ក្រុម​អ្នកនិពន្ធ​វ័យក្មេង៖ ការក្លាយ​ខ្លួន​ជា​អ្នកនិពន្ធ​ពុំមែន​ជា​រឿង​ចៃដន្យ​ទេ

ក្រុម​អ្នកនិពន្ធ​វ័យក្មេង៖ ការក្លាយ​ខ្លួន​ជា​អ្នកនិពន្ធ​ពុំមែន​ជា​រឿង​ចៃដន្យ​ទេ

សៀវភៅរឿងសង្សារ១៤ថ្ងៃ និពន្ធដោយលោក សុខ ចាន់ផល

«កម្លាំង​បណ្ដាល​ចិត្ត​អ្នក​និពន្ធ» គឺ​ជា​ប្រធានបទ​ក្នុង​សិក្ខា​សាលា​មួយ​ដែល​រៀបចំ​ឡើង​នៅ​សាកល​វិទ្យាល័យ​ហ្សាម៉ាន់ ក្នុង​រាជធានី​ភ្នំពេញ។ អ្នក​រៀបចំ​កម្មវិធី​ឱ្យ​ដឹង​ថា សិក្ខា​សាលា​នេះ​មាន​គោល​បំណង​ចែក​រំលែក​បទពិសោធ​ជីវិត​ជា​អ្នក​និពន្ធ​សៀវភៅ​រឿង​ផ្សេងៗ​ពី​សំណាក់​ក្រុម​អ្នក​និពន្ធ​វ័យ​ក្មេង​មួយ​ក្រុម​ទៅ​កាន់​អ្នក​ចូលរួម ពិសេស​ទៅ​កាន់​អ្នក​អាន​តែ​ម្តង។ លើស​ពី​នេះ បង្ហាញ​ពី​មូលហេតុ​សំខាន់ៗ​ដែល​ធ្វើ​ឱ្យ​ក្រុម​អ្នក​និពន្ធ​វ័យ​ក្មេង​ទាំង​នោះ​ក្លាយ​ជា​អ្នក​និពន្ធ​អាជីព​និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​នូវ​ស្នាដៃ​របស់​ពួកគេ​ពី​សំណាក់​មនុស្ស​មួយ​ចំនួន​ទៀត​ផង។

អ្នក​និពន្ធ​រឿង​ប្រលោមលោក ផលិតករ​ភាពយន្ត​និង​ចម្រៀង លោក សុខ ចាន់ផល មាន​ប្រសាសន៍​ថា សិក្ខា​សាលា​នេះ​មាន​គោល​បំណង​ផ្សព្វផ្សាយ​ស្នាដៃ​សៀវភៅ​ប្រលោមលោក​និង​វីដេអូ​ភាពយន្ត​រឿង​សង្សារ​១៤​ថ្ងៃ​ដែល​ជា​ស្នាដៃ​របស់​លោក​ផ្ទាល់។ បន្ថែម​ពី​នេះ​គឺ​ជា​ការ​ចែក​រំលែក​បទពិសោធ​និង​បង្កើត​ទំនាក់ទំនង​រវាង​អ្នក​និពន្ធ​ផ្ទាល់​ទៅ​កាន់​អ្នក​អាន។

