រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ប្រាប់​ក្រុមហ៊ុន​ឯកជន​កុំគិតតែ​ប្រាក់​ចំណេញ​គឺ​ត្រូវ​គិត​ពី​សង្គម​ផង

រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ប្រាប់​ក្រុមហ៊ុន​ឯកជន​កុំគិតតែ​ប្រាក់​ចំណេញ​គឺ​ត្រូវ​គិត​ពី​សង្គម​ផង

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ថ្លែងក្នុងពិធីសម្ពោធរោងចក្រផលិត “មីជាតិ” ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ (រូបក្រុមហ៊ុន)

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ទាំងអស់​អនុវត្ត​ការទទួល​ខុសត្រូវ​ផ្នែក​សង្គម​របស់​ក្រុមហ៊ុន​ឱ្យបាន​អតិបរមា  គោរព​តាមក្រឹត្រក្រម​និង​ស្តង់ដារ​បរិស្ថាន និង​បង់ពន្ធ​ជូន​រដ្ឋ ដោយមិនត្រូវ​ផ្តោតតែ​លើ​ប្រាក់​ចំណេញ​មួយ​មុខ​នោះទេ។

ការថ្លែង​របស់​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ធ្វើឡើង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជាផ្លូវការ​រោងចក្រ​ផលិត “មី​ជាតិ” ក្នុង​ភូមិ​ត្រពាំង​ពោធិ សង្កាត់​គោករការ ខណ្ឌ​ពោធិ៍សែន​ជ័យ កាលពី​ថ្ងៃទី២ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។

នៅក្នុង​ពិធី​ដដែល​នេះ លោក​ឧបនាយករដ្ឋមន្ត្រី​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​បង្កើន​ការគាំទ្រ​ផលិត​ផល​ក្នុងស្រុក​ឱ្យបាន​ខ្លាំងក្លា ដើម្បី​លើកកម្ពស់​សហគ្រាស​ក្នុង​ស្រុក។

លោកស្រី ជឹង សុគន្ធាវី នាយិកា​ក្រុមហ៊ុន One More Manufacturing​ Co. Ltd ក្រុមហ៊ុន​លោកស្រី​បង្កើត​រោងចក្រ​មី​នេះ​ឡើង​ក្នុង​គោលបំណង​៣ គឺ​ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍវិស័យ​​ផលិត​ចំណីអាហារ​ក្នុងស្រុក​ឱ្យ​មាន​ភាពជឿនលឿន បំពេញ​តម្រូវការ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​តាមរយៈ​ការផលិត​ចំណី​អាហារ​នៅក្នុងស្រុក​ដែល​ប្រកបដោយ​អនាម័យ​ សុវត្ថិភាព​និង​ស្តង់ដា​រ និង​ដើម្បី​ចូលរួមបង្កើត​ឱកាស​ការងារ​ថ្មីៗ​បន្ថែមទៀត​សម្រាប់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន។

លោកស្រី​អះអាង​ថា មី​ជាតិ​ត្រូវបាន​ផលិត​ដោយ​ស្នាដៃ​ខ្មែរ​និង​រក្សានូវ​បែបផែន​រសជាតិ​ខ្មែរ​ដោយប្រើ​គ្រឿងផ្សំ​ក្នុងស្រុក​និង​បរទេស​ដែល​មាន​គុណភាព​ដូចជា​ប្រទេស​អូស្រ្តាលី សិង្ហបុរី និង​ម៉ាឡេស៊ី ដោយ​ប្រើប្រាស់​ម៉ាស៊ីន​បច្ចេកវិទ្យា​ជប៉ុន។

លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន លើកឡើង​ថា កិច្ចដំណើរការ​នៃ​រោងចក្រ​មី​ក្នុង​ស្រុក​ដ៏​ធំ​និង​ទំនើប​នេះ បានបង្ហាញ​ពី​ការរួមចំណែក​មួយ​ថ្មីទៀត​ពី​វិស័យ​ឯកជន​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កម្ពុជា ជាពិសេស​ការ​ធ្វើ​ពិពិធកម្ម​មូលដ្ឋាន​សេដ្ឋកិច្ច​ក៏ដូចជា​ការបង្កើត​ឱកាស​ការងារ​និង​បង្កើន​ប្រាក់ចំណូល​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ដែលនឹង​រួមចំណែក​ក្នុង​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ៕

ចែករំលែកតាម៖