ការផលិតបំពង់បឺតឫស្សីក្លាយជាផ្នែកមួយនៃប្រាក់ចំណូលរបស់ស្ត្រីនៅតាមជនបទ

ការផលិតបំពង់បឺតឫស្សីក្លាយជាផ្នែកមួយនៃប្រាក់ចំណូលរបស់ស្ត្រីនៅតាមជនបទ

ការ​ប្រើប្រាស់​ប្លាស្ទិកហាក់​កំពុង​មាន​ការ​ទាក់ទាញ​ការ​ជជែក​ពិភាក្សា​ច្រើន​ក្នុង​សង្គម​នា​ពេល​បច្ចុប្បន្ន។ ជុំវិញ​ប្រធានបទ​នេះ អ្នកពិភាក្សា​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ផល​វិបាក និង​ការ​ប៉ះពាល់​ទៅ​លើ​បរិស្ថាន មិន​ថា​នៅ​លើ​ផ្ទៃដី ឬ​ក្នុង​ទឹកដែល​បង្ក​មក​ពី​ប្លាស្ទិក។

ក្នុង​នោះ បំពង់បឺត​ប្លាស្លិក​ក៏​ត្រូវ​បាន​គេ​និយម​ប្រើប្រាស់​ផងដែរ។ យោង​តាម​សៀវភៅ​ទំនើប​កម្មវិទ្យាសាស្ត្រ (Science Advances) ដែល​បោះពុម្ព​ផ្សាយ​ក្នុង​ឆ្នាំ២០១៧ បាន​បង្ហាញ​ថា បំពង់បឺត​ប្លាស្លិក​ច្រើន​ជាង៨,៣ពាន់លានឯកតា ត្រូវ​បាន​ចាក់​ចូល​សមុទ្រ និង​បំពុល​ឆ្នេរ​សមុទ្រ​របស់​ពិភព​លោក។ ដោយសារ​តែ​បញ្ហា​នេះ ទើប​ពិភពលោក​បាន​ស្វែង​រក​ការ​លើកកម្ពស់​ការយល់​ដឹង និង​ផលិតផល​ថ្មីដើម្បី​ប្រើជំនួស ដែល​មាន​ដូចជា បំពង់​អ៊ីណុក និងបំពង់​ឫស្សី​ជាដើម។

នៅ​កម្ពុជា​ក៏​មាន​ការ​ផលិត​បំពង់បឺត​ឫស្សីនេះ​ដែរ ដោយ​វា​មិនត្រឹម​តែ​បាន​ជួយដល់​បរិស្ថាន​ប៉ុណ្ណោះ​ទេ ផលិត​កម្មនេះ​ក៏​បាន​បង្កើត​ការងារ​ដល់​សហគម​ន៍ផង​ដែរ។

ស្ថិតក្នុង​ភូមិ​ស្រែតាសុខ ឃុំ​ជំរះពេន ស្រុក​សំរោង ខេត្ត​តាកែវ សមាគម​សិប្បកម្ម​ស្ត្រីខ្មែរ​បាន​ក្លាយជា​កន្លែង​ផ្ដល់​ការងារ​ដល់​ស្ត្រីមេផ្ទះ ដែល​មិនមាន​ការងារ​នៅ​ក្នុង​សហគមន៍។ សមាគម​នេះ​ត្រូវ​បាន​បង្កើតឡើង​ក្នុងឆ្នាំ​២០០៤ ក្នុង​គោលបំណង​បង្កើត​ការងារ​ជូនស្ត្រី​ដែល​មិនមាន​ប្រាក់ចំណូល​ក្នុងគ្រួសារ និង​កាត់បន្ថយ​ភាពក្រីក្រ។ ចាប់តាំង​ពី​ការ​បង្កើត​រហូត​មក​ដល់​បច្ចុប្បន្ន សិប្បកម្ម​មួយនេះ​បាន​ផលិត​នូវ​សម្ភារៈ​មួយចំនួន ដែល​មាន​ដូចជា ផ្លិត ទ្រនាប់​កែវ ទ្រនាប់​ចាន និង​សម្ភារៈ​ដទៃទៀតដែល​ធ្វើ​ពី​ស្លឹកត្នោត។ ក្នុង​នោះ បំពងបឺត​ឫស្សី​ក៏​ជា​ផលិតផល​មួយប្រភេទ​ដែលសិប្បកម្ម​នេះកំពុង​ផលិត​ដើម្បី​បំពេញតម្រូវ​ការ​របស់​ភ្ញៀវ​ផង​ដែរ។

