ការយល់ពីជំងឺប៉េស្តជ្រូកអាហ្វ្រិកអាចជួយទប់ស្កាត់ការឆ្លងនៃវីរុសនេះ

ការយល់ពីជំងឺប៉េស្តជ្រូកអាហ្វ្រិកអាចជួយទប់ស្កាត់ការឆ្លងនៃវីរុសនេះ

ថ្មីៗ​នេះ មាន​ការ​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក ត្រូវ​បាន​រាយការណ៍​នៅ​អឺរ៉ុប ក្នុង​នោះ​ដូចជា​ប្រទេស​រ៉ូម៉ានី និង​ប៉ូឡូញ ដោយឡែក​នៅ​អាស៊ី គឺ​មាន​នៅ​ប្រទេស​ចិន​ជា​ដើម។

ការ​ផ្ទុះ​ជំងឺ​នេះ​បង្ក​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ដល់​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់ ពិសេស​ប្រទេស​ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​ចិន ដូចជា វៀតណាម ឡាវ ថៃ និង​ភូមា​ជាដើម។ នេះ​បើ​តាម​ឯកសារ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ។

ប្រភព​ដដែល​បាន​អះអាង​ថា ការ​ស្លាប់​ភ្លាមៗ​នៃ​សត្វ​ជ្រូក​មាន​លេច​ឡើង​នូវ​ស្លាក​ស្នាម​តិច​តួច អាច​ជា​សញ្ញា​ដំបូង​នៃ​ការ​ចម្លង​នៅ​ក្នុង​ហ្វូង។ ករណី​ស្រួចស្រាវ​នេះ ត្រូវ​បាន​កំណត់​ដោយ​គ្រុន​ក្តៅ មិន​ស៊ី​ចំណី នៅ​ស្ងៀម ខ្សោយ និង​ដេក​ដួល​ជាដើម។

ករណី​កន្ទួល​ក្រហម​អាច​ត្រូវ​បាន​មើល​ឃើញ​ងាយ​បំផុត​ទៅ​លើ​ជ្រូក​ស ដោយ​ជ្រូក​ខ្លះ​មាន​ស្បែក​ជាំ​ផ្ទាំង​ស្វាយ ពិសេស​លើ​ត្រចៀក កន្ទុយ ជើង​ផ្នែក​ខាង​ក្រោម ឬ​ភ្លៅ និង​អាច​មាន​រាក ទល់​លាមក និង​ឈឺ​ពោះ​ជាដើម។ ទន្ទឹម​នឹង​នេះ ក៏​អាច​មាន​ការ​ហូរឈាម​ក្នុង​សរីរាង្គ តាម​ច្រមុះ​និង​ស្បែក​ផង​ដែរ។ នេះ​បើ​យោង​តាម​ឯកសារ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ។

ឯកសារ​ដដែល​នេះ​ក៏​បាន​បញ្ជាក់​ថា ករណី​ស្លាប់​ក្នុង​ទម្រង់​កាច​សាហាវ​នេះ ក៏​អាច​កើត​មាន​នៅ​ក្នុង​រយៈពេល​៧​ទៅ​១០​ថ្ងៃ​ផង​ដែរ។

បើ​តាម​អង្គការ​ស្បៀង​និង​កសិកម្ម​នៃ​សហប្រជាជាតិ​(FAO) កម្ពុជា​បាន​ប្រកាស​អំពី​ករណី​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ដែល​បង្ក​ឱ្យ​មាន​ក្តី​ព្រួយ​បារម្ភ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ។ អាជ្ញាធរ​កម្ពុជា​ទទួល​បន្ទុក​ផ្នែក​សុខភាព​សត្វ​បាន​រាយការណ៍​ថា មាន​ករណី​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​ជា​លើក​ដំបូង​ក្នុង​ខេត្ត​រតនគិរី ភាគ​ឥសាន្ត​នៃ​ប្រទេស​ជាប់​ព្រំដែន​ជាមួយ​ឡាវ និង​ប្រទេស​វៀតណាម។

ជុំវិញ​រឿង​នេះ សត្វ​ជ្រូក​ចិញ្ចឹម និង​ជ្រូក​រស់​ក្នុង​ព្រៃ​ប្រមាណ​ជាង ៦០០ (ប្រាំ​មួយ​រយ)​ក្បាល ត្រូវ​បាន​ឈឺ​និង​ងាប់​នៅ​ក្នុង​ភូមិ​សោមកានិញ ឃុំ​សោមធំ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី។ នេះ​បើ​តាម​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​រតនគិរី សយ សូណា។

ប្រសាសន៍​លោក សយ សូណា៖ «គ្រាន់​តែ​ថា​អា​កន្លែង​ដែល​ផ្ទុះ​ហ្នឹង យើង​បាន​ធ្វើការ​បញ្ចប់​អស់​ហើយ ហើយ​យើង​កំពុង​[សង្កេត]​ឃើញ​មាន​ជ្រូក​មួយ​ចំនួន​មាន​ងាប់។ ប៉ុន្តែ​គ្រាន់​តែ​ថា យើង​បាន​ចុះ​ទៅ​យើង​បាន​ផ្សព្វ​ផ្សាយ មាន​វិធានការណ៍ បើ​ងាប់​ប្រមូល​ដុត​ចោល កុំ​ឱ្យ​វា​[ឆ្លង​ជំងឺ]។ ហើយ​ហាម​ការ​ចេញ​ចូល​សត្វ​នៅ​ក្នុង​ភូមិ​ហ្នឹង ហើយ​យើង​យក​វត្ថុធាតុ​ទៅ​ខាង​ភ្នំពេញ ដើម្បី​ឱ្យ​គេ​មើល​រោគ​ថា​តើ​វា​ឈឺ​ជំងឺ​អ្វី យ៉ាង​ម៉េច​យ៉ាង​ម៉េច (អ៊ី)ចឹង​ទៅ​ណា​ងាប់​ដោយសារ​អ្វី? សរុប​មក​ដល់​ពេល​នេះ​មាន​ជាង​៥០០​ទៅ​៦០០​ក្បាល ដែល​យើង​បាន​ប្រមូល​ដុត​[កម្ទេច​ចោល]​នោះ​ណា»។

