ពិធីចូលវស្សាអប់រំពុទ្ធបរិស័ទឱ្យចេះរៀនសូត្របន្ថែម

ពិធីចូលវស្សាអប់រំពុទ្ធបរិស័ទឱ្យចេះរៀនសូត្របន្ថែម

កញ្ញា យ៉ម ពិសី ចុងភៅ ៖ «ចូលវស្សា​ហ្នឹង តាមតែ​ខ្ញុំ​ដឹង​តាមរយៈ​ចាស់ៗ ភិក្ខុសង្ឃ​ទាំងអស់​ត្រូវរៀន​ធម៌វិន័យ ហើយ​គាត់​មិនអាច​និមន្ត​ទៅណាបាន​ទេ អ៊ីចឹង​គាត់​នៅ​គង់ចាំ​នៅ​ទីវត្ត​អារាម»។

យុវតី សាត ណាគីន និស្សិតសាកល​វិទ្យាល័យភូមិន្ទ​ភ្នំពេញឆ្នាំទី១ ៖ «គឺ​ជាកម្មវិធី​មួយ​ដែល​ធ្វើ​ដើម្បី​រំលឹក​ដល់​ប្រជាកសិករ​ថា ខែ​ហ្នឹង​គឺ​ជា​រដូវ​ដែល​ពួកគាត់​ធ្វើស្រែចំការ​ហើយ។ ចំពោះ​ព្រះសង្ឃ កម្មវិធី​ដែល​ព្រះសង្ឃធ្វើ​ឡើងនេះ គឺ​មានន័យថា ព្រះសង្ឃ​ចូលវស្សា​ដើម្បីរៀន​សូត្រ»។

យុវជន វិត  វេហា និស្សិតសាកលវិទ្យាល័យ ន័រតុន ឆ្នាំទី១ ៖ «ដើម្បីរៀន​ធម៌វិន័យរយៈ​ពេល​៣ខែ ចាប់ពីថ្ងៃ១រោច ខែអាសាឍ រហូត​ដល់​ថ្ងៃ១៥កើត​ខែ​អស្សុជ ហើយ​ព្រះអង្គ​មិន​អាច​សឹង​នៅក្រៅ​វត្តអារាម​បានទេ»។

អ្នកស្រី ឈន ណារ៉េត អាជីវករ​លក់ដូរ​ក្នុង​វត្ត ៖ «ធ្វើ​ដំណើរ​ទៅ​ក្រៅ​វត្ត អត់​អាច​សឹង​ក្រៅវត្តបាន​ទេ ហ្នឹង​ក្នុងរយៈពេល​ចូលវស្សា​៣ខែ បើ​និមន្ត​ទៅ​ឆ្ងាយ​ឆ្លងខេត្ត ក៏​ត្រូវរក​ទីអារាមសម្រាប់​សឹងដែរ​អត់អាច​សឹងនៅ​ផ្ទះញោមបាន​ទេ»។

ទាំងនេះ​ជាទស្សនៈ​របស់ពលរដ្ឋ យុវជន និងនិស្សិត ទាក់ទង​នឹង​ពិធី​ចូលវស្សារបស់​ព្រះភិក្ខុសង្ឃ។

ព្រះសុមេធវង្សបណ្ឌិត សុខ ប៊ុនធឿន ចៅអធិការ​វត្តនន្ទមុនី ប្រធាននាយកដ្ឋាន​ពុទ្ធិកឧត្តមសិក្សា​និងក្រោយពុទ្ធិកឧត្តមសិក្សា​នៃ អគ្គាធិការដ្ឋាន​ពុទ្ធិកសិក្សាជាតិ មាន​ថេរដីកា​ដោយ​ផ្អែកតាម​ព្រះវិន័យបិដក ភាគ៧ ថា ការចូលវស្សា​នេះគឺមាន​ដើមកំណើត​តាំងពីព្រះសម្មាសម្ពុទ្ធគង់​នៅមានព្រះជន្មនៅ​ឡើយ។ ការចូល​វស្សានេះ គឺជា​ព្រះ​វិន័យ ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បញ្ញត្តិ​ឡើង ដើម្បី​ឱ្យ​ភិក្ខុសង្ឃ​គ្រប់​អង្គ​ប្រតិបត្តិ​តាម ដែលមាន​រយៈពេល៣ខែ ពោលគឺ​ចាប់ពី​ថ្ងៃ១រោច ខែ​អាសាឍ ​ដល់ថ្ងៃ ១៥កើត ខែអស្សុជ។