លោក សុខ ចាន់ថុល មាន​ប្រសាសន៍​ថា៖ «កម្លាំង​បណ្តាល​ចិត្ត​អ្នក​និពន្ធ។ ឈ្មោះ​នេះ ជា​ពាក្យ​ដែល​ខ្ញុំ​ស្រឡាញ់ ព្រោះ​ខ្ញុំ​គិត​ថា​ដែល​ធ្វើ​ចេញ​អី​មួយ គឺ​ត្រូវ​មាន​កម្លាំង​បណ្តាល​ចិត្ត។ អ៊ីចឹង​នៅ​ក្នុង​សំណេរ​អ្នក​និពន្ធ​មួយៗ​ហ្នឹង ខ្ញុំ​ចង់​ដឹង​ថា ស្អី​គេ​បណ្តាល​ចិត្ត​ឱ្យ​គាត់។ មនុស្ស​យើង​នៅ​ពេល​មាន​គោលដៅ​នឹង​ធ្វើ​ការងារ​បាន​ល្អ​ប្រសើរ​ហើយ។ អ៊ីចឹង​កម្មវិធី​មួយ​ហ្នឹង ខ្ញុំ​អញ្ជើញ​អ្នក​និពន្ធ​មក​ចូលរួម ដើម្បី​ឱ្យ​ពួក​គាត់​ជជែក​រឿង​ហ្នឹង។ អ្នក​អាន​ក៏​មាន​ឱកាស​បាន​ជួប​ផ្ទាល់​ជាមួយ​គាត់ អ៊ីចឹង​ហើយ​យើង​បង្កើត​បរិយាកាស​អ្នក​និពន្ធ​និង​អ្នក​អាន។ ប្រការ​មួយ​ហ្នឹង ខ្ញុំ​គិត​ថា​វា​នឹង​ជួយ​លើក​ស្ទួយ​ដល់​វិស័យ​តែង​និពន្ធ អាន​សៀវភៅ និង​អក្សរសិល្ប៍​ក្នុង​ប្រទេស​ខ្មែរ​យើង​ដែរ»។

លោក សុខ ចាន់ផល អ្នកនិពន្ធរឿងប្រលោមលោក ផលិតករភាពយន្តនិងចម្រៀង
លោក សុខ ចាន់ផល អ្នកនិពន្ធរឿងប្រលោមលោក ផលិតករភាពយន្តនិងចម្រៀង

សិក្ខា​សាលា​ដែល​មាន​អ្នក​ចូលរួម​ប្រមាណ​២០០​នាក់​នេះ​មាន​វាគ្មិន​ដែល​ជា​អ្នក​និពន្ធ​វ័យ​ក្មេង​សរុប​ចំនួន​៥​រូប។ ក្រៅ​ពី​លោក​សុខ ចាន់ផល អ្នក​និពន្ធ​ទាំង​៥​នាក់​រួម​មាន​លោក យូ សុភា ម្ចាស់​ស្នាដៃ​ប្រលោមលោក​រឿង រាជនី​ភូមិគ្រឹះ លោក សួង ម៉ាក់ ម្ចាស់​ស្នាដៃ​ប្រលោមលោក​រឿង “ព្រិល​ធ្លាក់​កណ្ដាល​សមុទ្រ​ខ្សាច់” កញ្ញា គឹម ឌីណា ម្ចាស់​ស្នាដៃ​រឿង “ភរិយា​ខ្ញុំ​អាយុ​១៨​ឆ្នាំ” និង​កញ្ញា សែត ហត្ថា រហស្សនាម កូន​ចាប​មាស ជា​ម្ចាស់​ស្នាដៃ​សៀវភៅ “វិញ្ញាសារ​ជីវិត”។

ក្រុម​អ្នក​និពន្ធ​លើក​ឡើង​ក្នុង​ឱកាស​នោះ​ថា ការ​ក្លាយ​ខ្លួន​ជា​អ្នក​និពន្ធ​សៀវភៅ​ផ្សេងៗ គឺ​ទទួល​បាន​តាមរយៈ​ការ​តស៊ូ​ព្យាយាម ការ​អាន និង​ស្តាប់​ឱ្យ​បាន​ច្រើន។ ការ​សង្កេត​មើល​អំពី​រឿងរ៉ាវ​នានា​ដែល​កើត​ឡើង​ក្នុង​សង្គម​ឬ​ការ​ប្រមូល​យក​បញ្ហា​ជីវិត​មួយ​ចំនួន​មក​ចងក្រង​ព្រម​ទាំង​មាន​ចំណង់​ចំណូល​ចិត្ត ឬ ក្តី​ស្រមៃ​ចង់​ក្លាយ​ជា​អ្នក​និពន្ធ​តាំង​ពី​តូច​មក។

