ឯកជន និងសង្គមស៊ីវិលសហការកម្មវិធីពិនិត្យភ្នែកដោយមិនគិតថ្លៃ

ឯកជន និងសង្គមស៊ីវិលសហការកម្មវិធីពិនិត្យភ្នែកដោយមិនគិតថ្លៃ

ប្រជាពលរដ្ឋ​ដែល​មក​ពី​បណ្ដា​ខេត្ត​យ៉ាង​ច្រើន​កុះករ បាន​ធ្វើ​ដំណើរ​មក​កាន់​គ្លីនិក​ភ្នែក​ភ្នំពេញ​ដើម្បី​អង្គុយ​រង់ចាំ​ចាប់​លេខ​រៀង​និង​ចុះ​ឈ្មោះ​ចូលទៅ​ពិនិត្យ​ភ្នែក​របស់​ពួក​គាត់។

ស្ថិត​នៅ​ក្នុង​ទឹក​មុខ​រីករាយ លាយឡំ​ជា​មួយ​និង​ក្តី​ព្រួយ​បារម្ភ​ផង​នោះ កសិករ វ័យ​៦៣​ឆ្នាំ លោក​ចេង ភឿង រស់​នៅ​ភូមិ-ឃុំ​កញ្ចំ ស្រុក​ពារាំង ខេត្ត​ព្រៃវែង មាន​បញ្ហា​ស្រវាំង​ភ្នែក មើល​មិន​ច្បាស់ បាន​ធ្វើ​ដំណើរ​ពី​ខេត្ត​ព្រៃវែង មក​កាន់​ទីក្រុង​ភ្នំពេញ ដើម្បី​ធ្វើ​ការ​ពិនិត្យ និង​ព្យាបាល​ភ្នែក​របស់​គាត់។

បុរស​ចំណាស់​រូប​នេះ​បន្ត​ថា ភ្នែក​លោក​ស្រវាំង​អស់​រយៈ​ពេល​១​ឆ្នាំ​ហើយ ប៉ុន្តែ​គាត់​មិន​ដែល​ធ្លាប់​ទៅ​រក​សេវា​ពិនិត្យ ព្យាបាល នៅ​គ្លីនិក​ឯកជន ឬ​ក៏​មន្ទីរ​ពេទ្យ​រដ្ឋ​ណា​ឡើយ ដោយ​ហេតុ​តែ​កម្រិត​ជីវភាព និង​បារម្ភ​ពី​ខ្ទង់​ចំណាយ។

លោក ​ចេង ភឿង កសិករ
លោក ​ចេង ភឿង កសិករ

លោក ចេង ភឿង បាន​ពន្យល់​ពី​មូលហេតុ​ដែល​ធ្វើ​ឱ្យ​លោក​សម្រេច​ចិត្ត មក​ធ្វើ​ការ​ព្យាបាលភ្នែក​នៅ​គ្លីនិកភ្នែក​ភ្នំពេញ​ថា« ការ​ដែល​គេ​ព្យាបាល​អត់​យក​លុយ​ហ្នឹង វា​ល្អ​មែន​ទែន​ចំពោះ​អ្នក​ដែល​ខ្សត់ខ្យោយ​លុយ ចំពោះ​អ្នក​ដែល​គេ​មាន​លុយ​គឺ​អត់​ចាំ​បាច់​ពិបាក​អ្វី​នោះ​ទេ ម៉ោង​ណា​ពេល​ណា​ក៏​គេ​អាច​ព្យាបាល​បាន​ដែរ តែ​ចំពោះ​អ្នក​អត់​លុយ​ទាល់​តែ​មាន​ឱកាស​ដូច​គេ​ផ្សព្វផ្សាយ​ចឹង អាហ្នឹង​បាន​[គេ]​មក​[ព្យាបាល]​បាន តែ​(អ៊ី)​ចឹង​[គឺ]​អត់​[បាន​ព្យាបាល]​ដែរ​ហ្នឹង​តាមដំណើរ»។

