អត្ថប្រយោជន៍​ការបង្រៀនកុមារឱ្យចេះសន្សំប្រាក់តាំងពីក្មេង

អត្ថប្រយោជន៍​ការបង្រៀនកុមារឱ្យចេះសន្សំប្រាក់តាំងពីក្មេង

ការ​បង្រៀន​កូន​អំពី​ការ​សន្សំ​ប្រាក់​មិន​ត្រឹមតែ​បង្កើន​កម្រិត​អក្ខរកម្ម​ផ្នែក​ហិរញ្ញ​វត្ថុ​របស់​ក្មេង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​បង្កើន​ចំណេះ​ដឹង​របស់​ពួក​គេអំពី​តម្លៃ​ផ្សេងៗដែល​ទាក់ទង​នឹង​ប្រាក់​ថែម​ទៀតដូចជា​តម្លៃ​នៃ​ភាព​ជា​ពលរដ្ឋឬ​ការ​បង់​ពន្ធដា​ដើម។ នេះ​បើ​តាម​របាយការណ៍​នៃ​គេហ​ទំព័រ questia.com ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ជំនាញ​លើ​ប្រមូល​ប្រភព​ព័ត៌មាន​សម្រាប់​សិស្ស​និស្សិត ដើម្បី​សិក្សា​ស្រាវជ្រាវ។

ជា​ការពិត​ណាស់ ការ​បង្រៀន​កុមារ​ឱ្យ​ចេះ​សន្សំ​ប្រាក់​តាំង​ពី​ក្មេង​នឹង​ជួយ​ពួក​គេ​ឱ្យ​រួច​ផុត​ពី​ភាព​ខ្វះខាត​លើ​ផ្នែក​ហិរញ្ញា​វត្ថុ​ទៅ​ថ្ងៃ​អនាគតនិង​អាច​ឱ្យ​ពួក​គេ​ប្រើ​ខួរ​ក្បាល​ក្នុង​ការ​គិតយ៉ាង​ល្អ​ប្រសើរ។ នេះ​បើ​តាម​ប្រធាន​ក្រុម​សន្សំ​ប្រាក់មិត្ត​ជួយ​មិត្ត លោក ​កុក ថា។ 

ប្រសាសន៍​លោក កុក ថា៖ «ខ្ញុំ​ឃើញ​មិត្តភក្ដិឬក៏​បងៗ​ខ្លះ គឺ​គាត់​ធ្វើ​បាន​ល្អដែលខ្ញុំ​ឃើញ​ថាជា​គំរូ​ល្អ។ ខ្លះ​គាត់​ចាប់​ផ្ដើម​សន្សំ​ឱ្យ​កូន​គាត់​តាំង​ពី​តូចៗ​ទៅ កូន​គាត់​ខ្លះ​នៅ​តូចៗ​ទេ មានលុយ​សន្សំ​៣០០ទៅ​៤០០ដុល្លារ​បាត់ទៅ​ហើយ។ (អ៊ី)ចឹង យើង​គិត​ថា ទម្រាំ​តែ​កូន​គាត់​ធំ កូន​គាត់​មាន​ប៉ុន្មាន​ពាន់​ដុល្លារ​ទៅ​ចង់​រៀន​នៅ​សាលា​ណាល្អ​ៗ គឺ​គាត់​លែង​ចាំ​បាច់​ខ្វល់ ចង់​ចាប់​ផ្ដើម​អាជីវ​កម្ម​ណា​គួរ​សម ក៏​គាត់​អត់​ចាំ​បាច់​ត្រូវ​ខ្វាយខ្វល់ ត្រូវ​លក់​ផ្ទះ លក់​ស្រែ លក់​គោ​អី​ឱ្យ​កូន​គាត់​ថ្ងៃ​ក្រោយ​ទៀត​ដែរ។ ហើយ​មាន​បងៗ​ខ្លះទៅ គាត់​ទម្លាប់​ឱ្យ​កូន​គាត់​អាន​សៀវភៅ​ចប់​១ក្បាល​ទៅ គាត់​ឱ្យ​កូន​គាត់៥ដុល្លារ​[អ៊ី]ចឹង​ទៅឬ​សន្សំឱ្យ​[អ៊ី]ចឹង ចឹង​ទៅ [អ៊ី]ចឹង​កូន​នឹង​ខំប្រឹង​អានសៀវភៅ​ហើយ។ អាន​សៀវភៅយក​រង្វាន់​ជា​ជាង​ចូល​ហាង brand brand (ទំនើបៗ)»។