អ្នក​និពន្ធ​វ័យ​ក្មេង​ម្នាក់​ក្នុង​ចំណោម​អ្នក​និពន្ធ​ផ្សេង​ទៀត លោក សួង ម៉ាក់ មាន​ប្រសាសន៍​ថា លោក​ចូលចិត្ត​ការ​អាន​និង​ការ​តែង​និពន្ធ​តាំង​ពី​លោក​មាន​អាយុ​ជាង​១០​ឆ្នាំ ហើយ​លោក​តែងតែ​ដាក់​អារម្មណ៍​របស់​ខ្លួន​ទៅ​ក្នុង​សាច់​រឿង​នីមួយៗ​ដែល​លោក​បាន​អាន​កាល​នោះ។ លោក​បញ្ជាក់​ថា ស្នាដៃ​សៀវភៅ​របស់​លោក​ចំនួន​៧​បាន​បោះពុម្ព​រួច​ហើយ និង​ស្នាដៃ​សៀវភៅ​ចំនួន​ពីរ​ទៀត​ដែល​សរសេរ​ជា​ភាសា​អង់គ្លេស​និង​បារាំង​កំពុង​ត្រៀម​បោះពុម្ព​ផង​ដែរ។

អ្នក​និពន្ធ​វ័យ​ក្មេង​រូប​នេះ​បញ្ជាក់​ថា ការ​បោះ​ជំហាន​លើ​អាជីព​ជា​អ្នក​និពន្ធ​តាំង​ពី​ដើម​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​ពុំ​មែន​ជា​រឿង​ចៃដន្យ​ទេ។

លោក សួង ម៉ាក់ មាន​ប្រសាសន៍​ថា៖ «និយាយ​ទៅ​វា​កើត​ឡើង​ដោយ​ការ​តាំង​ចិត្ត វា​មិនមែន​កើត​ឡើង​ដោយ​ការ​ចៃដន្យ​ទេ។ និយាយ​ទៅ​ដោយសារ​យើង​មាន​ក្តី​ស្រមៃ​មួយ​ចង់​ក្លាយ​ជា​អ្នក​និពន្ធ​តាំង​ពី​តូច​ម្លេះ។ អ៊ីចឹង​កាល​ខ្ញុំ​រៀន​ថ្នាក់​ទី​ពីរ​ទី​បី​ហ្នឹង គឺ​ខ្ញុំ​អាន​សៀវភៅ​ប្រលោមលោក​ច្រើន ហើយ​ពេល​ហ្នឹង​ដូច​ខ្ញុំ​និយាយ​ក្នុង​សិក្ខា​សាលា​[អម្បាញ់]​មិញ​ហ្នឹង​ថា ពេល​ខ្ញុំ​អាន​ទៅ​ខ្ញុំ​យំ ខ្ញុំ​ខឹង ខ្ញុំ​អី​អ៊ីចឹង​ទៅ។ ហើយ​កូន​ចិត្ត​កូន​ក្មេង​ម្នាក់​ហ្នឹង​នៅ​ពេល​គាត់​អាន​សៀវភៅ​ទៅ​ធ្វើ​ឱ្យ​គាត់​យំ។ អ៊ីចឹង​ធ្វើ​ឱ្យ​គាត់​ប្តេជ្ញា​ចិត្ត​ថា​ថ្ងៃ​ណា​មួយ​គាត់​នឹង​ក្លាយ​ជា​អ្នក​និពន្ធ​ម្នាក់​ដែល​ធ្វើ​ឱ្យ​អ្នក​អាន​យំ​តាម​អ្នក​និពន្ធ​ដែរ»។

