យុវជននិងភាគីពាក់ព័ន្ធជំរុញការទប់ស្កាត់ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង

យុវជននិងភាគីពាក់ព័ន្ធជំរុញការទប់ស្កាត់ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង

របាយការណ៍​ស្រាវជ្រាវ​មួយ​របស់​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ​​បង្ហាញ​ថា​ពលរដ្ឋ​កម្ពុជា​ពេញ​វ័យ​លើស​ពី​៥០ភាគ​រយ​ធ្លាប់​ទទួលទាន​គ្រឿង​ស្រវឹង​

ស្នូរ​ទះ​ដៃ​បាន​បន្លឺ​ឡើង​ក្រោយ​យុវតី​វ័យ​២០ឆ្នាំ​មួយ​រូប​ធ្វើ​បទបង្ហាញ​របស់​ខ្លួន​ចប់​នៅ​ចំពោះ​មុខ​អ្នក​ចូលរួម​ជាង​១០០នាក់​ដែល​ភាគ​ច្រើន​ជា​យុវជន​មក​ពី​សាកលវិទ្យាល័យ​នានា​ក្នុង​រាជធានីភ្នំពេញ។​ កញ្ញា​ សេង​ ណៃហួង​ គឺជា​បេក្ខនារី​ម្នាក់​ក្នុង​ចំណោម​បេក្ខជន​១០នាក់​ដែល​បាន​ចូលរួម​ការ​ប្រកួត​ប្រជែង​និយាយ​ជា​សាធារណៈ​ក្រោម​ប្រធានបទ​ “ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង”។​

និស្សិត​ផ្នែក​គ្រប់គ្រង​ទេសចរណ៍​នៅ​សាកលវិទ្យាល័យភូមិន្ទភ្នំពេញ​រូប​នេះ​លើក​ឡើង​ថា​ សព្វថ្ងៃ​កញ្ញា​ឃើញ​មាន​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​គ្រប់​ទីកន្លែង​មិន​ថា​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដូចជា​ទូរទស្សន៍​ វិទ្យុ​ កាសែត​ និង​ផ្ទាំង​ប៉ាណូ​តាម​ទីសាធារណៈ​និង​ដង​ផ្លូវ។​ កំណើន​នៃ​ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​នេះ​ហាក់​មាន​ការ​កើន​ឡើង​ខ្លាំង​ដែល​កត្តា​ទាំង​នេះ​បាន​ជះ​ឥទ្ធិពល​ដល់​សង្គម​ជាពិសេស​យុវជន​ដូចជា​រូប​នាង។​

យុវតី​រាង​ស្ដើង​សប្បុរស​រូប​នេះ​បាន​រៀបរាប់​ប្រាប់​ក្រោយ​បញ្ចប់​ការ​ធ្វើ​បទ​បង្ហាញ​របស់​ខ្លួន​ថា​ ការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំ​ទូលាយ​នេះ​បាន​ជំរុញ​លើក​ទឹក​ចិត្ត​ឱ្យ​អ្នក​ប្រើប្រាស់​កាន់​តែ​បន្ត​ប្រើប្រាស់​នៅ​គ្រឿង​ស្រវឹង​ បន្ទាប់​ពី​ពួកគេ​បាន​ឃើញ​ការ​ឃោសនា​ផ្សេងៗ​ ដែល​មាន​ភាព​ទាក់ទាញ​និង​ប្លែកៗ។​

