អ្នកជំនាញ៖ កម្ពុជានឹងអាចទាញសក្តានុពលពីវិស័យរ៉ែ នាពេលឆាប់ៗនេះ

អ្នកជំនាញ៖ កម្ពុជានឹងអាចទាញសក្តានុពលពីវិស័យរ៉ែ នាពេលឆាប់ៗនេះ

លោកស្រី លឹម សូលីន នាយិកាអង្គការអុកស្វាមប្រចាំកម្ពុជា

ថ្លែងក្នុងវេទិកាអភិបាលកិច្ចវិស័យឧស្សាហកម្ម និស្សារណកម្ម (EIGF) នៅកម្ពុជាលើកទី៧ ក្រោមប្រធានបទ «ទស្សនវិស័យរ៉ែប្រេង និងឧស្ម័នឆ្នាំ ២០១៩ និងនាពេលអនាគត» ដែលរៀបចំឡើងដោយអង្គការអុកស្វាម សហការជាមួយអង្គការសង្គមស៊ីវិលចំនួន១៣ នៅរាជធានីភ្នំពេញ កាលពីដើមខែមេសា កន្លងទៅថ្មីៗនេះ នាយិកាអង្គការអុកស្វាមប្រចាំកម្ពុជា លោកស្រី លឹម សូលីន បានឱ្យដឹងថា ការទាញយកភោគផលពីវិស័យរ៉ែនិងប្រេងនៅកម្ពុជាគប្បីធ្វើឡើងដោយតម្លាភាព ដែលនេះជាគន្លឹះយ៉ាងសំខាន់សម្រាប់គ្រប់គ្រងលើវិស័យនេះឱ្យទទួលបានជោគជ័យ។

ប្រធានស្ថាប័នអន្តរជាតិប្រចាំកម្ពុជារូបនេះអះអាងបន្ថែមយ៉ាងដូច្នេះថា ពលរដ្ឋកម្ពុជាមានសិទ្ធិដឹងអំពីអត្ថប្រយោជន៍នៃគម្រោងនេះនឹងផ្តល់ដល់កម្ពុជាទាំងមូល ឬក៏មនុស្សជំនាន់ណាមួយក្នុងរយៈពេលណាមួយ ខណៈរ៉ែជាធនធានកម្រ និងមានតម្លៃ ដូច្នេះគណនីយភាពពិតជាមានសារសំខាន់ណាស់។
ប្រសាសន៍លោកស្រី លឹម សូលីន៖ «ចំណុចដែលសំខាន់គឺសួរថា តើការទាញយកធនធានរ៉ែ ទាំងរ៉ែរឹង និងរ៉ែទន់ ដែលយើងហៅថា ប្រេង និងឧស្ម័នទាំងអស់នោះពីក្រោមដី ក៏ដូចជាពីឈូងសមុទ្រ តើយើងត្រូវធ្វើតាមរបៀបណា? តើការទាញយករ៉ែទាំងអស់នោះគឺទី១ ធ្វើទៅតាមវិធីមួយដែលមិនប៉ះពាល់ទៅដល់ជីវភាពរស់នៅ ហើយបរិស្ថានសង្គមរបស់ប្រជាជនដែលរស់នៅជុំវិញតំបន់នោះទេ? តើធនធានដែលយើងប្រមូលបានពីវិស័យទាំងអស់នេះ បានជាប្រយោជន៍ទៅអ្នកណា?»

