ហេតុអ្វីត្រូវផ្តោតលើការគាំពារនិងការអប់រំកុមារតូចៗ?

ហេតុអ្វីត្រូវផ្តោតលើការគាំពារនិងការអប់រំកុមារតូចៗ?

សកម្មភាពកុមារនៅសាលាមត្តេយ្យរបស់អង្គការភ្លែនអន្តរជាតិ (រូបភាពពីអង្គការភ្លែនអន្តរជាតិ)

ការ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កុមារ​តូច​គឺ​រឿង​ចម្បង​ ដើម្បី​ធ្វើ​ឱ្យ​ពួកគេ​ទទួល​បាន​នូវ​ការ​រៀន​គិត​បែប​ថ្មី​ ក្លាយ​ជា​កម្លាំង​យុវជន​ប្រកប​ដោយ​ចំណេះដឹង​ មាន​ជំនាញ​វិជ្ជាជីវៈ​ មាន​សក្តានុពល​ និង​ភាព​ឈ្លាសវៃ​ សំដៅ​បង្កើន​លទ្ធភាព​កុមារ​តូច​ ក្នុង​ការ​បន្ត​វេន​ការងារ​ អភិវឌ្ឍន៍​សង្គម​-សេដ្ឋកិច្ច​ជាតិ។​ នេះ​ជា​ការ​លើក​ឡើង​ពី​អ្នក​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​កិច្ចការ​គាំពារ​និង​ការ​អភិវឌ្ឍ​កុមារ​តូច​នៅ​ក្នុង​កម្មវិធី​សិក្ខា​សាលា​ស្តី​ពី​ការ​ដាក់​ដំណើរ​ការ​គម្រោង​ “កុមារ​រុងរឿង”​ ក្នុង​ខេត្ត​ស្ទឹងត្រែង​កាល​ពី​ពាក់​កណ្តាល​ខែធ្នូ​ ឆ្នាំ២០១៧។​

អ្នក​ឯកទេស​គាំពារ​និង​អភិវឌ្ឍន៍​កុមារ​តូច​ ព្រម​ទាំង​ជា​អ្នក​គ្រប់គ្រង​កម្មវិធី​គាំពារ​និង​អភិវឌ្ឍន៍​កុមារ​តូច​ នៃ​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា​ លោកស្រី​ សុទ្ធ​ សាកាន​ មាន​ប្រសាសន៍​ប្រាប់​វិទ្យុផ្កាឈូក​ថា​ បើ​មើល​ទៅ​លើ​ស្ថិតិ​ថ្នាក់​ជាតិ​ឃើញ​ថា​ កុមារ​អាយុ​៣​ទៅ​៥ឆ្នាំ​ ទទួល​បាន​ការ​គាំពារ​នៅ​មាន​កម្រិត​នៅ​ឡើយ​ ដោយ​សារ​អាណាព្យាបាល​មិន​ទាន់​យល់​ដឹង​ច្បាស់​ពី​សារៈសំខាន់​នៃ​ការ​អប់រំ​កុមារ​តូច។​

អ្នក​ឯកទេស​គាំពារ​និង​អភិវឌ្ឍន៍​កុមារ​តូច​រូប​នេះ​សង្កត់​ធ្ងន់​ថា​ កុមារ​តូចៗ​ជា​ផ្នែក​យ៉ាង​សំខាន់​មួយ​ដែល​មិន​អាច​មើល​រំលង​បាន​ ព្រោះ​ពួកគេ​នឹង​ក្លាយ​ជា​ធនធាន​មនុស្ស​យ៉ាង​សំខាន់​នៅ​ថ្ងៃ​អនាគត។​ លោក​ស្រី​បន្ត​ថា​ អ្វី​គ្រប់​យ៉ាង​គឺ​ចាប់​ផ្តើម​ពី​ក្មេង​ ប្រសិន​បើ​ក្មេង​មាន​គុណភាព​នៃ​គំនិត​ខ្ពស់​ នៅ​ពេល​ដែល​ពួកគេ​ធំ​ឡើង​ គេ​នឹង​ក្លាយ​ជា​ធនធាន​ដែល​មាន​ភាព​ខ្លាំងក្លា​សម្រាប់​សង្គម។​

