ជំនឿនិងសារសំខាន់នៃពិធីស្រង់ព្រះ

ជំនឿនិងសារសំខាន់នៃពិធីស្រង់ព្រះ

បន្ទាប់​ពី​ងូតទឹក និង​ផ្លាស់​សម្លៀកបំពាក់​ថ្មីរួច ចាស់​ព្រឹទ្ធាចារ្យ​រស់​នៅ​ក្នុង​ភូមិ​រួម​វិញ ឃុំ​ឈូក ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ អ្នកស្រី យ៉ាម ហិន វ័យ៧៥ឆ្នាំ មាន​ទឹកមុខ​ស្រស់ស្រាយ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុផ្កាឈូក​ថា នេះ​ជា​លើកទី១​ហើយដែលមាន​គេ​រៀបចំ​ពិធី​ងូតទឹក​ឱ្យ​ចាស់ៗ​ដូចជា​រូបគាត់​ផ្ទាល់។

ប្រសាសន៍​លោកស្រី យ៉ាម ហិន៖ «ខ្ញុំ​មាន​អារម្មណ៍​រំភើប​សប្បាយ​ក្នុង​ចិត្ត តាំង​ពី​ដើមមក​មិន​ដែលមាន​ទេ ទើបម្តង​ហ្នឹង​ថ្ងៃ​ហ្នឹង​ម៉ង អ៊ីចឹង​ខួរក្បាល​ខ្ញុំ​ក៏​សប្បាយ​ចិត្តដែរ​អរណាស់​បាន​កូន​ធ្វើថ្ងៃ​នេះ»។

អ្នកស្រី យ៉ាម ហិន ឃុំ​ឈូក ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ
អ្នកស្រី យ៉ាម ហិន ឃុំ​ឈូក ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ

នៅ​មិនឆ្ងាយ​ពី​គ្នា​ប៉ុន្មាន ក្នុង​សម្លៀក​បំពាក់​អាវស ខោពណ៌ខ្មៅ ដែល​ទើបផ្លាស់​រួច  លោក ហេង ស្រិន វ័យ៧៦ឆ្នាំ ក៏​បាន​ឱ្យ​ដឹង​ដូចគ្នា​ថា ពិធីងូតទឹក​ជូនអ្នកមាន​គុណនេះ កូនចៅ​លោក​តែងតែ​ធ្វើជា​រៀងរាល់​ឆ្នាំ ខណៈ​បច្ចុប្បន្ន​ទំនៀមទម្លាប់​ស្រង់ព្រះជូនចាស់ៗ​នេះហាក់មិន​សូវ​ចាប់អារម្មណ៍ពី​ពលរដ្ឋ​ក្នុងភូមិ ពិសេស​យុវជន។ ដូច្នេះ​ការរៀបចំ​កម្មវិធី​នាថ្ងៃ​នេះ វា​ពិតជា​ធ្វើ​ឱ្យ​អ្នកចូលរួម​មាន​ចិត្ត​រំភើប​យ៉ាង​ខ្លាំង។

ប្រសាសន៍​លោក ហេង ស្រិន៖ «ម្តុំហ្នឹង​វា​កម្រ​ដែល​មាន​ដែរ តែ​មាន​តិច​មិន​ជាច្រើន​ទេ។ មូលហេតុ​ដូចជា​គេ​អត់ជំនឿ ក្មេង​ឥលូវ​ពិបាក​អារឿង​គេ​អត់ជំនឿ។ អត់ជំនឿ​ថា ស្រោចទឹក​បានអីៗ​[បានបុណ្យ]។ បើ​យើង​និយាយ​ទៅ​ក្នុង​នាម​ថាយើង​ជាឪពុក ជា​ម្តាយ បាន​កូនចៅ​ស្រោចទឹក​ឱ្យ ម៉ែឪរំភើប​ចិត្ត»។

​លោកស្រី ជឹង សុគន្ធាវី នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន
​លោកស្រី ជឹង សុគន្ធាវី នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន

ក្រុមហ៊ុន ​NVC Corporation Vital បាន​រៀបចំ​ក្រុម​ការងារ​ធ្វើ​ពិធី​ស្រង់​ព្រះជូន​ចាស់​ជរា ក្រីក្រ នៅ​តាម​ទីជន​បទ​ជា​រៀងរាល់​ឆ្នាំ ខណៈ​ឆ្នាំ​២០១៩​នេះ គឺ​ជា​ឆ្នាំ​ទី៥​មក​ហើយ។

បើ​តាម​លោកស្រី ជឹង សុគន្ធាវី នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន​អះអាង​ថា ការ​អនុវត្ត​ប្រពៃណី​ស្រង់​ព្រះ​នេះ​ គឺ​ពិតជា​មាន​សារសំខាន់​ណាស់ ដោយ​ទាំង​នេះ​ជា​វប្បធម៌​ប្រពៃណី​ខ្មែរ ក្នុង​កាយ​វិការ​ចែករំលែក​ក្តី​ស្រឡាញ់ និង​ការដឹង​គុណ ក៏​ដូចជា​ការ​រួមគ្នា​ប្រតិបត្តិ​តាម​ព្រះពុទ្ធសាសនាដែល​ជា​សាសនា​របស់រដ្ឋ។

