អត្ថន័យពិធីបុណ្យអាសាឡ្ហបូជា

អត្ថន័យពិធីបុណ្យអាសាឡ្ហបូជា

អាសាឡ្ហ ជា​ឈ្មោះ​ខែទី៨​នៃ​ចន្ទគតិ ដែល​ហៅថា​ខែអាសាឍ ឬអាសាឡ្ហ​នេះ។ ចំណែក​ឯ​ពាក្យ​បូជា ​មានន័យ​ថា ការថ្វាយ ការ​គោរពប្រតិបត្តិ ឬ​គោរពជូនវត្ថុអ្វីៗ ចំពោះ​បូជនីយ​បុគ្គល ការ​ស្ដាប់​ឱវាទ ប្រព្រឹត្ត​តាម​ឱវាទ​របស់​បុគ្គល​ដែល​គួរ​គោរព។ ជា​រួម អាសាឡ្ហបូជា​មានន័យ​ថា ការគោរព ការ​រំលឹក​នូវសេចក្តី​អ្វីមួយ ខ្លឹមសារ​អ្វីមួយ​នៅ​ក្នុង​ខែអាសាឍ។ នេះ​បើ​តាម​សៀវភៅ​វចនានុក្រម​ខែ្មរ។

យ៉ាង​ណាមិញ ក្នុង​ពុទ្ធសាសនា អាសាឡ្ហបូជា គឺជា​ថ្ងៃ​រំលឹក​ដល់​ព្រឹត្តិការណ៍​សំខាន់ៗ​ទាំង ៥ របស់​ព្រះពុទ្ធ។ ទី១ ថ្ងៃ​ដែល​ព្រះពុទ្ធទ្រង់​ចាប់​បដិសន្ធិ ទី២ ថ្ងៃ​ដែល​ព្រះពុទ្ធទ្រង់​ចេញ​ទៅ​សាងផ្នួស ទី៣ ថ្ងៃ​ដែល​ព្រះពុទ្ធទ្រង់​សម្តែង​ព្រះធម៌ទេសនា​ជា​លើកដំបូង​ប្រោស​បញ្ចវគ្គីយ៍ ទី៤ ថ្ងៃ​ដែល​ព្រះពុទ្ធទ្រង់​ស្ថាបនា​ភិក្ខុសង្ឃ​ជា​លើកដំបូង និង​ទី៥ថ្ងៃ​ដែល​ព្រះពុទ្ធទ្រង់​សម្តែង​យមក​ប្បាដិហារ្យ។ នេះ​បើ​តាម​សៀវភៅ​អាសាឡ្ហបូជា ទិវា​វិថី​ពុទ្ធបរិស័ទ។

lotus logo standby​ right

ថ្លែង​ក្នុង​កម្មវិធី ឈ្វេងយល់​បុណ្យអាសាឡ្ហបូជា ប្រារព្ធ​កាល​ពី​ដើម​ខែកក្កដា នាសាល​សន្និសីទ​ចតុម្មុខ ដោយ​មាន​សិស្សនិស្សិត យុវជន រួម​ទាំង​ព្រះសង្ឃ​ប្រមាណជាង​៥០០អង្គ និង​នាក់ ព្រះធម្មឃោសាចារ្យ​បណ្ឌិត ឃី សុវណ្ណរតនា សាកលវិទ្យាធិការ​ស្ដីទី​នៃ​ពុទ្ធិកសាកលវិទ្យាល័យ​ព្រះសីហនុរាជ មាន​ថេរដីកា​ថា ពិធី​បុណ្យអាសាឡ្ហបូជា ដែល​នឹង​ប្រារព្ធ​ឡើង​ក្នុង​ឆ្នាំ២០១៩​នេះគឺ ដើម្បី​រំលឹកនឹក​ដល់ថ្ងៃ​ខួបនៃ​ការចុះ​ចាប់​បដិសន្ធិ​គម្រប់​២៦៤៣​ឆ្នាំ ខួបការ​ចេញ​បួស គម្រប់២៦១៤​ឆ្នាំ ខួប​ថ្ងៃសម្តែង​បឋមទេសនា​និង​កំណើត​ព្រះសង្ឃ ព្រមទាំង​សម្តែង​យមកប្បាដិហារ្យ គម្រប់​២៦០៨ឆ្នាំ។ ព្រឹត្តិការណ៍​ប្រកប​ដោយ​អភិលក្ខិត​សម័យ​ទាំង ៥នេះ កើត​ឡើង​នៅចំថ្ងៃ១៥កើត ខែអាសាឍ ខុសគ្នា​តែឆ្នាំ​តែប៉ុណ្ណោះ។

អ្នក​ចូលរួម​ម្នាក់​អះអាង​ថា កម្មវិធី​ឈ្វេងយល់​ពី​បុណ្យអាសាឡ្ហបូជា​នេះ​ពិតជាល្អ និង​មានសារៈ​សំខាន់​ណាស់​សម្រាប់​ពុទ្ធសាស​និកជន​ខ្មែរ។ យុវតី​រូបនេះ សំណូមពរ​ឱ្យ​មាន​កម្មវិធី​បែប​នេះ​ជា​ប្រចាំ។

