កម្ពុជាខាតថវិកាជាតិ និងស្លាប់មនុស្សជាង១ម៉ឺននាក់ក្នុងមួយឆ្នាំៗដោយសារថ្នាំជក់

កម្ពុជាខាតថវិកាជាតិ និងស្លាប់មនុស្សជាង១ម៉ឺននាក់ក្នុងមួយឆ្នាំៗដោយសារថ្នាំជក់

Kep.00_14_44_01.Still002

​ក្រុមការងារ​អន្តរជាតិ​ចំនួន៣​ស្ថាប័ន ដោយ​ក្នុង​នោះ​ដឹក​នាំ​ដោយ​កម្ម​វិធី​អភិវ​ឌ្ឍន៍​សហ​ប្រជាជាតិ​នៅ​កម្ពុជា (UNDP) អង្គការ​សុខភាព​ពិភពលោក ​(WHO) និង RTI International បាន​រក​ឃើញ​របប​គំហើញ​ថ្មី​នៃ​ឥទ្ធិពល​ថ្នាំជក់។ លទ្ធពល​ទាំង​នោះ​ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​លទ្ធផល​ប៉ាន់​ប្រមាណស្តីពី ការ​សិក្សា​អំពី​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​ផលិតផល​ថ្នាំជក់​មក​លើ​សុខភាព សង្គម សេដ្ឋកិច្ច និង​បរិស្ថានកាល​ពី​ដើម​ខែ​កក្កដា ដោយ​រក​ឃើញ​ថា​ពលរដ្ឋ​កម្ពុជា​ជាង១៥០០០នាក់ ស្លាប់ជា​រៀង​រាល់​ឆ្នាំ ​ដោយ​សារ​ជំងឺ​នានា​ដែលទាក់ទង​នឹង​ថ្នាំ​ជក់។ ក្នុង​នោះ មួយ​ភាគបី នៃ​ករណីស្លាប់ កើតឡើង​នៅ​ក្នុង​ចំណោម​អ្នក​ដែល​មាន​ប្រាក់ចំណូល​ទាប​បំផុត។

ក្រៅ​អំពី​ការ​ស្លាប់ ការសិក្សា​ជាលើក​ដំបូង​​ រយៈ​ពេល​១២​ខែ​ បង្ហាញ​ថា កម្ពុជា​បាន​ខាតបង់​សេដ្ឋកិច្ច​រហូត​ដល់​ទៅ៣% ឬ​ស្មើ​នឹង​ជាង ៦៦៣ លាន​ដុល្លារ​អាមេរិក​​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប។ នេះ​ជា​អត្រា​ខ្ពស់​មួយ បើ​ធៀប​នឹង​បណ្តា​ប្រទេស​ផ្សេងៗ ដែល​មធ្យមភាគ​ថ្នាក់សកល​មាន​ត្រឹម១.៨%ប៉ុណ្ណោះ​​។ នេះ​បើ​តាម​មន្ត្រី​បច្ចេក​ទេសផ្នែក​ជំនួយ​អភិវឌ្ឍន៍​នៃ​លេខាធិការដ្ឋាន​ FCTC របស់WHO លោក Rodrigo Santos Feijo ​។

អ្នក​ជំនាញ​រូបនេះ​បន្តថា យ៉ាង​ណា​មិញ​កម្ពុជា​ ក៏បាន​អនុវត្ត​វិធាន​ការល្អៗ​មួយចំនួន​រួចមកហើយ ដូចជា​ការអនុម័ត​ច្បាប់​ស្តីពី​ការ​ត្រួត​ពិនិត្យ​ថ្នាំជក់​ក្នុង​ឆ្នាំ​២០១៥ និង​ការ​បង្កើន​ពន្ធ​លើ​ផលិតផល​ថ្នាំជក់​ជាដើមផងដែរ​។

ប្រសាសន៍លោក Rodrigo Santos Feijo៖ «ការអនុវត្តន៍នូវវិធានការណ៍ពន្ធយើងសង្កេតឃើញថា វិធានការពន្ធវាមានប្រសិទ្ធភាពច្រើនទៅលើក្រុមទាំងពីរហ្នឹង គឺក្រុមអ្នកក្រីក្រ និងក្រុមយុវជន ព្រោះថា នៅពេលដែលយើងដំឡើងថ្លែពន្ធទៅ ធ្វើឱ្យក្រុមទាំងពីរហ្នឹង មិនសូវមានលទ្ធភាពទិញផលិតផលថ្នាំជក់ យកមកប្រើប្រាស់ដូចមុន។ ដូច្នេះ[វា]ធ្វើឱ្យការប្រើប្រាស់ថ្នាំជក់ធ្លាក់ចុះ ធ្វើឱ្យគាត់មានលទ្ធភាពនៅក្នុងការប្រើប្រាស់ថវិកាហ្នឹងសម្រាប់អ្វីដែលមានប្រយោជន៍ ហើយបង្កើតឱ្យមានសមភាពនៅក្នុងសង្គមកាន់តែប្រសើរជាងមុន»។

