សេវាកម្មផ្ទេរប្រាក់ ពីគណនីមួយ ទៅគណនីមួយទៀត មានសន្ទុះខ្លាំងជាងគេ បើប្រៀបធៀបទៅនឹងសេវាផ្សេងៗ ដូចជា សេវាកម្មបង់ថ្លៃទឹកថ្លៃភ្លើង សេវាទូទាត់ថ្លៃទំនិញតាម QR Code ឬសេវាកម្មបញ្ចូលទឹកប្រាក់ ខណៈសេវាកម្មនេះត្រូវបានប្រើប្រាស់ដោយពលរដ្ឋទូទៅ ពិសេសគឺកម្មករ កសិករ។ នេះបើតាមអគ្គនាយកធនាគារឯកទេស វីង លោក ចូចូ ម៉ាឡូឡូស ថ្លែងនៅក្នុងសន្និសិទសារព័ត៌មាន ស្តីពីកិច្ចសហប្រតិបត្តិការលើសេវាកម្មផ្ទេរប្រាក់ពីគណនីទៅគណនីរវាងធនាគារឯកទេសវីង និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត កាលពីដើមខែមករាកន្លងទៅថ្មីៗនេះ។
ប្រសាសន៍លោក ចូចូ ម៉ាឡូឡូស៖ «សម្រាប់សេវាកម្មដែលមានប្រជាប្រិយភាពឬក៏អតិថិជនដែលប្រើច្រើន គឺជាសេវាកម្មផ្ទេរប្រាក់ដែលយើងឃើញថា ភាគច្រើនដែលប្រជាពលរដ្ឋឬក៏កម្មករ កម្មការិនីជាទូទៅ គាត់តែងតែផ្ទេរប្រាក់ទៅ កាន់ក្រុមគ្រួសារគាត់ឬក៏សាច់ញាតិគាត់ដែលនៅតាមខេត្ត»។
លោក ចូចូ បន្ថែមថា សេវាកម្មផ្ទេរប្រាក់នេះ មិនត្រឹមតែមានការប្រើប្រាស់តែពលរដ្ឋក្នុងប្រទេសតែប៉ុណ្ណោះទេ ពលករចំណាកស្រុកដែលកំពុងធ្វើការ និងរស់នៅក្រៅប្រទេសក៏មានការប្រើប្រាស់ច្រើនដែរ។

បើតាមទិន្នន័យរបស់ធនាគារឯកទេសវីងនៅកម្ពុជា ក្នុងចំណោមអតិថិជនរបស់វីងប្រមាណជា ៣លាន៧សែននាក់ មាន៧៥%ជាអតិថិជនដែលមិនធ្លាប់បើកគណនី ពីធនាគារណាមួយឡើយ ដែលអ្នកទាំងនោះសុទ្ធសឹងជាកម្មករ កម្មការិនី និងពលករជាដើម។
ដោយមើលឃើញពីសក្តានុពល នៃភាពងាយស្រួលទទួលយកពីអ្នកប្រើប្រាស់ វីង សហការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ក្នុងការផ្តល់សេវាបង់ប្រាក់សងតាមរយៈកម្មវិធីសេវាផ្ទេរប្រាក់វីង (Wing Money)។ នេះបើតាមប្រសាសន៍អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ជា ផល្លារិន។
តាមប្រភពដដែល អម្រឹតបានចាប់ដៃគូរជាមួយវីង គឺដើម្បីផ្តល់ភាពងាយស្រួល សម្រួលដល់អតិថិជន មិនចាំបាច់ធ្វើដំណើរ ឬក៏ចំណាយពេលមកដល់ធនាគារផ្ទាល់។
ប្រសាសន៍លោក ជា ផល្លារិន៖ «កន្លងមកគឺថាអតិថិជនហ្នឹងគាត់រស់នៅឆ្ងាយពីសាខារបស់យើងចំងាយ៥គីឡូ១០គីឡូ ឬក៏២០ទៅ៥០គីឡូក៏មានដែរ (អ៊ី)ចឹងធ្វើឱ្យអតិថិជនពិបាក នៅក្នុងការសងប្រាក់មកអម្រឹត។ មួយទៀតយើងទទួលប្រាក់សន្សំរបស់អតិថិជន អ៊ី(ចឹង)ប្រសិនបើអតិថិជនគាត់ដាក់ប្រាក់សន្សំមកស្នាក់ការយើង ក៏គាត់នៅឆ្ងាយពីស្នាក់ការយើងដែរ (អ៊ី)ចឹងទាំងសង និងទទួលប្រាក់សន្សំយើងឃើញថា អតិថិជនគាត់អាចចំណាយពេលវេលា និងប្រាក់កាក់យ៉ាងច្រើន នៅក្នុងការធ្វើដំណើរមកបង់ប្រាក់សងនៅទីស្នាក់ការអម្រឹត»។

ការប្រើប្រាស់នូវសេវាកម្មថ្មីនេះ ត្រូវបានអ្នកជំនាញហិរញ្ញវត្ថុ រួមមាន លោក ជា ផល្លារិន និងលោក ចូចូ ម៉ាឡូឡូស អះអាងថា ស្ថាប័នគាត់មិនមានក្តីព្រួយបារម្ភជុំវិញរឿងអតិថិជនមិនសងប្រាក់តាមភ្នាក់ងារវីងនោះឡើយ ដោយលោកមានតួលេខថា ការប្រាក់ដែលសងយឺតយ៉ាវរបស់អតិថិជន ក្នុងរយៈពេល៣០ថ្ងៃ គឺ មានតិចបំផុត ដែលប្រមាណ០.២៥% នៃអតិថិជនរបស់អម្រឹតប្រមាណ៤៥ម៉ឺននាក់៕