អ្វីទៅជាអនុក្រឹត្យលេខ១៣៣ ហើយតើអនុក្រឹត្យនេះផ្តល់អត្ថប្រយោជន៍អ្វីខ្លះ?

អ្វីទៅជាអនុក្រឹត្យលេខ១៣៣ ហើយតើអនុក្រឹត្យនេះផ្តល់អត្ថប្រយោជន៍អ្វីខ្លះ?

កាល​ពីដើម​ឆ្នាំ​២០១៩​នេះ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​សុខាភិបាល បាន​ផាក​ពិន័យ​ជា​ទឹកប្រាក់​ចំនួន​ពីរលាន​ប្រាំសែន (២,៥០០,០០០) រៀល សម្រាប់​សកម្មភាព​ផ្សព្វផ្សាយ​បំពាន​ជា​ច្រើន​ដង លើ​ផលិតផល​ជំនួស​ទឹកដោះ​ម្តាយ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អាយុ​ជីវិត​របស់​ទារក និង​កុមារ​តូចៗ។ នេះបើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​អង្គការ​ស៊ីវិល ដើម្បី​អាហារូបត្ថម្ភ​កម្ពុជា ដែល​ហៅកាត់ថា SUN CSA Cambodia។

តាម​ប្រភព​ដដែល ការ​ផាក​ពិន័យ​នេះ​ធ្វើ​ឡើង ក្រោយ​ក្រសួង​រក​ឃើញ​ថា ក្រុមហ៊ុន​ពីរ​នេះ បាន​រំលោភ​បំពាន​លើ​ខ្លឹមសារ​នៃ​អនុក្រឹត្យ​លេខ១៣៣ ដែល​បាន​ផ្សព្វផ្សាយ​ថា ផលិតផល​របស់​ខ្លួន ដែល​ជា​ទឹកដោះ​គោ និង​អាហារ​កុមារ​មាន​សារធាតុ​ចិញ្ចឹម​ដូច​ទឹកដោះ​ម្តាយ។

ជាការពិត​ណាស់ ដើមទង​នៃ​ប្រវត្តិ​របស់​អនុក្រឹត្យ​លេខ​១៣៣ គឺ​មាន​យូរ​ណាស់​មក​ហើយ។ ក្រោយ​សង្គ្រាម​លោកលើក​ទី​២​ត្រូវ​បាន​បញ្ចប់ ទំនោរ​នៃ​ការ​ប្រើប្រាស់​ផលិតផល​ទឹកដោះ​គោម្សៅបាន​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់  ដែល​នេះ​ធ្វើ​ឱ្យ​មាន​ការ​ប្រែប្រួល​ដល់​វប្បធម៌នៃ​ការ​ចិញ្ចឹម​កូន​ដោយ​ទឹក​ដោះម្តាយ។ ហើយ​នេះ​ក៏​ជា​ការ​ចាប់​ផ្តើម​ឱ្យ​មាន​អនុក្រឹត្យ​លេខ​១៣៣ ស្តី​ពី​ការ​ផ្សព្វផ្សាយ​លក់​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ​ផងដែរ។ ទាំងនេះ​បើ​តាម​អនុប្រធាន​ការិយាល័យ​សុវត្ថិភាព​ចំណី​អាហារនៃ​ក្រសួង​សុខាភិបាល​កម្ពុជា លោក ងួន សុខា។

ប្រសាសន៍​ លោក ងួន សុខា«យើងឃើញថា បើយើងពិនិត្យជារួមនៅក្នុងចរន្តពិភពលោក ក្រោយចប់សង្គ្រាមលោកលើកទី២ទៅ យើងឃើញថា ពេលនោះប្រទេសជាច្រើន​ នៅក្នុងពិភពលោកគេបានងាកពីការធ្វើសង្គ្រាម មករឿងពង្រឹងទៅលើការផលិតនៃឧស្សាហកម្ម ផ្នែកខាងឧស្សាហកម្មផ្សេងៗ ក្នុងនោះក៏មានឧស្សាហកម្មម្ហូបអាហារមួយផងដែរ ហើយនៅក្នុងឧស្សាហកម្មម្ហូបអាហារហ្នឹង គឺក៏មានវិស័យឧស្សាហកម្មផលិតនូវផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារផងដែរ»។

លោក ងួន សុខា អនុប្រធាន​ការិយាល័យ​សុវត្ថិភាព​ចំណី​អាហារនៃ​ក្រសួង​សុខាភិបាល​កម្ពុជា លោក ងួន សុខាអនុប្រធាន​ការិយាល័យ​សុវត្ថិភាព​ចំណី​អាហារនៃ​ក្រសួង​សុខាភិបាល​កម្ពុជា
លោក ងួន សុខា អនុប្រធាន​ការិយាល័យ​សុវត្ថិភាព​ចំណី​អាហារនៃ​ក្រសួង​សុខាភិបាល​កម្ពុជា

