រឿងព្រេងប្រវត្តិ ពិធីពូនភ្នំខ្សាច់

រឿងព្រេងប្រវត្តិ ពិធីពូនភ្នំខ្សាច់

តាមគម្ពីរ​អានិសង្សវាលុកចេតីយ ជា​សាស្រ្តាស្លឹករិត​ភាសាខ្មែរ ការពូនភ្នំមាន​បីរឿង។អតីត​អ្នកបួសរៀនធម៌​អស់ជាង​១០រស្សា និង​បច្ចុប្បន្ន​ជា​ប្រធានគ្រប់គ្រង​ទូទៅ​នៃ​ភូមិគ្រឹះអប់រំ​ចិត្ត​ផ្កាឈូក​បាន​តំណាល​រឿងទាំងនេះ​៣​យ៉ាង​ដូច្នេះ​ថា៖ «រឿងទី១​តំណាល​អំពី ព្រះពោធិសត្វនៃ​យើង កាល​ព្រះអង្គកើតជាបុរសម្នាក់​បារិកពោធិ​សត្វ រួមជាមួយ​ពួកពាណិជ្ជករ​ទាំងឡាយ ធ្វើ​ដំណើរ​នៅ​តាម​សំពៅ តាមទូក នៅ​ពេលដែល​ទៅដល់​មាត់ច្រាំង​មួយ។ ព្រះពោធិសត្វ​រួមជាមួយ​ពួកពាណិជ្ជករ​ហ្នឹង​នាំគ្នា ជ្រះថ្លា អត់មាន​អីបូជា​ដល់​ព្រះសម្មាសម្ពុទ្ធ​ក៏​នាំគ្នា​ពូនដីខ្សាច់​នៅ​មាត់ទឹក​ហ្នឹង។ ពូនហើយ ជា​តំណាង​មួយ​ថា ដីខ្សាច់​ដែល​ខ្ញុំ​ធ្វើហើយ គឺ​តំណាង​ឱ្យ​ព្រះចេតិយ​នៅ​ស្ថាន​ត្រៃត្រឹង្ស​ឈ្មោះ​ចូឡាមណីចេតីយ ហើយ​ឧទ្ទិស​ចំពោះ​ព្រះពុទ្ធ​ជា​ម្ចាស់។ ដោយអំណាច​នៃ​ពិធីពូន​ហ្នឹង ពេល​ដែល​ព្រះពោធិសត្វ និង​ពួកពាណិជ្ជករ​ហ្នឹង​ស្លាប់​ទៅ កើត​ជា​ទេវបុត្រ​នៅ​ឋានលើ​ជា​ច្រើនជាតិ ហើយ​ពេល​ដែល​អស់​បុណ្យ​នៅស្ថាន​លើចុះ​មក​កណ្តាល​វិញ ក្លាយ​ទៅ​ជាស្តេច​ដែល​រិទ្ធិអំណាច​ជា​ច្រើនជាតិ​ផងដែរ។ ចុងក្រោយ​ស្តេចអង្គ​ហ្នឹង​បាន​ក្លាយ​ជា​ព្រះពុទ្ធ​របស់យើង​នា​ពេលបច្ចុប្បន្ន»។