កញ្ញា​ សេង​ ណៃហួង​ រៀបរាប់​ថា៖​ «ខ្ញុំ​ឃើញ​ថា​ការ​ផ្សព្វផ្សាយ​ហ្នឹង​វា​ប៉ះពាល់​ខ្លាំង​មែន​ទែន​ ដោយសារ​តែ​ការ​ផ្សព្វផ្សាយ​ហ្នឹង​ វា​មាន​លក្ខណៈ​សម្បូរ​បែប​ វា​ច្រើន​ដូចជា​ខ្ញុំ​បាន​រៀបរាប់។​ ពេល​ផ្សាយ​ចេញ​ទៅ​ធ្វើ​ឱ្យ​អ្នក​ប្រើប្រាស់​ហ្នឹង​គាត់​ចង់​ ចង់​ប្រើ​ហើយ​ចង់​ប្រើ​ទៀត​ ដោយ​មាន​ផលិតផល​ថ្មីៗ​ជា​ច្រើន​ បាន​ចេះ​តែ​ផ្សាយ​ផលិតផល​ថ្មី​មួយ​ចឹង​ មាន​ផលិតផល​ថ្មី​មួយ​ទៀត​ ក៏​គាត់​ផ្សាយ​ប្រជែង​គ្នា​ ……​ដែល​ធ្វើ​ឱ្យ​អ្នក​ប្រើ​ចេះ​តែ​ចង់​សាក​ បូក​រួម​នឹង​រង្វាន់​ច្រើន​ជាង​មុន»។​

របាយការណ៍​ស្រាវជ្រាវ​មួយ​របស់​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ​បាន​បង្ហាញ​ថា​ មាន​ប្រជាពលរដ្ឋ​កម្ពុជា​ពេញ​វ័យ​លើស​ពី​៥០ភាគ​រយ​ធ្លាប់​ទទួលទាន​គ្រឿង​ស្រវឹង​ ក្នុង​នោះ​បុរស​មាន​អត្រា​ខ្ពស់​រហូត​ដល់​៧៣ភាគ​រយ។​

របាយការណ៍​ដដែល​បញ្ជាក់​ទៀត​ថា​ ៩០ភាគរយ​នៃ​អ្នក​ទទួល​ទាន​គ្រឿង​ស្រវឹង​បាន​ចាប់​ផ្ដើម​ប្រើប្រាស់​គ្រឿង​ស្រវឹង​ចាប់​តាំង​ពី​ខ្លួន​ស្ថិត​ក្នុង​វ័យ​កុមារ​និង​យុវជន។​ អត្រា​ដ៏​ខ្ពស់​នៃ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​នេះ​ត្រូវ​បាន​អ្នក​ជំនាញ​រក​ឃើញ​ថា​បណ្តាល​មក​ពី​ការ​ទាក់ទាញ​តាមរយៈ​ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​យ៉ាង​អនាធិបតេយ្យ។​

គណកម្មាការនិងយុវជនទទួលជ័យលាភីក្នុងការប្រកួតប្រជែញនិយាយជាសាធារណៈ ក្រោមប្រធានបទ “ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង”
គណកម្មាការនិងយុវជនទទួលជ័យលាភីក្នុងការប្រកួតប្រជែងនិយាយជាសាធារណៈ ក្រោមប្រធានបទ “ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង”

នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​ វេជ្ជបណ្ឌិត​ មុំ​ គង់​ មាន​ប្រសាសន៍​ថា​បច្ចុប្បន្ន​ ស្ថានភាព​នៃ​ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​កំពុង​ជះ​ឥទ្ធិពល​លើ​យុវជន​កម្ពុជា​ដែល​បាន​បង្ក​ការ​ព្រួយ​បារម្ភ​ខ្លាំង​ ខណៈ​កម្ពុជា​ពុំ​ទាន់​មាន​ច្បាប់​សម្រាប់​គ្រប់​គ្រង​បញ្ហា​នេះ​នៅ​ឡើយ។​

ក្រោយ​បញ្ចប់​ការ​វាយ​តម្លៃ​ទៅ​លើ​យុវជន​ក្នុង​ការ​ប្រកួត​ប្រជែង​និយាយ​ជា​សាធារណៈ​ ក្រោម​ប្រធានបទ​ “ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង”​ លោក​វេជ្ជបណ្ឌិត​ គង់​ មុំ​ បង្ហាញ​ក្ដី​សង្ឃឹម​ថា​ រដ្ឋាភិបាល​នឹង​ពន្លឿន​ការ​អនុម័ត​ច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង​ឱ្យ​បាន​លឿន​ ដើម្បី​ចូលរួម​កាត់​បន្ថយ​គ្រោះថ្នាក់​នានា។​

