អ្វីទៅជាសុវត្ថិភាពចំណីអាហារ?

អ្វីទៅជាសុវត្ថិភាពចំណីអាហារ?

មនុស្ស​ត្រូវការ​បរិភោគ​អាហារ​ប្រចាំ​ថ្ងៃ​ដើម្បី​ទ្រទ្រង់​សុខភាព​និង​អាយុ​ជីវិត។ ផ្ទុយ​ទៅវិញ អាហារ​ដែលមិនមាន​សុវត្ថិភាព ​ឬ​អាហារ​ពុល​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ ឬ​អាយុជីវិត​មនុស្ស​ទៅវិញ។ របាយការណ៍​របស់​ការិយាល័យ​សុវត្ថិភាព​ចំណីអាហារ​នៃ​នាយកដ្ឋាន​ឱសថ ចំណី​អាហារ បរិក្ខារ​ពេទ្យ និង​គ្រឿងសម្អាងរបស់​ក្រសួង​សុខាភិបាល​បង្ហាញ​ថា ​ចាប់​តាំង​ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៨ មនុស្ស​៥៤នាក់​បាន​ស្លាប់ក្នុង​ករណី​ពុល​ចំណី​អាហារ៩១​លើក ​អ្នក​រងគ្រោះ​សរុប​មាន​ចំនួន​ជិត​៤ពាន់​(៣៦២៣)​នាក់។

ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ប្រឈម​ខាង​លើ ប្រធាន​មូល​និធិ​អៀង លោក អៀង សុធារ៉ា ផ្តួច​ផ្តើម​រៀបចំ​សិក្ខាសាលា​សុខភាព​មួយ​ស្តីពី «ការ​ពុល​ចំណី​អាហារ និងវិធាន​ការពារ» នៅ​ថ្ងៃ​ទី​០៩ កុម្ភៈ​ខាង​មុខ​នេះ នៅ​មជ្ឈមណ្ឌល​សហ​ប្រតិបត្តិ​ការ​កម្ពុជា ជប៉ុន (CJCC) ដោយ​មាន​អ្នក​ជំនាញ​ទាំង​ផ្នែក​ពុទ្ធ​ចក្រនិងអាណាចក្រនិមន្តនិងអញ្ញើញ​ចូលរួម​ជា​វាគ្មិន។

វាគ្មិន​ទាំងនោះ​រួមមាន ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព សាស្រ្តាចារ្យ​នៃ​សាកល​វិទ្យាល័យ​បញ្ញាសាស្រ្ត លោក លី ទីន អនុប្រធាន​នាយកដ្ឋាន​វិញ្ញាបនបត្រ​កម្មនៃ​វិទ្យាស្ថាន​ស្តង់ដា បណ្ឌិត អ៊ុយ ដាវិន នាយក​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ ឱសថ​ការី អាំង ហុកស្រ៊ុន ប្រធាន​ការិយាល័យ​សុវត្ថិភាព​ចំណី​អាហារនៃ​ក្រសួង​សុខាភិបាល។

ជាមួយ​គ្នា​នេះ​ដែរ ​ក៏​នឹង​មាន​ការ​ថ្លែង​បើក​សុន្ទរ​កថា​ពី​ប្រធាន​គណកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ លោក មៀច សុផាន់​ណា ខណៈគ្រោង​នឹង​មាន​អ្នក​ចូល​រួម​ជាង​៤០០​នាក់ ដែល​ភាគ​ច្រើន​ជា​និស្សិត និង​មន្រ្តី​រាជការ ព្រះសង្ឃ ក៏​ដូច​ជា​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​ផង​ដែរ។

បើ​តាម​ការ​សិក្សា​អង្កេត​របស់​ក្រសួង​សុខា​ភិបាល​បាន​ឲ្យ​ដឹង​ថា កត្តា​ដែល​ធ្វើ​ឱ្យ​ពុល​ចំណី​អាហាររួម​មាន ការ​ចម្អិន​មិន​បាន​ឆ្អិន​ល្អ កង្វះ​អនាម័យ ការ​ប្រើប្រាស់​វត្ថុធាតុ​ដើមនិង​ទឹក​គ្មាន​សុវត្ថិភាព ការ​ថែរក្សា​ទុក​ដាក់​ចំណី​អាហារ​មិន​បាន​ត្រឹមត្រូវ និង​ឆ្លង​តាម​សម្ភារៈ​ប្រើប្រាស់​ជា​ដើម។

របាយការណ៍​របស់​ក្រសួង​ពាណិជ្ជកម្មបាន​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០១៨ ស្ថាប័ន​មួយ​នេះ​បាន​រក​ឃើញ និង​រឹប​អូស​មក​កម្ទេច​ចោល​នូវ​ផលិត​ផល ម្ហូប​អាហារ និង​មិនមែន​ម្ហូប​អាហារដែល​មិន​អនុ​លោម​ផ្នែក​គុណ​ភាព សុវត្ថិភាព​មាន​ចំនួន​៤៩​តោន។

កន្លងទៅនេះ វិទ្យុផ្កាឈូកសហការជាមួយគណកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ សមាគម​ពាណិជ្ជកម្ម និង​វិនិយោគ​កម្ពុជា​ជប៉ុន (CJBI) មូលនិធិ​អៀង និង​ដៃគូ​ពាក់ព័ន្ធ បាន​រៀបចំ​សិក្ខា​សាលា​និង​វេទិកា​ជជែក​ពិភាក្សា​ជា​រៀង​រាល់​ខែ ខណៈ​សិក្ខា​សាលា​សុខភាព​ស្តី​ពី «ការ​ពុល​ចំណី​អាហារ និង វិធាន​ការពារ» នា​ថ្ងៃ​ខាង​មុខ​នេះ​គឺ​ជា​លើក​ទី​២៤៕

ចែករំលែកតាម៖