ប្រសាសន៍ ​លោក ងួន សុខា«នៅពេលនោះឯង! អង្គការធំៗក្នុងពិភពលោកយើង មានអង្គការសុខភាពពិភពលោក គាត់ពិនិត្យឃើញនិងវាយតម្លៃជារួមឃើញថា ផលិតផលទឹកដោះគោម្សៅហ្នឹង មិនមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ស្មើនឹងទឹកដោះម្តាយទេ។ (អ៊ី)ចឹង! រាល់ទារកដែលបានចិញ្ចឹមកូនដោយទឹកដោះគោម្សៅ វាមានកង្វះនូវអាហារូបត្ថម្ភ ដែលខុសពីទារកដែលចិញ្ចឹមកូនដោយទឹកដោះម្តាយ។ (អ៊ី)ចឹងផលវិបាកនៃកង្វះអាហារូបត្ថម្ភហ្នឹងវាមានផលវិបាកយ៉ាងមិច វាធ្វើឱ្យមានការថយនៃការលូតលាស់របស់ទារកនិងសតិបញ្ញា ហើយរឿងមួយទៀតគឺទារកដែលបានប្រើផលិតផលពួកទឹកដោះគោម្សៅហ្នឹង គឺមានជំងឺច្រើនជាងទារកដែលប្រើទឹកដោះម្តាយ»។

តាម​អ្នកជំនាញ​ខាង​សុខាភិបាល​រូបនេះ​បន្ត​ទៀត​ថា ជា​ដំណោះស្រាយ​បញ្ហា​នេះ អង្គការ​ធំៗ​ចំនួន​១៤០​ប្រទេស បាន​ធ្វើ​ការ​កោះប្រជុំនៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ដើម្បី​បង្កើត​នូវ​ក្រុម​អន្តរជាតិ​មួយ (International Code) សម្រាប់​អនុវត្ត​នៅ​ក្នុង​ការ​គ្រប់គ្រង ឬ​ផ្សព្វផ្សាយ​ការ​លក់​ផលិតផល​ចិញ្ចឹម​ទារក និង​កុមារ។

ប្រសាសន៍​ លោក ងួន សុខា«ឆ្លង​តាម​កូដ​អន្តរជាតិ​ហ្នឹង ក្រោយ​មក​ប្រទេស​កម្ពុជា​យើង​ក៏​បាន​បង្កើត​នូវ​អនុក្រឹត្យ​មួយ យើង​ហៅថា​អនុក្រឹត្យ​លេខ​១៣៣ អនក្រ.បក ដែល​ចុះ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០០៥ ដោយ​ចុះ​ហត្ថលេខា​ដោយ​សម្តេច​ហ៊ុន សែន ដែល​យើង​បាន​អនុក្រឹត្យ​មួយ សម្រាប់​អនុវត្ត​នៅ​ក្នុង​ការ​ផ្សព្វផ្សាយ​លក់​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ ដែល​មាន​ក្រសួង​ពាក់ព័ន្ធ​នៅ​ក្នុង​រឿង​និង​មាន​ក្រសួង​សុខាភិបាល ក្រសួង​ពាណិជ្ជ​កម្ម ក្រសួង​ព័ត៌​មាន ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម»។

លោក ជុំ សែនវាសនា អ្នក​សម្រប​សម្រួល​គម្រោង​ARCH
លោក ជុំ សែនវាសនា អ្នក​សម្រប​សម្រួល​គម្រោង​ARCH

ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​បញ្ហា​នេះ ភាគី​ពាក់ព័ន្ធ​បាន​សហការ​គ្នា ធ្វើ​ការ​ស្រាវជ្រាវ​មួយ ស្តី​ពី​ស្ថានភាព​នៃ​ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​នៅ​ឆ្នាំ​២០១៨។ នេះ​បើ​តាម​អ្នក​សម្រប​សម្រួល​គម្រោង​ARCH លោក ជុំ សែនវាសនា។

ប្រសាសន៍ ​លោក ជុំ សែនវាសនា«ហើយ២០១៨នេះយើងធ្វើមួយសារទៀត ហើយយកអាហ្នឹងទៅប្រៀបធៀបនៅឆ្នាំ២០១៥ ដើម្បីផ្តល់ជាព័ត៌មានមួយជួយដល់ក្រសួងសុខាភិបាល ដើម្បីតាមដានថា តើមានការប្រែប្រួលយ៉ាងម៉េចក្នុងការអនុវត្តអនុក្រឹត្យ១៣៣នេះ វាកើនជាងមុន ឬវាប្រែប្រួលថយជាងមុន។ ហើយបើកើន [តើ]កើនលើប្រភេទផ្សព្វផ្សាយអីគេ ហើយក្រុមហ៊ុនណាដែលរំលោភបំពានច្រើន»។