លោក​មាន​ប្រសាសន៍​ថា៖​ «តាម​ពិត​យើង​បាន​ព្រាង​ច្បាប់​តាំង​ពី​ឆ្នាំ​មុន​ ប៉ុន្តែ​ច្បាប់​នេះ​មិន​ទាន់​ត្រូវ​បាន​អនុម័ត​ទេ។​ ប៉ុន្តែ​ចំពោះ​មូលហេតុ​ហ្នឹង​ ខ្ញុំ​ក៏​មិនមាន​ហេតុផល​អ្វី​មក​ជម្រាប​ជូន។​ ប៉ុន្តែ​ខ្ញុំ​គ្រាន់​តែ​មាន​ទឡ្ហីករណ៍​ថា​ ប្រជាពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​ តាម​ការ​អង្កេត​ គឺ​គាំទ្រ​ឱ្យ​រដ្ឋាភិបាល​អនុម័ត​ច្បាប់​នេះ​ ហើយ​កំពុង​តែ​រង់ចាំ​ បើ​ចង់​ឃើញ​ច្បាប់​ស្តី​ការ​គ្រប់គ្រង់​គ្រឿង​ស្រវឹង​នេះ​ត្រូវ​បាន​អនុម័ត។​ ហើយ​ច្បាប់​នេះ​ទៀត​សោត​ ក៏​មិនមែន​បង្កើត​ឡើង​ដើម្បី​កម្រិត​មិន​ឱ្យ​មាន​ការ​ផឹក​ មាន​ការ​លក់​ទេ​ គឺ​គ្រាន់​តែ​ឱ្យ​ការ​ផឹក​ ការ​លក់​ហ្នឹង​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​មួយ»។​

សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ត្រូវ​បាន​រដ្ឋាភិបាល​រៀបរៀង​តាំង​ពី​ឆ្នាំ២០១៥​ ដែល​គេ​រំពឹង​ថា​ នៅ​ពេល​ច្បាប់​នេះ​ចេញ​ជា​ធរមាន​នឹង​មាន​ការ​ដំឡើង​ពន្ធ​និង​វិធានការ​មួយ​ចំនួន​សម្រាប់​កម្រិត​ដល់​ការ​ចរាចរ​ផលិតផល​គ្រឿង​ស្រវឹង​នៅ​កម្ពុជា​ រួម​នឹង​វិធានការ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង។​

មន្ត្រី​ក្រសួង​ព័ត៌មាន​ លោក​ ឈាន​ លាង​ ដែល​បាន​ចូលរួម​ធ្វើ​ការ​វាយ​តម្លៃ​ការ​ប្រកួត​និយាយ​ជា​សាធារណៈ​នោះ​បាន​ឆ្លើយ​តប​យ៉ាង​ខ្លី​ថា​ កន្លង​មក​ក្រសួង​បាន​ចេញ​វិធានការ​ជា​ហូរហែ​ ដើម្បី​ទប់ស្កាត់​នូវ​បញ្ហា​ទាំង​នេះ។​ ទោះ​យ៉ាង​ណា​លោក​មិន​បាន​បញ្ជាក់​ថា​ ក្រសួង​នឹង​មាន​វិធានការ​អ្វី​បន្ថែម​ទៀត​នោះ​ទេ​ ហើយ​ចំពោះ​នីតិវិធី​នៃ​ការ​អនុម័ត​ច្បាប់​នេះ​ក៏​លោក​សុំ​មិន​ធ្វើ​ការ​អត្ថាធិប្បាយ​ដែរ។​