សក់ល្បាយ​អាចម៍ខ្លា វ័យជាង​៥០ឆ្នាំ លោកស្រី មាស សាវរីយ៍ ជា​ប្រធានស​មាគមសិប្បកម្ម​ស្ត្រីខ្មែរ។ ជា​ប្រធាន​ផង ជា​អ្នក​ផលិត​សិប្បកម្មផ្ទាល់​ផង ស្រ្តី​អ្នកជំនាញ​រូបនេះ​បាន​បញ្ជាក់​ថា ការ​បង្កើត​បំពង់បឺត​ឫស្សី​នេះ​បាន​កើតឡើង​កាលពី​៣ឆ្នាំ​មុន ពោល​គឺ​ឆ្នាំ២០១៦។

និយាយ​បណ្តើរ ដៃចិត​ឫស្សី​បណ្តើរ លោកស្រី​ពន្យល់​រៀបរាប់​ពី​របៀបផលិត​បំពង់ឫស្សី​នេះថា មុនដំបូង​សមាជិក​របស់​សិប្បកម្ម​ត្រូវ​រកទិញ​ឫស្សីដើម​ដែល​មាន​ឈ្មោះថា​ឫស្សីដក​ម៉ៃ ដើម្បី​យក​មក​ហាល​ឱ្យ​ស្ងួត។ រួច​ហើយ គេ​ត្រូវ​អារ​ជា​កំណាត់ៗ​ដែលអាច​ប្រើប្រាស់​បាន។ ជំហាន​បន្ទាប់​ គឺ​ត្រូវ​ចិតមុខ​កាត់​ឱ្យ​បាន​ស្អាត រួចលាង​សម្អាត​ជា​មួយ​ទឹក។ ជំហាន​ចុងក្រោយ​មុន​នឹង​បញ្ជូន​ឱ្យភ្ញៀវ​ គឺត្រូវ​យក​បំពង់បឺតឫស្សី​ទាំង​នោះ​ទៅ​ហាលសម្ងួត​ឱ្យ​បាន​មួយ​ថ្ងៃ សឹមវេច​ខ្ចប់​ដាក់​ក្នុង​ស្មុក។

លោកស្រី មាស សាវរីយ៍ ជា​ប្រធានស​មាគមសិប្បកម្ម​ស្ត្រីខ្មែរ
លោកស្រី មាស សាវរីយ៍ ជា​ប្រធានស​មាគមសិប្បកម្ម​ស្ត្រីខ្មែរ

ការ​ផលិត​នេះ​ទៀត​សោត ហាក់​មាន​ភាព​រហ័ស ដោយ​ប្រើ​ពេល​មិនដល់​មួយសប្តាហ៍ ក៏​ប៉ុន្តែ​ការ​ស្វែងរក​វត្ថុធាតុ​ដើមវិញ ត្រូវ​បាន​ប្រធាន​សមាគម​រូបនេះ​អះអាង​ថា មិនមាន​ភាពងាយស្រួល​នោះ​ទេ ដោយ​សារ​កង្វះខាត​វត្ថុធាតុ​ដើម​ដែល​អាច​រក​បាន​នៅ​ក្នុង​ភូមិ។ ក្រៅ​ពីនេះ តម្រូវ​ការ​របស់ភ្ញៀវ​ក៏​មិន​មានភាព​ទៀងទាត់ ដែល​ធ្វើ​ឱ្យ​សមាគម​សិប្បកម្ម​នេះបាន​ផ្លាស់​ប្តូរការ​ផលិត​របៀប​ស្តុកទុកទៅ​ជា​ការ​ផលិត​តាម​ការ​កម្មង់ ឬ​បញ្ជាទិញ​វិញ។

ប្រសាសន៍​លោកស្រី មាស សាវរីយ៍៖ «កាលមុនដំបូង ឫស្សីនៅតំបន់យើងហ្នឹងវានៅមានច្រើន ដោយសារតែផ្ទះប្រជាជនមិនសូវច្រើន។ ផ្ទះយើងវាតិច។ ឥលូវហ្នឹងគេចែកកូនចែកចៅគេទៅ ឫស្សីហ្នឹងគឺគេគាស់ចេញធ្វើផ្ទះ។ អ៊ីចឹងដល់ពេលដាំវិញក៏មិនងាយដាំដែរ។ ឫស្សីហ្នឹង ដល់ពេល(អ៊ី)ចឹងផលវិបាក គឺវត្ថុធាតុដើមហ្នឹងឯង។ តាមការពិត ឥលូវនេះយើងលែងធ្វើទៅតាម​អ្វីដែលយើងធ្វើហើយ​ (ស្តុកទុក) គឺយើងធ្វើទៅតាមតម្រូវការរបស់ភ្ញៀវវិញ តែភ្ញៀវកម្មង់ផ្លិត យើងធ្វើផ្លិត កម្មង់កាបូប ធ្វើកាបូប។ គេកម្មង់យើងធ្វើអាហ្នឹង តែបើគេអត់កម្មង់ យើងអត់មានកន្លែងលក់ទេ យើងអត់មានហាងនៅភ្នំពេញ ឬនៅកន្លែងណាទេ»។ 

