មនុស្សគ្រប់រូបមិនអាចចៀសផុតពីបញ្ហាវិបត្តិដំណេកឡើយ ដោយគ្រាន់តែថា អ្នកខ្លះងងុយ តែមិនអាចគេងបាន ដោយសារមមាញឹកនឹងការងារ ឬជំនួញជាដើម។ ចំណែកអ្នកខ្លះទៀតមានពេលគេងគ្រប់គ្រាន់ តែគេងមិនលក់។
យុវជនមួយចំនួនមានបញ្ហាវិបត្តិដំណេកទាក់ទងទៅនឹងការសិក្សា ឬការវ៉ក់នឹងការលេងហ្គេមតាមអនឡាញ។ ដោយសារពួកគេបានប្រើប្រាស់ពេលវេលាហួសពេក ហើយចូលគេងនៅកណ្តាលអធ្រាត។
សិក្ខាកាមម្នាក់ និងជានិស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល លោក លៀង សុខឆេង បានប្រាប់ពីផលប៉ះពាល់ដែលខ្លួនសម្រាន្តមិនគ្រប់កន្លងមកយ៉ាងដូច្នេះថា៖ «ដំបូងឡើយនៅពេលខ្ញុំគេងអត់លក់ ដូចខួរក្បាលហ្នឹងគិតអីអត់ចេញ សម្រេចចិត្តស្តាប់អីគឺអត់បានតែម្តង។ [ខ្ញុំ]មានបញ្ហា ដូចជាសុខភាពទ្រុឌទ្រោម កើតរាងកើតផ្តាសាយតិច ឈឺក្បាលតិចតែម្តង មានអារម្មណ៍ស្ងាបងងុយគេង ហើយព្រឹកឡើង គឺអត់ចង់ធ្វើអីនោះទេ។»។

ដោយមើលឃើញនូវបញ្ហានេះ ក្រុមការងារនៃវិទ្យុផ្កាឈូកសហការជាមួយសមាគមពាណិជ្ជកម្មនិងវិនិយោគកម្ពុជាជប៉ុន CJBI រួមជាមួយអ្នកជំនាញទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រតែងរៀបចំសិក្ខាសាលាអប់រំជារៀងរាល់ខែ។ នេះបើតាមប្រធានCJBI លោក អៀង សុធារ៉ា។
ប្រសាសន៍ លោក អៀង សុធារ៉ា៖ «រាល់សិក្ខាសាលាទាំងអស់គឺសំដៅធ្វើយ៉ាងណាឱ្យមានសុខភាពផ្លូវកាយល្អ ហើយនិងសុខភាពផ្លូវចិត្តហ្នឹងល្អ ដូចជាថ្ងៃនេះយើងនិយាយអំពីវិបត្តិដំណេកមានន័យថា ភាគច្រើនគឺពាក់ព័ន្ធនឹងសុខភាពផ្លូវចិត្ត»។

