រយៈពេល៦ខែដើមឆ្នាំ២០១៩នេះ អ្នកកើតជំងឺគ្រុនឈាមមានជាង២ម៉ឺននាក់ និងបានសម្លាប់មនុស្ស ២៥នាក់

រយៈពេល៦ខែដើមឆ្នាំ២០១៩នេះ អ្នកកើតជំងឺគ្រុនឈាមមានជាង២ម៉ឺននាក់ និងបានសម្លាប់មនុស្ស ២៥នាក់

ថ្លែង​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​វិធានការណ៍​បង្ការ​និង​ការពារ​ការ​កើតជំងឺគ្រុនឈាម កាល​ពីថ្ងៃទី១៧ ខែកក្កដា​កន្លង​ទៅនេះ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង នៃក្រសួង​សុខាភិបាល បាន​អំពាវនាវ​ដល់​អាណាព្យាបាល​ទាំងអស់ ត្រូវ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​សុខភាព​កុមារ ពិសេស នៅ​ពេល​ដែល​កុមារ មាន​អាការៈក្តៅ​ខ្លួន ខុសពី​ប្រក្រតី ក្នុង​រយៈ​ពេល ២ថ្ងៃ​ឡើងទៅ។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ៖ «ចំពោះការឈឺនឹងអាចបន្តមានការកើនឡើងទៀត ឬក៏ស្ថានភាព បច្ចុប្បន្នកើតប៉ុណ្ណឹង។ ប៉ុន្តែសំខាន់បំផុតគឺការព្យាបាល ប្រសិនបើរោគសញ្ញាគ្រុនក្តៅ មិនមែនក្តៅខ្លួននោះទេ លើសពី៣៨.៥អង្សា ចាប់ពី២ថ្ងៃឡើងទៅ ប្រើឱសថមិនចុះទេ ត្រូវតែទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យ។ ហើយខ្ញុំប្រើពាក្យពិគ្រោះមិនមែនទៅស្នាក់នៅមន្ទីរពេទ្យនោះទេ។ បើគ្រូពេទ្យថា ចាំបាច់ត្រូវស្នាក់នៅចាំស្នាក់នៅ ហើយគ្រូពេទ្យថា អត់ទេ ហើយប្រើតែឱសថអាចមកផ្ទះព្យាបាលបានយើងមកផ្ទះ»។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង នៃក្រសួង​សុខាភិបាល
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង នៃក្រសួង​សុខាភិបាល

បើ​តាម​លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ គិត​ចាប់​ពី​ខែ​មករា រហូត​មក​សប្តាហ៍​ទី២​នៃ​កក្តដា អ្នក​កើត​ជំងឺគ្រុន​ឈាម​នៅ​ទូទាំង​ប្រទេស មាន​ចំនួន​ជាង​២​ម៉ឺន​នាក់ (២១១៣០) ក្នុង​នោះ អ្នក​ជំងឺ ដែល​បាន​ស្លាប់ មាន២៥នាក់។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់​បញ្ជាក់​បន្ថែម​ថា បច្ចុប្បន្ន​ក្រសួង​សុខាភិបាល​បាន​ពង្រីក​សេវាកាន់​តែ​ជិត​ផ្ទះប្រជាពលរដ្ឋ ទាំង​មណ្ឌលសុខភាព និង​ប៉ុស្តិ៍សុខភាព​ជាដើម។

បន្ថែម​ពីនេះ លោកថា ក្រសួង​បាន​បង្កើត​ក្រុមគ្រូពេទ្យ​ជំនាញ​ពិសេសមួយ ដើម្បី​បណ្តុះបណ្តាល​ក្រុមគ្រូពេទ្យ​ទូទាំង​រាជធានី ខេត្ត​ទាំងអស់។ លោក​លើក​ទឹកចិត្ត​ឱ្យ​អាណាព្យាបាល​ទាំងអស់​ត្រូវទៅ​មន្ទីរពេទ្យរដ្ឋ​ដែល​មាន​ជំនាញ​ច្បាស់លាស់ ហើយ​ហាមដាច់ខាត​ទៅ​រកសេវាឯកជន​ដែល​គ្មាន​ជំនាញ ដែល​ជាហេតុ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អាយុជីវិត។

បើ​តាម​របាយការណ៍​ក្រសួង​សុខាភិបាល បច្ចុប្បន្ន​មាន​ខេត្ត​ចំនួន៩​ដែល​កំពុង​ប្រឈម​ខ្លាំងជាង​គេ គឺ​ខេត្តសៀមរាប ព្រៃវែង ព្រះវិហារ ក្រចេះ កំពង់ស្ពឺ កណ្ដាល កំពត កែប កំពត និងខេត្តមណ្ឌលគិរី។