​ព្រះសុមេធវង្សបណ្ឌិតសុខ ប៊ុនធឿន ចៅអធិការវត្ត​នន្ទមុនី ប្រធាននាយកដ្ឋាន​ពុទ្ធិក​ឧត្តម​សិក្សា និង​ក្រោយ​ពុទ្ធិក​ឧត្តម​សិក្សា​នៃ​អគ្គាធិការដ្ឋាន​ពុទ្ធិកសិក្សា​ជាតិ
​ព្រះសុមេធវង្សបណ្ឌិតសុខ ប៊ុនធឿន ចៅអធិការវត្ត​នន្ទមុនី ប្រធាននាយកដ្ឋាន​ពុទ្ធិក​ឧត្តម​សិក្សា និង​ក្រោយ​ពុទ្ធិក​ឧត្តម​សិក្សា​នៃ​អគ្គាធិការដ្ឋាន​ពុទ្ធិកសិក្សា​ជាតិ

អ្នក​ដែល​បាន​ស្រោច​ទឹកជូន​ព្រះសង្ឃ ចាស់​ទុំ ឪពុក​ម្ដាយ គ្រូ​ឧបជ្ឈា រមែង​ទទួល​បាន​អនិសង្ឃផល​បុណ្យ​ច្រើនដែល​ក្នុង​ជាតិ​បច្ចុប្បន្ន និង​អនាគតជាតិ។ នេះ​បើ​តាម​ថេរដីកា​​ព្រះសុមេធវង្សបណ្ឌិត សុខ ប៊ុនធឿន ចៅអធិការវត្ត​នន្ទមុនី ប្រធាននាយកដ្ឋាន​ពុទ្ធិក​ឧត្តម​សិក្សា និង​ក្រោយ​ពុទ្ធិក​ឧត្តម​សិក្សា​នៃ​អគ្គាធិការដ្ឋាន​ពុទ្ធិកសិក្សា​ជាតិ។

ថេរដីកា​ព្រះសុមេធវង្សបណ្ឌិត សុខ ប៊ុនធឿន៖ «ធ្វើពិធី​ស្រង់​ព្រះ ចំពោះ​ព្រះពុទ្ធ​ហ្នឹង រមែង​មាន​តេជះ អំណាច កិត្តិយស ឥស្សរិយភាពក្តី គឺ​កើតឡើង​នឹង​បើ​យើង​បូជា​ចំពោះ​គុណព្រះពុទ្ធ។ កាលណា​បូជា​ចំពោះ​គុណ​ព្រះសង្ឃ សង្ឃបូជា មហាធនំ មានន័យ​ថា ជា​អ្នកមាន​ទ្រព្យធន តាំង​អំពី​ទ្រព្យ​មាន​វិញ្ញាណក្តី ឥតវិញ្ញាណក្តី​អត់ខ្វះទេ។ ដោយឡែក​យើង​បាន​គោរពគុណ​ចំពោះ​មាតាបិតា បាន​ធ្វើ​កិច្ច​តបគុណ​ចំពោះ​មាតា​បិតា​ហ្នឹង​គឺ ព្រះលោក​សម្តែង​ថា ជា​ប្រភព​នៃ​បុណ្យ​កុសល។ បុណ្យកុសល​ដទៃ​ក៏​ប្រជុំចុះ​នៅ​ក្នុង​បុណ្យ​នៃ​ការ​ដឹងគុណ​មាតាបិតា​នេះឯង។ [អ៊ី]ចឹង​បុគ្គល​ណាមួយ​ដែល​បាន​ធ្វើ​កិច្ច​តប​គុណមាតាបិតា ទោះ​បី​រស់​នៅ​ទីកន្លែង​ណា ទេវតា​តាម​ថែរក្សា​បុគ្គល​នោះ។ មនុស្ស​សប្បុរស​រមែង​ចូលចិត្ត​សេពគប់​សមាគម​នឹង​បុគ្គលនោះ ហើយ​ជា​ប្រភព​នៃ​បុណ្យ​កុសល ជា​ប្រភព​នៃ​សុភមង្គល»។

នៅ​សម័យ​អង្គរក្នុង​រាជ​ព្រះបាទជ័យវរ័ន្ម​ទី​៧ ពេល​ចូល​ឆ្នាំថ្មី​ម្តងៗ ព្រះអង្គ​តែង​ធ្វើ​ពិធី​ស្រង់​ព្រះនៅ​ប្រាសាទ​ព្រះខ័ន ដោយ​និមន្ត​ព្រះពុទ្ធបដិមា​ដែល​មាន​មហិទ្ធិឫទ្ធិ ចំនួន​២៥​អង្គ តំណាង​អាណាខេត្ត​នៅ​ក្នុង​ព្រះរាជាណាចក្រ។ ក្នុង​នោះ​រួមមាន ការ​ដង្ហែព្រះពុទ្ធ​រូបទាំង​អស់នោះជា​ក្បួន​យ៉ាង​មហោឡា​រិក មុន​នឹង​យក​ទៅ​តម្កល់នៅ​កន្លែង​ដើម​វិញ។ នេះ​បើ​តាម​សៀវភៅ​កម្ពុជា​សុរិយា ឆ្នាំ​ទី​៤៨ លេខ​១​ ឆ្នាំ​១៩៩៤៕

ចែករំលែកតាម៖