ជុំ​វិញ​រឿងរ៉ាវ​ដែល​អ្នកជំងឺ​មិនហ៊ាន​ចំណាយ​ប្រាក់ ស្វែង​រក​សេវា​ព្យាបាលភ្នែក​នៅ​តាម​គ្លីនិក​ឯកជន និង​តាម​មន្ទីរពេទ្យ​នានា​នោះ វា​មិន​មែន​កើត​ឡើង​តែ​ចំពោះ លោក ចេង ភឿង តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អាជីវករ​លក់​ដូរ​នៅ​ផ្សារ​ដើមគរ​ម្នាក់​ទៀត អ្នកស្រី នេត ស៊ីម ក៏​បាន​លើក​ឡើង​នូវ​បញ្ហា​ស្រដៀង​គ្នា​ផង​ដែរ។

អ្នក​ស្រីនេត ស៊ីម បាន​ប្រាប់​ឱ្យ​ដឹង​ពី​ភាព​ល្អ​ប្រសើរ​ក្នុង​ការ​ព្យាបាល​មិន​អស់​ថវិកា​ថា៖« ល្អ​ច្រើន​បង​សម្រាប់​ប្រជាជន​ដែល​អត់​[លុយ] គាត់​មាន​ឱកាស​មក​ពិនិត្យភ្នែក​ច្រើន ព្រោះ​អី​កន្លែង​ខ្លះ​ពិនិត្យ​អស់​[លុយ]​ច្រើន»។

អ្នកស្រី នេត ស៊ីម អាជីវករ​លក់​ដូរ​នៅ​ផ្សារ​ដើមគរ​
អ្នកស្រី នេត ស៊ីម អាជីវករ​លក់​ដូរ​នៅ​ផ្សារ​ដើមគរ​

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ និង​ការងារ​ជាក់ស្តែង​នៅ​សហគមន៍ ទើប​អង្គការ​សកម្មភាព​យុវជន​កម្ពុជា CYA បាន​ស្វែងរក​ដៃគូ​សហការ ដែល​ជំនាញ​ខាង​ភ្នែក​មក​ព្យាបាល​ដល់​ពលរដ្ឋ​កម្ពុជា។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ស្ថាបនិក​អង្គការ CYA លោក សន សុផាត។

លោក សន សុផាត បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ដោយ​សារ​តែ​ CYA យើង​ធ្វើការ​នៅ​ក្នុង​សហគមន៍ដែរ ចឹងយើងឃើញ​ប្រជាជនយើង​ជា​ច្រើន​មាន​បញ្ហាទាក់ទងនឹង​ភ្នែក ប៉ុន្តែអ្វីដែលធ្វើឱ្យគាត់ពិបាកនោះគឺ ​គាត់មានបញ្ហាភ្នែក តែគាត់អត់ដឹង គាត់ក៏មិនហ៊ានទៅពិនិត្យនិងព្យាបាល ឱ្យបានច្បាស់លាស់ ឱ្យដឹងថា គាត់មានបញ្ហាអីទេ។ ដល់(អ៊ី)ចឹងទៅចំណុចសំខាន់មួយទៀត គឺគាត់ខ្វះខាតថវិកាទៅពិនិត្យឬក៏ទៅព្យាបាល ដល់ចឹងហើយបានជា​​​នៅក្នុងឆ្នាំ២០១៨នេះ CYA តាមរយៈការផ្តល់ជាFun(ជំនួយ)ពីក្រុមហ៊ុនKepco របស់កូរ៉េ តាមរយៈអង្គការ Butter world កូរ៉េក៏បានផ្តល់ Fun(ជំនួយ) សំរាប់ព្យាបាលភ្នែក។ ដោយសារតែ(អ៊ី)ចឹងហើយ ទើបយើងសហការជាមួយនឹងគ្លីនិចភ្នែកភ្នំពេញក្នុងការរៀបចំឱ្យមានការពិនិត្យព្យាបាលនិងវះកាត់ដោយឥតគិតថ្លៃ។

