អ្នកជំនាញអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នជំងឺឆ្លងក្នុងរដូវក្តៅ

អ្នកជំនាញអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នជំងឺឆ្លងក្នុងរដូវក្តៅ

ក្រុមមនុស្ស​៤​ប្រភេទ ដែល​ងាយ​នឹង​ឆ្លងមេរោគ​ផ្សេងៗ​នៅក្នុងរដូវ​ក្តៅនេះ​គឺ៖ កុមារតូច ស្រ្តី​មាន​ផ្ទៃពោះ អ្នកជំងឺ​រ៉ុំារ៉ៃ និង​មនុស្ស​វ័យចំណាស់។ នេះ​បើ​តាម​ប្រធានមន្ទីរ​សម្រាកព្យាបាល​កុមារផ្កាឈូក វេជ្ជបណ្ឌិតសេង សាម៉ន។

ប្រសាសន៍​វេជ្ជបណ្ឌិតសេង សាម៉ន៖«យើង​គិត​ទៅ នៅ​រដូវក្តៅ វា​ធ្វើ​ឱ្យ​ប្រព័ន្ធ​ការពារ​មនុស្ស​យើង​ហ្នឹង​ឯង មាន​ការ​សម្របសម្រួល​ទៅ​នឹង​សីតុណ្ហភាព​ហ្នឹង​គឺ​ខុសធម្មតា បាន​ន័យ​ថា​ជាតិទឹក​នៅ​ក្នុង​ខ្លួន​យើង ត្រូវ​ការ​បញ្ចេញ​ដើម្បី​ទប់ទល់​នឹង​អាកាសធាតុ​នៅ​ខាង​ក្រៅ។ (អ៊ី)ចឹង​អ្នក​ដែល​មាន​ប្រព័ន្ធ​ការពារ​ខ្សោយ ឧទាហរណ៍​ដូច​ជា​មាន​៤​ក្រុម​នៃ​មនុស្ស​គឺ​កុមារ​ប្រឈម​ច្រើន​ដែរ ទី២ ស្រ្តី​ដែល​មាន​ផ្ទៃពោះ ទី៣ អ្នក​ដែលមាន​ជំងឺ​រ៉ុំារ៉ៃ បាន​ន័យ​ថា​គាត់​មាន​ឈឺ​ញឹកញាប់ ឬ​ក៏​ជំងឺប្រចាំ​របស់គាត់​ហ្នឹង ហើយ​ទី៤​គឺមនុស្ស​ជរា បាន​ន័យថា​គឺ​អាយុ​៦០ឡើង​ទៅ ដូច្នេះមនុស្ស​ទាំង៤​នឹងហើយ​ដែល​ងាយ​មាន​បញ្ហា​ច្រើន​ជាង​គេ​ក្នុង​រដូវក្តៅ»។

វេជ្ជបណ្ឌិត​ឯកទេស​កុមារ​រូបនេះ​បន្តទៀត​ថា យ៉ាង​ហោច​ណាស់ មាន​ជំងឺ​ជិត​១០មុខ  ដែល​អាច​កើត​មាន​នៅរដូវក្តៅ​នេះ។ ជំងឺ​ទាំងនោះ រួម​មាន៖ រាក ក្អកមាន់ រលាកនៅត្រង់ត្រចៀក ជំងឺរលាកពោះវៀន ពុល​ចំណីអាហារ កង្វះ​ជាតិទឹក កន្ទួល​រមាស់ ជំងឺហឺត ។

ប្រសាសន៍​វេជ្ជបណ្ឌិត៖ «យើង​មើល​ឃើញ​ជំងឺ មួយ​ចំនួន​ដែល​អាច​កើនឡើង​ខុសធម្មតា​នៅរដូវក្តៅ​ជំងឺ​ទាំងអស់​នោះ ដូច​ជា​ជំងឺ​គេហៅថា​ជំងឺរាក។ ជំងឺរាក​ហ្នឹង​គឺ​យើង​ផ្តោត​សំខាន់​ជាងគេ ហើយ​ក្នុង​ចំណោម​ជំងឺរាក​ហ្នឹង​មាន​មេរោគ​មួយចំនួន​ដែល​វា​ធ្ងន់ធ្ងរ​ជាង​គេ​នៅ​រដូវ​ហ្នឹង។ គេហៅថា​មេរោគ enterovirus (រាល់ក្រុមនៃវីរុស RNA) វា​នៅ​តែ​កើត​នៅ​លើ​ឆ្លង​ទៅ​តាម​ទឹក ឆ្លងទៅ​តាម​ចំណី​អាហារ ហើយ​និង​បន្លែ ផ្លែឈើ​អីជា​ម (អ៊ី)ចឹង​ងាយនឹង​មាន​នៅ​រដូវ​ក្តៅ»។

វេជ្ជបណ្ឌិតសេង សាម៉ន  ប្រធានមន្ទីរ​សម្រាកព្យាបាល​កុមារផ្កាឈូក
វេជ្ជបណ្ឌិតសេង សាម៉ន ប្រធានមន្ទីរ​សម្រាកព្យាបាល​កុមារផ្កាឈូក