ក្នុង​រយៈពេល​៣ឆ្នាំ​ចុង​ក្រោយ​នេះ​ ក្រសួង​ព័ត៌មាន​បាន​ចេញ​លិខិត​ណែនាំ​ជា​ច្រើន​ដង​ ដើម្បី​កំណត់​នូវ​ពេល​វេលា​ជាក់​លាក់​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​ផលិតផល​គ្រឿង​ស្រវឹង​ នៅ​តាម​ប៉ុស្តិ៍​ទូរទស្សន៍​និង​វិទ្យុ​ រួម​ទាំង​ព្រមាន​បិទ​ស្ថាប័ន​ទាំង​ឡាយ​ណា​ដែល​នៅ​តែ​បំពាន​បំរាម​របស់​ខ្លួន​ទៀត​ផង។​

យុវជន​ ទ្រី​ សុងហ៊ី​ និស្សិត​ផ្នែក​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​សារគមនាគមន៍​ដែល​បាន​ចូលរួម​ធ្វើ​បទ​បង្ហាញ​ដែរ​លើក​ឡើង​ថា​ ទោះ​បី​ជា​មាន​ការ​ព្រមាន​ជា​ច្រើន​ដង​ពី​ក្រសួង​ដូច​នេះ​ក្ដី​ ការ​ផ្សាយ​ពាណិជ្ជកម្ម​ពី​គ្រឿង​ស្រវឹង​នៅ​តែ​បន្ត​មាន​ជា​បន្ត​បន្ទាប់។​

យុវជន​ ទ្រី​ សុងហ៊ី​ បន្ត​ថា៖​ «ក៏​ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​មិនមាន​ភាព​ច្បាស់លាស់​នៅ​ក្នុង​ការ​ដោះស្រាយ។​ គ្រាន់​តែ​ជំរុញ​តែ​យើង​អត់​បាន​ឃើញ​វិធានការ​ជាក់លាក់​នៅ​ក្នុង​ការ​គ្រប់គ្រង​គ្រឿង​ស្រវឹង​នេះ»។​

លោក ឈាន លាង មន្ត្រីក្រសួងព័ត៌មាននិងលោក គឹម សាញ់ តំណាងក្រសួងអប់រំ យុវជន និងកីឡា
លោក ឈាន លាង មន្ត្រីក្រសួងព័ត៌មាននិងលោក គឹម សាញ់ តំណាងក្រសួងអប់រំ យុវជន និងកីឡា

ស្រាបៀរ​គឺ​ជា​ប្រភេទ​គ្រឿង​ស្រវឹង​ម្យ៉ាង​ដែល​ពលរដ្ឋ​កម្ពុជា​និយម​សេព​រហូត​ដល់៨៤%​ ស្រប​ពេល​ពួកគេ​ទទួល​ឥទ្ធិពល​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​និង​ចាប់​ផ្តើម​ជ្រើសរើស​ម៉ាក​គ្រឿង​ស្រវឹង​ តាមរយៈ​រសជាតិ​ ម៉ាក​ តម្លៃ​ និង​រង្វាន់​ជាដើម​ នេះ​បើ​យោង​តាម​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​ប្រជាពលរដ្ឋ​ស្តី​ពី​គ្រឿង​ស្រវឹង​ឆ្នាំ២០១៤​ របស់​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។​

លោក​ គឹម​ សាញ់​ តំណាង​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ទទួល​ស្គាល់​ថា​ ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​ មាន​ផល​ប៉ះពាល់​ខ្លាំង​ណាស់​ដល់​យុវជន​ ព្រោះ​យុវជន​គឺ​ស្ថិត​ក្នុង​វ័យ​មួយ​ដែល​ចង់​ដឹង​ចង់​សាក​ដែល​ធ្វើ​ឱ្យ​ពួក​គេ​ងាយ​នឹង​ធ្លាក់​ខ្លួន​ទៅ​ប្រើប្រាស់​គ្រឿង​ស្រវឹង​នេះ​បាន​យ៉ាង​ងាយ។​

