹង​សហការី​របស់​គាត់​ គឺ​ជា​មនុស្ស​ដែល​ខ្ញុំ​ សម្គាល់​ថា​មាន​លក្ខណៈ​ហ្មត់​ចត់។​ ធ្វើការ​ ដោះស្រាយ​កិច្ចការ​បាន​ល្អ​ប្រសើរ។​ អគ្គនាយក​លំនៅឋាន​គឺ​សុំ​សហការ​ឱ្យបាន​ជិត​ស្និទ្ធ»។​

ក្រុម​ហ៊ុន​អារ៉ាខាវ៉ា​ មាន​វត្តមាន​នៅ​កម្ពុជា​តាំង​ពី​ឆ្នាំ​២០០៨មក​ម្ល៉េះ។​ ក្រុមហ៊ុន​អចលនទ្រព្យ​ជប៉ុន​មួយ​នេះ​​​មាន​បទពិសោធន៍​សាង​សង់​អាគារ​ Bellevue​ Serviced​ Apartments​ ដែល​មាន​ទីតាំង​នៅ​តំបន់​ជ្រោយចង្វា​ រាជធានី​ភ្នំពេញ។​ ក្រុមហ៊ុនអារ៉ាខាវ៉ា​នេះ​ដែរ​ ក៏​បាន​សហការ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ វិនិយោគ​ទុន​ដោះស្រាយ​បាន​ដោយ​ជោគជ័យ​ ជូន​ប្រជាពលរដ្ឋ​រស់នៅ​អគារ​ប៊ូឌីញស​ ដែល​អគារ​នោះ​ អាច​មាន​ហានិភ័យ​ខ្ពស់​​ដល់​ការ​រស់នៅ។​ ដំណោះស្រាយ​អគារ​ប៊ូឌីញស​ជា​គម្រោង​គំរូ​មួយ​ ក្នុង​ការ​អភិវឌ្ឍន៍​គួរ​កត់​សម្គាល់​មួយ​នៅ​កម្ពុជា​និង​ក្នុង​តំបន់៕​

ចែករំលែកតាម៖