ស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យា៖ បច្ចេកវិទ្យានាំក្តីសុបិនរបស់ស្ត្រីដល់គោលដៅ

ស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យា៖ បច្ចេកវិទ្យានាំក្តីសុបិនរបស់ស្ត្រីដល់គោលដៅ

លោក កាន ច័ន្ទមេត្តា រដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងម្ចាស់ពានរង្វាន់ស្ត្រីកម្ពុជាក្នុងវិស័យបច្ចេកវិទ្យា

ម្ចាស់​ជ័យលាភី​ពាន​រង្វាន់​ស្ត្រី​កម្ពុជា​ក្នុង​វិស័យ​បច្ចេកវិទ្យា​ឆ្នាំ​២០១៨​លើក​ឡើង​ថា​ បច្ចេកវិទ្យា​គឺ​ជា​ចំណេះដឹង​ដ៏​ចាំបាច់​នា​សម័យ​បច្ចុប្បន្ន​ ហើយ​វា​ជា​កម្លាំង​ចលករ​ក្នុង​ការ​ជួយ​ជំរុញ​ស្ត្រី​ឱ្យ​សម្រេច​បាន​នូវ​ក្ដី​ស្រមៃ​របស់​ខ្លួន។​

ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ប្រកាស​ពានរង្វាន់​ស្ត្រី​កម្ពុជា​ក្នុង​វិស័យ​បច្ចេកវិទ្យា​ឆ្នាំ​២០១៨​ឬ​ «Cambodia​ Women​ in​ Tech​ Award​» កាល​ពី​ថ្ងៃ​ទី៨​ ខែ​មីនា​ ស្រប​ពេល​ដែល​ពិភពលោក​អបអរសាទរ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​លើក​ទី១០៧។​ ស្ត្រី​ឆ្នើម​៣រូប​ក្នុង​ចំណោម​បេក្ខជន​៣០នាក់​ បាន​ឈ្នះ​ពាន​រង្វាន់​នេះ​សម្រាប់​ជោគជ័យ​ដែល​ពួក​គេ​សម្រេច​បាន​ក្នុង​អាជីព​ការងារ។​

អ្នក​ស្រាវជ្រាវ​និង​ប្រមូល​ទិន្នន័យ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ កញ្ញា​ ចន្ទ​ ពេញល័ក្ខ​ ជា​ម្ចាស់​ជ័យលាភី​ម្នាក់​ដែល​បាន​ចូលរួម​ជំរុញ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​សហគមន៍។​

កញ្ញា​ ចន្ទ​ ពេញល័ក្ខ​ ផ្ញើរ​សារ​ទៅ​កាន់​ស្ត្រី​ទូទៅ​ថា​ បើ​ទោះ​ជា​សង្គម​នៅ​មាន​ផ្នត់​គំនិត​ថា​ កូន​ប្រុស​គួរ​តែ​រៀន​បច្ចេកវិទ្យា​ជា​ជាង​កូន​ស្រី​ ប៉ុន្តែ​មនុស្ស​ទាំងអស់​មិន​អាច​ប្រកែក​បាន​ទេ​ថា​ ស្ត្រី​មិន​អាច​គេច​ចេញ​ពី​បច្ចេកវិទ្យា​ដែល​កំពុង​តែ​រីក​សាយភាយ​នៅ​ក្នុង​សង្គម។​ ជ័យលាភី​ស្ត្រី​ឆ្នើម​រូប​នេះ​ជំរុញ​ឱ្យ​នារី​ខ្មែរ​ទាំងអស់​កុំ​បោះបង់​ឱកាស​ចូល​រួម​ក្នុង​វិស័យ​នេះ​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន​ ដើម្បី​អភិវឌ្ឍ​ខ្លួន​ គ្រួសារ​និង​សង្គមជាតិ​ទាំង​មូល។​

