អ្វីទៅជាពិធីពូនភ្នំខ្សាច់ មានប្រវត្តិមកពីណា?

អ្វីទៅជាពិធីពូនភ្នំខ្សាច់ មានប្រវត្តិមកពីណា?

ពិធី​ពូន​ភ្នំខ្សាច់ ជា​ការ​ប្រតិបត្តិ​តាម​បែប​សាសនា ដែល​ត្រូវ​បាន​ធ្វើឡើង​នៅ​ថ្ងៃ​ឡើង​ស័ក ឬ​ថ្ងៃ​ទី​៣​នៃ​ពិធី​បុណ្យចូល​ឆ្នាំខ្មែរ។ ជាទូទៅ​ព្រះសង្ឃ និង​អាចារ្យ​គណៈកម្មការវត្តអារាម​នានា តែង​រៀបចំ​នៅ​ជ្រុង​ព្រះវិហារ ឬក៏​នៅ​មុខ​ព្រះវិហារ​ជាដើម។

ការ​ពូនភ្នំខ្សាច់ មាន​កំណើត​តាំងពី​ខ្មែរ​ទទួល​ឥទ្ធិពល​ពី​ព្រហ្មញ្ញសាសនា។ ការពូនភ្នំខ្សាច់​នេះ គេ​មិនមែន​ធ្វើ​តែ​ក្នុង​ឱកាសចូល​ឆ្នាំ​ប៉ុណ្ណោះ​ទេ សូម្បី​តែ​ពិធីផ្សេងៗ​ក៏​គេ​និយម​ធ្វើ​ដែរ ព្រោះ​គេ​ជឿថា ជា​ការរំដោះកម្ម​ពៀរវេរា​ដែល​ធ្វើ​អាក្រក់​កន្លង​មក។ ទាំងនេះ​បើ​តាម​ប្រធាន​គ្រប់គ្រង​នៃ​ភូមិគ្រឹះអប់រំចិត្ត​ផ្កាឈូក លោក ធឿន វុទ្ធី។

ប្រសាសន៍​លោក ធឿន វុទ្ធី៖ «ប៉ុន្តែ​ជំនឿ​ខ្មែរខ្លះ​នៅ​គិតថា ពិធី​[ពូនភ្នំខ្សាច់]​នេះ​ពិតជា​អាច​ជួយរំដោះ ថ្វីត្បិត​តែ​មិន​អាច​លាង​នូវ​កម្មពៀរវេរាបាបកម្ម​ដែល​យើង​សាង ប៉ុន្តែ​ជា​កិច្ច​មួយ​ជួយ​រំដោះកម្ម​ហ្នឹង​បាន​ខ្លះ។ [អ៊ី]ចឹង​គោលបំណង​សំខាន់​គឺ ធ្វើ​ពិធី​ហ្នឹង​ដើម្បី​រំដោះកម្មពៀរ ហើយ​ជា​ការ​ជួបជុំ​គ្នា​ផង​ដែរ។ [វា]​ជា​ការជួបជុំ​សាមគ្គីគ្នា បំពេញបុណ្យ​បំពេញកុសល​ទាំងអស់គ្នា»។

លោក ធឿន វុទ្ធី ប្រធាន​គ្រប់គ្រង​នៃ​ភូមិគ្រឹះអប់រំចិត្ត​ផ្កាឈូក
លោក ធឿន វុទ្ធី ប្រធាន​គ្រប់គ្រង​នៃ​ភូមិគ្រឹះអប់រំចិត្ត​ផ្កាឈូក

