ក្រុមហ៊ុនជប៉ុន អារ៉ាខាវ៉ាអនុវត្ត CSR តាមរយៈការយកចិត្តទុកដាក់លើសុខភាពបុគ្គលិក

ក្រុមហ៊ុនជប៉ុន អារ៉ាខាវ៉ាអនុវត្ត CSR តាមរយៈការយកចិត្តទុកដាក់លើសុខភាពបុគ្គលិក

ការ​ទទួល​ខុសត្រូវ​សង្គម ឬ​ជា​ភាសាអង់គ្លេស​ថា CSR របស់​ក្រុមហ៊ុន​អារ៉ាខាវ៉ា​នា​ពេលនេះ គឺ​បាន​ស្តែង​ចេញ​តាមរយៈ​គម្រោង​ឧបត្ថម្ភ​បន្លែ​ស   រីរាង្គ​ជា​ទៀងទាត់ ទៅ​ដល់បុគ្គលិក និង​កម្មករ ដែល​កំពុង​បំរើ​ការងារ ជាង​៥០០នាក់។ នេះ​បើ​តាម​ប្រធានផ្នែក​លក់​នៃ​លំនៅ​ដ្ឋានអារ៉ាខារ៉ា លោកស្រី ប៉ែនបុប្ផា។ 

ប្រសាសន៍​លោកស្រី ប៉ែនបុប្ផា៖ «នេះ​គឺ​ជា​គំរូ​មួយ អាច​ថា​មិន​មាន​ក្រុមហ៊ុន​សំណង់​ច្រើន​ទេ ដែល​គាត់​ធ្វើ​ការ​ចែក​បន្លែ​សិរីរាង្គ​ដល់​បុគ្គលិក ដល់​កម្មករ​បែបនេះ។ (អ៊ី)ចឹង យើង​គិតថា បើ​សិន​ជា​ក្រុមហ៊ុន​ទាំងអស់ បាន​គិតគូរ​បែប​នេះដែរ ក្រុមហ៊ុន​អារ៉ាខាវ៉ា​របស់យើង យើង​នាំធ្វើ។ គិតថា​យើង​បាន​ធ្វើ​ជា​គំរូ ហើយបើ​ក្រុមហ៊ុន​ដទៃ​ទៀត ក្រុមហ៊ុន​ដែល​មាន​កម្មករ ដែល​មាន​បុគ្គលិក​ចាប់ផ្តើម​គិត​ពី​រឿង​ផ្គត់ផ្គង់​បន្លែ​សិរីរាង្គ​ដល់​បុគ្គលិក​របស់​ក្រុមហ៊ុន​ទាំងអស់​នោះ​ដែរ យើង​ជឿ​ថា​ធនធាន​របស់​យើង​នឹង​ក្លាយ​ទៅ​ជា​ពលរដ្ឋ​ពិត​ប្រាកដ។ មាន​ន័យ​ថា ប្រជាជន​ដែល​មាន​កម្លាំង​ពលំ​មាំមួន នៅ​ក្នុង​ការ​បំពេញ​តាម​ជំនាញ តាម​ចំណេះ តាមតួនាទី​របស់​គាត់»។

លោកស្រី ប៉ែន បុបា្ផ ប្រធានផ្នែក​លក់​នៃ​លំនៅ​ដ្ឋានអារ៉ាខារ៉ា
លោកស្រី ប៉ែន បុបា្ផ ប្រធានផ្នែក​លក់​នៃ​លំនៅ​ដ្ឋានអារ៉ាខារ៉ា