ការ​បំបៅ​កូន​ដោយ​ទឹកដោះ​មិន​ត្រឹមតែ​ជួយ​ឱ្យ​កូន​មាន​សុខភាព​ល្អ កម្លាំង​មាំមួន​ និង​បញ្ញា​ឆ្លាតឈ្លាស​វៃប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​សន្សំ​សំចៃ​ប្រាក់​កាក់ និង​ពេលវេលា។ នេះ​បើ​តាម​ស្រ្តី​បំបៅ​កូន​ដោយ​ទឹកដោះ សៀក ស្រីមុំ អាយុ​២៧​ឆ្នាំ។

ប្រសាសន៍ ​អ្នកស្រី សៀក ស្រីមុំ «អាអូនអាយុ៥ខែ អត់សូវឈឺច្រើនទេ ព្រោះដោយសារវាអ៊ឹមទឹកដោះយើងច្រើន (អ៊ី)ចឹងអត់សូវឈឺនោះទេ។ ហើយណាមួយដៃជើងវារឹងមាំទៀត គឺថាវាចេះក្រឡាប់ចេះ(អ៊ី)ចឹង »។

អ្នកស្រី ​សៀក ស្រីមុំ ជាស្រ្តី​បំបៅ​កូន​ដោយ​ទឹកដោះ
អ្នកស្រី ​សៀក ស្រីមុំ ជាស្រ្តី​បំបៅ​កូន​ដោយ​ទឹកដោះ

កន្លង​មក​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​អំពី​អត្ថ​ប្រយោជន៍​នៃ​ការ​បំបៅកូន​ដោយ​ទឹក​ដោះ ដើម្បីជំរុញ​ឱ្យ​ស្ត្រី​អនុវត្ត​នូវ​ការ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ម្តាយ។ កាលពី​ឆ្នាំ២០០០​រហូត​ដល់​២០១០ អត្រា​នៃ​ការ​បំបៅ​កូន​ដោយ​ទឹកដោះ​មាន​ការ​កើនឡើង​ខ្លាំង​ក្នុង​អំឡុង​ពេល​ប្រាំមួយខែ​ដំបូង​នៃ​ជីវិត ដោយ​កើន​ពី​១១%​ទៅ​៧៤%។ ប៉ុន្តែ​តួលេខ​នេះ គឺ​មាន​ការ​ថយចុះ​ជា​លំដាប់​វិញ ខណៈ​ក្រុមហ៊ុន​លក់​ផលិតផល​ជំនួស​ទឹក​ដោះម្តាយ​មួយ​ចំនួន​ធំ បាន​ពង្រីកនូវ​វិសាល​ភាព​នៃ​ការ​ផ្សព្វផ្សាយ​របស់​ខ្លួន ហើយ​ការ​ផ្សព្វផ្សាយ​នោះ​ទៀត​សោត​ក៏​មាន​ន័យខ្លឹម​សារ យល់​ច្រលំ​ទៅ​លើ​អត្ថ​ប្រយោជន៍​នៃការ​ផលិត​នោះ។ ទាំង​នេះ​បើ​យោង​តាម​គេហ​ទំព័រ​របស់​អង្គការ​ហេឡែន​ ខេលល័រអន្តរជាតិ (Hellen Keller International)។

គួរ​រំឮក​ផង​ដែរ​ថា ការ​បង្កើន​ការ​អនុវត្ត​ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ អាចជួយ​បង្ការ​ការ​ស្លាប់​របស់​កុមារ ប្រមាណ​ជាង​៨​សែន​នាក់ (៨២៣,០០០) ជា​រៀងរាល់​ឆ្នាំ នៅ​ទូទាំង​ពិភព​លោក។ នេះ​បើ​យោង​តាម SUN CSA Cambodia។

ជា​មួយ​គ្នា​នេះ យោង​តាម​ប្រភព​ដដែល​ខាងលើ​នេះ ក្រសួង​សុខាភិបាល​រួម​ជា​មួយ​ដៃ​គូផ្សេង​ទៀត​ សូម​ធ្វើ​ការ​អំពាវនាវ​ឱ្យ​មាន​ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​ក្នុង​រយៈពេល​ប្រាំមួយ​ខែ​ដំបូង​នៃ​ជីវិត​ និង​បន្តការ​បំបៅ​ដោះ​ម្តាយ​រហូត​ដល់​អាយុ​២ឆ្នាំ​ឬ​លើស​ពី​នេះ ខណៈ​ដែល​ក្រសួង​សាមី​កំពុង​ធ្វើ​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​លើ​ការ​អនុវត្ត​យោង​តាម​ខ្លឹមសារ​ទាំងមូល​នេះ​អនុក្រិត្យ​លេខ​១៣៣​នេះ៕

ចែករំលែកតាម៖