កញ្ញា គឹម ឌីណា អ្នកនិពន្ធវ័យក្មេង
កញ្ញា គឹម ឌីណា អ្នកនិពន្ធវ័យក្មេង

អ្នក​និពន្ធ​វ័យ​ក្មេង​មួយ​រូប​ទៀត កញ្ញា គឹម ឌីណា ឱ្យ​ដឹង​ថា​កញ្ញា​ទើប​ចាប់​យក​អាជីព​ជា​អ្នក​តែង​និពន្ធ​ជាង​១​ឆ្នាំ​ទេ ប៉ុន្តែ​កន្លង​មក​កញ្ញា​ធ្លាប់​បាន​សរសេរ​អត្ថបទ​រឿង​ផ្សេងៗ​ជា​យូរ​ឆ្នាំ​ណាស់​មក​ហើយ។ កញ្ញា​មើល​ឃើញ​ថា ថ្ងៃ​អនាគត​អ្នក​និពន្ធ​នឹង​កាន់​តែ​មាន​តម្លៃ។

កញ្ញា​លើក​ឡើង​ដូច្នេះ​ថា៖  «ទី​មួយ​ចាប់​ផ្តើម​ពី​ខ្លួន​ឯង ដោយសារ​ខ្ញុំ​ខ្លួនឯង​ឱ្យ​តម្លៃ​ទៅ​លើ​អ្នក​និពន្ធ​ខ្ញុំ​ឱ្យ​តម្លៃ​ទៅ​លើ​ការងារ​ខ្ញុំ។ ហើយ​មួយ​ទៀត​ក៏​ឃើញ​សន្ទុះ ឥឡូវ​ហ្នឹង​អ្នក​និពន្ធ​រួម​សាមគ្គី​គ្នា​ក្នុង​ការងារ​និពន្ធ។ បាន​ន័យ​ថា​មិន​ត្រឹម​តែ​បង្កើត​កម្មវិធី យើង​មាន​ទំនាក់ទំនង​គ្នា បាន​ន័យ​ថា​យើង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ ហើយ​មើល​ទៅ​ឥឡូវ​ក៏​គេ​ឱ្យ​តម្លៃ​ទៅ​លើ​អ្នក​និពន្ធ​បាន​ច្រើន​ជាង​កាល​ពី​មុនៗ»។

ក្រៅ​ពី​បាន​បង្ហាញ​ពី​មូលហេតុ​ដែល​ធ្វើ​ឱ្យ​ពួក​គាត់​ក្លាយ​ជា​អ្នក​និពន្ធ ក្រុម​អ្នក​និពន្ធ​វ័យ​ក្មេង​ក៏​បាន​ចែក​រំលែក​បទពិសោធ​ដល់​អ្នក​ចូលរួម​ដែល​មាន​បំណង​ចង់​ក្លាយ​ជា​អ្នក​និពន្ធ​នៅ​ថ្ងៃ​អនាគត​ទៀត​ផង។ ក្រុម​អ្នក​និពន្ធ​វ័យ​ក្មេង​ទាំង​នោះ​បាន​ណែនាំ​ថា ដើម្បី​ក្លាយ​ជា​អ្នក​និពន្ធ​នៅ​ថ្ងៃ​អនាគត យុវជន​គប្បី​អាន សង្កេត​និង​ស្តាប់​ឱ្យ​បាន​ច្រើន។ លើស​ពី​នេះ ត្រូវ​ដឹង​ឱ្យ​ច្បាស់​ពី​ប្រភេទ​រឿង​ដែល​ខ្លួន​ចង់​សរសេរ។ បន្ថែម​ពី​នេះ គប្បី​ចូលរួម​សិក្ខា​សាលា ឬ​កម្មវិធី​ដែល​និយាយ​អំពី​ការ​តែង​និពន្ធ ព្រម​ទាំង​បង្កើត​ទំនាក់​ទំនង​ជាមួយ​អ្នក​និពន្ធ​ជើង​ចាស់​ឱ្យ​បាន​ច្រើន។ មិន​តែ​ប៉ុណ្ណោះ ត្រូវ​ខិត​ខំ​បង្ហាញ​ស្នាដៃ​តែង​និពន្ធ​របស់​ខ្លួន​ក្នុង​ការ​ប្រកួត​ប្រជែង ដើម្បី​យក​ជា​បទពិសោធ៕

ចែករំលែកតាម៖