កញ្ញា​ ចន្ទ​ ពេញល័ក្ខ​ អះអាង​យ៉ាង​ដូច្នេះ​ថា៖​ «វិស័យបច្ចេកវិទ្យានេះ​គួរឱ្យចាប់អារម្មណ៍មែនទែន ហើយជាអ្វីដែលកំពុងតែកើតឡើង។​ [អ៊ី]ចឹងយើងមិនអាចចៀស​ គេចវេសពីហ្នឹង​បានទេ។ [អ៊ី]ចឹងយើងទាំងអស់គ្នា​ គួរតែយល់ដឹងថា​ បច្ចេកវិទ្យា​មាន​គុណសម្បត្តិអី​ខ្លះ មានបញ្ហាចោទអីខ្លះ ហើយយើងជាពលរដ្ឋនៅក្នុងសង្គម  យើងជាអ្នកអាចជួយដោះស្រាយបញ្ហានៅក្នុងសង្គមក៏យើងអាចបង្កើតជាអាជីពអីមួយ យើងគួរតែរៀនពីបច្ចេកវិទ្យាយ៉ាងម៉េច ដើម្បីខ្លួនអាចចេះប្រើប្រាស់បច្ចេកវិទ្យានៅក្នុងផ្លូវល្អ»។​

កញ្ញា ចន្ទ ពេញល័ក្ខ អ្នកស្រាវជ្រាវនិងប្រមូលទិន្នន័យលើបណ្តាញទំនាក់ទំនងសង្គម
កញ្ញា ចន្ទ ពេញល័ក្ខ អ្នកស្រាវជ្រាវនិងប្រមូលទិន្នន័យលើបណ្តាញទំនាក់ទំនងសង្គម

ពាន​រង្វាន់​ស្ត្រី​កម្ពុជា​ក្នុង​វិស័យ​បច្ចេកវិទ្យា​ឆ្នាំ​២០១៨​ឬ​ «Cambodia​ Women​ in​ Tech​ Award»​ គឺ​ជា​កម្មវិធី​លើក​ដំបូង​ក្នុង​ប្រទេស​កម្ពុជា​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ជំរុញ​លើក​ទឹក​ចិត្ត​ស្រ្តី​ឱ្យ​ចូល​រួម​កាន់​តែ​ច្រើន​ក្នុង​វិស័យ​បច្ចេកវិទ្យា​ ពិសេស​ដើម្បី​កាត់​បន្ថយ​គម្លាត​យេនឌ័រ​រវាង​ស្រ្តី​និង​បុរស​ក្នុង​វិស័យ​បច្ចេកវិទ្យា​និង​វិស្វកម្ម។​

ម្ចាស់​ជ័យលាភី​មួយ​រូប​ទៀត​ គឺ​លោកស្រី​ ហ្វាត​ ស៊ីអែម​ វិស្វករ​នៅ​ក្នុង​ក្រុមហ៊ុន​ទូរគមនាគមន៍​មួយ​ដែល​បាន​ប្រើ​ជីវិត​ជិត​១០ឆ្នាំ​ក្នុង​វិស័យ​បច្ចេកវិទ្យា។​ លោកស្រី​ផ្ញើរ​សារ​ជា​កម្លាំង​ចិត្ត​ទៅ​កាន់​ស្ត្រី​ផ្សេងៗ​ទៀត​ថា​ លោកស្រី​អាច​ធ្វើ​បាន​ ស្ត្រី​ទាំង​អស់ក៏​អាច​ធ្វើ​បាន​ដូចគ្នា​ឱ្យ​តែ​មាន​ការ​តាំង​ចិត្ត​និង​ការ​ស្រឡាញ់​ដើរ​ទន្ទឹម​គ្នា។​

លោកស្រី​ ហ្វាត​ ស៊ីអែម​ បន្ត​ទៀត​ថា​ ប្រសិន​បើ​មាន​គោលដៅ​ ស្ត្រី​ទាំងអស់​នឹង​អាច​ជម្នះ​រាល់​ឧបសគ្គ​ មិន​ថា​ ការងារ​ទាក់ទង​នឹង​វិស័យ​បច្ចេកវិទ្យា​មាន​ភាព​លំបាក​ប៉ុណ្ណា​នោះ​ទេ។​