ពំនូកខ្សាច់ ដែល​ត្រូវ​បាន​ពូនជា​បួន​ពំនូក ប្រាំ​ពំនូក ប្រាំពីរ​ពំនូក ឬប្រាំបួន​ពំនូក អាស្រ័យ​ទៅ​តាម​ការយល់​ឃើញ​របស់​វត្តអារាម​នីមួយៗ ប៉ុន្តែ​ភាគច្រើន​គេ​ពូនប្រាំពំនូក។ នេះ​បើ​តាមព្រះសុមេធវង្សបណ្ឌិត សុខ ប៊ុនធឿន ចៅអធិការវត្ត​នន្ទមុនី ប្រធាននាយកដ្ឋាន​ពុទ្ធិកឧត្តមសិក្សា និង​ក្រោយពុទ្ធិក​ឧត្តមសិក្សានៃ​អគ្គាធិការដ្ឋានពុទ្ធិក​សិក្សាជាតិ។

ព្រះអង្គ​បន្ត​ពី​អត្ថន័យ​លម្អិត​នៃ​ពំនូក​នោះយ៉ាង​ដូច្នេះថា៖ «ចាស់ៗ​យើង​ថា តំណាង​ឱ្យ​ព្រះចូឡាមណីចេតិយ ដែល​ជា​ចេតិយ​មួយ ដែល​ពពួកទេវតា​បាន​កសាង​ឡើង​ដើម្បី​តម្កល់​ព្រះកេសា គឺ​សក់​របស់​ព្រះសម្មាសម្ពុទ្ធ និង​ព្រះចង្កូមកែវ​របស់ព្រះសម្មាសម្ពុទ្ធ​នៅ​ក្នុងស្ថាន​ត្រៃត្រិង្ស។ អ៊ីចឹង​គេ​ពូនភ្នំខ្សាច់កណ្តាល​ឱ្យ​ធំជាងគេ។ ហើយ​បួន​អមសងខាង​តំណាង​ឱ្យភ្នំ ឬ​ព្រះចេតិយ ដើម្បី​តម្កល់​នូវ​អដិធាតុ​របស់​អគ្គសាវធំៗ​ទាំង៤​ព្រះអង្គ មាន​ព្រះសរិបុត្រ ព្រះមហាមោគលាន ជា​ដើមហ្នឹង​ក្នុងន័យមួយ​ទៅ។ ក្នុង​ន័យមួយ​ទៀត ការពូន​ភ្នំខ្សាច់​ក៏​គេផ្សាភ្ជាប់​ទៅ​ហ្នឹង​ភ្នំព្រះសុមេរុ ដែល​ខ្ពស់ជាង​គេ ហើយអមសងខាង​តំណាង​ឱ្យស្ថាន​ទេវតា​ធំ​ទាំង​បួន​ដែល​នៅព័ន្ធ​ជុំវិញ​ភ្នំ​ព្រះសុមេរុនោះ»។

ព្រះសុមេធវង្សបណ្ឌិត សុខ ប៊ុនធឿន ចៅអធិការវត្ត​នន្ទមុនី ប្រធាននាយកដ្ឋាន​ពុទ្ធិកឧត្តមសិក្សា និង​ក្រោយពុទ្ធិក​ឧត្តមសិក្សា នៃ​អគ្គាធិការដ្ឋានពុទ្ធិក​សិក្សាជាតិ
ព្រះសុមេធវង្សបណ្ឌិត សុខ ប៊ុនធឿន ចៅអធិការវត្ត​នន្ទមុនី ប្រធាននាយកដ្ឋាន​ពុទ្ធិកឧត្តមសិក្សា និង​ក្រោយពុទ្ធិក​ឧត្តមសិក្សានៃ​អគ្គាធិការដ្ឋានពុទ្ធិក​សិក្សាជាតិ