បើ​យោង​តាម​សេចក្តី​ជូនដំណឹង​ព្យាករណ៍​ពី​អាកាសធាតុ​ឆ្នាំ​២០១៩ របស់​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​បាន​បង្ហាញ​ថា នា​រដូវប្រាំង​និង​ដើមរដូវវស្សា​ឆ្នាំ​២០១៩​នេះ កម្ពុជា​នឹង​រង​ឥទ្ធិពល​ពី​បាតុភូត​អែលនីណូ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ​៦៥% និង​៣៥%ទៀត ទទួល​រង​ឥទ្ធិពល​ពី​បាតុភូត​អន្តរកាល ពោល​គឺ​ជា​បាតុភូត​ដែល​នៅ​ចន្លោះ​អែលនីណូ និង​ឡានីណា។

ប្រភព​ដដែល​បាន​បន្ត​ថា ចាប់​ពី​ខែកុម្ភៈ​ដល់​ដើម​ខែឧសភា ធាតុអាកាស​នឹង​កើនក្តៅ​ជា​លំដាប់​ជា​ពិសេស​បណ្តាខេត្ត​នៅ​តំបន់​វាល​ទំនាប។ ក្នុង​ខែមេសា ដល់​ខែឧសភា​សីតុណ្ហភាព​អប្បបរមា​មធ្យម​ស្ថិត​ក្នុង​រង្វង់​ពី​៣៦-៣៨អង្សា​និង​អតិបរមា​មធ្យមស្ថិត​ក្នុង​រង្វង់​ពី៣៩-៤១​អង្សា។

ឆ្លើយតប​ជុំ​វិញ​បញ្ហា​នេះ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង វេជ្ជបណ្ឌិតលី សូវ៉ាន់ ថា​ក្រសួង​សុខាភិបាល​គ្រោង​នឹង​ចេញ​សេចក្តី​ប្រកាស​មួយ ដែល​និយាយ​អំពី​វិធាន​ការ​ថែរក្សាសុខភាព​ក្នុង​រដូវក្តៅ ដើម្បី​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការ​ប្រុងប្រយ័ត្ន ករណី​ឆ្លង​ជំងឺ​ផ្សេងៗ​តាមរយៈ​វីរុស ដែល​អាច​បណ្តាល​មក​ពី​កង្វះ​អនាម័យ។

ជាមួយ​នឹង​ក្តីព្រួយ​ក្តីបារម្ភ​នេះ អ្នក​ជំនាញ​វេជ្ជសាស្រ្ត​រូប​នេះ​ក៏​បាន​លើក​ឡើង​ពី​វិធី​បង្ការ​ទប់ស្កាត់​ករណី​ខាងលើ​នេះ​ដែរ ដោយ​ក្នុង​នោះ​លោក​បាន​គូស​បញ្ជាក់​ថា៖«ធ្វើ​យ៉ាង​មិច​ឱ្យ​ពួកគាត់​[កុមារនិងមនុស្សធំ]​ញុំាទឹក​ឱ្យ​បាន​ច្រើន។ កុំញុំា​តាម​ស្រេក ឧស្សាហ៍តិចៗ ឱ្យ​គាត់​ផឹកទឹក​ឱ្យ​បាន​ច្រើន កុំ​រង់ចាំ​ដល់គាត់​ស្រេក ហើយ​ញុំា​អាហារ​បំប៉ន​ឱ្យ​បាន​ច្រើន​ទៅ។ ហើយ​ឱ្យ​បាន​នៅ​កន្លែងម្លប់​ឱ្យ​បាន​ច្រើន ហើយ​បើ​មានម៉ាស៊ីនត្រជាក់​វា​ល្អ​ហើយ តែ​បើ​នៅ​ស្រុកស្រែ​ហ្នឹង គឺ​យើង​មាន​តែ​ត្រូវ​ឈរ​នៅ​ក្រោមដើម​ឈើ​ដែល​មាន​ម្លប់ ​ក្នុងផ្ទះ​ដែល​មាន​ម្លប់ ហើយ​ប្រសិន​បើ​យើង​ចេញ​ទៅក្រៅ​ត្រូវស្លៀកពាក់​ខោអាវ​ណា​ដែល​យើង​ហៅថា​ភ្លឺ​ពណ៌ស​ឬមួយពណ៌​ដែរ ប៉ុន្តែ​ពណ៌​ខ្ចី»។

អនាម័យ រាប់​ពី​ការ​លាងដៃ​ត្រឹមត្រូវ គឺ​ជា​វិធី​បង្ការ​ដ៏​ចាំបាច់​សម្រាប់​ប្រជាពលរដ្ឋ ព្រោះ​វា​អាច​ជួយ​ការពារ​មិន​ឱ្យ​ឆ្លង​បាក់តេរី រហូត​ដល់​ទៅ​៦០%។ នេះ​បើ​តាម​លោក​លី សូវ៉ាន់៕

ចែករំលែកតាម៖