អត្ថប្រយោជន៍​ដែល​បាន​ផល​មក​ពី​យុទ្ធសាស្រ្ត​CSR រួម​មាន៖ ការ​សន្សំ​សំចៃ​ដោយ​ផ្ទាល់ និង​ប្រយោល ពង្រឹង​ចំណង​ទាក់ទង​ បង្កើត​និង​បង្កើន​ធនធាន​មនុស្ស ក៏​ដូចជា​កសាង​កេរ្តិ៍​ឈ្មោះ​ក្រុមហ៊ុន​ផង​ដែរ។ នេះ​បើ​យោង​តាម​ឯកសារ​ស្តី​ពី​ទំនួល​ខុសត្រូវ​សង្គម​នៅ​កម្ពុជា ដែល​បោះពុម្ព​ក្នុង​ឆ្នាំ​២០១៦ មាន​កម្រាស់​២០​ទំព័រ ដោយ​អង្គការ​អភិវឌ្ឍន៍ និង​ភាព​ជា​ដៃគូ​ក្នុង​សកម្មភាព DPA។​

ជាមួយ​គ្នា​នេះ​ដែរ លោកស្រី ប៉ែន បុប្ផា អះអាង​បន្ថែម​ពី​ការ​អនុវត្ត​CSR របស់​ក្រុមហ៊ុន​ខ្លួន​យ៉ាង​ដូច្នេះ​ថា៖ «ហើយ​ក្រៅពី​ការ​ដែល​យើង​គិតគូរ​ទៅ​លើ​សុវត្ថិភាព នៅ​ក្នុង​ការ​ធ្វើ​ការងារ​សម្រាប់​កម្មករ សម្រាប់​បុគ្គលិក យើង​ក៏​គិតគូរ​ផង​ដែរ ទៅ​លើ​ការ​ហូបចុក​របស់គាត់​ទៅ​លើ​ចំណី​អាហារ​របស់​គាត់​ជា​ប្រចាំ។ (អ៊ី)ចឹង​ទៅ ក្រុមហ៊ុន​អារ៉ាខាវ៉ា​ក៏​បាន​ផ្តល់​អាហារ​ថ្ងៃត្រង់​ជូន​ទៅ​ដល់​កម្មករ​និង​បុគ្គលិក​ទាំងអស់​ដែរ​នៅទី​នេះ។ ហើយ​លើស​ពី​ហ្នឹង​ទៅ​ទៀត​ក៏​យើង​ផ្គត់ផ្គង់​បន្លែ​សិរីរាង្គ​ផ្តល់ជូន​ដោយ​ឥតគិត​ថ្លៃ ដោយ​យើង​ទិញ​ពី​សហករ​សិរីរាង្គ​ខ្មែរ​មក ហើយ​យើង​យក​មក​ចែកជូន​ទាំង​កម្ម ករ​និង​និយោជិក​ជា​ប្រចាំ»។

បើ​ក្រឡេក​ទៅ​មើល​ទិដ្ឋភាព​ក្នុង​កម្មវិធី​ចែក​បន្លែ​សិរីរាង្គ​នេះ​វិញ កម្មករ​ម្នាក់ៗ​ត្រូវ​បាន​ធ្វើដំណើរ​មក​តម្រង់​ជួរ​នៅខាង​មុខ​ទីស្នាក់​ការលក់ នៃ​សំណង់​អាគារ​របស់​ក្រុមហ៊ុន​អារ៉ាខាវ៉ា ស្ថិតនៅ​ភូមិផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។ កម្មករ​ម្នាក់ៗ​បាន​នាំ​គ្នា​ឈរ​តម្រង់​ជា​ជួរ ដើម្បី​បង្កភាព​ងាយស្រួល និង​មាន​សណ្តាប់​ធ្នាប់។ អ្នកខ្លះ​ដៃ​ម្ខាង​កាន់ថង់​យួរ​បរិស្ថាន ឬECO Bag ផ្តល់​ជូន​ដោយ​ក្រុមហ៊ុន ដែល​ថង់​នេះ​ផលិត​ឡើង​ពី​ក្រណាត់ ឬ​សរសៃ​អំបោះ ដែល​អាច​បោកទឹក​ប្រើប្រាស់​ឡើង​វិញ​បាន ដោយ​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ផងដែរ។