ក្រៅ​ពី​វត្ថុធាតុដើម​និង​តម្រូវ​ការ​នេះ​ទៀត​សោត ដំណើរ​ការ​ផលិត​ក៏​ត្រូវ​បាន​សមាជិក​សិប្បកម្ម​ម្នាក់ដែល​អង្គុយ​ក្បែរ​នោះ គឺ​អ្នកស្រី ឆិល វ៉ាន់ ​ត្អូញត្អែរ​ថា​មិន​មាន​ភាព​ងាយស្រួល​នោះ​ដែរ។ មិន​ងាយស្រួល​ដោយ​សារតែ​គ្រប់​ដំណាក់​កាល​ទាំងអស់​សុទ្ធ​តែ​ត្រូវ​ការ​ការអត់ធ្មត់ និង​ប្រុងប្រយ័ត្ន​ខ្ពស់។

ប្រសាសន៍​អ្នកស្រី ឆិល វ៉ាន់៖ «ពិបាកដែរហ្នឹង ព្រោះបើមានភ្ញៀវកម្មង់ច្រើនអ៊ីចឹងទៅ អ៊ីចឹងខ្ញុំរកទិញ​ឫស្សីអត់បាន កាលណាមាន​ឫស្សីដែរ តែ​ឫស្សីខ្ចីក៏យើង[យក]មកប្រើការអត់កើតដែរ ទាល់តែឫស្សីចាស់បានប្រើការកើត យើងទិញឫស្សីខ្ចីមក គ្រាន់តែយកមកឆ្វិត[ចិត]ចោល ចឹងយើងធ្វើអត់ស្អាត យើងមិនអាចធ្វើជូនភ្ញៀវបានទេ។ ពេលណាជួនកាលយើងចិត(អ៊ី)ចឹងទៅ បើសិនណាកាំបិតអត់មុត ចិតអត់ដាច់ទេ​ឫស្សីហ្នឹង តែបើកាំបិតមុតពេក ជួនកាលយើងចិត្តទៅអាចជ្រុលមុតដៃដែរ»។ 

អ្នកស្រី ឆិល វ៉ាន់ ស្ត្រី​មេផ្ទះ និង​សមាជិក​សិប្បកម្ម​រូប
អ្នកស្រី ឆិល វ៉ាន់ ស្ត្រី​មេផ្ទះ និង​សមាជិក​សិប្បកម្ម​រូប

ស្ត្រី​មេផ្ទះ និង​សមាជិក​សិប្បកម្ម​រូបនេះ​បន្ត​ឱ្យ​ដឹង​ទៀត​ថា រាល់​ពេល​ផលិត​ម្ដងៗ អ្នកស្រី​ត្រូវ​ចំណាយ​ទុន​អស់​ប្រហែល​២០ម៉ឺនរៀល ក្នុង​ការ​ប្រមូល​ទិញឫស្សី​តាម​សហគម​របស់​ខ្លួន ឬ​ពី​ខេត្តនានា។ ក្រោយ​ការ​ធ្វើ​រួចរាល់ អ្នកស្រី​អាច​ទទួល​បាន​ប្រាក់​មក​វិញ​ប្រហែល​ពី​៦០ ទៅ​៧០ម៉ឺនរៀល។

ប្រសាសន៍​អ្នកស្រី ឆិល វ៉ាន់៖ «និយាយទៅ ពីមុន ខ្ញុំធ្វើតៅ ធ្វើអី ខ្ញុំធ្វើប្រើពេលយូរទម្រាំតែបានលុយ តែបើធ្វើនេះ បើសិនណាជាទិញ បើសិនណាជាខ្ញុំទិញ​ឫស្សីបានច្រើនបានល្អចឹង ខ្ញុំនឹងធ្វើឆាប់បានលុយ ហើយខ្ញុំនឹងអាចផ្គត់ផ្គងកូនខ្ញុំរៀន ហើយនឹងផ្គត់ផ្គង់ក្នុងគ្រួសារ ទិញម្ហូបទិញអីចឹងទៅ ឬយកឱ្យកូនទៅពេទ្យ ឬខ្ញុំអាចឆាប់បានលុយ យកទៅប្រើការក្នុងគ្រួសារ»។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​ការ​ផលិត​ឫស្សី​នេះ ហាក់​មិន​ទាន់​អាច​ផ្គត់ផ្គង់​ជីវភាព​របស់​អ្នកផលិត​បាន​គ្រប់​ជ្រុងជ្រោយ​នោះទេ ដោយ​សារ​តែ​ពួកគេ​ត្រូវ​ចំណាយ​ច្រើន​ក្នុង​គ្រួសារ និង​ការ​ធ្វើ​ដំណើរ​ទៅ​រកឫស្សី។

