អ្នកជំនាញ៖ ព្រះធម៌ ជាឱសថមួយព្យាបាលជំងឺផ្លូវកាយនិងផ្លូវចិត្ត

អ្នកជំនាញ៖ ព្រះធម៌ ជាឱសថមួយព្យាបាលជំងឺផ្លូវកាយនិងផ្លូវចិត្ត

ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​សុខភាព ក្រោម​ប្រធានបទ ឥទ្ធិពល​សុខភាព​ផ្លូវចិត្ត លើ​ផ្លូវកាយ ដែល​មាន​អ្នក​ចូលរួម​ជាង៤០០អង្គ និង​នាក់ ព្រះភិក្ខុវជិរប្បញ្ញោគូ សុភាព សាស្ត្រាចារ្យ​នៅ​សាល​កល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា មាន​ថេរដីកា​ថា មនុស្ស​ម្នាក់ៗ​ពិបាក​នឹង​គេចចេញ​ពី​ជំងឺផ្លូវចិត្ត​ណាស់។ ហេតុនេះ បុគ្គល​ម្នាក់ៗ ទាមទារ​ត្រូវ​ចេះ​គ្រប់​គ្រង់​ចិត្ត​និង​ថែរក្សា​សុខភាព​ផ្លូវ​ចិត្ត​ឱ្យបាន​ល្អ​ប្រសើរ ដោយ​ប្រើ​សតិ​និង​បញ្ញា។

ថេរដីកា​ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព៖ «សតិនិងបញ្ញា។ សតិដឹង អូ! ខឹងបាត់ អូ!ស្អប់បាត់ អូ! ច្រណែនបាត់ អូ! ភ័យបាត់ អូព្រួយបាត់។ [អ៊ី]ចឹង សតិហ្នឹងដឹង អូ! ស្ថានភាពខ្លួនឯងដល់ណា? ដឹងដល់ហ្នឹង។ ហើយដល់ពេលបញ្ញា អូ! មិនអីទេ អាចិត្តហ្នឹងវាមកមួយភ្លែតទេ។ កុំឱ្យវានៅយូរពេក កុំអោបវា។ មួរម៉ៅជាមួយអាពិបាកហ្នឹង វាជាបងប្អូនជាដូនមួយគ្នា»។

ព្រះភិក្ខុវជិរប្បញ្ញោគូ សុភាព សាស្ត្រាចារ្យ​នៅ​សាល​កល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា
ព្រះភិក្ខុវជិរប្បញ្ញោគូ សុភាព សាស្ត្រាចារ្យ​នៅ​សាល​កល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា

ស្ថាបនិក​នៃ​សិក្ខាសាលា​នេះ លោក អៀង សុធារ៉ា ដែល​ជាប្រធាន​សមាគម​ពាណិជ្ជកម្ម និង​វិនិយោគ​កម្ពុជា​ជប៉ុន (CJBI) អះអាង​បន្ថែម​ថា ទាំងសុខភាព​ផ្លូវកាយ និង​សុខភាព​ផ្លូវចិត្ត​នៅ​ពេលដែល​មានបញ្ហា​គឺ​សុទ្ធតែ​មាន​ផលវិបាក ខណៈ​ដំណោះស្រាយ​ល្អ​នោះ គឺ​យក​ព្រះធម៌ ដើម្បី​ព្យាបាល។

