ផលប៉ះពាល់នៃកង្វះអនាម័យនិងទឹកស្អាតប្រើប្រាស់ចំពោះពលរដ្ឋនៅតំបន់ជនបទ

ផលប៉ះពាល់នៃកង្វះអនាម័យនិងទឹកស្អាតប្រើប្រាស់ចំពោះពលរដ្ឋនៅតំបន់ជនបទ

សកម្មភាពកុមារលាងដៃ (រូបភាពពីអង្គការភ្លែនអន្តរជាតិ)

បញ្ហា​កង្វះ​អនាម័យ​និង​ទឹកស្អាត​ បាន​ធ្វើ​ឱ្យ​ប្រជាជន​នៅ​លើ​ពិភពលោក​ ពិសេស​អ្នក​រស់នៅ​តំបន់​ជនបទ​ជួប​ប្រទះ​ជំងឺ​ជាច្រើន​ដែល​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​ប្រភព​ទឹក​កង្វក់​ គ្មាន​បង្គន់​ប្រើប្រាស់​ និង​មិនមាន​ទម្លាប់​លាង​ដៃ​ជាមួយ​នឹង​សាប៊ូ។​ បញ្ហា​ទាំងនេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ​ និង​ឈាន​ទៅ​ប៉ះ​សេដ្ឋកិច្ច​ជាតិ​ទាំង​មូល​ ប៉ុន្តែ​ប្រជាជន​ទាំង​នោះ​មិន​បាន​យល់​ថា​ តើ​ការ​ប៉ះពាល់​នេះ​ វា​មាន​ទំហំ​ប៉ុណ្ណា​នោះ​ទេ។​ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​អ្នក​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ការ​លើក​កម្ពស់​អនាម័យ​និង​ទឹក​ស្អាត។​

ក្រៅ​អំពី​រឿង​សេដ្ឋកិច្ច​ បញ្ហា​កង្វះ​ទឹក​ស្អាត​និង​អនាម័យ​ក៏​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ជា​ច្រើន​ដល់​វិស័យ​សង្គមកិច្ច​ផង​ដែរ​ដូចជា​បញ្ហា​សុខភាព​ អប់រំ​ អាហារ​រូបត្ថម្ភ​ និង​ជាពិសេស​ប៉ះពាល់​ខ្លាំង​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ​ ស្រ្តី​ កុមារ​ និង​ក្រុម​ងាយ​រងគ្រោះ​ដទៃ​ទៀត​នៅ​ក្នុង​សង្គម។​

ទន្ទឹម​គ្នា​នេះ​ កង្វះ​អនាម័យ​និង​ទឹក​ស្អាត​ បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ ដែល​រស់នៅ​ជនបទ​ជួប​ប្រទះ​នូវ​ជំងឺ​ជា​ច្រើន។​

កង្វះ​អនាម័យ​និង​ទឹក​ស្អាត​ ទម្លាប់​បន្ទោបង់​ពាស​វាល​ពាស​កាល​ អាច​បណ្ដាល​ឱ្យ​កើត​ជំងឺ​ ជាពិសេស​គឺ​រាគ​រូស​ ដោយ​ភាគ​ច្រើន​នៃ​ជំងឺ​រាគ​ប៉ះពាល់​ដល់​កុមារ​តូចៗ​នៅ​កម្ពុជា។​ តាម​ការ​ស្រាវជ្រាវ​ ជំងឺ​នេះ​ជាប់​លំដាប់​ថ្នាក់​លេខ​២​ គឺ​ជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​កុមារ​ស្លាប់​នៅ​អាយុ​ក្រោម​៥​ឆ្នាំ។​

ការ​លើក​ឡើង​ជុំវិញ​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​កង្វះ​ទឹកស្អាត​និង​អនាម័យ​នេះ​ ត្រូវ​បាន​បង្ហាញ​ឡើង​នៅ​ក្នុង​កម្មវិធី​សិក្ខា​សាលា​ស្តី​ពី​ការ​ដាក់​ដំណើរ​ការ​គម្រោង​ “កុមារ​រុងរឿង”​ ក្នុង​ខេត្ត​ស្ទឹងត្រែង​ កាល​ពី​ពាក់​កណ្តាល​ខែធ្នូ​ ឆ្នាំ២០១៧។​

