ការបំបៅកូនដោយទឹកដោះម្តាយ ទាមទារការគាំទ្រពីគ្រួសារ និងសង្គម

ការបំបៅកូនដោយទឹកដោះម្តាយ ទាមទារការគាំទ្រពីគ្រួសារ និងសង្គម

របាយការណ៍​របស់​ក្រសួងសុខាភិបាល​បានឱ្យដឹងថា ការបំបៅ​កូន​ដោយ​ទឹកដោះម្តាយ​តែ​១មុខគត់ សម្រាប់​កុមារអាយុ ០-៦ខែ បាន​កើនឡើង​ចាប់ពី​ឆ្នាំ២០០០​រហូតដល់​ឆ្នាំ២០១០។

តែអត្រា​នេះ បានធ្លាក់ចុះ​វិញពី ៧៣.៥% នៅ​ឆ្នាំ២០១០ មក​ត្រឹម ៦៤.៦% នៅឆ្នាំ​២០១៤ ដោយ​សារតែ​ការ​កំណើន​នៃ​ប្រើប្រាស់​ម្សៅទឹកដោះគោ​ជំនួស​ទឹកដោះម្តាយ​ពី១១.៨% នៅឆ្នាំ​២០០៥ រហូត​ដល់ ៣១% នៅឆ្នាំ២០១៤។

របាយការណ៍​ដដែល​បាន​បញ្ជាក់​ដោយ​ផ្អែក​តាម​ភស្តុតាង​វិទ្យាសាស្រ្តថា ការបំបៅ​កូន​ដោយ​ទឹកដោះម្តាយ​ភ្លាម​កំឡុង​ម៉ោង​ដំបូង​បន្ទាប់​ពី​សម្រាល​រួច អាច​ទប់ស្កាត់​មរណភាព​ទារក​បាន​ប្រហែល​២០%។

ចំណែក​កុមារ ដែល​បាន​ទទួល​ការ​បំបៅដោយទឹកដោះម្តាយ​តែ​មួយ​មុខ​គត់​សម្រាប់​រយៈពេល៦ខែ​ដំបូង អាច​កាត់បន្ថយ​ជំងឺ​រាករូស​បាន​១១ដង និង​ជំងឺ​រលាក​សួត​បាន​១៥ដង។

លោកស្រី ឈាវ សុជាតិ តំណាង​ស្រ្តី​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី សប្តាហ៍​ពិភព​លោក​បំបៅ​កូន​ដោយ​ទឹកដោះម្តាយ នៅ​ខេត្ត​សៀមរាប កាល​ពីពេលថ្មីៗ​នេះ យល់ថា ការ​បំបៅដោះកូន​នេះ​មិនមែន​ជា​បន្ទុកទាំង​ស្រុង​របស់​ម្តាយ​នោះទេ តែ​ទាមទារ​គាំទ្រ​និង​លើ​ទឹកចិត្ត​ពី​គ្រួសារ មិត្តភក្តិ និងកន្លែងធ្វើការ ពិសេស​ចំពោះស្រ្តី​ដែល​មាន​ការងារ​ក្រៅផ្ទះ។

លោកស្រី សុជាតិ៖ «បងគិតថា វាពិបាក​ប្រសិន​បើអត់​មាន​ការ​ជួយជ្រោមជ្រែង ពីព្រោះ​យើង​មាន​អារម្មណ៍​ថា បន្ទុក​ទាំងស្រុង​នៅលើ​យើង។ ការ​បំបៅកូន​ដោយ​ទឹកដោះ​គឺជា​ការងារពេញពេល​ដូច​យើង​ចេញ​ទៅ​ធ្វើការ​ចឹង ហើយ​ជា​ពិសេស​ការងារ​ក៏​ទាមទារ​ឱ្យ​យើង​ធ្វើ​ការ​ឱ្យមាន​ប្រសិទ្ធ​ភាព និង​ធ្វើការ​ឱ្យ​ល្អដែរ។ វា​មិនស្រួលទេ បងត្រូវ​ធ្វើ​ការ​ផង​បង​ត្រូវ​បំបៅដោះកូន​ផង ពិបាក ប្រសិន​បើយើង​អត់មាន​ការជួយជ្រោមជ្រែង​ទេបងអាច​នឹង​បោះបង់»។

