កម្ពុជាចាប់ផ្តើមអនុវត្តគោលនយោបាយគ្រប់គ្រងសំណល់ប្លាស្ទិក

កម្ពុជាចាប់ផ្តើមអនុវត្តគោលនយោបាយគ្រប់គ្រងសំណល់ប្លាស្ទិក

ក្រុមអ្នកស្ម័គ្រចិត្តរើសសំរាម

សំឡេងស្រ្តីមេផ្ទះម្នាក់៖ «ទៅផ្សាររាល់ថ្ងៃនេះគេ [អ្នកលក់] ច្រក [ម្ហូបអាហារ] ក្នុងមួយមុខ១ថង់មួយៗ [ហើយខ្ញុំ]ទិញបីបួនមុខក្នុងពេលទៅ [ផ្សារ] ម្តងៗហ្នឹង។ ហើយខ្ញុំក៏មិនចង់បាន [ថង់ប្លាស្ទិក] ប្រើប្រាស់ដែរ ធ្វើម៉េចបើគេ [អ្នកលក់] ច្រកឱ្យមកហើយ។ នៅពេលមកដល់ផ្ទះ ខ្ញុំក៏ប្រមូលថង់យកទៅដាក់នៅក្នុងធុងសំរាមទៅ»។

នេះគឺជាការលើកឡើងរបស់ស្រ្តីមេផ្ទះម្នាក់ឈ្មោះ ជេត សុខា វ័យ៦៨ឆ្នាំ នៅខណ្ឌចំការមន រាជធានីភ្នំពេញ ពីការវេចខ្ទប់ម្ហូបអាហារដោយប្រើថង់ប្លាស្ទិកពេលអ្នកស្រីទៅផ្សារម្តងៗ។

ដោយឡែកសម្រាប់អាជីវករលក់គ្រឿងទេសវិញ ក៏បានលើកឡើងប្រហាក់ប្រហែលគ្នាផងដែរ អ្នកស្រី សុខា ចំរើន អាយុ៥០ឆ្នាំ រស់នៅសង្កាត់បឹងកេងកង៣ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ខ្ញុំប្រើប្រាស់ថង់ប្លាស្ទិកហ្នឹង គឺខ្ញុំវេចខ្ទប់ឱ្យភ្ញៀវ ព្រោះភ្ញៀវខ្លះតម្រូវការឱ្យខ្ចប់វេច ភ្ញៀវខ្លះទៀតគឺអត់»។

ដោយមើលឃើញអំពីបញ្ហាបម្រែបម្រួលធម្មជាតិ បរិស្ថានទាំងនេះ សហគមន៍អឺរ៉ុប គ្រោងនឹងចេញបម្រាមមិនឱ្យប្រើប្រាស់ប្លាស្ទិក និងមិនឱ្យបោះប្លាស្ទិកចោលនៅឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងបរិស្ថានកម្ពុជាចេញផ្សាយតាមរយៈទំព័រហ្វេសប៊ុក (Facebook) របស់ខ្លួន។

តាមប្រភពដដែល ប្រមាណ២០០ប្រទេស បានចុះហត្ថលេខាលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដើម្បីលុបបំបាត់ការបំពុលដោយសំណល់ប្លាស្ទិកក្នុងសមុទ្រ កាលពីឆ្នាំ២០១៧។ ក្នុងនោះដែរ ប្រធានផ្នែកតស៊ូមតិសាធារណៈប្រចាំអង្គការ UNEP លោក Sam Barrat បានលើកឡើងថា ដំណើរការនេះកំពុងបោះជំហានទៅមុខ ដោយរដ្ឋាភិបាលមកពី៣៩ប្រទេសបានប្រកាសអំពីការតាំងចិត្តថ្មីក្នុងការកាត់បន្ថយសំណល់ប្លាស្ទិកនៅក្នុងសមុទ្រ។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា អះអាងថា សំណល់ប្លាស្ទិក បានជះឥទ្ធិពលអាក្រក់ដល់សង្គម និងបរិស្ថាន។ ជាងនេះទៅទៀត ការគ្រប់គ្រងសំណល់ប្លាស្ទិកមិនបានល្អរឹតតែបង្កផលប៉ះពាល់ទៅដល់សុខភាពមនុស្ស សត្វលើពិភពលោក។ ដូច្នេះ តំណាងក្រសួងសមត្ថកិច្ចគាំទ្រយ៉ាងពេញទំហឹងចំពោះគោលការណ៍របស់សហគមន៍អឺរ៉ុប។