បើ​មន្ត្រី​ជំនាញ​រូប​នេះ អាជ្ញាធរ​ខេត្ត​រតនគិរី បាន​ធ្វើការ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​និង​សម្អាត​អនាម័យ​នៅ​តំបន់​ផ្ទុះ​ជំងឺ​រួច​រាល់។ ប៉ុន្តែ លោក សយ សូណា ក៏​បាន​ឱ្យ​ដឹង​ទៀត​ថា នៅ​មាន​ភូមិ​ជា​ច្រើន​ទៀត​នៃ​ស្រុក​អូរយ៉ាដាវ​នៅ​តែ​កើត​មាន​ករណី​ជ្រូក​ឈឺ​និង​ងាប់​ជា​ហូរហែ។

ប្រសាសន៍ លោក សយ សូណា៖ «យើង​គិត​ថា ភូមិ​ផ្សេងៗ​ទៀត​តាម​ព័ត៌មាន​ដែល​យើង​ទទួល​បាន ក៏​មាន​ការ​ងាប់​ឈឺ​[ជ្រូក]​ដែរ ក៏​ប៉ុន្តែ​យើង​មិន​ទាន់​ដឹង​ពី​រោគ​សញ្ញា​ស្អី​នោះ​ណា? យើង​ក៏​ប្រើ​វិធានការណ៍​នេះ ដោយ​មិន​ឱ្យ​សត្វ​ចេញ​ពី​ភូមិ​ទេ យើង​ធ្វើការ​អនាម័យ ហើយប្រសិន​បើ​មាន​សត្វ​ងាប់ យើង​ឱ្យ​គាត់​ដុត​ឱ្យ​វា​ងាប់​នៅ​ក្នុង​ព្រៃ។ ជ្រូក​ហ្នឹង​យើង​មើល​ទៅ ពេល​ខ្លះ​សុខៗ​វា​ល្អ​ទេ ដល់​ពេល​បាន​១​ថ្ងៃ​២​វា​ងាប់​តែ​ម្តង។ ហើយ​រោគ​សញ្ញា​វា​ភាគ​ច្រើន​វា​អត់​សូវ​ស៊ី​ចំណី»។

យ៉ាង​ណា​មិញ រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ភស្តុតាង​ណា​មួយ​ដែល​បង្ហាញ​ថា វីរុស​ប៉េស្ត​ជ្រូក​អាហ្វ្រិក​អាច​ឆ្លង​ទៅ​លើ​មនុស្ស​នៅ​ឡើយ​ទេ។ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ និង​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល លោក លី សូវ៉ាន់។

ប្រសាសន៍ លោក លី សូវ៉ាន់៖ «គឺ​បញ្ជាក់​ថា ជំងឺ​នេះ​វា​គឺ​ជា​ជំងឺ​សត្វ​ទេ វា​មិនមែន​ជា​ជំងឺ​ឆ្លង​មក​មនុស្ស​នោះ​ទេ​តែ​ទោះ​បី​ជា​យ៉ាងណា​ក៏​ដោយ រហូត​មក​ដល់​ពេល​នេះ ជំងឺ​នេះ​អត់​មាន​ទាន់​ឆ្លង​មក​ដល់​មនុស្ស​ទេ ហើយ​យើង​កំពុង​តែ​តាមដាន​ឃ្លាំ​មើល​សុខភាព​របស់​មនុស្ស»។

វីរុស​នៃ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក អាច​រស់នៅ​បាន​យូរ​ក្នុង​ផលិតផល​សាច់ជ្រូក​ដែល​មិន​បាន​ចម្អិន ដែល​ជួយ​ដល់​ការ​ចម្លង​ជំងឺ​នេះ​ទៅ​តំបន់​ថ្មី​ទៀត។ ជំងឺ​នេះ​មាន​ការ​ប្រែប្រួល​ផ្សេង​គ្នា ដោយ​មាន​ការ​បង្ក​រោគ​ពី​ធ្ងន់ធ្ងរ ដែល​អត្រា​ស្លាប់​ស្ទើរ​តែ​១០០% ទៅ​ប្រភេទ​ដែល​ខ្សោយ ដែល​អាច​នឹង​ពិបាក​ក្នុង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ ព្រោះ​ជំងឺ​នេះ​គ្មាន​ថ្នាំ​បង្ការ ឬ​ព្យាបាល​ទេ។ នេះ​បើ​តាម​ឯកសារ​របស់​វិទ្យាសា្ថន​ជាតិ​ស្រាវជ្រាវ​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ឆ្នាំ​២០១៨។

តាម​ប្រភព​ដដែល សត្វ​ជ្រូក​៥​ប្រភេទ ដែល​ងាយ​ទទួលរង​ការ​ឆ្លង​នូវ​វីរុស​នៃ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​ដែរ​គឺ៖ ជ្រូក​ស្រុក ជ្រូក​ព្រៃ​អាស៊ី​អឺរ៉ុប ជ្រូក​ព្រៃ​ចែ​ធំ ជ្រូក​ព្រៃ និង​ជ្រូក​ព្រៃ​យក្ស៕

ចែករំលែកតាម៖