លោកស្រី ឈាវ សុជាតិ តំណាង​ស្រ្តី​
លោកស្រី ឈាវ សុជាតិ តំណាង​ស្រ្តី​

អ្នកស្រី ហ៊ាត ហួត រស់នៅ​ភូមិត្រពាំងស្វាយ ឃុំលាងដៃ ស្រុកអង្គរធំ សៀមរាប បាន​លើក​ឡើង​ថា ស្រ្តីងាយ​នឹង​បោះបង់​ចោលការ​បំបៅកូនដោយ​ទឹកដោះ បើមិន​បាន​ការគាំទ្រ​ទេនោះ។

អ្នកស្រី ហ៊ាត ហួត៖ «បើសិន​អត់​មាន​ពួកគាត់​គាំទ្រ​ខ្ញុំទេ ប្រហែល​ជា​ខ្ញុំ​ទៅ​រក​មក​ចិញ្ចឹមកូន​វិញ។ ដល់​គាត់គាំទ្រ​ខ្ញុំ​រហូតមក បងស្រី​ខ្ញុំ​គាត់គាំទ្រ​ខ្ញុំ​អត់​ឱ្យ​ខ្ញុំទៅ​ណាទេ គាត់​ឱ្យ​ខ្ញុំដើរ​​លក់​ការ៉េម​តិចតួច​ហើយ​បាន​នៅមើល​កូន»។

អ្នកស្រី ហ៊ាត ហួត រស់នៅ​ភូមិត្រពាំងស្វាយ ឃុំលាងដៃ ស្រុកអង្គរធំ សៀមរាប
អ្នកស្រី ហ៊ាត ហួត រស់នៅ​ភូមិត្រពាំងស្វាយ ឃុំលាងដៃ ស្រុកអង្គរធំ សៀមរាប

នាយិកាអង្គការ ហេឡែន ខេលល័រ អន្តរជាតិ​ប្រចាំកម្ពុជា លោកស្រី ហ្គ្វេន ណេស កូដ បាន​ឲ្យ​ដឹងថា ការលើក​ទឹកចិត្ត​ពី​ក្រុមគ្រួសារ មិត្តភក្តិ និង​សហគមន៍ ដើរ​តួនាទីសំខាន់​ក្នុង​ការ​បន្តជំរុញ​ស្រ្តី​បំបៅ​កូនដោយ​ទឹកដោះម្តាយ។

ជាមួយ​គ្នានេះ លោកស្រីថា ម្តាយ​គ្រប់រូប គប្បី​ស្វែង​យក​ពី​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​អាហារូបតម្ភ និង​ទទួលសេវាសុខាភិបាល​ពី​មន្រ្តី​ជំនាញ​ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហានេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បាន​អំពាវនាវ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​វិស័យឯកជន ត្រូវ​មាន​ការ​លើកទឹក​ដល់​ស្ត្រី​ដែល​ទើប​សំរាល​កូន តាមរយៈ​ឱ្យមាន​ទារកដ្ឋាន ដែល​អាច​ឱ្យ​ស្ត្រីបំបៅដោះ​កូននៅ​កន្លែង​ធ្វើការ​បាន។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល

លោក ម៉ម ប៊ុនហេង៖ «រាជរដ្ឋាភិបាល​បាន​លើកទឹក​ចិត្ត សម្តេច​តេជោ​លោក​មានប្រសាសន៍​រាល់ពេល​ធ្វើម៉េច​ឱ្យ​មាន​ទារកដ្ឋាន ឱ្យ​មានកន្លែង​ឱ្យ​ម្តាយបំបៅដោះ​កូន។ ខាង​ផ្នែក​ឯកជន​ត្រូវខិតខំ​ធ្វើ​ការងារ ដើម្បីលើកទឹកចិត្ត​ដល់ស្ត្រី។ យើង​ឃើញ​ហើយ គុណប្រយោជន៍​នៃ​ទឹកដោះម្តាយ​នេះ ធ្វើឱ្យ​កុមារ​មាន​ប្រាជ្ញាស្មារតី​ល្អ ការពារ​ជំងឺឆ្លង​បាន សុខភាព​រឹងមាំ ហើយអនាគត​រៀនសូត្រពូកែ»

ចែករំលែកតាម៖