ប្រសាសន៍យុវតី សំ ស្រីនុត៖(៤,២១៖៤,៥២) «ខ្ញុំចង់ឱ្យមានវេទិកាបែបហ្នឹង បង្កើតនៅតាមខេត្តផ្សេងៗមិនចំពោះតែទីក្រុងភ្នំពេញទេ។ ខ្ញុំចង់ឱ្យមានជារៀងរាល់ឆ្នាំ ព្រោះថា មិនមែនធ្វើតែឆ្នាំហ្នឹងអាចធ្វើឱ្យព្រះពុទ្ធសាសនាមានការរីកចម្រើននោះទេ គឺត្រូវធ្វើជារៀងរាល់ឆ្នាំ ហើយឆ្នាំហ្នឹងយើងធ្វើអត់បានល្អ ឆ្នាំក្រោយយើងកែតម្រូវទៀត ដើម្បីឱ្យសាសនារបស់យើងគឺកាន់តែមានភាពរីកចម្រើននិងទូលំទូលាយ»។

យុវតី សំ ស្រីនុត ជាអ្នកចូលរួមកម្មវិធីសិក្ខាសាលា
យុវតី សំ ស្រីនុត ជាអ្នកចូលរួមកម្មវិធីសិក្ខាសាលា

អ្នក​ចូលរួម​មួយរូបទៀត​អះអាង​ថា លោក​ធ្លាប់​ស្គាល់​តែ​ពិធីបុណ្យវិសាខ​បូជា និង​មាឃបូជា ដោយ​ឡែកចំពោះ​បុណ្យអាសាឡ្ហបូជា​នេះ គឺ​ជា​លើកទី១​ដែល​ខ្លួន​បាន​លឺ និង​ស្គាល់។ លោកថា  ព្រះធម៌​របស់​ព្រះសម្មាសម្ពុទ្ធ​ពិត​ជា​មាន​សារៈសំខាន់ សម្រាប់​ពលរដ្ឋ​គ្រប់​រូប​ក្នុង​ការ​យក​មក​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ។

ប្រសាសន៍លោក វ៉េង ភក្តី៖(១,០៥៖១,៣៦) «ក្នុងការប្រតិបត្តិតាមផ្លូវ អរិយសច្ចៈ ក៏ដូចអដ្ឋង្គិកមគ្គទាំង៨នេះគឺវាបានផ្តល់អត្ថប្រយោជន៍ដល់ជីវភាពយើងខ្លាំងណាស់ ព្រោះថា ជីវិតរបស់យើងត្រូវតែប្រកាន់ខ្ជាប់នូវផ្លូវដែលព្រះសម្មាសម្ពុទ្ធ ព្រះអង្គបានត្រាស់មក ហើយប្រាប់យើង។ កាលណាយើងអនុវត្តតាមព្រះសម្មាសម្ពុទ្ធទៅ នឹងធ្វើឱ្យយើងមានការរីកចម្រើន ក៏ដូចជារស់នៅក្នុងសង្គមមួយប្រកបដោយភាពថ្លៃថ្នូរ ហើយមួយវិញទៀតក៏ធ្វើឱ្យយើងមានប្រាជ្ញាស្មារតីក្នុងការដោះស្រាយអ្វីមួយដោយសន្តិវិធី និងគ្មានការប្រើប្រាស់អំពើហិង្សាផងដែរ»។

លោក វ៉េង ភក្តី ជាអ្នកចូលរួមកម្មវិធីសិក្ខាសាលា
លោក វ៉េង ភក្តី ជាអ្នកចូលរួមកម្មវិធីសិក្ខាសាលា

កម្មវិធី ឈ្វេងយល់​បុណ្យអាសាឡ្ហបូជា​នេះ​ក៏​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ទីតាំង​ចំនួន២​ផ្សេង​ទៀតផង​ដែរ គឺ​ខេត្តសៀមរាប និង​កំពង់ធំ ក្នុង​ឆ្នាំ២០១៩ ដោយ​សហការ​រៀបចំ​ដោយ​ក្រុមហ៊ុនផ្កាឈូក ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ គណៈសង្ឃនាយក ក្រសួង​ធម្មការ​និង​សាសនា រួមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​នានា។ ការ​រៀបចំ​នៅ​ទីតាំង​ផ្សេង​គ្នានេះ គឺ​ក្នុង​គោលបំណង​ឆ្លុះបញ្ចាំង​អំពី​អត្ថន័យពិត និង​ទស្សនវិជ្ជា​អប់រំ​អំពី​ពិធីបុណ្យ​អាសាឡ្ហបូជា។ នេះ​បើ​យោង​តាម ស្ថាបនិក​ក្រុមហ៊ុន​ផ្កាឈូក លោកអៀង សុធារ៉ា។