ស្ថិតនៅ​ក្នុង​វ័យ៣១ឆ្នាំ អ្នកស្រី វិន ចន្ទ័ ដែល​ជា​កម្មការីនី​សំណង់​ម្នាក់​របស់​ក្រុមហ៊ុន​អារ៉ាខាវ៉ា បាន​ឱ្យ​ដឹង​ថា អ្នកស្រី​មាន​ចិត្ត​សប្បាយ​រីករាយ ព្រោះ​អ្នកស្រី​មិន​ដែល​ឃើញ​មាន​ក្រុមហ៊ុន​ណាមួយ ផ្តល់​បន្លែ​សិរីរាង្គ​ឱ្យ​កម្មករ​យ៉ាង​ដូច្នេះ​ទេ។

អ្នកស្រី វិន ចន្ទ័ ដែល​ជា​កម្មការីនី​សំណង់​
អ្នកស្រី វិន ចន្ទ័ ដែល​ជា​កម្មការីនី​សំណង់​

ស្រដៀង​គ្នានេះ​ដែរ កម្មករ​សំណង់ម្នាក់​ទៀត​ឈ្មោះ ជន វ៉ាន់ថង អាយុ៣៩ឆ្នាំ បាន​លើក​ឡើង​ថា លោក​សប្បាយ​ចិត្ត ដែល​បាន​ស្គាល់រសជាតិ​បន្លែសរីរាង្គ ដែល​ជា​បន្លែមាន​ស្តង់ដា​ខ្ពស់ និង​ជួយដល់​សុខភាព។

ប្រសាសន៍​លោកជន វ៉ាន់ថង៖​​ «កន្លង​មក​ភរិយា​ខ្ញុំទិញ [បន្លែនៅផ្សារ] មើល​ទៅ​វា​ល្អៗដែរ គ្រាន់​តែ​ថា​យើង​មិន​ដឹង​ថា​អា[បន្លែមាន]គីមី ឬ​មិន​គីមី​យ៉ាង​មិចទេ? ណា​ទាល់​តែ​បន្លែ​សិរីរាង្គ​យើង​ហ្នឹង វាពណ៌​មើល​ទៅ​វាស្រស់​វាទំនង​ហ្មង ហើយ​រស់​ជាតិ​បើ​បាន​ធ្វើ​អន្លក់​វិញ​គឺ​ឆ្ងាញ់​តែ​ម្តង»។ 

ឈ្មោះ ជន វ៉ាន់ថង កម្មករ​សំណង់ម្នាក់​ទៀត​
ឈ្មោះ ជន វ៉ាន់ថង កម្មករ​សំណង់ម្នាក់​ទៀត​

បើ​តាម​លោកស្រី ប៉ែន បុប្ផា នេះ​គឺ​ជា​លើកទី៨​ហើយ ដែល​ក្រុមហ៊ុនអារ៉ាខាវ៉ា បាន​ចែក​បន្លែ​សិរីរាង្គ​ទៅ​ដល់​បុគ្គលិក និង​កម្មករ​ទាំងអស់​របស់​ខ្លួន។ គម្រោង​នេះ​ចាប់​ផ្តើម​ពី​ថ្ងៃទី​១៣ ខែ​មីនា ដោយ​ក្នុង​១សប្តាហ៍​ចែក​ចំនួន​៣ថ្ងៃ គឺ​ថ្ងៃ​ច័ន្ទ ពុធ និង​ថ្ងៃ​សុក្រ និង​គ្រោង​បញ្ចប់​នៅ​ពេល​ដែល​សំណង់​នេះ​សាងសង់​ចប់​សព្វគ្រប់។

សូម​បញ្ជាក់​ថា កម្មករម្នាក់​អាច​ទទួល​បាន​បន្លែ១​កញ្ចប់ ដែល​មាន​ទំងន់​ប្រមាណកន្លះ​គីឡូ៕ 

ចែករំលែកតាម៖