អ្វីជាដំណោះស្រាយសម្រាប់ស្ថាប័ន ដើម្បីរីកចម្រើន

អ្វីជាដំណោះស្រាយសម្រាប់ស្ថាប័ន ដើម្បីរីកចម្រើន

បញ្ហា​បុគ្គលិក​កម្មករ​ចេញ​ចូល ​ឬ​ឈប់​បម្រើ​ការងារ​ ក៏ដូចជា​ត្រូវ​បាន​បញ្ឈប់​ពីការងារ គឺ​ហាក់​ដូចជា​ល្ខោន​នៅ​លើ​ឆាក។​ ប៉ុន្តែ​ល្ខោន​មួយ​រោង​នេះ​អាច​មិនមែន​ជា​ក្តី​ប្រាថ្នា​សម្រាប់​និយោជក​ចង់​ទស្សនា​នោះ​ទេ។​

នៅ​ពេល​ដែល​មនុស្ស​មានភាព​ដឹកនាំ​នៅ​ខ្សោយ ពួក​គាត់​ដោះស្រាយ​បញ្ហា​ដោយ​ការ​បន្ទោស​គ្នា​ទៅវិញទៅមក ហើយ​ការ​បន្ទោស​មិនបាន​ផ្តល់​ការ​រីកចម្រើន​ដល់​ស្ថាប័ន​នោះទេ។ ទាំងនេះ​បើ​តាម​ប្រសាសន៍​នាយកវិទ្យាស្ថាន​សិក្សា​ដើម្បី​ជោគជ័យ លោក កឹម អឿន។

អ្នកជំនាញ​ខាង​អប់រំ​រូប​នេះអះអាង​បន្ថែម​ទៀតថា ហើយ​ជា​ដំណោះស្រាយ​នៃ​បញ្ហា​រសើប​នេះ វិទ្យាសា្ថនសិក្សា​ដើម្បីជោគជ័យ បាន​រៀប​ចំវេទិកា​ជជែក​ពិភាក្សា អំពី​ឥរិយាបថអស្ចារ្យ និង​បុគ្គលិកអស្ចារ្យ នៅ​រៀងរាល់​ល្ងាច​ថ្ងៃសុក្រ ដើម្បី​អនុញ្ញាតិ​ឱ្យនិយោជិក និង​និយោជក​បញ្ចេញ​មតិយោបល់ ចែករំលែក​អំពី​បេសកកម្ម ទស្សនវិស័យ ក៏ដូចជា​បញ្ហាប្រឈម​នានា ដើម្បី​រក​ជា​ដំណោះស្រាយ​ជា​រួមមួយ ក្នុង​ការ​ឈាន​ទៅ​ដល់​ការ​អភិវឌ្ឍ និង​ការ​រីកចម្រើន​ទាំងអស់​គ្នា។

ប្រសាសន៍​លោក កឹម អឿន៖ “យើងចង់ក្លាយជាមេអណ្តើត ដោយ​សារតែយើងឃើញថា ទាំងថៅកែ និងបុគ្គលិកមានបេសកកម្មតែមួយ ប៉ុន្តែគាត់ហាក់មិនបានដើរលើផ្លូវរួមគ្នា។ យើងឃើញថា ទាំងថៅកែទាំងបុគ្គលិកសុទ្ធតែមានសក្តានុពល ដើម្បីក្លាយជាថៅកែអស្ចារ្យ និងបុគ្គលិកអស្ចារ្យ ដើម្បីអភិវឌ្ឍទាំងខ្លួនឯង និងស្ថាប័ន”។

​លោក កឹម អឿន នាយកវិទ្យាស្ថាន​សិក្សា​ដើម្បី​ជោគជ័យ
​លោក កឹម អឿន នាយកវិទ្យាស្ថាន​សិក្សា​ដើម្បី​ជោគជ័យ