លោកស្រី​ ស៊ីអែម​ បញ្ជាក់​ថា៖​ «មនុស្សស្រីមិនអាចឡើងអង់តែនតែខ្ញុំបានឡើងរួចហើយមនុស្សស្រី​មិនអាចឡើងអូសខ្សែភ្លើងខ្ញុំបានឡើងរួចហើយ​ មនុស្សស្រីមិនអាចធ្វើការយប់ថ្ងៃៗព្រោះវាជារឿងប្រឈម​នៅពេលមានគ្រួសារតែខ្ញុំបានធ្វើវារួចហើយ។​ ដូច្នេះស្ត្រីត្រូវតែចូលរួមក្នុងវិស័យបច្ចេកវិទ្យានេះ​ឱ្យ​បានរឹតតែខ្លាំងព្រោះថាវិស័យនេះគួរឱ្យ​ចាប់អារម្មណ៍​ រឹតតែធ្វើរឹតតែចង់ធ្វើវាថែមទៀតព្រោះវាជាអ្វីម្យ៉ាង​ដែលថ្មីរហូត»។​

របាយការណ៍​ការ​អប់រំ​សង្ខេប​របស់​អង្គការ​ UNESCO​ នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ ស្តី​អំពី​គម្លាត​យេនឌ័រ​ក្នុង​វិស័យ​ STEM​ ឱ្យ​ដឹង​ថា​ បើ​ទោះបី​ជា​តម្រូវការ​អ្នក​ជំនាញ​ផ្នែក​ STEM​ បាន​កើន​ឡើង​ក៏​ដោយ​ ក៏​ចំនួន​ស្រ្តី​ក្នុង​វិស័យ​នេះ​នៅ​មាន​តិចតួច​នៅ​ឡើយ។​ ស្រ្តី​ដែល​ជា​អ្នក​ស្រាវជ្រាវ​វិទ្យាសាស្រ្ត​គឺ​មាន​តែ​២៨​ភាគរយ​ប៉ុណ្ណោះ​ទូទាំង​ពិភពលោក។​

រដ្ឋលេខាធិការ​នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ លោក​ កាន​ ច័ន្ទមេត្តា​ ដែល​បាន​ចូលរួម​កម្មវិធី​ពាន​រង្វាន់​ស្ត្រី​កម្ពុជា​ក្នុង​វិស័យ​បច្ចេកវិទ្យា​ឆ្នាំ​២០១៨​ មាន​ប្រសាសន៍​ថា​ ស្រ្តី​កម្ពុជា​មាន​ចំនួន​តិច​តួច​ណាស់​ដែល​បាន​ចាប់​យក​ជំនាញ​និង​ធ្វើការ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ ទោះជា​ពួក​គេ​មាន​សមត្ថភាព​និង​ការ​ច្នៃប្រឌិត​ប្លែកៗ​មិន​ចាញ់​បុរស​ក៏​ដោយ។​

កញ្ញា ឡុង លក្ខិណា ស្ថាបនិកក្រុមហ៊ុនដឹកជញ្ជូន «ជូនអ្នក» ម្ចាស់ពានរង្វាន់សហគ្រិនស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យា
កញ្ញា ឡុង លក្ខិណា ស្ថាបនិកក្រុមហ៊ុនដឹកជញ្ជូន «ជូនអ្នក» ម្ចាស់ពានរង្វាន់សហគ្រិនស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យា