លោក​ស្រី​មាន​ប្រសាសន៍​ថា៖​ «មាន​ការ​សិក្សា​ស្រាវ​ជ្រាវ​ជាច្រើន​ស្តី​ពី​ការវិវឌ្ឍ​ខួរ​ក្បាល​របស់​កុមារ​ បាន​បង្ហាញ​ថា​ កុមារ​ពី​អាយុ​ពី០​ដល់​ក្រោម​៦ឆ្នាំ​ គឺ​ការ​វិវឌ្ឍ​របស់​គាត់​លឿន​ជាង​និង​ល្អ​ប្រសើរ​ជាង​ក្នុង​ចំណោម​អាយុ​ទាំងអស់​គ្រប់​វ័យ​របស់​មនុស្ស។​ គឺ​ថា​ខួរ​ក្បាល​របស់​គាត់​អភិវឌ្ឍ​លឿន​ ចាប់​យក​ចំណេះដឹង​បាន​ល្អ​ ហើយ​នៅ​ក្នុង​អំឡុង​អាយុ​ប៉ុណ្ណឹង​ គឺ​ថា​មាន​ការ​ចងចាំ​ ហើយ​ប្រសិន​បើ​យើង​អត់​បាន​ធ្វើ​ការ​ភ្ញោច​ពួក​គាត់​ ឱ្យ​មាន​ការ​អភិវឌ្ឍ​ទេ​ គឺ​ការ​អភិវឌ្ឍ​នោះ​គឺ​មក​តាម​ចៃដន្យ។​ មាន​ន័យ​ថា​គឺ​ការ​អភិវឌ្ឍ​ពី​ធម្មជាតិ​ មិន​បាន​ធ្វើ​ការ​អភិវឌ្ឍ​ជួយ​ភ្ញោច​បន្ថែម​ ដើម្បី​ឱ្យ​កុមារ​មាន​ការ​គិត​កាន់​តែ​ឈ្លាស​វៃ​ទេ»។​

ការ​ស្ទង់​មតិ​ថ្នាក់​ជាតិ​មួយ​ដែល​បាន​បង្ហាញ​ឡើង​នៅ​ក្នុង​សិក្ខា​សាលា​នោះ​ បាន​បង្ហាញ​ថា​ កុមារ​បាន​ចូល​រៀន​នៅ​មតេ្តយ​សិក្សា​តាម​កម្រិត​អាយុ​នៅ​ថ្នាក់​ជាតិ​មាន​អាយុ​៥ឆ្នាំ​បាន​៦៤%​ កុមារ​៤ឆ្នាំ​បាន​២៨%​ និង​អាយុ​៣ឆ្នាំ​២០%ប៉ុណ្ណោះ។​

លោក​ស្រី​ សុទ្ធ​ សាកាន​ មាន​ប្រសាសន៍​ថា​ ឪពុក​ម្ដាយ​មាន​តួនាទី​សំខាន់​បំផុត​ក្នុង​ការ​អប់រំ​កុមារ​តូច។​ដូច្នេះ​ហើយ​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា​យក​ចិត្ត​ទុក​ដាក់​ផ្ដល់​សេវា​អប់រំ​កុមារ​តូច​តាម​មត្តេយ្យ​សហគមន៍​ មាន​ន័យ​ថា​ ទោះ​បី​នៅ​តំបន់​ដាច់​ស្រយាល​ឬ​ឪពុកម្ដាយ​មិន​បាន​រៀន​ចេះ​លេខ​ឬ​អក្សរ​ក៏​ដោយ ​ក៏​គាត់​អាច​រួម​ចំណែក​ជួយ​កូន​គាត់​មាន​ការ​អភិវឌ្ឍ​បាន​ក្នុង​កម្រិត​ណាមួយ​ប្រសើរ​ជាង​គ្មាន​ការ​អប់រំ​កុមារ​តូច​នៅ​តាម​ផ្ទះ​នោះ​ដែរ។​ លោក​ស្រីបញ្ជាក់​ថា​ នេះ​ជា​វិធីសាស្ត្រ​មួយ​អាច​ធ្វើ​នៅ​ប្រទេស​កម្ពុជា​បាន​យ៉ាង​ងាយ​បំផុត។​

