មន្ទីរពិសោធន៍ជីវសាស្ត្រដំបូងគេបង្អស់នៅកម្ពុជា ទទួលបានវិញ្ញាបនបត្រ ISO ពីបារាំង

មន្ទីរពិសោធន៍ជីវសាស្ត្រដំបូងគេបង្អស់នៅកម្ពុជា ទទួលបានវិញ្ញាបនបត្រ ISO ពីបារាំង

ក្រុមការងារកំពុងពិសោធ

មន្ទីរ​ពិសោធន៍​ជីវ​សាស្ត្រ​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ទទួល​បាន​វិញ្ញា​បនបត្រ ISO 15189 នៅ​ចុង​ឆ្នាំ ២០១៨ ពី​គណៈ​កម្មាធិការ​វាយ​តម្លៃ​ទទួល​ស្គាល់​គុណ​ភាព​ប្រទេស​បារាំង ហៅ​កាត់ថា (COfrac) ។

ការ​ទទួល​បាន​វិញ្ញា​បនបត្រ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ស្ថាប័ន​នេះ បាន​ដាក់​ពាក្យ​ស្នើ​សុំ កាល​ពី​ចុង​ឆ្នាំ ២០១៧ ហើយ​ទទួល​បាន​ការ​វាយ​តម្លៃថា ​បាន​បំពេញ​គ្រប់​លក្ខ​ខណ្ឌ​ស្តង់ដា​នៃ​គ្លីនិក​ជីវ​សាស្ត្រដូច​ជា ជីវ​គីមី លោហិតសាស្ត្រ សេរ៉ូម​សាស្ត្រ​រក​ជំងឺ​ឆ្លង បាក់​តេរី​សាស្ត្រ និង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​រក​មេ​រោគ​របេង​ជាមួយ GenXpert។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​វិទ្យា​ស្ថាន​ប៉ាស្ទ័រ​កម្ពុជា។

តាម​ប្រភព​ដដែល មន្ទីរ​ពិសោធន៍​នេះ បាន​អនុ​វត្ត​គោលការណ៍​ធានា​គុណ​ភាព​មួយ​ក្នុង​បរិបទ​នៃ​បេសកកម្ម​ការ​វាយ​តម្លៃ​រោគ​វិនិច្ឆ័យ និង​ជំនួយ​ព្យាបាល ដោយ​ត្រឹម​ត្រូវតាម​ស្តង់ដាអន្តរជាតិ NF EN ISO 15189: 2012 របស់​មន្ទីរ​ពិសោធន៍​នានា​នៅ​ប្រទេស​បារាំង។

ក្រុមការងារនៃវិទ្យាស្ថាន​ប៉ាស្ទ័រ​
ក្រុមការងារនៃវិទ្យាស្ថាន​ប៉ាស្ទ័រ​

ជាង​នេះ​ទៅ​ទៀត ការ​ទទួល​បាន​វិញ្ញា​បនបត្រ​នេះ បាន​បង្ហាញ​ពី​សមត្ថ​ភាព​បច្ចេកទេស​នៃ​មន្ទីរ​ពិសោធន៍ និង​ប្រតិ​បត្តិ​ការ​ត្រឹម​ត្រូវ​មួយ របស់​មន្ទីរ​ពិសោធន៍​របស់​កម្ពុជា។ វា​ក៏​ជា​ភស្តុតា​ងច្បាស់​លាស់ ដែល​បញ្ជាក់​ពី​គោលការណ៍​ធានា​គុណ​ភាព​របស់​កម្ពុជា ដើម្បី​បង្កើន​អត្ថ​ប្រយោជន៍​ជា​អចិន្រ្តៃយ៍​ដល់​អតិថិជន និង​គ្រូពេទ្យ​ចេញ​វេជ្ជបញ្ជា​ផង​ដែរ។

វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា គឺ​ជា​គ្រឹះស្ថាន​មិន​រក​ប្រាក់​ចំណេញ​នៅ​កម្ពុជា ដែល​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៥៣ ដើម្បី​ចូល​រួម​ក្នុង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ ការ​ស្រាវ​ជ្រាវ និង​ការ​ការពារ​ជំងឹ​ឆ្លង។ មន្ទីរ​ពិសោធន៍​នេះ ក៏​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ប្តេជ្ញា​ស្វែង​រក​វិធី​សាស្ត្រ​ល្អ​បំផុត ក្នុង​ការ​ផ្តល់​សេវា​ដែល​មាន​គុណ​ភាព ជឿ​ទុក​ចិត្ត​បាន និង​ទាន់​ពេលវេលា​ដល់​អ្នក​ជំងឺ​របស់​ខ្លួន៕

ចែករំលែកតាម៖