លោក ធឿន វុទ្ធី មាន​ប្រសាសន៍​រឿងទី២​ចែងក្នុង​គម្ពីរ​ដដែល​ថា មាន​នាយនេសាទ​ម្នាក់កាល​នៅ​រស់ គាត់បាន​ដាក់​បាតព្រះសង្ឃ​តែ​ម្តងគត់ ពេល​ស្លាប់​ទៅ​បាន​ធ្លាក់​ទៅ​នរក។ យម​បាល​ចាប់​គាត់​បោះ​ចូល​ភ្លើង​នរក នាយនេសាទ​នោះ​តែងតែ​ខ្ទាតចេញ​មក​វិញ។ យមបាល​ក៏​សាកសួរ​ថា អ្នកឯង​បាន​ធ្វើ​បុណ្យ​អ្វីខ្លះ? នាយនេសាទ​នោះ​រកនឹកមិនឃើញ ដល់​ឃើញអណ្តាត​ភ្លើងនរក​មានពណ៌​ដូច​ចីពរ​លោក ក៏​នឹក​ដល់​ទាន​របស់​ខ្លួន ហើយ​គាត់​បាន​ប្រាប់យមបាល​តាម​តំណាល​រឿង។ ពួក​យមបាល​ក៏​អនុញ្ញាត​ឱ្យបុរស​ទៅ​កើត​ក្នុង​ទេវលោក​ចំនួន​៧ថ្ងៃ ហើយ​សឹម​ត្រឡប់​មក​ស្ថាន​នរកវិញ។ ទេវបុត្រ​នេះថា «អន្នំលោកង្សិនី» មាន​ប្រពន្ធឈ្មោះ​នាង «សុវណ្ណឱរ៉ៃ»។ គាត់​បាន​និយាយ​រឿងរ៉ាវ​របស់​គាត់​ដែល​ធ្លាប់​ទៅ​នរកនោះ ប្រាប់​ភរិយា​ដោយ​សព្វគ្រប់។ នាង​សុវណ្ណឱរ៉ៃ ក៏​ឱ្យ​ស្វាមីរបស់​ខ្លួនសាង​វាលុកចេតីយ ហើយ​ឆ្លងឱ្យហើយ​ស្រេច​ក្នុង​ថ្ងៃ​ទី​៧ ។ លុះដល់​ថ្ងៃទី៨ យមរាជ​ក៏​តាម​មកហៅ អន្នំលោកង្សិនី ទៅ​ស្ថាន​នរកវិញ នាងសុវណ្ណឱរ៉ៃ មិន​ឱ្យ​ស្វាមី​ខ្លួន​ទៅ​ដោយ​អះអាង​ថា ស្វាមី​ខ្លួន​បាន​កសាងវាលុកចេតីយ និងធ្វើ​ពិធី​ឆ្លងរួចអស់​ហើយ បើនៅ​តែចង់​យកប្តី​យើងទៅ​ធ្វើទោស​នោះ ចូរ​អ្នករាប់​គ្រាប់ខ្សាច់​នោះឱ្យអស់​សិន។ យមរាជ​ក៏​ចាប់ផ្តើម​រាប់ខ្សាច់​ពេញមួយ​ព្រឹកដល់ថ្ងៃត្រង់​មិនចេះអស់​សោះ។យមរាជ​ក៏ទាល់​តម្រិះហើយ​ត្រលប់​ទៅ​ស្ថាននរក​វិញ។

រីឯតំណាល​រឿងទី​៣ លោក ធឿន វុទ្ធី រៀបរាប់​យ៉ាងដូច្នេះថា៖ «បុរសម្នាក់​តាំង​ពី​គាត់​កើត​មកមិន​ដែល​ចេះពាក់អាវ​អីទេ ដេក​ននៀល​និង​ដីខ្សាច់។ អ៊ីចឹ​ងអ្នកស្រុក​ហៅគាត់ថា «ចៅកំជិលខ្សាច់»។ ដល់​គាត់​ធំពេញ​ឡើង គាត់​ធ្លាប់​មាន​បុណ្យ​ពីដើម​មក ​អ៊ីចឹង​ព្រះឥន្ទបាន​បើក​នេត្រា ឃើញចៅ​កំជិល​ខ្សាច់​ដេក​នៅ​តែ​ដី ព្រះបាន​បញ្ជូនទេពធីតា​មួយរូប​ឱ្យ​មក​ធ្វើជាប្រពន្ធ ហើយ​រស់នៅ​ជាមួយ​គ្នា។ នៅថ្ងៃមួយ​នៅ​ក្នុង​នគរហ្នឹង ព្រះរាជា​ដែល​សោយរាជ្យចូល​ទីវង្គត ហើយ​ទំនៀម​នៅ​សម័យ​ហ្នឹង ពួកមន្រ្តីក៏ធ្វើ​បុស្បុក​ផ្សង​រកអ្នក​មាន​បុណ្យបារមី បុស្បុក​ដែល​គេតែង​ដំរី​ដែល​គេ​តែង ទៅ​ដល់​ក៏​ក្រាប​ចំពោះ​មុខចៅ​កំជិល​ខ្សាច់។ ហើយ​គេ​គិតថា ចៅកំជិលខ្សាច់​ជា​អ្នកមាន​បុណ្យ គេ​ក៏​បាន​ដង្ហែចៅហ្នឹង​ហើយ​ប្រពន្ធទៅ​រាជធានីហើយ​ក៏សោយ​រាជ្យតរៀងទៅ»។

