ភារធារី​ទូត​អាមេរិកថានិសិ្សត​កម្ពុជា​កាន់តែ​មានសមត្ថភាព​ប្រកួតប្រជែង​ក្នុង​ការសិក្សា​ថ្នាក់​ឧត្ដម​នៅ​អាមេរិក

ភារធារី​ទូត​អាមេរិកថានិសិ្សត​កម្ពុជា​កាន់តែ​មានសមត្ថភាព​ប្រកួតប្រជែង​ក្នុង​ការសិក្សា​ថ្នាក់​ឧត្ដម​នៅ​អាមេរិក

លោក Michael Newbill ភារធារីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា (គួយ ឡង់ឌី)

ភារធារី​នៃ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​លើកឡើង​ថា និសិ្សត​កម្ពុជា​កាន់តែ​មាន​សមត្ថភាពប្រកួត​ប្រជែង​និង​ត្រៀមខ្លួន​សម្រាប់​ការសិក្សា​ដ៏លំបាក​ថ្នាក់​ឧត្តម​សិក្សា​ក្នុង​សហរដ្ឋ​អាមេរិក​ដោយសារការ​ធ្វើ​កំណែទម្រង់​របស់​ក្រសួង​អប់រំ។

ការលើកឡើង​នេះ​ធ្វើឡើង​នៅ​ក្នុង​វេទិកា​ថ្នាក់តំបន់​ជាលើកដំបូង​នៅ​កម្ពុជា​ស្តីពី​ការសិក្សា​នៅ​សហរដ្ឋ​អាមេរិក​និង​ពិព័រណ៍​ថ្នាក់​ឧត្តម​សិក្សា​សម្រាប់​និស្សិត​កម្ពុជា​ដែល​រៀបចំឡើង​ដោយ​ស្ថានទូត​អាមេរិកប្រចាំ​កម្ពុជា​និង​តំណាង EducationUSA ប្រចាំ​តំបន់​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែកញ្ញា​នេះ។

លោក Michael Newbill ភារធារី​នៃ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ថ្លែងថា ឧត្តម​សិក្សា​នៅសហរដ្ឋ​អាមេរិក​ផ្តល់​បទពិសោធ​ខុសពី​កន្លែង​ដទៃ ដោយ​ផ្តល់នូវ​បរិយាកាស​សម្រាប់​ឱ្យ​សិស្ស​និស្សិត​ធ្វើការវិភាគ​លម្អិត ហ៊ាន​ប្រឈម​បញ្ហា​ពិបាកៗ ហើយ​ស្វែងយល់​លក្ខណៈ​ថ្មីៗ​ទាក់ទងនឹង​ប្រាជ្ញា ការសិក្សា និង​ចំណូលចិត្ត​ផ្ទាល់ខ្លួន។ លោក​បន្ថែម​ថា នៅតាម​មហាវិទ្យាល័យ​ក្នុង​សហរដ្ឋ​អាមេរិក គំនិត​ថ្មីៗ ការបញ្ចូល​គំនិត​ច្នៃប្រឌិត​ថ្មី​និង​ការស្វែងយល់​ត្រូវបាន​ជំរុញ​លើកទឹកចិត្ត។

ពិធីបើកវេទិកាថ្នាក់តំបន់ជាលើកដំបូងនៅកម្ពុជាស្តីពីការសិក្សានៅសហរដ្ឋ​អាមេរិក​និង​ពិព័រណ៍​ថ្នាក់ឧត្តម​សិក្សា​សម្រាប់និស្សិតកម្ពុជា
ពិធីបើកវេទិកាថ្នាក់តំបន់ជាលើកដំបូងនៅកម្ពុជាស្តីពីការសិក្សានៅសហរដ្ឋ​អាមេរិក​និង​ពិព័រណ៍​ថ្នាក់ឧត្តម​សិក្សា​សម្រាប់និស្សិតកម្ពុជា