លោក​ គឹម​ សាញ់​ ជំរុញ​ឱ្យ​យុវជន​ចៀស​ឱ្យ​ឆ្ងាយ​ពី​ការ​សេព​គ្រឿង​ស្រវឹង​ថា៖​ «កុំ​ចង់​សាក​គ្រឿង​ស្រវឹង​នេះ​ កុំ​សាក​ឱ្យ​សោះ​ ដូចជា​គ្រឿង​ញៀន​ជាដើម​ ព្រោះ​របស់​នេះ​ មិនមែន​ជា​របស់​លេង​សើច​ទេ​ មិនមែន​ជា​ភេសជ្ជៈ​អី​ធម្មតា​ទេ​ អា​នេះ​គឺ​ជា​រឿង​ធ្វើ​ឱ្យ​ប្អូនៗ​ប៉ះពាល់​ដល់​សុខភាព​ពិសេស​ខួរក្បាល។​ អ៊ីចឹង​សូម​ប្អូនៗ​ជា​យុវវ័យ​ហ្នឹង​កុំ​សាក​ឱ្យ​សោះ​ ហើយ​ព្យាយាម​ទាំងអស់​គ្នា​ និង​អាណាព្យាបាល​ សូម​រំលឹក​ដាស់​តឿន​ប្អូនៗ​ ជា​កូន​ជា​ចៅ​ហ្នឹង​កុំ​ឱ្យ​ប្រើប្រាស់​គ្រឿង​ស្រវឹង។​ ទន្ទឹម​ហ្នឹង​នេះ​ទៀត​ អាណាព្យាបាល​ហ្នឹង​ធ្វើ​ជា​គំរូ​ក្នុង​ការ​មិន​ប្រើប្រាស់​គ្រឿង​ស្រវឹង»។​

របាយការណ៍​អង្គការ​សុខភាព​ពិភពលោក​(WHO)​បាន​បង្ហាញ​ថា​ គ្រឿង​ស្រវឹង​គឺ​ជា​មូលហេតុ​ទី៣​ ដែល​បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់​លើ​ពិភពលោក​ប្រមាណ​២,៥លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ​និង​បង្ក​ឱ្យ​មាន​ជំងឺ​ប្រមាណ​២០០មុខ។​ ជំងឺ​ទាំង​នោះ​មាន​ដូចជា​មហារីក​បំពង់​អាហារ​ មហារីក​ថ្លើម​ ជំងឺ​សម្ពាធ​ឈាម​ ជំងឺ​សរសៃ​ឈាម​បេះដូង​ ខួរក្បាល​ ក្រិន​ថ្លើម​ វិកលវិបល្លាស​ជាដើម។​

ចំណែក​នៅ​កម្ពុជា​ គ្រឿង​ស្រវឹង​ជា​មូលហេតុ​ចម្បង​ទី២​ដែល​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​និង​ខាតបង់​ថវិកា​ជាតិ​ប្រមាណ​៤៤លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។​ បើ​យោង​តាម​របាយការណ៍​ស្ទង់​មតិ​មួយ​របស់​អង្គការ​មូល​និធិ​កុមារ​ កាល​ពី​ឆ្នាំ២០១៣​ ចំពោះ​ផល​ប៉ះពាល់​ទៅ​លើ​កុមារ​កម្ពុជា​វិញ​ គឺ​មាន៩០%​ ចំពោះ​កុមារ​ចន្លោះ​ពី​១០​ ដល់​ ១២ឆ្នាំ​ ដែល​ទទួល​រង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​និង​សហគមន៍​ នៅ​ពេល​ដែល​ពួកគេ​បាន​ប្រើប្រាស់​នូវ​គ្រឿង​ស្រវឹង។​

យុវជន​និង​អង្គការ​សង្គម​ស៊ីវិល​ទទូច​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជាពិសេស​ក្រសួង​ព័ត៌មាន​ទប់ស្កាត់​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ដែល​ពួកគេ​យល់​ឃើញ​ថា​ បាន​ជះ​ឥទ្ធិពល​អាក្រក់​ដល់​សង្គម​នេះ​ឱ្យ​បាន​ឆាប់​រហ័ស​និង​មាន​ប្រសិទ្ធភាព៕​

ចែករំលែកតាម៖