នៅ​ពេល​ដែល​កុមារ​ធំ​ឡើង​មាន​សុខភាព​ល្អ​មួយ​មុខគឺ​មិន​គ្រប់​គ្រាន់​នោះ​ទេ តែ​ត្រូវ​ជោគ​ជ័យ​ទៅ​លើ​ការ​គ្រប់គ្រង​ផ្នែក​ហិរញ្ញា​វត្ថុ​ផង​ដែរ។ បន្ថែម​លើ​នេះ ដើម្បី​ឱ្យ​កុមារ​ជោគជ័យ​ទៅ​បាន​ឪពុកម្ដាយ​គួរ​ចាប់​ផ្ដើម​ពី​ការ​បង្រៀន​ទៅ​លើ​ចំណុច​តូចៗ​ដល់​ពួកគេ​ជា​មុនសិន។ នេះ​បើ​តាម​នាយិកា​ក្រុមហ៊ុន​ពុទ្ធិពលនិង​ជា​ម្ដាយ​មួយ​រូប លោក ស្រីប៉ែន បុប្ផា ដែល​បាន​បង្រៀន​កូន​ឱ្យ​ចេះ​សន្សំ​ប្រាក់ តាំង​ពី​ក្មេង។

លោកស្រី ប៉ែន បុប្ផា បាន​បង្ហាញ​ពី​បទ​ពិសោធ​ចំពោះ​ការ​បង្រៀន​កូន​ឱ្យ​ចេះ​សន្សំ​ប្រាក់​យ៉ាង​ដូច្នេះ​ថា៖ «ពេល​ដែល​ចាប់​ផ្ដើម​ដំបូង ខ្ញុំ​ទិញ​កូន​ជ្រូក​ឱ្យ​គេ។ ដូច​កូនស្រី​[ខ្ញុំ]​គេ​ចូលចិត្ត​កូន​ជ្រូក​គេ​ទិញ​កូន​ជ្រូក កូន​បន្ទាប់​គេ​ទិញ​ទន្សាយ។(អ៊ី)ចឹង ដំបូង​ឡើយ​គេ​សន្សំ [អ៊ី]ចឹង ហើយ​ដល់​ពេល​ក្រោយ​មក​ពេល​គេ​ត្រូវ​ការ​លុយ​គេ​ពិបាក​ខ្វះ ពេល​មួយ​នោះ​គេ​ក៏​បោក​កូន​ជូ្រក​គេ។ នៅ​ពេល​បិទ​វិញ​មិន​កើត គេ​ក៏​ដាក់ [លុយ]ក្នុង​ប្រអប់​គេ​ដែល​ចាក់​សោរ​វិញ ប៉ុន្ដែ​គ្រាន់​តែ​ថា គេ​អត់​កាន់​សោរ​នោះ​ទេ គេ​ឱ្យ​ម៉ាក់​ជា​អ្នក​កាន់ឬ​ម៉ាក់​យាយ​កាន់​វិញ ហើយ​នៅ​ពេល​ដែល​គេ​ត្រូវ​ការ​លុយ​សន្សំ​យក​ទៅធ្វើ​អី គេ​ក៏​មក​សួរយោបល់ ហើយ​ចង់​បាន​នេះ ចង់​បាន​នោះ តែ​ប្រសិន​បើ​លុយ​អត់​គ្រប់​ទេ គេក៏​សន្សំត​ទៅ​ទៀត​ទៅ​(អ៊ី)​ចឹង»។

ឆ្លើយតប​នឹង​ករណី​នៃ​ការ​សន្សំ​នេះដែរ កូន​ស្រីលោក ស្រីប៉ែន បុប្ផា គឺ​កុមារី កំរងបុប្ផា ករុណា អាយុ១៣​ឆ្នាំ បាន​ឱ្យ​ដឹងថា វិធីសាស្រ្ដ​នៅ​ក្នុង​ការ​សន្សំប្រាក់​របស់​ខ្លួន គឺ​កញ្ញា​យក​ចំណែក​ប្រាក់​ដែល​សល់​ពីឪពុកម្ដាយ​ឱ្យ​សម្រាប់​ទៅ​សាលារៀន ពី​ការ​ចាយ​វាយ​ផ្សេងៗ​ដែល​មិន​ចាំ​បាច់ យក​មក​សន្សំ។

កុមារី​កំរងបុប្ផា ករុណា៖« ព្រោះ​អីប៉ា​គាត់​ជា​គ្រូ​ដែល​បង្រៀន​គេ​ឱ្យ​ចេះ​សន្សំ​លុយ​(អ៊ី)ចឹង​ដែរ ក៏​ពួកគាត់​ណែនាំ និង​ចង់​ឱ្យ​ខ្ញុំ​សន្សំ​លុយ ខ្ញុំ​ក៏​មាន​ចិត្តចង់​សន្សំ​ទៅ»។

