ស្ត្រីខ្វះការយល់ដឹងពីជំងឺមហារីកមាត់ស្បូន

ស្ត្រីខ្វះការយល់ដឹងពីជំងឺមហារីកមាត់ស្បូន

ការសិក្សា​ស្រាវជ្រាវ​កាល​ពី​ឆ្នាំ​២០១៦ របស់​មជ្ឈមណ្ឌល​ព័ត៌មាន​នៃ​មេរោគ​HPV និង​មហារីក ដែល​ហៅ​កាត់​ថា ICO រក​ឃើញ​ថា ស្ត្រី​ខ្មែរ​ដែល​មាន​អាយុ​ចាប់​១៥​ឆ្នាំ​ឡើង​ទៅ​ជាង​៥​លាន​នាក់​កំពុង​ប្រឈម​នឹង​ហានិភ័យ​នៃ​ជំងឺ​មហារីក​មាត់​ស្បូន។ ចំណែក​របាយការណ៍​អង្គការ​សុខភាព​ពិភពលោក WHO បាន​ឱ្យ​ដឹង​ទៀត​ថា កម្ពុជា​គឺ​ជា​ប្រទេស​ដែល​មាន​ស្ត្រី​កើត​ជំងឺ​មហារីក​មាត់​ស្បូន​ច្រើន​ជាង​គេ​នៅ​បណ្តា​ប្រទេស​អាស៊ាន​ទាំង​១០។

ករណី​ធ្វេសប្រហែស​មិន​បាន​យកចិត្ត​ទុកដាក់​លើ​ជំងឺ​មហារីក​មាត់​ស្បូន​ពី​ដំបូង​ និង​បណ្ដោយ​ឱ្យ​ឈាន​ដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​បញ្ហា​ប្រឈម​ធំ​មួយ​ក្នុង​ចំណោម​ស្ត្រី​ខ្មែរ។

របាយការណ៍​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត​ទាក់ទិន​នឹង​ជំងឺ​មហារីក​បង្ហាញ​ថា ក្នុង​ឆ្នាំ​២០១៦​មាន​អ្នក​ជំងឺ​ជិត​២០០​នាក់ បាន​ទៅ​តាម​ដាន និង​ព្យាបាល​ជំងឺ​មហារីក​មាត់​ស្បូន ដោយ​ក្នុង​នោះ​អត្រា​នៃ​អ្នក​ជំងឺ​ស្ថិត​ក្នុង​ដំណាក់កាល​ធ្ងន់ធ្ងរ​ដូចជា ធ្លាក់​ឈាម និង​ឈឺ​រួយ​ចង្កេះ​មាន​អត្រា​ខ្ពស់។

វេជ្ជបណ្ឌិត ហែម រ៉ាឌី នាយផ្នែករងជំងឺមហារីកនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត
វេជ្ជបណ្ឌិត ហែម រ៉ាឌី នាយផ្នែករងជំងឺមហារីកនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត

នាយ​ផ្នែក​រង​ជំងឺ​មហារីក​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត​បាន​ឱ្យ​ដឹង​ថា រោគ​សញ្ញា​នៃ​ជំងឺ​មហារីក​មាត់​ស្បូន​ដំណាក់កាល​ដំបូង ដែល​ជា​ដំណាក់កាល​ស្រួចស្រាវ​បំផុត​នោះ គឺ​មិន​បាន​បង្ហាញ​ឱ្យ​អ្នក​ជំងឺ​បាន​ឃើញ​នោះ​ឡើយ ខណៈ​ការ​ឈាន​ដល់​ដំណាក់កាល​ទី​២ នឹង​ពិបាក​ក្នុង​ការ​ព្យាបាល ឬ​សង្រ្គោះ។

