បញ្ហាកង្វះទឹក ប៉ះពាល់ធ្ងន់ដល់ស្រ្តី

បញ្ហាកង្វះទឹក ប៉ះពាល់ធ្ងន់ដល់ស្រ្តី

ពលរដ្ឋរស់​នៅ​តាមដង​ទន្លេមេគង្គ​ក្នុង​តំបន់​ខាង​លើ​ប្រកប​មុខ​របរ​ធ្វើ​ចំការ​បន្លែ រួម​ផ្សំ​និង​ការ​នេសាទ។ ដូច្នេះ​ទឹក​គឺ​ជា​ប្រភពដ៏​ចាំ​បាច់​បំផុត​សម្រាប់​ប្រជាពលរដ្ឋ​រស់​នៅ​ទីនោះ ជាពិសេសស្រ្តី។ ហើយ​វា​រឹត​តែ​ប៉ះពាល់​ដល់​ជីវភាពរស់​នៅ​របស់​ពួកគាត់​នៅ​ពេល​ដែល​ខ្វះ​ទឹក។ 

តំណាង​សហគមន៍​សំបូរ អ្នកស្រី ជិន សុគន្ធរ វ័យ ៦៥ឆ្នាំ រស់នៅ​ភូមិ​អាចេន ឃុំ​កំពង់​ចាម ស្រុក​សំបូរ ខេត្ត​ក្រចេះ បាន​លើក​ឡើង​អំពី​កង្វល់ និង​កង្វះការ​យល់​ដឹង​របស់​ប្រជាពល​រដ្ឋក្នុង​ភូមិអំពី​បញ្ហា​ទឹក​យ៉ាង​ដូច្នេះ​ថា៖ «ការប្រើប្រាស់​ទឹក​វា​ពី​ដើម​មក​យើង​ចេះ​តែ​ប្រើៗ​ដោយ​មិន​ដឹង​ថា​គុណភាព​ទឹក​នោះ​វា​យ៉ាង​ណា​នោះ​ទេ។ តែ​ពេល​បច្ចុប្បន្ន​នេះ យើង​ចេះ​តែ​សង្កេត​ទៅ​ប្រភពទឹក វា​មាន​ការ​បម្រែប​ម្រួល​រហូត។ ចឹង​ពេល​ខ្លះ​ខែ​ប្រាំង​ទៅ​ទឹក​ឡើង ពេល​ខ្លះ​ខែវស្សា​ទៅ​អត់​មានទឹក។ (អ៊ី)ចឹង​ឃើញ​ថា ​កាល​ពី​ដើម​ឡើយ នៅ​ក្នុង​ភូមិ​មាន​តែ​ខែ​វស្សាទេដែល​មាន​ទឹក​ច្រើន ខែ​ប្រាំង​វា​ទឹកស្រក​ហើយ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ខែ​វស្សា​ក៏​ទឹក​វា​ឡើង ខែប្រាំង​ក៏​ទឹក​ឡើង ជួនណា​ស្រក​ក៏​ស្រកៗ​ដល់​បាត​ទន្លេ រក​តែ​ទឹកផឹក​មិនចង់​បាន។ (អ៊ី)ចឹង​ឃើញ​ថា​ការពិបាក​គឺ​ពិបាក​មែនទែន»។

អ្នកស្រី ជិន សុគន្ធរ តំណាង​សហគមន៍​សំបូរ
អ្នកស្រី ជិន សុគន្ធរ តំណាង​សហគមន៍​សំបូរ

ក្នុង​មួយ​ថ្ងៃៗ ស្រ្តី​និង​ក្មេងស្រី​នៅ​ទូទាំង​ពិភព​លោក​ចំណាយ​ពេល​សរុប១៥២លាន​ម៉ោង ក្នុង​ការ​ប្រមូល​ទឹក​សម្រាប់​ប្រើប្រាស់​ក្នុង​គ្រួសារ។ ដោយ​មើល​ឃើញ​ថា ​ទឹក​ជា​ប្រភព​សំខាន់​នៃ​ជីវិត​មនុស្ស​យ៉ាង​ដូច្នេះ អន្តរជាតិ​បាន​រៀបចំ​ទិវា​ទឹក​ពិភព​លោក ក្នុង​បំណង​រំលេច​ចេញ​ជាវេទិកា​មួយ ដើម្បី​ជួបជុំ​អ្នក​ពាក់ព័ន្ធពិភាក្សា​ជុំវិញ​បញ្ហា​នេះ។ នៅ​កម្ពុជា អង្គការOxfam ក៏​ប្រារព្ធ​កម្មវិធី​នេះ​ផងដែរ ដោយ​ជ្រើសរើស​ទម្រង់​នៃ​ការ​ជជែក​ពិភាក្សា​ដូចគ្នា កាល​ពី​ចុង​ខែ​មីនា កន្លង​ទៅថ្មីៗ​នេះ។