យ៉ាងណាមិញ លោកវេជ្ជបណ្ឌិត លាង រិទ្ធា ប្រធាន​កម្មវិធីជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម​នៃ​មជ្ឍមណ្ឌលជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ នៃ​ក្រសួង​សុខាភិបាល​បាន​ពន្យល់​ពីដើម​ហេតុ​នៃ​ការ​ផ្ទុះជំងឺគ្រុនឈាម​នៅ​ឆ្នាំ២០១៩នេះ​ថា៖ «ជំងឺគ្រុនឈាម លក្ខខណ្ឌក្នុងការកកើតមូសហ្នឹងគឺងាយណាស់ ហើយវាមានវដ្តរបស់វា។ វដ្តរបស់វាពី៦ទៅ៧ឆ្នាំ ហេតុអ្វីបានជា៦ទៅ៧ឆ្នាំ? ប្រព័ន្ធការពាររបស់ប្រជាជនយើងនៅទូទាំងប្រទេសនឹងថយចុះនៅពេល៦ឆ្នាំ។ ប្រព័ន្ធការពារទល់នឹងជំងឺគ្រុនឈាមមិនមែនជំងឺផ្សេងៗទេ។ មនុស្សតំបន់ណាមួយតែងតែប្រព័ន្ធការពារទល់នឹងជំងឺហ្នឹងវានឹងថយក្នុងរយៈពេល៦ទៅ៧ឆ្នាំ។ កាលណាអាហ្នឹងវាឈឺហើយ អ៊ីចឹងបានយើងឃើញរលករបស់វា៦ទៅ៧ឆ្នាំម្តង។ ចុងក្រោយយើងកើតនៅឆ្នាំ២០១២។ ២០១២បូក៧ គឺ ២០១៩នេះហើយ ត្រូវផ្ទុះតាំងពីឆ្នាំ២០១៨ ២០១៧ ប៉ុន្តែយើងទប់ៗពន្យារមកដល់ពេលនេះ»។

លោកវេជ្ជបណ្ឌិត លាង រិទ្ធា ប្រធាន​កម្មវិធីជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម​នៃ​មជ្ឍមណ្ឌលជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ នៃ​ក្រសួង​សុខាភិបាល
លោកវេជ្ជបណ្ឌិត លាង រិទ្ធា ប្រធាន​កម្មវិធីជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម​នៃ​មជ្ឍមណ្ឌលជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ នៃ​ក្រសួង​សុខាភិបាល

ដើម្បី​ចូលរួម​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺនេះ លោកវេជ្ជបណ្ឌិត លាង រិទ្ធា បាន​បញ្ជាក់​ថា ក្រសួង​បាន​ត្រៀម​សេរ៉ូម​ចំនួន​៧ម៉ឺនប្លោក​សម្រាប់​ចែក​ជូនមន្ទីរពេទ្យ​និង​មណ្ឌលសុខភាពទូទាំង​រាជធានី ខេត្ត​និង​បាន​ចែចាយ​ថ្នាំអាប៊ែត​ជាង១រយតោន។

លោក​ក៏​អំពាវនាវ​ឱ្យ​ប្រជាជន​ទាំងអស់​ត្រូវធ្វើ​អនាម័យ​សំអាត​លំនៅដ្ឋាន​របស់​ខ្លួន​ឱ្យ​បាន​ស្អាត​ជា​ប្រចាំ គេង​នៅ​ក្នុង​មុង ឬ​មុង​ជ្រលក់ថ្នាំ​ជា​ប្រចាំ​ជាពិសេស​ពេលថ្ងៃ បើកទ្វារ​បង្អួច​ឱ្យ​មាន​ពន្លឺ​ថ្ងៃ​ចេញ​ចូល​ជា   ដើម។

សេចក្តី​ជូន​ដំណឹង​របស់​ក្រសួងសុខាភិបាល បាន​ឱ្យដឹងដែរ​ថា ប្រសិន​បើ​កុមារ​ក្តៅខ្លាំង​លើស​ពី​៣៨អង្សា ហើយ​មាន​រោគសញ្ញា​ដូចជា សន្លឹម អស់​កម្លាំងខ្លាំង ស្បែក​ត្រជាក់​ស្អិត និង​មាន​ឈឺនៅ​ក្នុង​ពោះ​ដោយ​ថ្លើមរីក​ធំ ហើយ ឈឺជាប់​ជានិច្ច​ត្រូវ​បញ្ជូនកុមារ​ទៅ​កុមារ​ទៅ​មន្ទីរពេទ្យ​ឬ​មណ្ឌលសុខភាព​ដែល​ជិត​បំផុត៕

ចែករំលែកតាម៖