ប្រសាសន៍​វេជ្ជបណ្ឌិត ហែម រ៉ាឌី៖ «នៅ​ក្នុង​ដំណាក់កាល​ទី​២ យើង​អាច​ជួយ​អ្នក​ជំងឺ​បាន ប៉ុន្តែ​ភាគរយ​នៃ​ការ​ជួយ ភាគរយ​នៃ​ការ​ជា មិន​ល្អ​ដូច​ទៅ​ហ្នឹង​ដំណាក់កាល​ទី​១។ នៅ​ក្នុង​ដំណាក់កាល​ទី​១ ភាគរយ​ដែល​អាច​ជួយ​អ្នក​ជំងឺ​ខ្ពស់។ កាល​ណា​មហារីក​ដុំ​កាន់​តែ​ធំ ដំណាក់កាល​កាន់​តែ​ច្រើន ភាគរយ​នៃ​ការ​ជា​កាន់​តែ​ទាប​ទៅ។ រហូត​ដល់​ដំណាក់កាល​ទី​៤ មាន​ការ​រាលដាល​ទៅ​ដល់​កន្លែង​ផ្សេង កន្លែង​សួត កន្លែង​ថ្លើម នៅ​ពេល​នោះ​ភាគ​រយ​នៃ​ការ​ជា​គឺ​កាន់​តែ​តិច​បំផុត ឬ​ក៏​ថា​មិន​អាច​ជា​តែ​ម្តង»

នៅ​ក្នុង​ដំណាក់កាល​បន្ទាប់ វា​អាច​ស្ដែង​ឱ្យ​ដឹង​តាមរយៈ​ប្រដាប់​ភេទ​ស្ត្រី​មាន​ឈាម ឬ​មាន​ហៀរ​ទឹក​រងៃ និង​ឈឺ​ចុកចាប់ ខណៈ​រោគ​សញ្ញា​ចុងក្រោយ​អាច​ប៉ះពាល់​ទៅ​ដល់​ផ្នែក​ខាងក្រោម​នៃ​ពោះ ដោយសារ​ភាព​រីក​ធំ​នៃ​ស្បូន។ ចំពោះ​ករណី​ខ្លះ​វា​បណ្តាល​ឱ្យ​ឈឺ​ហើម​អវយវៈ​ខាងក្រោម និង​អាច​លេច​ចេញ​នូវ​អាការ​កង្វះ​ឈាម​ក្រហម ស្គមស្គាំង​គ្រុន​ក្តៅ អាការរីងរៃ និង​អាការ​ហេវ​ហត់​ជាដើម។ នេះ​បើ​តាម​របាយការណ៍​របស់ WHO។

ដា គឺ​ជា​ឈ្មោះ​តំណាង​ឱ្យ​ស្ត្រី​ម្នាក់​រងគ្រោះ​ដោយសារ​ជំងឺ​មហារីក​មាត់​ស្បូន​ស្ទើរ​បាត់បង់​ជីវិត។ អ្នកស្រី​ត្រូវ​កាត់​ស្បូន​ចេញ ដើម្បី​ការពារ​ជីវិត​ក្រោយ​ពិនិត្យ​ឃើញ​ថា ដុំ​សាច់​ដែល​ដុះ​នៅ​មាត់​ស្បូន​របស់​គាត់ គឺ​ជា​ដុំ​សាច់​កាច។ ស្ថិត​ក្នុង​វ័យ​ជិត​៥០​ឆ្នាំ ស្ត្រី​ដែល​មាន​ស្រុក​កំណើត​ក្នុង​ខេត្ត​កំពង់ធំ​រូប​នេះ​បាន​ឱ្យ​ដឹង​ថា អ្នកស្រី​ធ្លាក់​ក្នុង​ស្ថានភាព​បែប​នេះ ក៏​ព្រោះ​តែ​ខ្លួន​ធ្វេស​ប្រហែស​មិន​បាន​តាម​ដាន​សុខភាព​មាត់​ស្បូន តាម​ការ​ណែនាំ​របស់​ក្រុម​គ្រូពេទ្យ​ជំនាញ។