នេះជា​ឆ្នាំ​ទី​២៧ នៃ​ទិវា​ទឹក​ពិភពលោក ខណៈ​ប្រធាន​បទ​ឆ្នាំ​២០១៩​នេះ ផ្តោត​សំខាន់​គឺ “ស្រ្តី និងទឹក”។ នាយិកា Oxfam ប្រចាំ​កម្ពុជា លោកស្រី​ លឹម សូលីន បាន​ឱ្យ​ដឹងថា ស្ត្រី​ទទួល​រង​បន្ទុក និង​ផល​វិបាកច្រើន​បំផុត ដោយ​សារ​តែ​ការ​គ្រប់គ្រង​ទឹក​ក្នុង​តំបន់​មិន​មាន​និរន្តរភាព ដោយសារ​ពួកគេ​មាន​ដំណោះស្រាយ​ក្នុង​ការ​គ្រប់គ្រង​ទឹកដែល​មាន​ភាព​ស្មុគស្មាញ ដូច្នេះ​ថ្នាក់ដឹកនាំ​ពាក់ព័ន្ធ​គួរស្តាប់​ពួកគេ។

ទាក់ទង​នឹង​បញ្ហានេះ អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង ព័ត៌មាន និង​បរិស្ថាន​នៃ​ក្រសួងបរិស្ថាន លោកស្រី ងិន លីណា បាន​ឱ្យ​ដឹង​ថា ក្រសួងបរិស្ថាន កំពុង​ធ្វើ​ការសិក្សា​បញ្ហានេះជា​មួយ​ក្រុមហ៊ុន​ប្រឹក្សា​ដើម្បី​ធ្វើ​ការវាយ​តម្លៃ​នៃ​គុណភាព​និង​សមត្ថភាព​នៃ​ការ​ធ្វើការ។

លោកស្រី ងិន លីណា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង ព័ត៌មាន និង​បរិស្ថាន​នៃ​ក្រសួងបរិស្ថាន
លោកស្រី ងិន លីណា អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង ព័ត៌មាន និង​បរិស្ថាន​នៃ​ក្រសួងបរិស្ថាន

ប្រសាសន៍​លោកស្រី ងិន លីណា៖ «ដោយ​ឡែក​ក្រសួង​បរិស្ថាន​យើង​ត្រូវ​សិក្សា​ពី​បញ្ហាផលប៉ះពាល់​នៃ​បរិស្ថាន ​ឬ​ក៏​សុខភាព។ ក្រសួង​បរិស្ថាន​រៀបចំ​ជា​យន្តការ​មួយ ជា​គោលការណ៍​ណែនាំ​មួយថា តើយើង​សិក្សា​អំពី​អ្វី? ប៉ារ៉ាម៉ែត្រ​អ្វីខ្លះ? ដែល​យើង​កំពុង​តែ​សិក្សា យើង​ព្យាយាម​ដើម្បី​ធ្វើ​ការងារ​ហ្នឹង»។

ជា​មួយគ្នា​នេះ ប្រធាន​ផ្នែក​អភិបាល​កិច្ចធនធាន​ទឹក​នៃ​តំបន់​ទន្លេ​មេគង្គ​របស់​អង្គការ Oxfam លោកស្រី ស៊ឹម សុជាតា បាន​ឱ្យ​ដឹង​ថា Oxfam ក៏​មាន​ការ​គាំទ្រ​កម្មវិធី​របស់​អង្គការ​នៅ​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោមជាតិ​នូវ​ការ​ចែក​រំលែក​នូវ​ចំណេះ​ដឹងពាក់ព័ន្ធ​នឹង​អភិបាលកិច្ច​នៅ​ក្នុង​មូលដ្ឋាន​ផងដែរ ។