ប្រសាសន៍​លោក អៀង សុធារ៉ា៖ «យើងត្រូវការពារទាំង២។ ការពារកុំឱ្យកើតជំងឺកាយ ហើយព្យាបាល ឬក៏ការពារកុំឱ្យកើតជំងឺចិត្ត។ ហើយទាំងអស់ហ្នឹងសុទ្ធតែមានវ៉ាក់ស៊ាំង។ វ៉ាក់ស៊ាំងទាំងកាយ គេចាក់នៅតាមមន្ទីរពេទ្យ ហើយវ៉ាក់ស៊ាំងចិត្ត មានព្រះធម៌ជួយ។ ទី២ រោគសញ្ញាអ្វីដែលមើលទៅឃើញថា អ្នកជំងឺហ្នឹងមានជំងឺផ្លូវចិត្ត។ ជំងឺផ្លូវចិត្តបច្ចុប្បន្ន គ្រាន់តែមន្ទីរពេទ្យខ្មែរសូវៀតមួយ មួយថ្ងៃ៧០០នាក់ ភាគច្រើនគឺគេងអត់លក់ ហូបបាយអត់បាន។ [អ៊ី]ចឹងបើនិយាយពីការគេងអត់លក់ ហូបបាយអត់យើងប្រាកដជាទៅរកថ្នាំឱ្យ​គេងលក់ ហូបបាយបានហើយ។ ប៉ុន្តែថ្នាំនោះវាមានអាវុធមុខពីរ។ មួយវាឱ្យគេងលក់ មួយទៀតវាឱ្យកើតជំងឺផ្សេងទៀត។ មានតែថ្នាំមួយមុខទេ ដែលវាគ្មានអាវុធមុខពីរគឺព្រះធម៌នេះឯង។ គឺសមាធិ គឺរៀនយកធម៌ជាឱសថហ្នឹង។ អាវុធហ្នឹងមានមុខតែមួយទេ ជាគឺជាហើយ»។

លោក អៀង សុធារ៉ា ស្ថាបនិក​នៃ​សិក្ខាសាលា​នេះ ដែល​ជាប្រធាន​សមាគម​ពាណិជ្ជកម្ម និង​វិនិយោគ​កម្ពុជា​ជប៉ុន (CJBI)
លោក អៀង សុធារ៉ា ស្ថាបនិក​នៃ​សិក្ខាសាលា​នេះ ដែល​ជាប្រធាន​សមាគម​ពាណិជ្ជកម្ម និង​វិនិយោគ​កម្ពុជា​ជប៉ុន (CJBI)

យោងតាម​ទិន្នន័យ​ពី​មន្ទីរពេទ្យមិត្តភាព​ខ្មែរសូវៀត គិត​ត្រឹមឆ្នាំ​២០១៧ អ្នក​ជំងឺ​ដែល​ទៅ​ទទួល​សេវា​ប្រឹក្សា​ពិគ្រោះ​និង​ព្យាបាលជំងឺ​ផ្លូវចិត្ត​ជា​រៀងរាល់​ថ្ងៃ ប្រមាណ​ពី​៣៥០ ទៅ​៥០០នាក់ ក្នុង​នោះជាង ៣០ភាគ​រយ ជាយុវជន។

វេជ្ជបណ្ឌិត​សេង សាម៉ន ប្រធាន​មន្ទីរ​សម្រាក​ព្យាបាល​កុមារផ្កាឈូក និង​ជា​វាគ្មិន​នៅ​ក្នុង​វេទិកា​នេះ បាន​បន្ថែម​ថា បើទោះជា​ក្នុង​វេជ្ជសាស្រ្ត​មាន​ភាព​ជឿន​លឿន​យ៉ាង​ណា​ក្ដី បញ្ហាផ្លូវ​ចិត្ត​នៅ​តែ​ជះ​ឥទ្ធិពល​ដល់​រូបរាយ​កាយ ខណៈ​ជន​រងគ្រោះ​អាច​ស្តែង​ចេញ​តាមរយៈ ការ​ប្រែប្រួល​ពណ៌សម្បុរ​ស្បែក មាន​បញ្ហា​ប្រព័ន្ធ​ដកដង្ហើម ជំងឺ​ថប់អារម្មណ៍ លើស​ជាតិ​ស្ករ ក្រពះ និង​ជំងឺ​ផ្សេងៗ​ទៀត។