លោក Rodrigo Santos Feijo មន្ត្រី​បច្ចេក​ទេសផ្នែក​ជំនួយ​អភិវឌ្ឍន៍​នៃ​លេខាធិការដ្ឋាន​ FCTC របស់WHO
លោក Rodrigo Santos Feijo មន្ត្រី​បច្ចេក​ទេសផ្នែក​ជំនួយ​អភិវឌ្ឍន៍​នៃ​លេខាធិការដ្ឋាន​ FCTC របស់WHO

កម្ពុជា​នៅ​មាន​បញ្ហាប្រឈម​មួយចំនួន​​ដូចជា ​ការអនុវត្ត​ច្បាប់មិន​ទាន់​បាន​ពេញ​លេញ ពន្ធ​ផលិត​ផល​ថ្នាំ​ជក់​នៅទាប ខ្វះ​ការ​ចូលរួម​ពីភាគី​ពាក់ព័ន្ធ​ និង​សាធារណ​ជន​ជា​ដើម។ ប៉ុន្តែ​កន្លង​មក​រដ្ឋាភិបាល បាន​ចាត់វិធានការ​គាំទ្រឱ្យ​មានការ​អនុម័ត​អនុសញ្ញា​ស្តីពី​ការត្រួត​ពិនិត្យ​ថ្នាំ​ជក់ អនុក្រឹត្យ​ស្តីពី​ការបោះពុម្ភ​សារ​ព្រមាន​សុខ​ភាព​ជាភាសាខ្មែរ និងរូបភាពលើ​កញ្ចប់​ផលិតផល​ថ្នាំ​ជក់ ព្រមទាំងវិធាន​ការ​ហាម​ឃាត់​ការ​ជក់ ​​ឬ​បង្ហុយ​ផ្សែង​ផលិត​ផលថ្នាំ​ជក់​នៅកន្លែង​ធ្វើការ​ ឬ​កន្លែងសារធារណៈ និងសារ​អប់រំ​ផ្សព្វផ្សាយជាច្រើនផងដែរ។ នេះបើតាម​រដ្ឋលេខា​ធិការ​​ក្រសួង​សុខាភិបាល ទន្តបណ្ឌិត អឿន បូរារ័ត្នន៍។

តាមការសិក្សា បញ្ជាក់ថាការប្រើ​ប្រាស់​ថ្នាំ​ជក់​​ ​បង្កឱ្យមាន​ជំងឺមិន​ឆ្លង​ជា​​អាទិភាពចំនួន​៤ ដូចជា​ ជំងឺ​ស​រសៃ​ឈាម​បេះ​ដូង ​មហា​រីក (មាត់​ស្បូន​ ថ្លើម សួត សុដន់ ​ក្រពះ) ជំងឺ​ផ្លូវ​ដង្ហើម និង​ជំងឺ​ទឹក​នោម​ផ្អែម។

ប្រភព​ដដែល​បន្តថា កម្ពុជា​ខាតបង់​ថវិកា​លើការ​ប្រើប្រាស់​ថ្នាំជក់ ដោយ​សារ​តែ​ការ​ចំណាយ​លើការថែ​ទាំសុខ​ភាព​ និងការបាត់​បង់​​​ផលិត​ភាព​ ព្រោះតែ​ការស្លាប់មុន​អាយុ​ ពិការ​ភាព និង​ការ​សម្រាក​ក្នុង​ពេល​ធ្វើការ​ដើម្បី​ជក់បារី ជា​ដើម ខណៈ​ការ​រក​ឃើញ​ថ្មី​នេះ​អះអាង​ថា ប្រសិន​បើ​កម្ពុជា​អនុវត្ត​វិធាន​ការ​ត្រួតពិនិត្យ​ថ្នាំជក់​បាន​ពេញលេញ​នោះ នឹង​អាច​សង្គ្រោះជីវិត​ប្រជាជន​ប្រមាណ ៥៧០០០នាក់ និង​បញ្ជៀស​ការ​ខាតបង់​លើ​សុខភាព និង​សេដ្ឋកិច្ច​ប្រមាណ​ជាជិត២(១,៩)ពាន់​លានដុល្លារ​អាមេរិក គិតត្រឹម​ឆ្នាំ​២០៣៣៕

ចែករំលែកតាម៖