ប្រសាសន៍​លោកស្រី ស៊ឹម សុជាតា៖ «យើង​មាន​កម្មវិធី​គាំទ្រ​ទៅ​ដល់​អង្គការ​មូលដ្ឋាន​ទៅ​ដល់​ថ្នាក់​ជាតិ​និង​ថ្នាក់​ក្រោម​ជាតិ ក៏​ដូច​ជា​ថ្នាក់​តំបន់​ដើម្បី​ធ្វើ​យ៉ាង​ម្តេច​ជំរុញ​ឱ្យ​មាន​ការ​ចូល​រួម​របស់​ស្រ្តី កម្មវិធី​ដែល​កសាង​សមត្ថភាព ហើយ​នឹង​លើកកម្ពស់​ចំណេះ​ដឹង ហើយ​នឹង​ផ្តល់ឱកាស​ដល់​ស្រ្តី​បាន​លើក​ឡើង​ពី​ក្តីកង្វល់​ក៏​ដូចជា​សំណូមពរ​ផ្សេងដែល​ធ្វើយ៉ាង​ម៉េច​ឱ្យ​មាន​ការ​គិតគូរ ពិចារណា​ទៅលើ​អ្វី​ដែល​ទាក់ទង​ទៅ​នឹង​តម្រូវ​ការ​របស់​ស្រ្តី​ហើយ​នឹង​ជម្រុញ​ការ​ចូលរួម​របស់​គាត់​ហ្នឹង នៅ​ក្នុង​ការងារ​គ្រប់គ្រង​ធនធានទឹក​ហ្នឹង»។

លោកស្រី ស៊ឹម សុជាតា ប្រធាន​ផ្នែក​អភិបាល​កិច្ចធនធាន​ទឹក​នៃ​តំបន់​ទន្លេ​មេគង្គ​របស់​អង្គការ Oxfam
លោកស្រី ស៊ឹម សុជាតា ប្រធាន​ផ្នែក​អភិបាល​កិច្ចធនធាន​ទឹក​នៃ​តំបន់​ទន្លេ​មេគង្គ​របស់​អង្គការ Oxfam

ដើម្បី​ជា​ដំណោះស្រាយ​នៅ​ក្នុង​ការ​ស្តុបទឹក​ទុក សម្រាប់​ប្រើប្រាស់​នៅ​ពេលរាំង​ស្ងួត អ្នកស្រី ជិន សុគន្ធរ ក៏​បាន​ធ្វើ​ការណែនាំ​ដល់​ពលរដ្ឋ​ក្នុង​ភូមិនូវ​វិធីសាស្រ្ត​មួយ​ចំនួន​ដូច​ជា៖ «ខែវស្សា​វា​មាន​ទឹកច្រើន បងប្អូនទាំងអស់​គ្នា​ត្រូវ​ជីក​ ឬធ្វើវ៉ៃ​ជា​ឡាំង​ជា​អាង អាច​ជា​ក្តារមក យើង​វ៉ៃឡាំង​ទៅ​ដាក់​ទិញ​កៅស៊ូ​គីឡូមក​ដាក់​ក្រាល​ទៅ​ស្តុបទឹក​ទុក ដើម្បី​ស្រ្តី​យើង​ប្រើប្រាស់​ដល់​ពេលអត់ តែ​ដល់​ពេល​មាន​វាមាន​ហើយ តែ​ដល់​ពេល​អត់​ក៏​យើង​ត្រូវត្រៀម​របស់យើង​សម្រាប់​ប្រើប្រាស់»។

បើ​តាម​សេចក្តី​ប្រកាសព័ត៌មាន​របស់​អង្គការ​Oxfam បច្ចុប្បន្ន​ទូទាំង​ពិភពលោក​មាន​មនុស្ស​ប្រហែល១,៨ ពាន់លាន (មួយពាន់ប្រាំបីរយលាន)នាក់ មិនមាន​ទឹកស្អាត និង​ទឹក​ដែល​មាន​សុវត្ថិភាព​សម្រាប់​បរិភោគ ​និង​អនាម័យ។ ពួកគេ​ត្រូវ​បាន​បង្ខំចិត្ត​ប្រើប្រាស់​ប្រភព​ទឹក​សម្រាប់​បរិភោគដែល​មាន​ភាព​កខ្វក់ ដែល​មាន​ភាពប្រថុយ​ប្រថាន​នឹង​ជំងឺធ្ងន់ធ្ងរ​ផងដែរ៕

ចែករំលែកតាម៖