ប្រសាសន៍​អ្នកស្រី ឆិល វ៉ាន់៖ «តាមខ្ញុំថា វាមិនទាន់សមស្របតែបើយើងសុំតម្លៃថែមទៀតទៅ ភ្ញៀវគាត់ថាថ្លៃពេក គាត់មិនហ៊ានទិញ។ (អ៊ី)ចឹងបើគាត់អត់ហ៊ានទិញ យើងចេះតែខំ បើសិនណាយើងរកបានធ្វើជាប់រហូតទៅ ថាចេះតែទ្រាំៗធ្វើទៅ។ បានប៉ុណ្ណឹងៗ ចេះតែធ្វើទៅណា បើយើងរក​ឫស្សីអត់បាន បើទៅទិញឆ្ងាយ ផលវិបាកដែរ យើងសោហ៊ុយផងអីផង អស់ច្រើន។ យើងធ្វើអត់សូវបានសល់ចំណេញ តែបើយើងមាន​ក្នុងស្រុក(ភូមិ) យើងមិនសូវប្រើសោហ៊ុយធំ យើងនឹងធ្វើសល់បានខ្លះ តែឆ្ងាយយើងហូបចុកផង សោហ៊ុយឡាន អស់លុយច្រើន»។

ក្រឡេក​មក​មើល​ការ​ប្រើប្រាស់​វិញ Eleven One Kitchen  ជា​ភោជនីយដ្ឋាន​មួយ​ដែល​បាន​ប្រើប្រាស់​បំពង់បឺត​ឫស្សី​ក្នុង​ការ​បម្រើ​ភេសជ្ជៈ​របស់ខ្លួន​ជូនភ្ញៀវ​តាំង​ពី​ឆ្នាំ២០១៦ មកម្ល៉េះ ដោយ​ម្ចាស់ហាង​បាន​ធ្វើ​ការ​បញ្ជាទិញ​ពី​សហគមន៍​នៅ​ទឹកដី​អង្គរ ខេត្ត​សៀមរាប។ ចំពោះ​ការ​ប្រើ​ដំបូង ហាក់​មិន​មានភាព​រលូន​ប៉ុន្មាន​ទេ ដោយ​សារ​តែ​អតិថិជន​របស់​ហាងទំនើប​ក្នុង​រាជធានីភ្នំពេញ​នេះ មានកង្វល់​ពី​បញ្ហា​អនាម័យ ក្នុង​ការ​ប្រើប្រាស់​បន្ត​ពី​អ្នកដទៃ​ផ្សេង​ទៀត។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ម្ចាស់ហាង លោកស្រី ស្រ៊ុន សុខលីម។

ប្រសាសន៍​លោកស្រី​ ស្រ៊ុន សុខលីម៖ «មុនដំបូងមានភ្ញៀវដែលគេ​ complaint [រអ៊ូ]ដែរ​ ថាគេអត់ពេញចិត្ត​នឹងដាក់​ឫស្សី(អ៊ី)ចឹង ព្រោះគេគិតពីសុវត្ថិភាពគេ។ គេថា​វាអត់ស្អាតអត់អ៊ីចឹងទៅ ប៉ុន្តែខ្ញុំគិតថា​ដំបូងរាងស្ទាក់ស្ទើរដែរ តែក្រោយមក ក៏មានអារម្មណ៍ថា ប្រសិនបើយើងចង់ធ្វើអីមួយ យើងអត់អាចគិតពី negative [ភាពអវិជ្ជមាន] ដែលភ្ញៀវឱ្យយើងហ្នឹងទេ។ (អ៊ី)ចឹងបើសិនជាមានភាគតិចដែរ ខ្ញុំ prefer[ជ្រើសរើស] ប្រើអាហ្នឹង(បំពង់បឹតឫស្សី) (អ៊ី)ចឹងទៅ»។

​លោកស្រី សុខ លីមហាក់ ជាម្ចាស់​ភោជនីយដ្ឋានEleven One Kitchen 
​លោកស្រី សុខ លីមហាក់ ជាម្ចាស់​ភោជនីយដ្ឋាន Eleven One Kitchen