លោក សន សុផាត ​ស្ថាបនិក​អង្គការ CYA
លោក សន សុផាត ​ស្ថាបនិក​អង្គការ CYA

គម្រោង​ពិនិត្យ​និង​ព្យាបាល​ភ្នែក​ដោយ​ឥត​គិត​ថ្លៃ​នៅ​គ្លីនិក​ភ្នែក​ភ្នំពេញ កាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ២០១៨ ស្ថិត​ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន Korea Electric Power តាម​រយៈ​អង្គការ Better World សហការ​ជា​មួយ​នឹង​អង្គការ​សកម្ម​ភាព​​យុវជន​កម្ពុជា CYA។

នៅ​ប្រទេស​កម្ពុជា​មាន​ជំងឺ​ភ្នែក​៣​ប្រភេទ ដែល​អាច​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ខ្លាំង ទៅ​ដល់​អ្នកជំងឺ​រហូត​ឈាន​ដល់​ពិការ​ភាព គឺទី១ជំងឺ​ភ្នែក​ឡើង​បាយ ទី​២​ជំងឺ​ភ្នែក​កន្ទុយថ្លែន និង​ទី​៣​ជំងឺ​ទឹកដក់​ក្នុង​ភ្នែក។ នេះ​បើ​តាម​វេជ្ជបណ្ឌិត​ឯកទេស​ភ្នែក​នៅ​កម្ពុជា​លោកស្រី ហម ឆេងអ៊ី។

ប្រសាសន៍​លោក​ស្រីវេជ្ជបណ្ឌិត​ហម ឆេងអ៊ី៖« (អ៊ី)​ចឹង​ជំងឺ​ហ្នឹង ដែល​សំខាន់​ក្នុង​ស្រុក​ខ្មែរ​យើង ជា​ពិសេស​ចំពោះ​មនុស្ស​ចាស់​ដើរ​តួ​សំខាន់​គឺ​ជំងឺ​ភ្នែក​ឡើង​បាយ។ ក្រៅ​ពី​នេះ​ទៀត​វា​មាន​ជំងឺ​ទឹក​ដក់ក្នុង​ភ្នែក ដែល​ជា​ជំងឺ​មួយ​អាច​ថា​ចោរលួច​គំហើញ​ស្ងាត់ៗ។ គាត់​អាច​មាន​ជំងឺ​ដក់​ដោយ​មិន​ដឹង​ខ្លួន ហើយ​គាត់​អាច​ពិការ​ភ្នែកដែល​មិន​អាច​ត្រឡប់​បាន​ជា​រៀង​រហូត»។

បើ​តាម​ស្ថិតិ​នៅ​កម្ពុជា​ក្នុង​ករណី​អ្នក​ជំងឺភ្នែក និង​បណ្តាល​ឱ្យ​ពិការ ជាង​៧០ភាគរយ គឺ​បណ្តាល​មក​ពី​ជំងឺ​ភ្នែក​ឡើង​បាយ។ ចំនួន​នេះ​ត្រូវ​បាន​គេ​អះអាង​ថា ជា​ចំនួន​មួយ​មាន​ការ​កើន​ឡើង​ខ្ពស់ ដែល​ត្រូវ​ទាម​ទារ ឱ្យ​អ្នក​ជំងឺ​មក​ទទួល​ការ​ព្យាបាល​និង​ពិនិត្យភ្នែក​ជា​ចាំ​បាច់។ ជា​សំណូមពរ​វេជ្ជបណ្ឌិត​ហម ឆេងអ៊ី​បាន​ទទូច​ស្នើ​សុំ​ឱ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​ត្រួត​ពិនិត្យ​ភ្នែក ឱ្យ​បាន​យ៉ាង​ហោច​ណាស់​១​ឆ្នាំ​ម្តង ជា​មួយ​និង​ក្រុម​វេជ្ជបណ្ឌិត​ឯកទេស ដែល​អាច​ជួយ​ពិនិត្យ​រុករក​រោគ​វិនិច្ឆ័យ​ទៅ​តាម​ជំងឺភ្នែក​របស់​ប្រជា​ពលរដ្ឋ៕

ចែករំលែកតាម៖