ជាក់ស្តែង លើបញ្ហាវិបត្តិដំណេកនេះ លោក អៀង សុធារ៉ា ដែលធ្លាប់មានបទពិសោធន៍ខាងផ្នែកវេជ្ជសាស្រ្តដែរនោះបញ្ជាក់ថា លោកមិនគាំទ្រឱ្យមានការព្យាបាលដោយខ្លួនឯង ដោយប្រើប្រាស់ឱសថនោះទេ ប៉ុន្តែអ្នកមានបញ្ហាវិបត្តិដំណេកគួរចេះធ្វើសមាធិ ស្តាប់ព្រះធម៌ និងស្វែងរកសេវាប្រឹក្សាពីគ្រូពេទ្យជំនាញ។
ប្រសាសន៍ លោក អៀង សុធារ៉ា៖ «កុំសម្រេចធ្វើគ្រូពេទ្យដោយខ្លួនឯង។ កុំសម្រេចធ្វើគ្រូពេទ្យដោយខ្លួនឯងសម្រាប់បងប្អូននៅជុំវិញខ្លួន។ (អ៊ី)ចឹងនាំគាត់ទៅរកគ្រូពេទ្យណាដែលគាត់មានជំនាញច្បាស់លាស់»។
យ៉ាងហោចណាស់ ក្នុងមួយថ្ងៃ អ្នកដែលមករកសេវាប្រឹក្សាទាក់ទងនឹងបញ្ហាដំណេក នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតមានចាប់ពីប្រាំទៅប្រាំពីរយនាក់ ខណៈភាគច្រើននៃអ្នកជំងឺផ្លូវចិត្ត គឺសុទ្ធសឹងតែពាក់ព័ន្ធនឹងរោគសញ្ញាវិបត្តិដំណេកនេះទាំងអស់។ វិបត្តិដំណេកមិនមែនជាជំងឺទេ ប៉ុន្តែវាគ្រាន់តែជាសញ្ញាមួយ។ ដោយឡែក ករណីខ្លះ ក៏ជាជំងឺដែរ។ ទាំងនេះបើតាមនាយផ្នែកជំងឺផ្លូវចិត្ត និងការបំពានគ្រឿងញៀននៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត វេជ្ជបណ្ឌិត យឹម សុបុត្រា។
វេជ្ជបណ្ឌិតជំនាញវិកលវិទ្យាវ័យ៥០ឆ្នាំរូបនេះអះអាងបន្ថែមប្រាប់អ្នកចូលរួមជាងបីរយនាក់នៅក្នុងសិក្ខាសាលាដដែលនោះយ៉ាងដូច្នេះថា៖ «[មិន]មែនទៅដល់ សរសេរថ្នាំឱ្យលេបៗនោះទេ។ ខ្ញុំបានពន្យល់ហើយ ការព្យាបាលគឺដោយថ្នាំ និងមិនមែនថ្នាំ ប៉ុន្តែបងប្អូនជួយគិតទាំងអស់គ្នា។ [មិន]មែនតែប្អូនសុខឆេងនោះទេ គាត់មកពីពោធិ៍សាត់ គាត់មកពីអីណានោះ។ ស្មាទោស! ដេញគាត់ទៅផ្ទះវិញដែរអត់។ (អ៊ី)ចឹង ត្រូវតែធ្វើការព្យាបាលគាត់ និងប្រឹក្សាខ្លីៗទេ មិនបានគ្រប់គ្រាន់ទេ។ ហើយឱ្យគាត់រៀនស្វែងរកវិធីសាស្រ្តដោយខ្លួនឯង ដោយខ្លីៗចឹង។ នេះជាដំណោះស្រាយដែលប្រាប់គាត់ ឱ្យគាត់ជួយផ្នែកវិបត្តិដំណេក»។

យុវវ័យគួរសម្រាន្តឱ្យបានយ៉ាងហោចណាស់៧ម៉ោងក្នុង១ថ្ងៃ។ ទំនោរនៃការកាត់បន្ថយរយៈពេលសម្រាន្តថ្មីៗនេះ នឹងអាចបង្កហានិភ័យដូចជា ជំងឺធាត់ ទឹកនោមផ្អែម ឡើងសម្ពាធឈាម និងជំងឺបេះដូងជាដើម។ នេះបើតាមការស្រាវជ្រាវនៃការិយាល័យបង្ការ និងប្រយុទ្ធប្រឆាំងជំងឺនៃសហរដ្ឋអាមេរិក ដែលបានចេញផ្សាយកាលពីពេលថ្មីៗកន្លងទៅនេះ។
នេះបើតាមវេជ្ជបណ្ឌិត យឹម សុបុត្រា មូលហេតុដែលបណ្តាលឱ្យកើតមានវិបត្តិដំណេក គឺមានមូលហេតុបីសំខាន់ៗ៖ ទី១ វដ្តវគ្គនៃដំណេកមិនល្អ។ ទី២ បណ្តាលមកពីផ្លូវចិត្តនិងជំងឺផ្លូវកាយ។ ទី៣ បណ្តាលមកពីការប្រើប្រាស់សារជាតិញៀន។ ក្នុង៣ចំណុចខាងលើនេះ វាមានភាពលម្អិតតាមផ្នែកនីមួយៗទៀត៕