កម្ពុជាកំពុងសិក្សាស្រាវជ្រាវស្វែងរកតួលេខអ្នកជំងឺស៊ាំនឹងឱសថ

កម្ពុជាកំពុងសិក្សាស្រាវជ្រាវស្វែងរកតួលេខអ្នកជំងឺស៊ាំនឹងឱសថ

នៅ​កម្ពុជា នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួង​សុខាភិបាល កំពុង​បង្កើត​ឱ្យ​មាន​ប្រព័ន្ធ​តាម​ដាន​ភាព​ស៊ាំ​ឱសថជា​មួយ​នឹង​អ្នក​ជំងឺ ដើម្បី​ចាប់​ផ្តើម​ស្វែង​រក​ប្រមូល​ទិន្នន័យ​អ្នក​ជំងឺដែល​ស៊ាំ​ជា​មួយ​នឹង​ឱសថ​ប្រឆាំង​មេរោគ ដែល​ហៅកាត់​ថា AMR។ នេះ​បើ​តាម​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង និង​ជា​អ្នកនាំ​ពាក្យ​នៃ​ក្រសួង​សុខា​ភិបាល វេជ្ជបណ្ឌិត លី សូវ៉ាន់។​

បើ​តាម​អ្នកជំនាញ​ដដែល​នេះ គោលបំណង​នៃ​ការដាក់​ប្រព័ន្ធ​តាម​ដាន​សិក្សា​នេះ គឺ​ដោយ​សារ​តែ​កម្ពុជា​នៅ​មិនទាន់​មាន​របាយការណ៍សម្រាប់​បញ្ជាក់​អំពី​ចំនួន​អ្នកជំងឺ ដែល​មាន​ភាព​ស៊ាំ​ជា​មួយ​នឹង​ឱសថ​នៅឡើយ​ទេ។

ប្រសាសន៍​វេជ្ជបណ្ឌិត លី សូវ៉ាន់៖ «យើង​កំពុង​ធ្វើ​ការ​សិក្សា បច្ចុប្បន្ន​នេះ​យើង​កំពុង​តែ​បង្កើត​ប្រព័ន្ធ​តាម​ដាន​ភាពស៊ាំ​ថ្នាំ​ហ្នឹង។ ហើយ​យើង​កំពុង​សិក្សា យើង​នឹង​ចេញ​របាយការណ៍​នៅ​ពេល​អនាគត»។

វេជ្ជបណ្ឌិត លី សូវ៉ាន់​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង និង​ជា​អ្នកនាំ​ពាក្យ​នៃ​ក្រសួង​សុខា​ភិបាល
វេជ្ជបណ្ឌិត លី សូវ៉ាន់​ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង និង​ជា​អ្នកនាំ​ពាក្យ​នៃ​ក្រសួង​សុខា​ភិបាល

អង្គការ​សុខភាព​ពិភពលោក (WHO) ប្រកាស​ថា ពិភពលោក​កំពុង​តែ​ប្រឈម​ទៅ​នឹង​គ្រោះថ្នាក់នៃ​ការ​គ្មាន​ឱសថ​សម្លាប់​មេរោគ ដោយ​សារ​វា​មាន​ភាពស៊ាំដែល​បង្ក​ជា​បញ្ហា​មួយ​ចំនួន​ដូច​ជា ព្យាបាល​មិនងាយ​ជា​សះស្បើយ អស់​ថវិកា​ច្រើន​ក្នុង​ការព្យាបាល និង​ឈាន​ដល់​ការ​បាត់បង់​អាយុ​ជីវិត​អ្នក​ជំងឺចំពោះ​ករណី​ធ្ងន់ធ្ងរ។ ភាគច្រើន​នៃ​អ្នកជំងឺ​ដែល​មាន​ភាពស៊ាំ​ជា​មួយ​នឹង​ឱសថ គឺ​មាន​ទំនាក់ទំនង​ជា​មួយ​នឹង​ការ​ប្រើប្រាស់​ថ្នំា​ផ្សះ​សម្លាប់​មេរោគ​អង់ទីយ៉ូប៊ីទិច (Antibiotic)។ ទាំងនេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង។

បើតាម​លោក លី សូវ៉ាន់ ឱសថ​អង់ទីយ៉ូប៊ីទិច ឬហៅ​សាមញ្ញ​ថា​ ថ្នាំផ្សះ គឺ​ជា​ឱសថ​ដែល​ប្រើ​សម្លាប់​មេរោគ​ក្នុង​ខ្លួនមនុស្សដែល​មាន​ច្រើន​បែប ច្រើន​ប្រភេទ​ទៅ​តាម​មេរោគ។