ដើម្បី​ថែរក្សា​អនាម័យ និង​ការ​ប្រើប្រាស់​ឱ្យ​បាន​យូរ លោកស្រី សុខលីម បាន​ពន្យល់​ពី​ការ​សម្អាត​ក្រោយ​ការ​ប្រើប្រាស់​ជា​ទូទៅ​ដែល​បាន​ធ្វើ​ឡើង​ក្នុង​ហាង​របស់​លោកស្រី និង​សម្រាប់​ការ​អនុវត្ត​របស់​អ្នកប្រើប្រាស់​តាម​ផ្ទះ​យ៉ាង​ដូច្នេះ​ថា៖ «ពេលខ្ញុំទិញបំពង់​ឫស្សីហ្នឹង គេប្រាប់ខ្ញុំពីរបៀបសម្អាត។ (អ៊ី)ចឹងមុនដំបូង ពេលដែលភ្ញៀវហូបហើយ(អ៊ី)ចឹងទៅ យើងយកវាទៅត្រាំទឹកសិន ត្រាំទឹកហើយយើងលាងវាជាមួយនឹងសាប៊ូមួយសារ ដូចយើងលាងស្លាបព្រា(អ៊ី)ចឹង ហើយយើងលាងទឹកវាឱ្យស្អាត ហើយយកវាទៅស្រុះនៅក្នុងទឹកក្តៅ ដែលយើងដាំពុះហ្នឹង ហើយយើងដាក់ទឹកខ្មេះចូល បន្ទាប់មកយើងសម្ងួតវា ទៅដាក់ក្នុង oven(ឡកម្ដៅ)ឱ្យវាស្ងួត ដើម្បីកុំឱ្យមានក្លិន»។

ការ​យក​បំពងបឺត​ឫស្សី​មក​ប្រើប្រាស់​នេះ មិនត្រឹម​តែ​បាន​ជួយ​បរិស្ថាន និង​កិត្តិយស​របស់​ហាង​ប៉ុណ្ណោះទេ តែ​លោកស្រី សុខ លីមហាក់​ មាន​ការ​គិត​ថា វា​បាន​ផ្តល់​ចំណូល​ដល់​ប្រជាជន​សហគមន៍​ផងដែរ។

ប្រសាសន៍​លោកស្រី ​ស្រ៊ុន សុខលីម៖ «ជួយពួកគាត់ឱ្យមានការងារធ្វើ ព្រោះពួកគាត់នៅតាមខេត្ត ឬក៏អ្នកដែលទៅរក​ឫស្សីហ្នឹងភាគច្រើនគាត់អត់សូវបានចំណេះដឹង គាត់អត់មានការងារធំដុំនឹងគេទេ។ (អ៊ី)ចឹងបើយើងsupport (គាំទ្រ)អាហ្នឹងទៅ យើងជួយឱ្យសហគមន៍របស់គាត់ហ្នឹងមានដំណើរការទៅទៀត ហើយយើងជួយមួយផ្នែកទៀតទៅលើបរិស្ថានយើងដែរ ព្រោះយើងហូបទៅ យើងបោះចោលទៅវាអត់មានផលប៉ះពាល់ទេ។ បើជ័រវិញ ប្រើទៅវានៅហ្នឹងរហូតមិនដឹង ប៉ុន្មានពីររយ បីបួនរយឆ្នាំ យើងអត់ដឹងវានៅប៉ុណ្ណាទេ ប៉ុន្តែអានេះ(បំពង់ឫស្សី) យូរៗវារលាយ វាធម្មជាតិ (អ៊ី)ចឹងខ្ញុំសប្បាយចិត្តក្នុងការប្រើអាហ្នឹង(បំពង់ឫស្សី)»។​

ជា​ទូទៅ បំពង់​បឺតឫស្សី​មួយ​អាច​លក់​បាន​ក្នុង​តម្លៃ​ចាប់​ពី ១០០០រៀល​រហូត​ដល់ ៣០០០រៀល តាម​ចំនួន​បញ្ជា​ទិញ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី ប្រធាន​សិប្បកម្ម លោកស្រី មាសសាវរីយ៍។ លោកស្រីសំណូម​ពរ​ឱ្យ​សាធារណ​ជន​គាំទ្រ​លើ​ស្នាដៃ​សិប្បកម្ម និង​បង្កើត​ទីផ្សារ​អចិន្ត្រៃយ៍​ក្នុង​ការ​លក់​សំភារៈសិប្បកម្ម ក៏​ដូច​ជា​បំពង់បឺត​ឫស្សី​នេះ​តែ​ម្តង៕

 

 

ចែករំលែកតាម៖