សាលាភាពជាអ្នកដឹកនាំរបស់ជប៉ុននឹងជួយឱ្យកូនខ្មែរមានសមត្ថភាពលំដាប់អន្តរជាតិ

សាលាភាពជាអ្នកដឹកនាំរបស់ជប៉ុននឹងជួយឱ្យកូនខ្មែរមានសមត្ថភាពលំដាប់អន្តរជាតិ

សាលាភាព​ជា​អ្នកដឹក​នាំ​របស់​មូលនិធិ​ស៊ីសេហ្វឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា CIESF Leaders Academy គឺ​ជា​សាលារៀន​គំរូ​មួយ​ដែល​មាន​ស្តង់​ដាសិក្សា​តាម​បែប​ជប៉ុន បណ្តុះ​បណ្តាល​សិស្ស​ចាប់​ពី​កម្រិត​មត្តេយ្យ​សិក្សារហូត​ដល់​អនុវិទ្យាល័យ។ សាលា​នេះ​ផ្តោត​សំខាន់​ទៅ​លើ​ចំណេះ​ដឹងនិងបញ្ញា​ស្មារតីប្រកប​ដោយ​សមត្ថភាព​ខ្ពស់។

ក្នុង​ពិធី​បញ្ចប់​ការ​សាងសង់​អគារ​សិក្សា​សាលាភាព​ជា​អ្នក​ដឹកនាំ​នៃ​មូល​និធី​ស៊ីសេហ្វ រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង កីឡា​ បណ្ឌិត ហង់ ជួន ណារ៉ុន មាន​ប្រសាសន៍​ថា សាលាភាព​ជា​អ្នកដឹក​នាំ​នេះ ពិត​ជា​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ចូល​រួម​បណ្តុះបណ្តាល​ធនធាន​មនុស្សជា​ពិសេស​កុមារ​កម្ពុជា។

បណ្ឌិត ហង់ ជួន ណារ៉ុន មានប្រសាសន៍​ថា៖ «មានន័យថាម៉េចដែលហៅថាភាពជាអ្នកដឹកនាំហ្នឹង? គឺគាត់បង្រៀនក្មេងឱ្យចេះ៣ ទី១ឱ្យមានចំណេះ ទី២ឱ្យមានសីលធម៌ ទី៣ឱ្យមានកាយសម្បទាល្អ។ [អ៊ី]ចឹងកត្តាទាំងនេះសំខាន់ណាស់។ នៅក្នុងកាយសម្បទាគឺថា បង្រៀនឱ្យមានពេលហាត់ប្រាណគ្រប់គ្រាន់ ។ តាមពិតទៅនៅសាលាយើងក៏មានគោលដៅដូចគ្នាដែរ គ្រាន់តែរបៀបបង្រៀនខុសពីរបៀបបង្រៀនរបស់ជប៉ុន។ នៅ[ទី]នេះបង្រៀនតាមបែបជប៉ុន មានន័យថា នៅពេលដែលគាត់ទៅធ្វើការនៅក្រុមហ៊ុនជប៉ុនដែលអនុវត្តវប្បធម៌ ដឹកនាំបែបជប៉ុន មានការងាយស្រួលក្នុងការធ្វើការងារ។ [អ៊ី]ចឹងពេលអនាគតគឺយើងចង់លើកកម្ពស់ការវិនិយោគជប៉ុនឱ្យបានការតែច្រើននៅកម្ពុជា»។

​បណ្ឌិតហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង កីឡា​
​បណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និងកីឡា​

ស្ថាបនិកនិង​ជា​ប្រធាន​នៃ​មូលនិធិ CIESF លោក អូគូបូ ហ៊ីដេអូ មាន​ប្រសាសន៍​ថា សាលាភាព​ជា​អ្នក​ដឹកនាំ​នៃ​មូលនិធិ​ស៊ីសេហ្វ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលដៅជំ​រុញ​កុមារ​តូចៗ ឱ្យ​ចេះ​ធ្វើ​ការ​សិក្សា​ដោយ​ខ្លួនឯង​នៅ​ទី​នេះ ហើយ​ធ្វើ​ការ​អភិវឌ្ឍ​ខ្លួន ដើម្បី​ដើរ​លើ​ផ្លូវ​ទៅ​កាន់​អនាគត​ដោយ​កម្លាំង​ខ្លួនឯង​នៅ​ក្នុង​ពិភពលោក​មួយ ដែល​មាន​ការ​ផ្លាស់​ប្ដូរ​ឥត​ឈប់ឈរនិង​បង្កើត​នូវ​សង្គម​មួយ​ដែល​មាន​ស្ថិរភាព។