លោក Newbill បន្ថែម​ថា កំណែ​ទម្រង់​របស់​ក្រសួង​អប់រំ​បាន​ជួយឱ្យ​និស្សិត​កម្ពុជា​ត្រៀមខ្លួន​រួចស្រេច​សម្រាប់​ការសិក្សា​ដ៏លំបាក​នេះ​នៅ​ថ្នាក់​ឧត្ដម​នៅ​អាមេរិក។

លោក យក់ ង៉ុយ រដ្ឋលេខាធិការ​ក្រសួង​អបរំ យុវជន និង​កីឡា មានប្រសាសន៍​ថា រាជរដ្ឋាភិបាល​កម្ពុជាបានអនុម័ត​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤និង​ផ្តល់​អាទិភាព​លើ​ការពង្រឹង​សមត្ថភាព​និងអភិវឌ្ឍ​ធនធាន​មនុស្ស​ដែល​ជា​ការចាំបាច់​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច។ លោក​បានបន្ថែម​ថា ដើម្បី​រក្សាកំណើន​សេដ្ឋកិច្ច​ក្នុងស្រុក​ប្រមាណ​៧%ក្នុង​មួយ​ឆ្នាំ​និង​ធ្វើ​ឱ្យ​ក្លាយ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យមកម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ គុណភាព​ធនធាន​មនុស្ស​ជាពិសេស​ផ្នែក​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​និង​វិស័យដទៃ​ទៀត​គឺជា​រឿង​ចាំបាច់។

លោក យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអបរំ យុវជន និងកីឡា
លោក យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអបរំ យុវជន និងកីឡា

រដ្ឋលេខាធិការ​ក្រសួង​អបរំ​រូបនេះ​បន្ថែម​ថា កន្លងមក​កម្ពុជា​បាន​សម្រេច​នូវ​កំណើន​ចុះឈ្មោះ​ចូលរៀនថ្នាក់​ឧត្តម​សិក្សា ប៉ុន្តែ​កម្ពុជា​ក៏​ត្រូវ​ធ្វើការ​បន្ថែម​ទៀត ដើម្បី​ពង្រឹង​គុណភាព​ថ្នាក់​ឧត្តម​សិក្សា​និង​ភាព​ពាក់ព័ន្ធ ក៏ដូចជា​ចក្ខុវិស័យ​ជា​លក្ខណៈ​អន្តរជាតិ ដើម្បី​ឱ្យ​អនាគត​និស្សិត​បញ្ចប់​ការសិក្សា​អាចមាន​ភាព​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​ការងារ​និង​ក្លាយជា​ពលរដ្ឋ​ដែល​មាន​ការតម្រែ​តម្រង់​នូវ​អនាគត​ដ៏​ត្រចះត្រចង់។

យោងតាម​ស្ថានទូត​អាមេរិក ​វេទិកា​ថ្នាក់​តំបន់​និង​ពិព័រណ៍​ថ្នាក់​ឧត្តម​សិក្សា​នេះ​ផ្តោត​សំខាន់​ទៅលើ​ឱកាស​អប់រំ​ថ្នាក់​ឧត្តម​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​សម្រាប់​និស្សិត​កម្ពុជា។ វា​ជា​ឱកាស​មួយ​សម្រាប់​និស្សិត​ដែល​មាន​ចំណាប់​អារម្មណ៍ ដើម្បី​ជួប​តំណាង​មកពី​សាកល​វិទ្យាល័យ​និង​អ្នកអាជីព​ផ្នែក​ការអប់រំ​នៅ​សហរដ្ឋ​អាមេរិក។

តាម​ការបញ្ជាក់​របស់​ភារធារី​នៃ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​លោក Michael Newbill និស្សិត​កម្ពុជា​ដែល​បាន​ទៅ​សិក្សា​នៅ​អាមេរិក​កាលពី​ឆ្នាំ​មុនមាន​ការកើនឡើង​២៨,៧%៕

ចែករំលែកតាម៖