តំណាង​សហគមន៍​និង​ស្ថាប័ន​ពាក់ព័ន្ធ​ លើក​ឡើង​ថា​ កង្វះ​អនាម័យ​ និង​ទឹក​ស្អាត​ក្នុង​ចំណោម​កុមារ​នៅ​តែ​ជា​បញ្ហា​គួរ​ឱ្យ​បារម្ភ​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

ក្រុម​ប្រឹក្សា​ឃុំ​អន្លង់ជ្រៃ​ ស្រុក​ថាឡាបរិវ៉ាត់​ ខេត្ត​ស្ទឹងត្រែង​លោក​ ព្រំ​ យ៉ា​ រៀបរាប់​ប្រាប់​វិទ្យុ​ផ្កាឈូក​ ដោយ​ទឹក​មុខ​ស្រងូត​ស្រងាត់​ថា​ ជា​បទពិសោធន៍​ អ្នក​ភូមិ​តែង​មាន​ជំងឺ​ច្រើន​មុខ​នៅ​ពេល​រស់​នៅ​ខ្វះ​អនាម័យ​ និង​ទឹក​ស្អាត។​

លោក​មាន​ប្រសាសន៍​ថា៖​ «បច្ចុប្បន្ន​នេះ​ ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ជាង៧០%​ មិន​ទាន់​យល់​ដឹង​ពី​បញ្ហា​កង្វះ​អនាម័យ​ និង​ទឹក​ស្អាត​ ព្រម​ទាំង​មិន​ទាន់​មាន​បង្គន់​អនាម័យ​ប្រើប្រាស់​នៅ​ឡើយ​ទេ។​ ចឹង​ខ្ញុំ​មាន​ការ​កង្វល់​ណាស់​ ហើយ​បញ្ហា​អនាម័យ​ទឹកស្អាត​ហ្នឹង​ ច្រើន​ប៉ះពាល់​ដល់​សុខភាព​ខ្លួន​យើង​ផ្ទាល់​ សុខភាព​កូន​ចៅ​យើង​ ឈឺ​ចុះ​រាក​ក្អួត​ណាស់​ជាដើម។»

ស្រដៀង​គ្នា​នេះ​ លោក​ស្រី​ ខាវ​ ខាំអន​ មេឃុំ​សាមឃួ​ ដែល​ជា​ឃុំ​ដាច់​ស្រយាល​មួយ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​រៀបរាប់​ប្រាប់​វិទ្យុ​ផ្កាឈូក​ដែរ​ថា​ កង្វះ​អនាម័យ​ទឹក​ស្អាត​ ពិត​ជា​ជះ​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​ជីវភាព​រស់នៅ​ របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​លោកស្រី។​

លោកស្រី​មាន​ប្រសាសន៍​ថា៖​ «តាម​គំនិត​របស់​ខ្ញុំ​ ខ្ញុំ​គិតថា​ នៅ​ពេល​ដែល​សហគមន៍​មួយ​ខ្វះខាត​ទឹក​ស្អាត​ប្រើប្រាស់​ និង​កង្វះ​អនាម័យ​ វា​ពិតជា​ជះ​ឥទ្ធិពល​ច្រើន​ ធ្វើឱ្យ​ប្រជាពលរដ្ឋ​ឈឺ​ ខាត​ពេល​វេលា​ ខាត​ថវិកា​ ហេតុនេះ​ គឺ​ទាមទារ​ឱ្យ​មាន​ការ​សហការ​ពី​ប្រជាពលរដ្ឋ​និង​ស្ថាប័ន​ពាក់ព័ន្ធ»។​

សកម្មភាពសិស្សលាងដៃ (រូបភាពពីអង្គការភ្លែនអន្តរជាតិ)
សកម្មភាពសិស្សលាងដៃ (រូបភាពពីអង្គការភ្លែនអន្តរជាតិ)