លោក​ស្រី​បន្ថែម​ថា៖​ «ដើម្បី​ជំរុញ​ឱ្យ​កាន់​តែ​ប្រសើរ​ ទី១​ ត្រូវ​ចេញ​ពី​ឪពុកម្តាយ។​ ឪពុកម្តាយ​គឺ​ដើរ​តួនាទី​សំខាន់​ណាស់​ សម្រាប់​ជួយ​កុមារ។​ ទី២​ គឺ​រដ្ឋាភិបាល​ត្រូវ​តែ​ជួយ​សម្រួល​និង​ផ្តល់​សេវា​និង​ជម្រើស​ទៅ​ឱ្យ​ពួក​គាត់។​ ឧទាហរណ៍​ថា​ កូន​ដល់​អាយុ​ចូល​រៀន​ហើយ​អត់​មាន​សាលា​ តើ​មាន​សាលារដ្ឋ​ទេ​នៅ​ក្បែរ​ មាន​សាលា​សហគមន៍​ទេ?​ តើ​មាន​ការ​អប់រំ​ឪពុកម្តាយ​ទេ​ ដើម្បី​ឱ្យ​គាត់​ដឹង​ពី​សារៈសំខាន់​នៃ​ការ​គាំពារ​និង​អភិវឌ្ឍន៍​កុមារ​តូច​និង​សារៈសំខាន់​នៃ​ជីវិត​របស់​កូន​គាត់»។​

សកម្មភាពកុមារនៅសាលាមត្តេយ្យរបស់អង្គការភ្លែនអន្តរជាតិ (រូបភាពពីអង្គការភ្លែនអន្តរជាតិ)
សកម្មភាពកុមារនៅសាលាមត្តេយ្យរបស់អង្គការភ្លែនអន្តរជាតិ (រូបភាពពីអង្គការភ្លែនអន្តរជាតិ)

របាយការណ៍​សកលលោក​តាម​ដាន​ការ​អប់រំ​សម្រាប់​ទាំង​អស់​គ្នា​ របស់​អង្គការ​អប់រំ​វិទ្យាសាស្ត្រ​និង​វប្បធម៌​ នៃ​សហប្រជាជាតិ​ ហៅ​កាត់​ថា​ យូណេស្កូ​ (UNESCO)​ បាន​បង្ហាញ​ថា​ ការ​គាំពារ​កុមារ​និង​ការ​អប់រំ​ដែល​កុមារ​ដែល​ទទួល​បាន​ក្នុង​ឆ្នាំ​ដំបូង​ ផ្ដល់​អត្ថប្រយោជន៍​ដល់​ពួកគេ​ពេញ​មួយ​ជីវិត។​ ការ​គាំពារ​និង​ការ​អប់រំ​កុមារ​តូច​ប្រកប​ដោយ​ប្រសិទ្ធភាព​ អាច​ផ្ដល់​ឱកាស​យ៉ាង​ប្រសើរ​ដល់​កុមារ​ ដើម្បី​ចៀស​ផុត​ពី​ភាព​ក្រីក្រ​ និង​ដើម្បី​ជម្នះ​ភាព​លំបាក។​

រហូត​មក​ដល់​បច្ចុប្បន្ន​ ជា​រៀងរាល់​ឆ្នាំ​កុមារ​រាប់​លាន​នាក់​ចាប់​ផ្ដើម​ទទួល​ការ​រៀន​សូត្រ​ទាំង​ខ្លួន​ពិការ​ ដោយសារ​តែ​ខ្លួន​បាន​ឆ្លង​កាត់​បទពិសោធន៍​នៃ​កង្វះ​អាហាររូបត្ថម្ភ​ សុខភាព​មិន​អំណោយផល​ និង​ភាព​ក្រីក្រ។​ ឱកាស​ទទួល​បាន​ការ​អប់រំ​កម្មវិធី​មត្តេយ្យ​សិក្សា​មិន​ប្រកប​ដោយ​សមធម៌​នៅ​តែ​ជា​ឧបសគ្គ​មួយ​សម្រាប់​ប្រទេស​អ្នក​មាន​និង​ប្រទេស​ក្រីក្រ។​