ប្រសាសន៍​វេជ្ជបណ្ឌិត​សេង សាម៉ន៖ «ប្រសិនរក្សាទុកផ្លូវចិត្តឱ្យទៅជារ៉ាំរ៉ៃហើយ ជំងឺអ្វីក៏ចេញមកដែល។ វាកើតចេញពីការគេងមិនលក់ វាកើតចេញពីការបែកញើសស្អិត និងផ្សេងៗទៀតច្រើន ហើយចង្វាក់បេះដូងដើរមិនល្អ ដង្ហើមយើងដើរមិនស្រួល យូរៗទៅជារ៉ាំរ៉ៃ វានឹងមានផលប៉ះពាល់[ខ្លាំង]»។

វេជ្ជបណ្ឌិត​សេង សាម៉ន ប្រធាន​មន្ទីរ​សម្រាក​ព្យាបាល​កុមារផ្កាឈូក
វេជ្ជបណ្ឌិត​សេង សាម៉ន ប្រធាន​មន្ទីរ​សម្រាក​ព្យាបាល​កុមារផ្កាឈូក

ធ្លាប់​ឆ្លង​កាត់​បទពិសោធន៍​ម្តាយ​មាន​បញ្ហា​ផ្លូវចិត្ត កញ្ញា ឈុំ ផាន់ណា លើក​ឡើង​ថា សិក្ខាសាលា​នេះពិត​ជា​ល្អ ដែល​ជួយ​ឱ្យ​ប្រជាពលរដ្ឋខ្មែរ ជា​ពិសេស​យុវជន​យល់កាន់​តែ​ច្បាស់​ទាក់ទង​និង​ជំងឺផ្លូវកាយនិង​ផ្លូវចិត្ត​នេះ។

ប្រសាសន៍កញ្ញា ឈុំ ផាន់ណា៖ «កម្មវិធីនេះល្អ ហើយខ្ញុំក៏ចង់ឱ្យមាននៅតាមបណ្តាលខេត្តច្រើន ព្រោះអីខ្ញុំគិតថា សម័យឥលូវក្មេងប្រើប្រាស់គ្រឿងញៀនច្រើន។ អ៊ីចឹងប្រសិនបើឱ្យគាត់ដឹងពីស្ថានភាពបែបហ្នឹង ឱ្យគាត់ដឹងថា ជំងឺផ្លូវចិត្តនិងថ្នាំដែលគាត់ប្រើ វាប៉ះពាល់យ៉ាងមិច(ដូចម្តេច)ដល់គាត់ ប៉ះពាល់ដល់សង្គមយ៉ាងមិច(ដូចម្តេច)ខ្លះ»?

កញ្ញា ឈុំ ផាន់ណា ធ្លាប់​ឆ្លង​កាត់​បទពិសោធន៍​ម្តាយ​មាន​បញ្ហា​ផ្លូវចិត្ត
កញ្ញា ឈុំ ផាន់ណា ធ្លាប់​ឆ្លង​កាត់​បទពិសោធន៍​ម្តាយ​មាន​បញ្ហា​ផ្លូវចិត្ត

ក្រៅពីនេះ អ្នក​ជំនាញ​ខាង​អាណាចក្រ និង​ខាង​ពុទ្ធចក្រ បាន​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​មិនថា ចាស់​ឬ​ក្មេង ត្រូវ​តែ​យកចិត្ត​ទុក ថែរក្សា​សុខភាព​ផ្លូវកាយ​និង​ផ្លូវចិត្ត​ឱ្យ​បាន​រឹងមាំ ដូច​ជា ការ​ធ្វើ​លំហាត់ប្រាណ​ឱ្យ​បាន​ទៀងទាត់ ឬក៏​ឧស្សាហ៍​ធ្វើ​សមាធិ ទាំងនេះ​ក៏​ជា​វិធីសាស្ត្រមួយ​ជួយ​ឱ្យ​សុខភាព​ផ្លូវកាយ​និងផ្លូវចិត្ត​បាន​ល្អ​ផង​ដែរ៕​​

ចែករំលែកតាម៖