របាយការណ៍​អង្កេត​ប្រជាសាស្ត្រ​ឆ្នាំ​២០១០​ បាន​ឱ្យ​ដឹង​ថា​ កុមារ​អាយុ​ក្រោម​៥​ឆ្នាំ​ចំនួន​២៣០០​នាក់​ស្លាប់​ដោយសារ​ជំងឺ​រាគ​ ៩១០០​នាក់​ស្លាប់​ដោយសារ​ជំងឺ​រលាក​សួត។​ ស្រប​គ្នា​នេះ​ ពលរដ្ឋ​មាន​ជំងឺ​ដោយ​ខ្វះ​អនាម័យ​មាន​ចំនួន​ ៩,៧​លាន​ករណី​ក្នុង​មួយ​ឆ្នាំ។​ លើស​ពី​នេះ​ កុមារ​នៅ​តាម​ជនបទ​ដែល​មាន​អាយុ​ក្រោម​ ៥​ឆ្នាំ​ ប្រមាណ​៤០ភាគរយ​មាន​ជំងឺ​ក្រិន។​ បញ្ហា​នៅ​ត្រង់​ថា​ អត្រា​បន្ទោបង់​ពាស​វាល​ពាស​កាល​នៅ​កម្ពុជា​ មាន​កម្រិត​ខ្ពស់​ គឺ​ពលរដ្ឋ​៨​លាន​នាក់​បន្ទោបង់​ពាស​វាល​ពាស​កាល។​ តាម​ការ​ប៉ាន់​ប្រមាណ​ មាន​លាមក​ចំនួន​៣​ពាន់​តោន​ក្នុង​មួយ​ថ្ងៃៗ​ត្រូវ​គេ​ជុះ​ចោល​ក្រៅ​បង្គន់។​

ប្រធាន​ក្រុម​ប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​និង​ជនបទ​ លោក​ យឹម​ ឆៃលី​ លើក​ឡើង​តាម​រយៈ​លិខិត​ដែល​ផ្សព្វផ្សាយ​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ២០១៧​ ថា​ ធនាគារ​ពិភពលោក​បាន​ធ្វើការ​សិក្សា​ពី​ផល​ប៉ះពាល់​ សេដ្ឋកិច្ច​នៃ​កង្វះ​អនាម័យ​និង​រក​ឃើញ​ថា​ ជំងឺ​ដែល​បណ្តាល​មក​ពី​កង្វះ​អនាម័យ​ទឹក​ស្អាត​ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​វិស័យ​សុខភាព​សារធារណៈ​ គឺ​ប្រជាជន​កម្ពុជា​ម្នាក់ៗ​ត្រូវ​ចំណាយ​ប្រមាណ​១៤ដុល្លារ​ក្នុង​ការ​ព្យាបាល។​ ដោយ​ឡែក​ការ​បាត់បង់​ខាង​ផ្នែក​សេដ្ឋកិច្ច​ រួម​មាន​វិស័យ​ទេសចរណ៍​ សុវត្ថិភាព​សង្គម​ សុខភាព​សារធារណៈ​ និង​បរិស្ថាន​ មាន​ប្រមាណ​ជិត​៣២ដុល្លារ​ក្នុង​ម្នាក់ៗ។​

លិខិត​ដដែល​ឱ្យ​ដឹង​ថា​ បើ​ពិនិត្យ​ជា​រួម​ ផល​ប៉ះពាល់​ដល់​ផល​ទុន​ជាតិ​សរុប​មាន​រហូត​ដល់​ជាង​ ៤៤៨​ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ ដោយសារ​កង្វះ​អនាម័យ។​ នេះ​ជា​តួលេខ​មួយ​ដ៏​ខ្ពស់​ដែល​ទាមទារ​ឱ្យ​មាន​ការ​ ចាប់​អារម្មណ៍​ពី​អ្នក​ធ្វើ​គោល​នយោបាយ​នៃ​វិស័យ​ពាក់ព័ន្ធ​និង​អ្នក​ដែល​មាន​សិទ្ធិ​ធ្វើការ​សម្រេច​ចិត្ត​ ដើម្បី​រួមគ្នា​លើក​កម្ពស់​ការ​យល់​ដឹង​និង​ប្រតិបត្តិ​អនាម័យ​នៅ​ក្នុង​សហគមន៍​និង​សង្គម​ទាំង​មូល។​