​លោក អូគូបូ ហ៊ីដេអូ បន្ថែម​ថា៖ «…ឱ្យពួកគាត់មានគំនិតថា ប្រយោជន៍សម្រាប់ផែនដី មិនមែនប្រយោជន៍សម្រាប់ប្រទេសរបស់ខ្ញុំ ប្រយោជន៍សម្រាប់ខ្លួនឯងឬក៏ប្រយោជន៍តែពេលនេះទេ។ យើងអប់រំកុមារឱ្យគាត់ឆ្ពោះទៅកាន់សកលលោកទាំងមូល ហើយគាត់មើលត្រឡប់មកប្រទេសកម្ពុជាវិញដោយធ្វើការចូលរួមគិត តើគាត់អាចធ្វើអ្វីបានដើម្បីប្រទេសកម្ពុជា? តើគាត់អាចធ្វើអ្វីបានដើម្បីពិភពលោក? ហើយទាំងនេះជាអ្វីដែលគាត់ចង់ឱ្យប្រជាជនកម្ពុជាដទៃទៀតមើលមកកាន់សាលានេះថា សាលា នេះអប់រំមនុស្ស អប់រំអ្នកដឹកនាំដែលទស្សនវិស័យទៅកាន់ពិភពលោក»។

លោក អូគូបូ ហ៊ីដេអូ ស្ថាបនិក និង​ជា​ប្រធាន​នៃ​មូលនិធិ CIESF
លោក អូគូបូ ហ៊ីដេអូ ស្ថាបនិកនិង​ជា​ប្រធាន​នៃ​មូលនិធិ CIESF

សាលាភាព​ជា​អ្នក​ដឹក​នាំ​នៃ​មូលនិធិ​ស៊ីសេហ្វ​នេះ​គ្រោង​នឹង​ធ្វើ​ការ​ប្រគល់​ទៅ​ក្រសួង​អប់រំ​កម្ពុជាក្នុង​នាម​ជា​សាលា​គំរូនា​ពេល​អនាគត ដើម្បី​បណ្តុះ​ធនធាន​កុមារ​កម្ពុជា។ នេះ​បើ​តាម​ប្រធាន​ក្រុម​ទី​ប្រឹក្សា​ផ្តល់​យោបល់​នៃ​សាលាភាព​ជា​អ្នក​ដឹកនាំ​នៃ​មូលនិធិ​ស៊ីសេហ្វ។

​លោក អៀង សុធារ៉ា បន្ថែមថា៖ «សាលាមានគោលដៅច្បាស់លាស់ក្នុងការអប់រំកុមារឱ្យមានសុខភាពផ្លូវកាយ ផ្លូវចិត្តល្អ ឱ្យមានសមត្ថភាពខ្ពស់ ដែលមានសមត្ថភាពជាលក្ខណៈអន្តរជាតិ ហើយមានគុណធម៌ខ្ពស់។ មានន័យថា ដឹងខុស ដឹងត្រូវ ដឹងចាស់ ដឹងទុំ ដឹងគួរមិនគួរ ដឹងស ដឹងខ្មៅ ដែលជាចំណុចសំខាន់នៃការអប់រំកុមារឱ្យក្លាយជាពលរដ្ឋល្អ។ មិនត្រឹមតែប៉ុណ្ណឹងទេ សាលាហ្នឹងទេគឺសាលាហ្នឹងបានបង្កើតទៅជាពលរដ្ឋខ្មែរល្អ ឬពលរដ្ឋកម្ពុជាដែលល្អ ហើយក៏សម្រាប់ជាពលរដ្ឋសកល ដែលហៅថាពលរដ្ឋសម្រាប់ពិភពលោក»។

​លោក អៀង សុធារ៉ា តាម​ប្រធាន​ក្រុម​ទី​ប្រឹក្សា​ផ្តល់​យោបល់​នៃ​សាលាភាព​ជា​អ្នក​ដឹកនាំ​នៃ​មូលនិធិ​ស៊ីសេហ្វ
​លោក អៀង សុធារ៉ា ​ប្រធាន​ក្រុម​ទី​ប្រឹក្សា​ផ្តល់​យោបល់​នៃ​សាលាភាព​ជា​អ្នក​ដឹកនាំ​នៃ​មូលនិធិ​ស៊ីសេហ្វ

សាលាភាព​ជា​អ្នកដឹក​នាំ​នៃ​មូលនិធិ​ស៊ីសេហ្វ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ កោះ​ក្របី សង្កាត់​ព្រែកថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ បង្រៀន​កុមារ​ជា​បីភាសា គឺ​ភាសាខ្មែរ អង់គ្លេស និងភាសាជប៉ុន។

សាលា​នេះ​បើក​បង្រៀន​សិស្ស​ចាប់​ពី​ថា្នក់​មតេ្តយ្យ​សិក្សា ដល់​ថា្នក់​អនុវិទ្យាល័យ ដោយ​ពុំ​មាន​ការ​បង់ថ្លៃប្រាក់។ មិនតែ​ប៉ុណ្ណោះ ក្រោយ​បញ្ចប់​ថ្នាក់​អនុវិទ្យាល័យ សាលា​នឹង​បញ្ចូល​សិស្ស​ឱ្យ​បន្តការ​សិក្សា​ថ្នាក់​វិទ្យាល័យ និង​សាកល​វិទ្យាល័យ​នៅ​ប្រទេស​ជប៉ុន​ផ្ទាល់​តែ​ម្តង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក អូគូបូ ហ៊ីដេអូ ស្ថាបនិកនិង​ជា​ប្រធាន​នៃ​មូលនិធិ CIESF៕

ចែករំលែកតាម៖