ប្រសាសន៍​អ្នកស្រី ដា៖ «ដំបូង​ហ្នឹង​គឺ​យើង​ធ្លាប់​ស្ទាប​មាត់​ស្បូន​យើង យើង​ដឹង​ថា​ដូច​ជា​គ្រាប់​មុន ហើយ​ទៅ​យើង​ក៏​ទៅ​ពេទ្យ​រ៉ាក់ (RHAC) ហ្នឹង ឱ្យ​គេ​ពិនិត្យ​រួច​គេ​ថា អា​ហ្នឹង​ដូចជា​គ្រាប់​មុន​ទេ បន្តិច​ទៀត​វា​ជ្រុះ​ហើយ។ ប៉ុន្តែ​គេ​ឱ្យ​យើង​ឧស្សាហ៍​មក​ពិនិត្យ​មួយ​ឆ្នាំ​ម្តង។ ខ្ញុំ​ពិនិត្យ​បាន​កាល​ពី​ឆ្នាំ​២០១២ និង​២០១៤។ ដល់​រំលង​២​ឆ្នាំ​មក​ទៀត ចាប់​ផ្តើម​មក​ពី​២០១៦​ហ្នឹង វា​ធ្វើ​ទុក្ខ​យើង ទៅ​បត់​ជើង​តូច​ហ្នឹង​ស្រាប់​តែ​ឈាម​ស្រក់​មក»។

បន្ទាប់​ពី​បណ្តែត​បណ្តោយ​ឱ្យ​អាការជំងឺ​ធ្ងន់ធ្ងរ​រហូត​ដល់​ត្រូវ​កាត់​ស្បូន​ចេញ អ្នកស្រី ដា តែង​ទៅ​តាមដាន​សុខភាព​មាត់​ស្បូន​ជា​ប្រចាំ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត។ និយាយ​ដោយ​គ្មាន​លាក់លៀម អ្នកស្រី ដា បង្ហាញ​អារម្មណ៍​សោកស្តាយ​និង​លើក​ទឹក​ចិត្ត​ឱ្យ​ស្ត្រី​ទាំងអស់​គួរ​យកចិត្ត​ទុកដាក់​លើ​ជំងឺ​នេះ។

ប្រសាសន៍​អ្នកស្រី ដា៖ «ខ្ញុំ​វា​ហួស​ពេល​ហើយ ដោយសារ​យើង​នឹក​ស្មាន​មិន​ដល់​បើ​វា​មិន​ដឹង​ថា វា​ធ្លាក់​មក​ដល់​យើង​ប៉ុណ្ណឹង អាយុ​ទើប​ប៉ុណ្ណឹង​មិន​ដឹង​ខ្លួន​សោះ។ អាហ្នឹង​ឱ្យ​កូន​ខ្មែរ​សា​ក្រោយ​ត្រូវ​ចាក់​(វ៉ាក់សាំង) គេ​មាន​ថ្នាំ​អី​ការពារៗ​ឱ្យ​ហើយ​ទៅ​ពី​ក្មេងៗ​ទៅ ព្រោះ​អា​នេះ​មាន​ថ្នាំ​ការពារ​ពី​ក្មេង​មក មិន​ដូច​ជំនាន់​ខ្ញុំ​ហ្នឹង ពេល​ដល់​ខ្ញុំ​ទៅ​ពិនិត្យ​សង្ស័យ​ខ្លួន​ឯង​ហើយ បាន​គេ​ថា​មាន​ថ្នាំ (វ៉ាក់សាំង) ហ្នឹង ដល់​ពេល​ហួស​ពេល​អត់​ចាក់​បណ្តោយ»។

ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ពី​ជំងឺ​នេះ វេជ្ជបណ្ឌិត ហែម រ៉ាឌី ណែនាំ​ដល់​ស្ត្រី​គ្រប់​រូប​ត្រូវ​តាម​ដាន​សុខភាព​មាត់​ស្បូន​ជា​ប្រចាំ ដោយ​យ៉ាង​ហោច​ណាស់​ក្នុង​មួយ​ឆ្នាំ​ត្រូវ​ពិនិត្យ​មាត់​ស្បូន​ម្តង និង​ត្រូវ​ពិនិត្យ​ឱ្យ​បាន​ជាប់​ក្នុង​រយៈពេល​ពី​៦​ទៅ​១០​ឆ្នាំ។