ព្រះសុមេធវង្សបណ្ឌិត សុខ ប៊ុនធឿន ចៅអធិការវត្ត​នន្ទមុនី ប្រធាននាយកដ្ឋាន​ពុទ្ធិកឧត្តមសិក្សា និង​ក្រោយពុទ្ធិក​ឧត្តមសិក្សា នៃ​អគ្គាធិការដ្ឋានពុទ្ធិក​សិក្សាជាតិ
ព្រះសុមេធវង្សបណ្ឌិត សុខ ប៊ុនធឿន ចៅអធិការវត្ត​នន្ទមុនី ប្រធាននាយកដ្ឋាន​ពុទ្ធិកឧត្តមសិក្សា និង​ក្រោយពុទ្ធិក​ឧត្តមសិក្សា នៃ​អគ្គាធិការដ្ឋានពុទ្ធិក​សិក្សាជាតិ

ព្រះសុមេធវង្សបណ្ឌិត សុខ ប៊ុនធឿន មានថេរដីកាបញ្ជាក់ថា គោលដៅ​សំខាន់​នៃ​ការ​ចូល​វស្សា​នេះគឺ​ដើម្បី​ប្រតិបត្តិ​ធម៌​វិន័យ​ឱ្យ​បាន​ហ្មត់ចត់ ម៉ឺងម៉ាត់ ពិសេស​ផ្នែក​គន្ថធុរៈ បាន​ដល់​ការ​សិក្សា​គម្ពីរ​ព្រះ​ត្រ័យបិដក​ជាដើម និង​វិបស្សនាធុរៈ បាន​ដល់​ការ​ចម្រើន​សមណ​ធម៌​ដែល​ជា​ការ​អនុវត្ត​ជាក់ស្ដែង ជម្រះ​នូវ​គ្រឿង​មន្ទិល​សៅហ្មង​ក្នុង​ចិត្ត

លោក ធឿន វុឌ្ឍី ប្រធានគ្រប់គ្រង​ទូទៅ​នៃ​ភូមិគ្រឹះអប់រំចិត្ត​ផ្កាឈូក មានប្រសាសន៍​ថា ប្រជាពលរដ្ឋ​ទូទៅអាចរៀនសូត្រ​ពី​កម្មវិធីចូល​វស្សានេះ តាមរយៈ​ការ​ត្រៀម​លក្ខណៈ​សម្បត្តិ​ឱ្យ​បាន​គ្រប់គ្រាន់​ក្នុង​ការការពារ​ខ្លួន​នៅ​ក្នុង​រដូវវស្សាចូលមកដល់ និងត្រូវចេះទុកពេលសម្រាកឱ្យ​ខ្លួនឯងស្វែងរកសេចក្តីស្ងប់ផ្នែកខាងផ្លូវចិត្តដើម្បីបដិបត្តិធម៌។

លោក ធឿន វុឌ្ឍី ៖ «យើងអាច​រៀនបាន​ថា នៅក្នុង​ដំណើរ​ជីវិត​របស់​យើង ទី១​ពេល​រដូវចូល​ព្រះវស្សា ជារដូវ​យើង​ផ្តើម​ដាំដុះ ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើ​កសិកម្ម ហើយ​យើង​ត្រៀម​លក្ខណៈសម្បត្តិ​ដើម្បី​ការពារ​ទៅ​នឹង​រដូវវស្សា។ វាអាច​មាន​ខ្យល់​ព្យុះ អាច​មាន​ទឹកជំនន់​ផ្សេងៗទៀត យើង​ត្រូវមាន​លក្ខណៈ​សម្បត្តិ​ដើម្បីការពារ​ទុក​ជាមុន។ ហើយមួយ​ទៀត​យើង​ក៏​អាច​សិក្សាបាន​ថា ក្នុងជីវិត​របស់​យើង​គួរតែ​ឡីពេលវេលា​ដើម្បី​បាន​ឱកាស រក​សេចក្តី​សុខស្ងប់​ដោយ​ខ្លួនឯង បាន​បដិបត្តិធម៌ នាំក្រុមគ្រួសារ​ទៅបដិបត្តិធម៌ ទៅរៀន​សូត្រ ទៅធ្វើ​បុណ្យ​ធ្វើទាន ហើយ​ជា​ឱកាស​មួយទៀត គឺ​យើងអាច​បំពេញ​បុណ្យកុសល ក្នុងទំនុកបម្រុងព្រះសង្ឃក្នុងរដូវចូលវស្សា»។