ក្រៅអំពី​វេទិកា​ដាច់​ដោយ​ឡែក​នេះ ឯកសារ​ស្តី​ពីការទទួល​ខុស​ត្រូវ​សង្គម (CSR) ​នៅ​កម្ពុជា​ បោះពុម្ព​ក្នុង​ឆ្នាំ​២០១៦ បាន​ឱ្យ​ដឹង​ថា​ ការ​អនុវត្ត​ការ​ទទួល​ខុស​ត្រូវ​សង្គម ក៏​ជា​ដំណោះស្រាយ​មួយ ដើម្បី​ជំរុញ​ឱ្យ​បុគ្គលិក និង​ថៅកែ​ឈាន​ដល់​ការអភិវឌ្ឍស្ថាប័ន​ផងដែរ។

តាម​ប្រភព​ដដែល ​ CSR​ មានន័យថា ​ជា​ការ​រួម​បញ្ចូល​ការ​អភិវឌ្ឍ​ដើម្បី​ឱ្យ​ពាណិជ្ជកម្ម​អាច​បន្ត​បាន​យូរ​អង្វែង​ ដោយ​ភ្ជាប់​ជាមួយ​នឹង​ការ​យកចិត្ត​ទុកដាក់​លើ​សង្គម ​និង​បរិស្ថាន​នៅ​ក្នុង​ការ​អនុវត្ត​នៃ​ជំនួញ​នោះ។​ ការ​អនុវត្ត​ទាំង​នោះ​រួម​មាន​ការ​យកចិត្ត​ទុកដាក់​ទៅ​លើ​បុគ្គលិក​និយោជិត​ សហជីព​ អតិថិជន​ អ្នក​ផ្គត់ផ្គង់​ ពាណិជ្ជករ​ អង្គការ​សង្គម​ស៊ីវិល​ រដ្ឋាភិបាល​ និង​សហគមន៍​ជា​រួម។​

ថៅកែ វ័យ​ជាង​២០​ឆ្នាំ​មួយរូប លោក ហេង ហង្សសាមឌី អះអាងថា វេទិកា​ជជែក​ពិភាក្សា​ស្តី​ពី​ថៅកែ​អស្ចារ្យ បុគ្គលិក​អស្ចារ្យ សម្រាប់​និយោជក​ដូច​លោក ពិត​ជា​ផ្តល់​ជា​គតិ និង​បទ​ពិសោធន៍​ល្អ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​បុគ្គល និង​ស្ថាប័ន។

ប្រសាសន៍​លោក ហេង ហង្សសាមឌី៖ “ខ្ញុំ​មាន​បុគ្គលិក​ជាង៣០នាក់។ ខ្ញុំ​ចូលរួម​កម្មវិធី GEMBA ហ្នឹង​រាល់​អាទិត្យ ហើយ​ខ្ញុំ​តែងតែ​យក​បុគ្គលិក​មក​ចូល​រួម។ ហើយ​ខ្ញុំ​ផ្ទាល់​ក៏​បាន​ប្តូរ​ឥរិយាបថ​មិន​ល្អរ​បស់​ខ្ញុំ​បាន​មួយ​ចំនួន ហើយ​បុគ្គលិក​ក៏​អញ្ជឹង​ដែរ គាត់​ក៏​បាន​ប្តូរ​ទំលាប់​មិន​ល្អ​របស់​គាត់​ផង​ដែរ។ ហើយ​រាល់ពេល​ខ្ញុំ​ចូលរួម ខ្ញុំ​ទទួល​បាន​ចំនុចថ្មីៗ ​ក្នុង​ការ​គ្រប់​គ្រង​ធនធាន​មនុស្ស និង​ភាព​ជា​ដឹក​នាំ​បាន​ច្រើន ហើយ​ស្ថាប័ន​ខ្ញុំ​បច្ចុប្បន្ន​មាន​ការ​រីកចម្រើន​ច្រើន ទាំង​ចំណូល​កើន​ឡើង ​ហើយ​ក្រុម​ការងារ​បច្ចុប្បន្ន​ក៏​មាន​ទំនាក់ទំនង​ល្អ​ច្រើន”។

លោក ហេង ហង្សសាមឌី ថៅកែ វ័យ​ជាង​២០​ឆ្នាំ​មួយរូប
លោក ហេង ហង្សសាមឌី ថៅកែ វ័យ​ជាង​២០​ឆ្នាំ​មួយរូប
ចែករំលែកតាម៖