ប្រសាសន៍លោក នេត្រ ភក្ត្រា៖ «យើងគាំទ្រចំពោះគោលនយោបាយរបស់សហភាពអឺរ៉ុបដែលកំណត់នៅក្នុងការមិនឱ្យមានសំណល់ប្លាស្ទិកនៅឆ្នាំ២០២១។ ហើយជាការមួយដែលគោលនយោបាយល្អ ដើម្បីគាំទ្រទៅលើបរិស្ថានសម្រាប់ប្រទេសកម្ពុជារបស់យើង គឺយើងមិនទាន់កំណត់ថា ត្រូវតែបញ្ឈប់ឱ្យនៅក្នុងឆ្នាំណាទេ ក៏ប៉ុន្តែជាគោលដៅរបស់យើង គឺចាប់ពីពេលនេះតទៅមុខ គឺយើងចាប់ផ្តើមការអនុវត្ត ដើម្បីឈានទៅដល់ការគ្រប់គ្រងឱ្យបានល្អនូវសំណល់ប្លាស្ទិក»។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងបរិស្ថាន
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងបរិស្ថាន

បើតាមលោក នេត្រ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងបរិស្ថាន គោលនយោបាយទាំង៤ ដែលកំពុងចាប់ផ្តើមអនុវត្តពីពេលនេះតទៅ គឺទី១ ការហាមឃាត់មិនឱ្យនាំចូលថង់ប្លាស្ទិកកម្រាស់​លើស​ពី​០,០៣​មីលីម៉ែត្រ និងបង្កើនការយកពន្ធបន្ថែមទៅលើការនាំចូល។ ទី២ លើកទឹកចិត្ត សិប្បកម្ម ឬរោងចក្រនៅក្នុងប្រទេសដោយធ្វើការផលិតថង់ប្លាស្ទិកដែលមានវត្ថុធាតុដើមពីធនធានធម្មជាតិដូចជាដំឡូងមីជាដើម ព្រោះវាងាយរលាយ និងមិនប៉ះពាល់ដល់បរិស្ថាន។ នេះបើតាមលោករដ្ឋលេខាធិការក្រសួងបរិស្ថាន។

លោក នេត្រ ភក្ត្រា បានបន្ថែមថា៖​ «ទី៣ គឺយើងជំរុញឱ្យមានការប្រើប្រាស់នូវគោលការណ៍៣អ៊ែរ គឺមានន័យថា ការកាត់បន្ថយ ការកែច្នៃឡើងវិញ និងការប្រើប្រាស់ឡើងវិញ។ ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកឡើងវិញ និងការកែច្នៃឡើងវិញ គឺតាមរយៈការប្រើប្រាស់នូវថង់ប្លាស្ទិក គឺជាគោលដៅមួយដែលយើងជំរុញឱ្យបងប្អូនចូលរួមក្នុងការទប់ស្កាត់ កុំឱ្យមានការប្រើប្រាស់នូវថង់ប្លាស្ទិកច្រើន និងទី៤ គឺយើងបានកំណត់នូវតម្លៃបន្ថែមទៅលើការប្រើប្រាស់ថង់បា្លស្ទិក ចំពោះផ្សារមួយចំនួន»។

ក្នុង១ថ្ងៃ នៅកម្ពុជា សំរាមត្រូវបានបង្កើតឡើងប្រមាណ១ម៉ឺនតោន ហើយក្នុងចំណោម ១ម៉ឺនតោននេះ គឺ៦៥%ជាសំណល់សើម (សំរាមប្រភេទជាសរីរាង្គ) ខណៈ២០%ទៀតជាសំណល់ប្លាស្ទិក ហើយក្រៅពីនោះ គឺជាសំណល់រឹងផ្សេងៗ។ នេះបើតាមរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា។

ក្នុងនាមជាអាជីវករ អ្នកស្រី សុខា ចំរើន ក៏បានសំណូមពរឱ្យប្រជាពលរដ្ឋ និងអតិថិជនកាត់បន្ថយថង់ប្លាស្ទិក ឬសម្បកដប ព្រោះសារធាតុជ័រប្លាស្ទិកអាចធ្វើឱ្យប៉ះពាល់ដល់សុខភាព៕

ចែករំលែកតាម៖