ប្រសាសន៍​វេជ្ជបណ្ឌិត លី សូវ៉ាន់៖ «ឱ្យ​តែ​អង់ទីយ៉ូប៊ីទិច​សម្លាប់​មេរោគ គឺ​វា​ត្រូវ​តែ​មេរោគ​ខ្លះ។ អង់ទីប៊ីយ៉ូទិច​ត្រូវ​សម្លាប់មួយ​ក្រុមមេរោគ​នេះ មួយក្រុមមេរោគខុសៗ​គ្នា។ (អ៊ី)ចឹង​ប្រសិន​បើ​យើង​លេបថ្នាំ​ដោយគ្មាន​វេជ្ជបញ្ជា មិនមាន​ការធ្វើ​មន្ទីរពិសោធន៍ឱ្យ​បាន​ច្បាស់លាស់ រក​អត្តសញ្ញាណ​នៃ​មេរោគ​ឱ្យ​បាន​ច្បាស់​លាស់​ [ទេ] ឬ​មួយក៏​យើង​អត់ដឹង​រោគសញ្ញា [នៃមេរោគ] ព្រោះ​មេរោគ​ខ្លះ ពេលដែល​ធ្វើ​ទុក្ខខ្លួន​យើងមាន​ចេញ​រោគសញ្ញា​របស់​មេរោគ​ហ្នឹង។ ប្រភេទ​មេរោគ​មួយក្រុម​ហ្នឹង(អ៊ី)ចឹង តែ​គ្រូពេទ្យ​ខ្លះ គាត់​អាច​បាញ់ឆ្ពោះ​ទៅ​រក​អា[ប្រភេទជំងឺ]​ហ្នឹង។ គាត់​ដាក់វា​ត្រឹមត្រូវ​ភាគច្រើន គឺ​ត្រឹមត្រូវ ដូច្នេះ​បើ​យើង​ប្រើ​ត្រឹមត្រូវ​ឱសថ​ដែល​យើង​ប្រើ​ត្រឹមត្រូវ​សម្លាប់​មេរោគ​មាន​ប្រសិទ្ធ​ភាព ដាក់​ភ្លាម​សម្លាប់​អស់​ភ្លាម»។

កន្លង​មក​នេះ មន្ទីរ​សម្រាក​ព្យាបាល​កុមារ​ផ្កាឈូក ក៏​បាន​ទទួល​កុមារ​ជា​ច្រើន​នាក់ ដែល​មាន​ភាព​ស៊ាំ​ជា​មួយ​នឹងឱសថ​ផង​ដែរ។ នេះ​បើ​តាម​ប្រធាន​មន្ទីរសម្រាក​ព្យាបាលកុមារ​ផ្កាឈូក វេជ្ជបណ្ឌិត ​សេង សាម៉ន។

ប្រសាសន៍​វេជ្ជបណ្ឌិត សេង សាម៉ន៖ «នៅ​ពេល​ដែល​យើង​ព្យាបាល​គាត់​ [អ្នកជំងឺ]​ទៅ ជាពិសេស​នៅ​ពេល​គាត់​មាន​សញ្ញា​ក្តៅ​ខ្លួន ដែល​គេ​ហៅថា​សញ្ញាមេរោគ​មាន​បាក់តេរី ហើយ​យើង​បាន​ព្យាបាល​ឱ្យ​ថ្នាំផ្សះ​ទៅ [អ្នកជំងឺ]​អត់ធូរ​ស្បើយ។ កាលណា​អត់ធូរ​ស្បើយ​យើង​តែងតែ​ឈានមួយ​ជំហានទៀត ទៅ​ធ្វើ​ការ​បណ្តុះ​រាវរកមេរោគ។ បណ្តុះ​គឺ​យើង​យក បើ​គាត់​ក្តៅ​ខ្លួន​ដោយ​សារ​រលាក​អ្វី​មួយ គឺ​យើង​យក​ឈាម​ទៅ​បណ្តុះ ហើយ​បើ​គាត់មាន​ជា​របួសជា​ដំបៅអី​គឺ​យើង​យក​ខ្ទុះគាត់​ទៅ​បណ្តុះ​មើល។ បណ្តុះ​ហើយ​យើង​រក​មើល​ភាព​ស៊ាំ​នៃ​ថ្នាំ​ជា​មួយ​នឹង​មេរោគ​ហ្នឹង។ (អ៊ី)ចឹងក៏​យើង​អាច​មើល​ឃើញ​នូវ​អត្រា​នៃ​ភាព​ស៊ាំហ្នឹង​ដែរ​កន្លែង​[មន្ទីរពេទ្យ]​យើង។