លោក​វេជ្ជបណ្ឌិត ហែម រ៉ាឌី៖ «ទៅ​ដល់​ស្ត្រី​ទាំងអស់ នៅ​ទី​ជិត​ទី​ឆ្ងាយ​នៅ​ក្នុង​ស្រុក​ខ្មែរ ជាពិសេស​គឺ​អ្នក​នៅ​ឆ្ងាយ ពីព្រោះ​អី អ្នក​ឆ្ងាយ​ការ​យល់​ដឹង​របស់​គាត់​ទាប។ សូម​កុំ​ឱ្យ​ខ្មាស់អៀន នៅ​ពេល​ដែល​មាន​បញ្ហា ហ៊ាន​និយាយ​ប្រាប់ ពឹងពាក់​អ្នក​នៅ​ជុំវិញ​ខ្លួន…មាន​បញ្ហា​នៅ​មាត់​ស្បូន ឬ​បញ្ហា​ធ្លាក់​ឈាម ធ្លាក់​ស ឈឺ​រ៉ាំរ៉ៃ​នៅ​កន្លែង​ហ្នឹង មិន​ស្រួល។ អ៊ឹចឹង​ហើយ នៅ​ពេល​មាន​រោគសញ្ញា​ទាំងអស់​ហ្នឹង​ហើយ គឺ​ត្រូវ​តែ​មក​ជួប​គ្រូពេទ្យ»។

យុវតី​មួយ​រូប នៅ​រាជធានី​ភ្នំពេញ​បាន​ឱ្យ​ដឹង​ថា ដោយសារ​តែ​ជំងឺ​មហារីក​មាត់​ស្បូន​នេះ កាចសាហាវ​ខ្លាំង កញ្ញា​ចង់​ឱ្យ​ភាគី​ពាក់ព័ន្ធ ជាពិសេស​រដ្ឋាភិបាល​ជំរុញ លើក​កម្ពស់​ការ​យល់ដឹង​ដល់​ស្ត្រី​កម្ពុជា​ពី​បញ្ហា​នេះ។ ការ​លើក​ឡើង​នេះ ដោយ​យោង​តាម​បទពិសោធ​របស់​ខ្លួន ដែល​កន្លង​មក​នាង​ពុំ​សូវ​ទទួល​បាន​ព័ត៌មាន​ពី​ជំងឺ​នេះ ពេល​ខ្លួន​កំពុង​សិក្សា​ថ្នាក់​ចំណេះដឹង​ទូទៅ ទាក់ទិន​នឹង​ការ​ការពារ ឬ​ដំណាក់កាល​នៃ​ជំងឺ​មហារីក​មាត់​ស្បូន​នេះ​ជា​ដើម។

សំឡេង​កញ្ញា ខ្លឹម ប៉ូតា៖ «ខ្ញុំ​ចង់​ឱ្យ​គាត់​បង្កើត​កន្លែង​បណ្តុះ​បណ្តាល​ណា​មួយ ដើម្បី​ឱ្យ​ស្ត្រី ជា​ម្តាយ​ឱ្យ​គាត់​យល់ និង​ស្ត្រី​ក្មេងៗ​ហ្នឹង ឱ្យ​គាត់​កាន់​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ខ្លួន​ឯង។ ហើយ​ខ្ញុំ​ចង់​ឱ្យ​រដ្ឋាភិបាល​ហ្នឹង គាត់​អាច​ផ្តល់​ជូន​ដោយ​ឥត​គិត​ថ្លៃ​ចំពោះ​វ៉ាក់សាំង (ការពារ​ជំងឺ​មហារីក​មាត់​ស្បូន) ហ្នឹង​ទៅ​ដល់​ក្មេងៗ​ស្រីៗ ពីព្រោះ​ថា ជំងឺ​ហ្នឹង គឺ​កើត​តែ​លើ​ភេទ​ស្ត្រី។ អ៊ឹចឹង​ខ្ញុំ​ចង់​ឱ្យ​គាត់​មាន​គោល​នយោបាយ​ណាមួយ ដើម្បី​ជួយ​ដល់​ស្ត្រី»៕

ចែករំលែកតាម៖