លោក ធឿន វុទ្ធី ​ប្រធានគ្រប់គ្រង​ទូទៅ​នៃ​ភូមិគ្រិះអប់រំ​ចិត្ត​ផ្កាឈូក
លោក ធឿន វុទ្ធី ​ប្រធានគ្រប់គ្រង​ទូទៅ​នៃ​ភូមិគ្រិះអប់រំ​ចិត្ត​ផ្កាឈូក

យោង​តាម​ទាំង​រឿង​ព្រេងនិទាន ក៏​ដូច​ជា​ការ​ប្រតិបត្តិ​តាមពុទ្ធសាសនា និង​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ លោក ធឿន វុទ្ធី ក៏​បាន​អំពាវនាវ​ឱ្យ​យុវជន​ជំនាន់​ក្រោយ​ទាំងអស់ ត្រូវ​តែ​រក្សាការពារវប្បធម៌ ទំនៀម​ទម្លាប់ សាសនា​របស់ជាតិ​ខ្លួន​ឱ្យ​បាន​គង់វង្ស។

លោក ធឿន វុទ្ធី៖ «ប្រជាពលរដ្ឋខ្មែរ​យើង ព្យាយាម​ថែរក្សា​នូវ​អ្វី​ដែល​ជា​អត្តសញ្ញាណ ជា​ទំនៀមទម្លាប់​របស់យើង។ ពិធីពូនភ្នំខ្សាច់​ថ្វីត្បិត​តែវា រឿងខ្លះ​ជា​ការ​ចំណេញ រឿងខ្លះ​យើង​គិត​ថា មិនសូវ​ចំណេញ ប៉ុន្តែ​អ្វី​ដែល​ចំណេញ​គឺ​សាមគ្គីភាព។ ការ​ជួបជុំគ្នា​បាន​ឱកាសស្តាប់​ចាស់ទុំ​ប្រដៅ បាន​ស្តាប់​ព្រះសង្ឃ​សម្តែងធម៌​ទេសនា​[អ៊ី]ចឹង​ទៅ នេះ​ជា​ភាព​ចំណេញ។ [អ៊ី]ចឹង​សូមឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ ជាពិសេស​ក្មេងៗ​នៅក្នុង​ឱកាសឆ្នាំថ្មី​នេះ​ចូលរួម​ក្នុងពិធី​ពូនភ្នំខ្សាច់​ទាំងអស់គ្នា»។

ពិធី​ពូនភ្នំខ្សាច់ ជា​ការប្រតិបត្តិ​តាមបែប​សាសនា ដែល​ត្រូវបាន​ធ្វើឡើង​នៅថ្ងៃ​ឡើងស័ក ឬថ្ងៃទី៣​នៃពិធី​បុណ្យ​ចូលឆ្នាំខ្មែរ។ ជា​ទូទៅ​ព្រះសង្ឃ និង​អាចារ្យ​គណៈកម្មការវត្តអារាម​នានា តែងរៀបចំនៅ​ជ្រុង​ព្រះវិហារ ឬ​ក៏​នៅ​មុខ​ព្រះវិហារជាដើម។ នេះ​បើតាម​សៀវភៅលំអាន​ទំនៀមខ្មែរ​បុរាណ ភាគ១ របស់លោ​ក ញាណ ភឿន និងលោក ម៉ម ឆៃ ឆ្នាំ២០០៤៕

ចែករំលែកតាម៖