ពុទ្ធសាសនិក​ដ៏​មុតមាំ​រូបនេះ សំនូម​ពរ​បន្ថែម​ទៀតថា គ្រប់​ស្ថាប័ន ពិសេស​ក្រុមហ៊ុន​គួរ​យក​ព្រះធម៌​របស់​ព្រះសម្មាសម្ពុទ្ធ​ក្នុង​ការ​គ្រប់គ្រង​ស្ថានប័ន​របស់​ខ្លួន ដោយ​សារ​ទាំង​បុគ្គលិក និង​ថ្នាក់ដឹកនាំ​នឹង​មាន​សុខភាពល្អ​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត ក៏​ដូចជានឹង​ឈាន​ទៅ​រកភាព​រីកចម្រើន​នៃ​ស្ថាប័ន​ផង​ដែរ។

លោក អៀង សុធារ៉ា៖(២,៤១,០៤៖២,៤២,២៦) «ចាប់អារម្មណ៍ខ្លាំងត្រង់ថា មជ្ឈិមាបដិបទា ឬក៏ធម្មចក្កប្បវត្តនសូត្រ មានអដ្ឋង្គិកមគ្គទាំង៨ មានអរិយសច្ច៤ហ្នឹង ធ្វើឱ្យមនុស្សហ្នឹងក្លាយជាអរិយបុគ្គល ដែលមនុស្សសាមញ្ញឱ្យតែលះបង់ អំពើអាក្រក់ចោលទៅ មានចិត្តជ្រះថ្លា ធ្វើតែអំពើល្អទៅ ទៅជាអរិយបុគ្គល។ ខ្ញុំករុណាគិតថា អរិយបុគ្គលនៅក្នុងក្រុមហ៊ុនទាំងអស់ សមាជិកដែលជាអរិយបុគ្គលទាំងអស់ មានន័យថា ក្រុមហ៊ុនហ្នឹងក៏ជាអរិយក្រុមហ៊ុនដែរ។ បើអរិយក្រុមហ៊ុនដូចរកកន្លែងទាស់គ្នាលែងបាន មានតែប្រឹងទៅ។ ហើយបើបុគ្គលទាំងអស់ ក្រុមហ៊ុនទាំងអស់នៅប្រទេសកម្ពុជា ជាអរិយបុគ្គលអរិយក្រុមហ៊ុន ខ្ញុំករុណាគិតថា នឹងក្លាយជាអរិយសង្គមមួយទៀត។ ហើយបើប្រទេសជាតិវាទៅជាអរិយប្រទេសមានន័យថា ក្បួនមានអស់ហើយ គ្រាន់តែនាំគ្នាបដិបត្តិទៅ ដកអាយ៉ាប់ៗចេញ ដាក់អាល្អៗចូលមកដូចជាចប់ហើយព្រះអង្គ»។

លោកអៀង សុធារ៉ា ស្ថាបនិក​ក្រុមហ៊ុន​ផ្កាឈូក
លោកអៀង សុធារ៉ា ស្ថាបនិក​ក្រុមហ៊ុន​ផ្កាឈូក

បុណ្យអាសាឡ្ហបូជា គឺ​ជា​ថ្ងៃដែល ព្រះ​ពុទ្ធ ព្រះធម៌ និង​ព្រះសង្ឃ បាន​កើត​គ្រប់​ជា​ចំនួន៣ ដែល​នឹង​អាច​ហៅថា ជា​ថ្ងៃកំណើត​ត្រៃសរណៈគឺ​ជា​ទីពឹង​៣​ប្រការ​របស់ពុទ្ធសាសនិល​ជន​គ្រប់រូប​ផងដែរ។ នេះបើ​តាម​សៀវភៅ​អាសាឡ្ហបូជា ទិវាវិថី​ពុទ្ធបរិស័ទ។

តាម​ប្រភព​ដដែល ថ្ងៃ១៥កើត ខែអាសាឍនេះ ប្រជាពុទ្ធ​បរិស័ទ​តែងតែ​ទៅ​វត្តអារាម​ណា​មួយ​ដែល​ខ្លួន​ស្រឡាញ់​ពេញចិត្ត ដើម្បី​ចូលរួម​ក្នុង​ការ​ប្រារព្ធពិធី ដោយ​មាន​ការ​ដើរ​ហែប្រទក្សិណ​ជុំវិញ​ព្រះវិហារ ការ​ថ្វាយផ្កាភ្ញី ការ​ធ្វើ​បទ​នមស្ការព្រះរតនត្រៃ ការ​ស្តាប់​ធម្មទេសនា ព្រមទាំង​នាំ​យក​នូវ​សំពត់​សាដក និង ទេយ្យទាន​ផ្សេងៗ​ដើម្បី​ប្រគេន​ព្រះសង្ឃ​ក្នុង​ឱកាស​ចូល​ព្រះវស្សា​ជាដើម៕

ចែករំលែកតាម៖