ទន្ទឹម​នឹង​គ្នា​នេះ​ សម្រាប់​កុមារ​ដែល​ពុំ​មាន​លទ្ធភាព​ទទួល​បាន​ការ​អប់រំ​នៅ​ សាលា​មត្តេយ្យ​ នៅ​តែ​ជួប​បញ្ហា​ប្រឈម​ខ្លះ​ដែរ។​

ឆ្លើយ​តប​ជាមួយ​នឹង​បញ្ហា​នេះ​ លោក​ស្រី​ កុត​ ប៊ុនម៉ី​ ប្រធាន​គណៈ​កម្មាធិកា​ពិគ្រោះ​យោបល់​កិច្ចការ​ស្រ្តី​ និង​កុមារ​ខេត្ត​ស្ទឹងត្រែង​ លើក​ឡើង​ថា​ សន្ទុះ​ការ​ចូល​រៀន​របស់​កុមារ​នៅ​កម្រិត​មត្តេយ្យ​សិក្សា​ទាំង​សាលា​រដ្ឋ​ សហគមន៍​ និង​ឯកជន​ មាន​ចំនួន​កើន​ឡើង​ ដែល​ឆ្លុះ​បញ្ចាំង​ពី​ប្រសិទ្ធភាព​នៃ​ការ​អប់រំ​កុមារ​តូច​ និង​ការ​ចូលរួម​ពី​ក្រុម​គ្រួសារ​ សហគមន៍​ និង​អាជ្ញាធរ​ដែនដី​កាន់​តែ​រីក​ចម្រើន​ជា​វិជ្ជមាន។​

លោក​ស្រី​បន្ត​ថា​ ការ​អប់រំ​ក្មេង​ជា​រឿង​មួយ​ ប៉ុន្តែ​ពេល​ខ្លះ​ក្មេង​នៅ​សាលា​តែ​ប៉ុន្មាន​ម៉ោង​តែ​ប៉ុណ្ណោះ​ ខណៈ​ក្មេង​នៅ​ជាមួយ​អាណាព្យាបាល​ស្ទើរ​ពេញ​មួយ​ថ្ងៃ។​ ដូច្នេះ​លោក​ស្រី​ថា​ ការ​អប់រំ​មនុស្ស​ចាស់​ឱ្យ​បង្កើត​គំរូ​ល្អ​ដល់​ក្មេងៗ​ក៏​ជា​រឿង​សំខាន់​មួយ​ដើម្បី​លុប​បំបាត់​ភាព​អនាធិបតេយ្យ​ក្នុង​សង្គម។​

លោក​ស្រី​បន្ថែម​ថា៖​ «ការ​អភិវឌ្ឍ​ការងារ​នេះ​ឱ្យ​បាន​ជោគជ័យ​គឺ​ត្រូវ​តែ​អាស្រ័យ​លើ​ការ​ដឹកនាំ​ ការ​បំផុស​ ទី១​ ការ​គាំទ្រ​ពី​ថ្នាក់​ដឹកនាំ​គ្រប់​ជាន់​ថ្នាក់​ទាំង​ថ្នាក់​ក្រោម​ជាតិ​និង​ថ្នាក់​ជាតិ​ ធ្វើ​យ៉ាង​ណា​ដើម្បី​ផ្តល់​លទ្ធភាព​ដល់​ការ​អប់រំ​កុមារ​តូច​ឱ្យ​បាន​ល្អ​ប្រសើរ។​ ហើយ​ពិសេស​ជាង​នេះ​ទៅ​ទៀត​ គឺ​មាន​ការ​គាំទ្រ​ពី​អង្គការ​ដៃគូ​ដើម្បី​ជំរុញ​ឱ្យ​បាន​ល្អ​ជាមួយ​រាជ​រដ្ឋាភិបាល»។​

អ្នក​ពាក់ព័ន្ធ​ដែល​បាន​ចូលរួម​សិក្ខា​សាលា​ស្តី​ពី​ការ​ដាក់​ដំណើរ​ការ​គម្រោង​កុមារ​រុងរឿង​ក្នុង​ខេត្ត​ស្ទឹងត្រែង​កាល​ពី​ពាក់​កណ្តាល​ខែធ្នូ​ ឆ្នាំ២០១៧​ យល់​ថា​ ការ​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស​នៃ​សង្គមជាតិ​កម្ពុជា​ ក្នុង​រយៈពេល​មួយ​ទសវត្ស​ចុង​ក្រោយ​នេះ​ ទាំង​ធនធាន​មនុស្ស​ បច្ចេក​វិទ្យា​ ផលិតកម្ម​ និង​ប្រាក់​ចំណូល​ជា​ដើម​ បាន​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​របៀប​របប​រស់នៅ​របស់​ប្រជាជន​កម្ពុជា។​