វេជ្ជបណ្ឌិត​សេង សាម៉នប្រធាន​មន្ទីរសម្រាក​ព្យាបាលកុមារ​ផ្កាឈូក
វេជ្ជបណ្ឌិត​ សេង សាម៉ន ប្រធាន​មន្ទីរសម្រាក​ព្យាបាលកុមារ​ផ្កាឈូក

មើល​តាម​អ្នក​ជំនាញ​ផ្នែក​សុខភាព​កុមារ​បាន​ឱ្យ​ដឹង​ថា​ មាន​មូលហេតុ​៤​ដែល​ធ្វើ​ឱ្យ​កុមារ​ស៊ាំថ្នំា។ ទី១ កត្តា​យល់​ដឹង​របស់​ឪពុកម្តាយ ឬ​ក៏​ប្រជាជន ដោយ​ក្នុង​នោះ​សំដៅ​ដល់ការ​ទៅ​ផ្សំថ្នាំ​នៅ​ឱសថ​ស្ថាន ដោយ​គ្មាន​វេជ្ជបញ្ជានៅ​ពេល​កូន​ឈឺ ទី២ កត្តា​វិនិច្ឆ័យ​មេរោគ​ពី​ក្រុម​អ្នកជំនាញ និង​អ្នក​បច្ចេកទេស​មិនបាន​ត្រឹមត្រូវ ទី៣ ទម្លាប់​ប្រើថ្នាំផ្សះ​របស់​ឪពុកម្តាយនិង​ក្រុម​គ្រូពេទ្យ ទី៤ កត្តា​ឪពុកម្តាយ ដែល​មាន​ថ្នាំផ្សះ​នៅផ្ទះសម្រាប់​ប្រើ​ជា​ប្រចាំ ហើយ​សាកល្បង​ឱ្យ​កូនប្រើនៅ​ពេល​កូនឈឺ។

ឆ្លើយតប​នឹង​បញ្ហានេះ​ដែរ វេជ្ជបណ្ឌិត លី សូរ៉ាន់ សំណូម​ពរ​ប្រជាពលរដ្ឋ ពិសេស​ឪពុកម្តាយ អាណាព្យាបាល កុំ​ប្រើ​ថ្នាំ ឬឱសថ​ប្រភេទ​អង់ទីប៊ីយ៉ូទិច នៅ​ពេល​ដែល​ខ្លួន ឬ​កូនៗ​មាន​ជំងឺ​បន្តិចបន្តួច ដូច​ជា ឈឺក្បាល ផ្តាសាយ ឬរាក​ជាដើម។ លោក​បន្ត​ថា ចំពោះ​ករណី​មិនមាន​ភាព​ធូរស្រាល ដោយ​ចាប់​ពី​រយៈ​ពេល​៣​ថ្ងៃ សូម​មក​ពិគ្រោះជា​មួយ​គ្រូពេទ្យ​ជំនាញ។

បើតាម​ប្រភព​ដដែល កាល​ពី​ឆ្នាំ​២០១៤ ក្រសួង​សុខាភិបាល​បាន​ដាក់​ចេញ​គោលនយោបាយ​ជាតិ និង​ផែនការ​យុទ្ធសាស្ត្រជាតិ​លើ​ភាពសុំាំនឹង​ឱសថ​ប្រឆាំង​មេរោគ។ ក្រៅពី​ដាក់​ចេញ​នូវ​គោលនយោបាយ​ជាតិ​នេះ ក្រសួង​ក៏​បាន​រៀបចំ​សេចក្តីព្រាង​ផែនការ​សកម្មភាព​ពហុ​វិស័យ​លើ​ភាពសុំានឹង​ឱសថ​ប្រឆាំង​មេរោគ ឆ្នាំ​២០១៨ ដល់​២០២២។

សូមបញ្ជាក់ថា បើសិន​ជាគ្មាន​ការទប់ស្កាត់​និង​ផ្សព្វផ្សាយ​ពី​ការកើនឡើង​នៃ AMR នោះ​ទេ ​មនុស្ស​ប្រមាណ​ជាង​៧០​ម៉ឺន​នាក់​នឹង​ស្លាប់​ជា​រៀងរាល់​ឆ្នាំ ហើយ​អាចនឹង​កើនឡើង​ដល់​១០​លាន​នាក់ក្នុង​ឆ្នាំ​២០៥០។ នេះបើយោងតាម​ឯកសារ​ទស្សនទាន​ដែល​រៀបរៀង​ដោយ​ក្រសួង​៣​ គឺ​ក្រសួង​បរិស្ថាន ក្រសួងសុខាភិបាល និង​ក្រសួង​កសិ​កម្ម​​ចេញផ្សាយ​នៅចុង​ខែ​ឧសភា ឆ្នាំ​២០១៨។

ចែករំលែកតាម៖