លោក ម៉េង សក្កធារ៉ា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងរ៉ែ និងថាមពល
លោក ម៉េង សក្កធារ៉ា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងរ៉ែ និងថាមពល

ឆ្លើយតបចំពោះការលើកឡើងនេះ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងរ៉ែ និងថាមពល លោក ម៉េង សក្កធារ៉ា បានឲ្យដឹងថា កម្ពុជាគ្រោងនឹងទាញយកដំណក់ប្រេងឆៅដំបូងពីក្នុងសមុទ្រខ្លួន នៅចុងឆ្នាំ២០១៩ ឬដើមឆ្នាំ២០២០ខាងមុខនេះ តាមរយៈក្រុមហ៊ុន Kris Energy (គ្រីសអែនណឺជី) ដែលមានមូលដ្ឋាននៅប្រទេសសឹង្ហបុរី។
ចាប់ពីឆ្នាំប្រមូលផលរហូតដល់ឆ្នាំ២០២៣ ជាពេលវេលាដែលទើបចាប់ផ្តើមទាញយករ៉ែនៅបាតសមុទ្រ ហេតុនេះរដ្ឋលេខាធិការូបនេះបញ្ជាក់ថា ផលដែលអាចទទួលបាននៅមានកម្រិត ប៉ុន្តែផលនោះរំពឹងថា នឹងកើនឡើងនាពេលបន្ទាប់។
ប្រសាសន៍ លោក ម៉េង សក្ដធារ៉ា៖ «យើងរំពឹងថា ក្រោយឆ្នាំ២០២៣ ជាអាណត្តិនៃការទទួលផល ពីឧស្សាហកម្មទាំងអស់ហ្នឹង។ ពេលដែលឧស្សាហកម្មទាំងអស់ហ្នឹងបានដើរពេញសមត្ថភាពហើយ [អ៊ី]ចឹងក្រោយឆ្នាំ២០២៣ទៅ យើងចាប់ផ្តើមទទួលផលហើយ។ នៅក្នុងដំណើរនឹងទាមទារឱ្យយើងយកចិត្តទុកដាក់មែនទែន ដើម្បីឱ្យយើងទទួលផលបានគ្រប់ ព្រោះផលដែលយើងទទួលបានមិនមែនតែផលសារពើពន្ធទេ។ វានៅមានផលសេដ្ឋកិច្ចជាច្រើនទៀតដូចជា ការបង្កើតការងារ ការប្រើប្រាស់ទំនិញ សេវាក្នុងស្រុក ដែលជាឧស្សាហកម្មគាំទ្រជាច្រើនទៀត ដែលត្រូវបង្កើតតាមក្រោយ តាមរយៈឧស្សាហកម្មហ្នឹង [ឧស្សាហកម្មប្រេង]»

អ្នកចូលរួមក្នុងវេទិកាអភិបាលកិច្ចវិស័យឧស្សាហកម្ម និស្សារណកម្ម (EIGF)
អ្នកចូលរួមក្នុងវេទិកាអភិបាលកិច្ចវិស័យឧស្សាហកម្ម និស្សារណកម្ម (EIGF)

វិស័យរ៉ែ ប្រេង និងឧស្ម័ន ជាប្រភពសក្តានុពល និងជាឱកាសដ៏អស្ចារ្យមួយ សម្រាប់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ចកម្ពុជា។ ទោះយ៉ាងនេះក្តី លោក ម៉េង សក្តធារ៉ា បញ្ជាក់ថា ប្រេងឆៅទាំងនោះមិនត្រូវបានចម្រាញ់នៅកម្ពុជានោះទេ ដោយត្រូវនាំចេញទៅទីផ្សារអន្តរជាតិ។

យោងតាមឯកសារពីក្រសួងធនធានរ៉ែ ក្រុមហ៊ុន Kris Energy បានចំណាយពេលវេលារុករកអស់រយៈពេលជាច្រើនឆ្នាំនៅប្លុក 1A ក្នុងដែនសមុទ្រកម្ពុជា ខណៈប្រតិបត្តិការរុករកប្រេងដំណាក់កាលដំបូងធ្វើឡើងនៅបីទីតាំង គឺ1A 1B 1C ។ ប្លុក 1A នេះមានចំនួន២០ អណ្តូង ដែលអាចទាញយកប្រេងបានប្រមាណ៨លានបារ៉ែល ក្នុងមួយអាយុកាល៕

ចែករំលែកតាម៖