ក្នុង​បរិបទ​ថ្មី​នេះ​ ចាំបាច់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​កាន់​តែ​ខ្ពស់​លើ​កុមារ​តូច​ ដើម្បី​ធ្វើ​ឱ្យ​ពួកគេ​ទទួល​បាន​នូវ​ការ​រៀន​គិត​បែប​ថ្មី​ ក្លាយ​ជា​កម្លាំង​យុវជន​ប្រកប​ដោយ​ចំណេះដឹង​ មាន​ជំនាញ​វិជ្ជាជីវៈ​ មាន​សក្តានុពល​ និង​ភាព​ឈ្លាសវៃ​ សំដៅ​បង្កើន​លទ្ធភាព​កុមារ​តូច​ ក្នុង​ការ​បន្តវេន​ការងារ​អភិវឌ្ឍ​សង្គម​-សេដ្ឋកិច្ច​ជាតិ​ ឆ្លើយ​តប​នឹង​មហិច្ឆតា​កម្ពុជា​ ក្នុង​ការ​ឈាន​សម្រេច​ឱ្យ​បាន​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ​២០៣០​ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០។​

ជាមួយ​គ្នា​នេះ​ អ្នក​ឯកទេស​គាំពារ​និង​អភិវឌ្ឍន៍​កុមារ​តូច​នៃ​អង្គការ​ភ្លែន​អន្តរជាតិ​ លោក​ស្រី​ សុទ្ធ​ សាកាន​ បាន​ថ្លែង​ទៀត​ថា​ មាន​បញ្ហា​ប្រឈម​បី​សំខាន់​ចំពោះ​ការងារ​អប់រំ​កុមារ​តូច។​ ទី១​ គឺ​ការ​ផ្លាស់ប្ដូរ​ផ្នត់​គំនិត​របស់​ឪពុក​ម្ដាយ​និង​អ្នក​ធ្វើ​ពាក់ព័ន្ធ​កុមារ​តូច​ត្រូវ​យល់​ពី​សារៈសំខាន់​នៃ​ការ​អប់រំ​កុមារ​តូច។​ បញ្ហា​ប្រឈម​ទី២​ គឺ​ថវិកា​វិនិយោគ​សម្រាប់​ការងារ​អប់រំ​កុមារ​តូច​ របស់​រដ្ឋាភិបាល​ អង្គការ​ជាតិ​ អន្តរជាតិ​ នៅ​មាន​កម្រិត​ និង​ចំណុច​ចុងក្រោយ​ គឺ​ទាមទារ​ឱ្យ​មាន​ការ​ចូលរួម​ទាំងអស់​គ្នា​ក្នុង​ការងារ​អប់រំ​កុមារ​តូច។​

អ្នក​ជំនាញ​ធ្វើ​ការ​ក្នុង​វិស័យ​គាំពារ​និង​អភិវឌ្ឍន៍​កុមារ​តូច​ដដែល​បញ្ជាក់​ថា​ ការ​អប់រំ​កុមារ​តូច​មិន​មែន​ត្រឹម​តែ​ទទួល​បាន​លទ្ធផល​ជួយ​ក្មេង​ឱ្យ​ទទួល​បាន​អភិវឌ្ឍន៍​នោះ​ទេ​ អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត​ កម្មវិធី​នេះ​បាន​ធ្វើ​ឱ្យ​ឪពុកម្ដាយ​នាំ​គ្នា​ខ្វល់ខ្វាយ​ពី​កូន​ កាត់​បន្ថយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ និង​ទំនាស់​រវាង​ប្ដី​ប្រពន្ធ​ និង​ធ្វើ​ឱ្យ​ពួក​គាត់​ចេះ​ស្រលាញ់​គ្នា​មាន​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ៕​

ចែករំលែកតាម៖