បើតាម​ លោក ធឿន វុទ្ធី ក្នុង​មហាសំការ​សូត្រ ដែល​មាន​ចែង​ក្នុង​គម្ពីរ​សុត្តជាតក​បាន​តំណាល​ថា ពេល​សង្ក្រាន្តឆ្នាំថ្មី​ជិត​មក​ដល់ ព្រះបាទ បសេនទិកោសល បាន​ទទួល​សួរថា ក្រោយ​ពេលព្រះសម្មាសម្ពុទ្ធ​ថា ទៅ​ដល់​សង្រ្កាន្តចូលឆ្នាំថ្មី​ម្តងៗ តើ​ខ្ញុំ​ព្រះអង្គ​គួរ​បំពេញកុសលអ្វីខ្លះ? ព្រះពុទ្ធត្រាស់​ថា គួរសាង​វា​លុកចេតីយ នៅ​ឆ្នេរស្ទឹង​មួយ ហើយ​នាំ​យក​គ្រឿងសក្ការៈ ទៀន ធូប គ្រឿង​ក្រអូប ផ្កា​ជា​ដើម​មក​បូជា​ចុះ។ 

ទាក់ទង​នឹង​អានិសង្ស​នេះ​វិញ ព្រះសុមេធវង្ស​បណ្ឌិត សុខ ប៊ុនធឿន បាន​ពន្យល់​ថា បុគ្គល​ណា​ដែល​បាន​ពូនភ្នំខ្សាច់ នឹង​មាន​ទ្រព្យធន​ច្រើន មាន​សេចក្តីសុខ​ទាំងក្នុង​ពេលបច្ចុប្បន្ន​និង​ទៅ​អនាគតជាតិ។

ព្រះសុមេធវង្ស​បណ្ឌិត សុខ ប៊ុនធឿន៖ «អានិសង្ស​កើតចេញ​មក​អំពីកិច្ច​កសាង។ យើង​យក​ខ្សាច់​ទៅ​កសាង​នូវ​សមិទ្ធិផល។ អ៊ីចឹង​ទៅ រមែង​មាន​ទ្រព្យធន​ច្រើន​ហើយ​រមែងទទួល​បាន​សេចក្តីសុខ​នៅ​ក្នុង​ជាតិ​ណាមួយ ហើយ​ជា​ពិសេសកើត​នៅ​ក្នុងត្រកូល​ពីរ គឺទី១​ ត្រកូលក្សត្រ ហើយ​ទី២ ត្រកូលព្រាហ្មណ៍ នេះ​ជា​អានិសង្ស​ដែល​កើតឡើង​អំពីពិធី ​ឬក៏​កិច្ចបូជា​ពូនភ្នំខ្សាច់​នេះដែរ»។

ដោយ​ឡែក ទាក់ទង​នឹង​ពិធី​ពូន​ភ្នំ​ខ្សាច់​នេះ​ដែរ សៀវភៅ​លំអាន​ទំនៀម​ខ្មែរបុរាណ ភាគ១ របស់​លោក ញាណ ភឿន និងលោក ម៉ម ឆៃ ឆ្នាំ២០០៤ សរសេរ​រៀបរាប់​ពី​ជំនឿ​ខ្លះ​របស់​ពុទ្ធ​បរិស័ទ​ដែល​មិន​ពាក់ព័ន្ធ​នឹង​ទ្រឹស្ដី​នៃ​ព្រះពុទ្ធ​សាសនា។ អាចារ្យ​ខ្លះ​បាន​យក​ពិធី​ពូន​ភ្នំ​ខ្សាច់​ទៅ​ប្រារព្ធ​ជា​ពិធី​កម្ម​ផ្សេងៗ​តាម​របៀប​ព្រហ្មញ្ញ​សាសនា​ទៅ​វិញ។ តួ​យ៉ាង​ពេល​មនុស្ស​មាន​អាយុ​គត់​ឆ្នាំ ឬ​មនុស្ស​មាន​ជំងឺ​ជា​ដើម គេ​តែង​ពូន​ភ្នំ​ខ្សាច់​ដើម្បី​រំដោះ​គ្រោះ ឬ​លើក​រាសី​ដែល​គេ​ជឿ​ថា ក្រោយ​ពី​គេ​រៀបចំ​ពិធី​នេះ​ហើយ ជំងឺ និង​គ្រោះ​ភយន្តរាយ​ផ្សេងៗ​នឹង​វិនាស​សាបសូន្យ៕

ចែករំលែកតាម៖