លោក ធឿន វុទ្ធី ប្រធានគ្រប់គ្រង​ទូទៅ​នៃ​ភូមិគ្រឹះអប់រំចិត្ត​ផ្កាឈូក
លោក ធឿន វុឌ្ឍី ប្រធានគ្រប់គ្រង​ទូទៅ​នៃ​ភូមិគ្រឹះអប់រំចិត្ត​ផ្កាឈូក

សម្រាប់លោកធម្មបណ្ឌិត ហេង មណីចិន្តា នាយកអង្គការ​ពុទ្ធសាសនា​ដើម្បី​អភិវឌ្ឍ ខេត្តបាត់ដំបង យល់ថា ការចូល​វស្សានេះបង្រៀន​ឱ្យពុទ្ធបរិស័ទ​ទាំងអស់​ត្រូវមានពេល​សម្រាក​ដើម្បីស្វែងរកចំណេះដឹងបន្ថែម។

លោកធម្មបណ្ឌិត ហេង មណីចិន្តា៖ «ចូលព្រះវស្សានេះ​គឺជា​រដូវសំរាក មនុស្សយើងគួរ​មាន​ពេល​សំរាកខ្លះ។ តាម​ការ​ពិតការ​សំរាក​ឱ្យ​ធូរ​នៅ​ក្នុងអារម្មណ៍ វាបានទៅ​ហើយ​តាមបែប បច្ចុជន តែ​បើ​យើង​ចង់​ឱ្យការ​សម្រាប់​របស់​យើង​ឱ្យ​កាន់​តែ​ល្អទៅ​ទៀត ការ​សំរាក​របស់​យើង​គួរ​ជាបែប វិក្រឹតការ។ ដូចគ្រូបង្រៀន សម្រាប់​ក្នុងរយៈពេល​វ៉ាកង វិស្សមកាល១ខែឬ២ខែ គេ​តែង​ឱ្យ​ទៅ​ធ្វើ​វិក្រឹតការ គឺ​ទៅ​បំពេញ​មុខវិជ្ជា​ឱ្យ​កាន់​តែពូកែថែម​ទៀត។ វេជ្ជបណ្ឌិតដូច​គ្នា វេជ្ជបណ្ឌិត​ដែល​ចេញ​ពី​សាលាហើយ ហើយ​អត់​ដែលទៅរៀន​ថែមទៀត​សោះ វេជ្ជបណ្ឌិត​ហ្នឹងមើល​មនុស្សកាន់​តែស្លាប់ៗ ដូច្នេះវេជ្ជបណ្ឌិត​ដែលល្អ​គឺតែងតែមាន​ការ​ទៅធ្វើវិក្រឹតការ។ បើនិយាយទៅ គឺជាការសម្រាប់ចូលវស្សាដើម្បីរៀនឱ្យវាច្បាស់លាស់ជាងមុន»។

លោកធម្មបណ្ឌិត ហេង មណីចិន្តា នាយកអង្គការ​ពុទ្ធសាសនា​ដើម្បី​អភិវឌ្ឍ ខេត្តបាត់ដំបង
លោកធម្មបណ្ឌិត ហេង មណីចិន្តា នាយកអង្គការ​ពុទ្ធសាសនា​ដើម្បី​អភិវឌ្ឍ ខេត្តបាត់ដំបង

ដោយសារពិធីចូលវស្សានេះ ជាពិធីសាសនាមួយដ៏មានអត្ថន័យ និងសារៈសំខាន់ អតីតអ្នកបួសរៀនធម៌អស់ជាច្រើនវស្សារូបនេះ បានអំពាវនាវឱ្យ ពុទ្ធបរិស័ទគួរសិក្សាឈ្វេងយល់ពីខ្លឹមសារអប់រំ ដែលមានក្នុងពិធីចូលវស្សានេះ ដើម្បីបានជាប្រយោជន៍សម្រាប់ខ្លួន គ្រួសារ និងសង្គម ព្រមទាំងទំនុកបម្រុងនិងលើកតម្កើងព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ចៀសវាងការប្រព្រឹត្តិអំពើអបាយផ្សេងៗ៕

ចែករំលែកតាម៖