បើ​តាម​ប្រធាន​ក្រុម​សន្សំ​ប្រាក់មិត្ត​ជួយ​មិត្ត ​លោក កុក ថា ប្រសិន​បើ​ប្រជាជន​កម្ពុជារួមគ្នា​សន្សំ​សំចៃ​លើ​លុយ​កាក់ឬ​របស់​របរ​ប្រើប្រាស់ដែល​ប្រើ​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​គ្រួសារ នោះ​ពួកគេ​ក៏​ចូលរួម​ចំណែក​ជួយ​ទៅ​ដល់​ការ​កសាង​ថវិកា​ជាតិ​ផង​ដែរ។

អ្នកជំនាញ​ខាង​ផ្នែក​ហរិញ្ញវត្ថុដែល​បាន​បញ្ចប់​ការ​សិក្សា​ពី​ប្រទេស​អាល្លឺម៉ង់​រូប​នេះ​ក៏​បាន​ស្នើ​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំលើកទឹកចិត្តថា សូមឪពុកម្ដាយបងប្អូនទាំងអស់នៅចុងសប្ដាហ៍និងមិនថាថ្ងៃបុណ្យទានក៏ដោយ ឧស្សាហ៍នាំកូនទៅកន្លែងលម្ហែកាយបែបលក្ខណៈធម្មជាតិ ស្គាល់ពីធម្មជាតិ ស្គាល់ពីបរិស្ថាន ស្គាល់ពីសង្គមអីឱ្យបានច្រើន ឧស្សាហ៍នាំកូនចូលរួមសិក្ខាសាលា​ឱ្យបានច្រើន កាត់បន្ថយការនាំកូនទៅហាងទំនើបៗ ឬក៏ងាកឡើងដើរផ្សារទិញរបស់របរ។ ហើយបច្ចុប្បន្នភាព​ ខ្ញុំជឿថាបងប្អូនមិនទាន់គិតថានេះជារឿងអីដែលបញ្ហាទេ ប៉ុន្ដែបើយើងទម្លាប់កូនចៅយើងងាកៗទៅផ្សារងាកៗចូលផ្សារទំនើប ចូលម្ដងៗអស់លុយរាប់រយ។ Ok(យល់ព្រម)! ខ្លួនយើងជាអ្នកចេញ ចុះទៅថ្ងៃក្រោយ? កូនយើងនឹងទៅជាយ៉ាងណា? (អ៊ី)​ចឹងគឺគាត់នឹងទម្លាប់មួយ ទម្លាប់សូម្បីតែថា ទៅលេងនៅទីជនបទ គាត់ចាប់ផ្ដើមមានអារម្មណ៍ធុញទ្រាំ ទៅចូលរួមសិក្ខាសាលាគាត់មិនចេះនៅ។ល។»។

បច្ចុប្បន្ន មនុស្ស​មិន​តិច​នោះ​ទេ មាន​បញ្ហា​ហរិញ្ញវត្ថុ ដូច្នេះ​ក្នុង​នាម​ជា​ម្តាយ​មួយ​រូប លោកស្រី ប៉ែន បុប្ផា អំពាវនាវ​ដល់​អាណាព្យាបាល​គួរ​បណ្តុះ​គំនិត​កូន​ឱ្យ​ចេះ​សន្សំ។ លោកស្រី​បន្ត​ទៀត​ថា​ក្នុង​នាម​ជា​ម្តាយមួយ​រូប ការ​សន្សំ​ទៀត​សោត​នោះ មិន​មែន​សំដៅ​តែ​ការ​សន្សំ​ប្រាក់​មួយ​មុខ​នោះ​ទេ សូម្បី​តែ​ការ​ប្រើ​​ភ្លើង ម៉ាស៊ីន​ត្រជាក់ ឬ​ការ​ប្រើ​ទឹក​នៅ​ផ្ទះក៏​ត្រូវ​តែ​សន្សំ​សំចៃ​ដែរ ខណៈ​វា​ផ្តល់​អត្ថប្រយោជន៍ មិន​មែន​តែ​ក្នុង​ក្រុម​គ្រួសារ​មួយ​ទេ ប៉ុន្តែ​វា​ជួយ​ដល់​បរិស្ថាន និង​ភព​ផែនដី​ផង​ដែរ៕

ចែករំលែកតាម៖