កុមារគួរទទួលបានចំណេះដឹងអំពីបរិស្ថានតាំងពីតូច

កុមារគួរទទួលបានចំណេះដឹងអំពីបរិស្ថានតាំងពីតូច

ការផ្តល់​នូវ​ចំណេះដឹង​បរិស្ថានជា​ធនធាន​មួយ​ដែល​កុមារ​គ្រប់រូប គួរ​តែ​ទទួល​បាន​តាំង​ពី​វ័យដំបូង​នៃ​ការ​លូតលាស់​ផ្នែក​កាយសម្បទា និង​បញ្ញា ស្មារតី ដើម្បី​ជា​ការបណ្តុះ​ចិត្ត​ស្រឡាញ់ និង​ឆន្ទៈ​ចូលរួម​ក្នុង​កិច្ចគាំពារ​បរិស្ថាន ការ​ថែរក្សា​ជីវៈចម្រុះ និង​ការរស់​នៅ​ប្រកប​ដោយ​សុខុមាល​ភាព។ នេះ​បើ​តាម​អនុរដ្ឋ​លេខាធិការ​ក្រសួងបរិស្ថានថ្លែង​នៅ​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី៧០ ទិវា​កុមារ​អន្តរជាតិ ១មិថុនា ខួប​លើក​ទី១៨ ទិវា​ពិភព​លោកប្រឆាំង​ពលកម្ម​កុមារ ១២មិថុនា និង​ទិវាកុមារ​កម្ពុជា។

លោកស្រី ព្រំ សុភី មានប្រសាសន៍​ថា៖ «សូមយើងធ្វើការយកចិត្តទុកដាក់ក្នុងការអប់រំកូនៗ ហើយអ្នកគ្រូលោកគ្រូចូលរួមផ្សព្វផ្សាយ អប់រំ ក្មេងៗដែលជាពន្លកថ្មីឱ្យគាត់បានស្វែងយល់ពីការការពារ ធនធានធម្មជាតិ កិច្ចគាំពារបរិស្ថាន តាំងពីវ័យគាត់ពីក្មេងទៅ មានន័យថា បណ្តុះគំនិតគាត់ឱ្យស្រឡាញ់បរិស្ថានពីក្មេងទៅ អ៊ីចឹងប្រទេសរបស់យើងគឺមានអ្នកចូលរួមការពារនិងស្រឡាញ់បរិស្ថានច្រើន​ទៅថ្ងៃអនាគត»។

ព្រំ សុភី ​អនុរដ្ឋ​លេខាធិការ​ក្រសួងបរិស្ថាន
លោកស្រី ព្រំ សុភី ​អនុរដ្ឋ​លេខាធិការ​ក្រសួងបរិស្ថាន

ពាក់ព័ន្ធ​ជាមួយ​នឹង​កិច្ចការពារ​បរិស្ថាន​ក៏ដូចជាការ​លើក​ស្ទួយ​បរិស្ថាន​នេះ​ដែរ ស្ថាបនិក​នៃ​ក្រុមហ៊ុនផ្កាឈូក​បង្ហាញ​ពីឆន្ទៈ​យ៉ាងមុត​មាំគាំ​ទ្រយ៉ាង​ដូច្នេះ​ថា៖

​លោក អៀង សុធារ៉ា មានប្រសាសន៍​ថា៖ «កម្មវិធីដូចថ្ងៃហ្នឹងចឹងគឺល្អណាស់ គួរតែមានច្រើនកន្លែង ក៏ប៉ុន្តែសំខាន់បំផុតគឺមាតាបិតាដែលចូលរួមត្រូវតែអប់រំកូនជាប្រចាំ ព្រោះយើងត្រូវតែគិតថា កម្មវិធីគឺមានម្តងម្តាលទេ ប៉ុន្តែយើងរស់នៅជាមួយកូនយើងគឺរស់នៅរាល់ថ្ងៃ។ យើងនាំគ្នាសង្ឃឹមសាលាខ្លាំងពេក កម្មវិធីខ្លាំងពេកក៏អត់បានដែរ គឺមាតាបិតានេះឯង ត្រូវតែអប់រំកូនឱ្យខំរៀន ឱ្យចេះបែងចែកសំរាម ទុកដាក់អីអស់ទាំងអស់ហ្នឹង ខ្ញុំឱ្យតម្លៃទៅលើមាតាបិតាសំខាន់។ កម្មវិធីនេះសុំឱ្យមាតាបិតាទាំងអស់យកចិត្តទុកដាក់ឱ្យខ្លាំងដើម្បីអប់រំកូន។ វាជាមុខមាត់ប្រទេសជាតិទៀតរឿងសំរាមនេះ គេមកស្រុកយើងមានសំរាមតិចក៏គេសរសើរ បើអត់សំរាមក៏រឹតតែសរសើរថែមទៀត»។

​លោក អៀង សុធារ៉ាស្ថាបនិក​​ក្រុមហ៊ុនផ្កាឈូក
​លោក អៀង សុធារ៉ាស្ថាបនិក​​ក្រុមហ៊ុនផ្កាឈូក

គួរ​បញ្ជាក់​ផង​ដែរថា ក្រសួង​បរិស្ថាននិង​ក្រសួងអប់រំ​បាន​បង្កើត​សាលាមេត្រី​បរិស្ថាន​ដើម្បី​ឱ្យ​ទាំងកូនសិស្សនិងលោកគ្រូអ្នកគ្រូកែប្រែ​​ទីធ្លា​សាលារៀនក្លាយ​ជា​ពណ៌បៃតងនិង​មាន​អនាម័យល្អ។ កម្មវិធី​សាលាមេត្រី​បរិស្ថានកម្ពុជា​នេះក៏​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​ដើម្បី​ជា​ស្តង់ដា​ជាតិមួយ​សម្រាប់​ចាត់ថ្នាក់​សាលាមេត្រីប​រិស្ថានគំរូ​នៅ​កម្ពុជា ដោយ​ស្របតាម​កម្មវិធី​ពាន​រង្វាន់​សាលាមេត្រីបរិស្ថាន​អាស៊ាន​ផង​ដែរ។ នេះ​បើ​តាម​ឯកសារ​ស្រាវជ្រាវ​របស់​ក្រសួងបរិស្ថាន៕

 

ចែករំលែកតាម៖