ប្រធាន​ក្រុម​ប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​និង​ជនបទ​ លោក​ យឹម​ ឆៃលី​ បាន​ឱ្យ​ដឹង​ដែរ​ថា​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ រដ្ឋាភិបាល​កំណត់​គោលដៅ​ថា​ នៅ​កម្ពុជា​ ជាពិសេស​នៅ​តាម​ទី​ជនបទ​ នឹង​មាន​អនាម័យ​ល្អ​និង​ទឹក​ស្អាត​ប្រើប្រាស់​ទាំង​ស្រុងឬ​ស្មើ១០០​ភាគរយ​នៅ​ត្រឹម​ឆ្នាំ​២០២៥។​ ក្នុង​នោះ​មាន​ន័យ​ថា​ ពលរដ្ឋ​នៅ​តាម​ទី​ជនបទ​ទាំង​ឡាយ​នឹង​ប្រើ​បង្គន់​អនាម័យ​ ទទួល​បាន​សេវា​ទឹក​ស្អាត​ និង​អនាម័យ​គ្រប់គ្រាន់​ ព្រម​ទាំង​រស់​នៅ​ក្នុង​បរិស្ថាន​ដែល​មាន​អនាម័យ​ដោយ​និរន្តរភាព។​

អ្នក​ឯកទេស​ខាង​អនាម័យ​និង​ទឹក​ស្អាត​នៃ​អង្គការ​ភ្លែនអន្តរជាតិ​ (Plan​ International)​ លោក​ ហង្ស​ ហ៊ីប៊ុណ្ណា​ បាន​ឱ្យ​ដឹង​ថា​ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ស្ថានភាព​ការ​អនុវត្ត​អនាម័យ​និង​ប្រើប្រាស់​ទឹក​ស្អាត​ក្នុង​ចំណោម​ពលរដ្ឋ​នៅ​ជនបទ​ បាន​កើន​ឡើង​បណ្ដើរៗ។​ ហេតុនេះ​ លោក​វាយ​តម្លៃ​ថា​ រដ្ឋាភិបាល​អាច​នឹង​សម្រេច​តាម​គោលដៅ​នៅ​ឆ្នាំ​២០២៥។​

លោក​មាន​ប្រសាសន៍​ថា៖​ «ខ្ញុំ​ជឿជាក់​ថា​ ទាក់​ទិន​នឹង​គោលដៅ​នេះ​ ចាំ​បាច់​ត្រូវ​បន្ថែម​ល្បឿន​សកម្មភាព​ដែល​ត្រូវ​បន្ត​អនុវត្ត​ សកម្មភាព​ទាំង​នោះ​រួម​មាន​ ជំរុញ​ឱ្យ​ពលរដ្ឋគ្រប់​រូប​ក្នុង​សហគមន៍​ចូលរួម​សាងសង់​ និង​ប្រើប្រាស់​បង្គន់​អនាម័យ​ លាង​សម្អាត​ដៃ​ និង​ទទួល​ទាន​ទឹក​ស្អាត។​ ហេតុ​នេះ​នៅ​ឆ្នាំ​២០២៥​ និង​សម្រេច​បាន​១០០%»។​

គ្រប់​ភាគី​ពាក់ព័ន្ធ​ទទួល​ស្គាល់​ថា​ ឧបសគ្គ​ចម្បង​នៃ​ការ​អនុវត្ត​អនាម័យ​និង​ទឹក​ស្អាត​នៅ​តាម​ទី​ជនបទ​ គឺ​ការ​មិន​ផ្លាស់​ប្ដូរ​ឥរិយាបថ​របស់​ពលរដ្ឋ​ មិន​ថា​ពួក​គេ​ឋិត​ក្នុង​ជីវភាព​ក្រីក្រ​ ធូរធារ ឬ​មាន​ឡើយ៕​

ចែករំលែកតាម៖