កញ្ញា​ ឡុង​ លក្ខិណា​ ស្ថាបនិក​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ «ជូន​អ្នក»​ ម្ចាស់​ពាន​រង្វាន់​សហគ្រិន​ស្ត្រី​ឆ្នើម​មួយ​រូប​ទៀត​ក្នុង​វិស័យ​បច្ចេកវិទ្យា​នេះ​ដែរ​ បាន​ផ្ញើ​សារ​និង​លើក​ទឹក​ចិត្ត​ដល់​ស្ត្រី​គ្រប់​រូប​ថា​ ក្នុង​សម័យ​បច្ចេកវិទ្យា​បុរស​អាច​ធ្វើ​បាន​ស្ត្រី​ក៏​អាច​ធ្វើ​បាន​ដូចគ្នា​ឱ្យ​តែ​មាន​ការ​តាំង​ចិត្ត​និង​ខំ​ប្រឹង​ជម្នះ​រាល់​ឧបសគ្គ​ដែល​មាន​ ដើម្បី​ក្តី​ស្រមៃ​ដែល​ខ្លួន​ចង់​បាន។​ ស្រ្តី​ឆ្នើម​រូប​នេះ​បន្ត​ថា​ ក្រៅ​ពី​ការ​តាំង​ចិត្ត​របស់​ស្ត្រី​ខ្លួនឯង​ផ្ទាល់​ ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ក៏​គួរ​តែ​មាន​ការ​លើក​ទឹក​ចិត្ត​ដល់​ពួក​គេ​ផង​ដែរ​ ជា​ពិសេស​ក្រុម​គ្រួសារ​ផ្ទាល់​របស់​ស្ត្រី​តែ​ម្តង។​

កញ្ញា​ ឡុង​ លក្ខិណា​ រៀបរាប់​ថា៖​ «ចំនួនស្ត្រីនៅក្នុងបច្ចេកវិទ្យាហ្នឹងនៅតែតិចឡើយទេ។​ ទី១គឺដោយសារថាគាត់ចង់ដែរតែជួនកាលមកពីគ្រួសារ។[អ៊ី]ចឹងយើងគួរតែថាបើសិនជាយើងចង់យើងអាចនិយាយទៅកាន់គ្រួសារយើងទៅ​ ព្រោះអីរឿងបច្ចេកវិទ្យា​[ឥ]ឡូវ​ គឺវាជួយច្រើនមិនថាជំនួញណាមួយក៏ដោយបើសិនជាយើងចង់រីកលូតលាស់កាន់តែធំទាល់តែមានចំណេះ​ មានបច្ចេកវិទ្យាជួយ។​ ជាក់ស្តែងដូចជាខ្ញុំ​ តាមពិត​ «ជូន​អ្នក»​ នឹងផ្តល់ជាសេវាកម្មដឹកជញ្ជូនប៉ុន្តែវិស័យបច្ចេកវិទ្យាហ្នឹងគឺធ្វើឱ្យ​ពួកខ្ញុំកាន់តែងាយស្រួលក្នុងការដំណើរការមុខជំនួញងាយស្រួលក្នុងការទំនាក់ទំនងជាមួយភ្ញៀវជាមួយហាងអនឡាញទាំង​មូល»

តួ​លេខ​របស់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​កម្ពុជា​បាន​ឱ្យ​ដឹង​ថា​ បញ្ហា​ប្រឈម​ដែល​ស្ត្រី​កម្ពុជា​កំពុង​ជួប​ប្រទះ​ក្នុង​វិស័យ​បច្ចេកវិទ្យា​និង​នាំ​ឱ្យ​ស្ត្រី​មិន​ចាប់​អារម្មណ៍​នឹង​វិស័យ​បច្ចេកវិទ្យា​នេះ​មាន​ដូចជា​ កង្វះ​ការ​បណ្តុះ​បណ្តាល​មាន​៤៨ភាគរយ​ កង្វះ​ស្ត្រី​ជា​គំរូ​៤២ភាគរយ​ បញ្ហា​កន្លែង​ធ្វើ​ការងារ​៣៩%​ និង​កំណើន​នៃ​កាលានុវត្តភាព​ប្រាក់បៀវត្ស៕​

ចែករំលែកតាម៖