ហេតុអ្វីគួរបង្រៀនភាសាជាតិដល់កូនមុនភាសាបរទេស?

ហេតុអ្វីគួរបង្រៀនភាសាជាតិដល់កូនមុនភាសាបរទេស?

កុមារា ឆលី កំពុងអានពាក្យខ្មែរ

វីដេអូ​បុរស​ម្នាក់​បង្រៀន​ភាសាខ្មែរ​ដល់​កូន​របស់​គាត់​ត្រូវ​បាន​គេ​ចែកចាយ​ត​គ្នា​នៅ​លើ​បណ្ដាញ​សង្គម។ នៅ​ក្នុង​វីដេអូ​នេះ គេ​មើល​ឃើញ​កុមារា​ម្នាក់​កំពុង​ប្រកប​អក្សរ​ខ្មែរ​នៅ​លើ​ក្ដារខៀន​ក្រោមការ​ណែនាំ​ឪពុក​របស់​គេ​នៅ​ក្នុង​បន្ទប់មួយ។

កុមារា​នេះ​មាន​ឈ្មោះ​ថា ចៅ មុនីឆលី ជា​កូន​ខ្មែរ​កើត​នៅ​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក​ដែល​មាន​ឪពុក​ម្តាយ​ជា​ខ្មែរ។ លោក ចៅ មុនីខេមរា ប្រធាន​ក្រុម​អ្នក​ស្រាវជ្រាវ​មតិ​សង្គម​អាមេរិក​ដែល​ត្រូវ​ជា​ឪពុក​របស់​កុមារា ឆលី មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​ផ្កាឈូក​តាម​បណ្ដាញ​សង្គម​ថា កូន​ប្រុស​លោក​ចេះ​អាន​និង​និយាយ​ភាសាខ្មែរ​តាំង​ពី​គេ​អាយុ​២​ឆ្នាំ​មក​ម្លេះ។

លោក​រៀបរាប់៖ «តាម​ពិត ឆលី សព្វ​ថ្ងៃ​មាន​អាយុ​ជាង​៤​ឆ្នាំ​ហើយ ប៉ុន្តែ​ខ្ញុំ​បាន​បង្រៀន​និយាយ​ខ្មែរ​និង​អាន​អក្សរ​ខ្មែរ​តាំង​ពី​អាយុ​១​ឆ្នាំ៨ខែ។ ចឹង​ចាប់​ពី​១​ឆ្នាំ​៨​ខែ​ហ្នឹង ឆលី ចាប់​ផ្តើម​រៀន ក ខ ព្យញ្ជនៈ​អី​ស្រៈ​និស្ស័យ​អី​ចប់​អស់​ហើយ […] អ៊ីចឹង​ពាក្យ​នីមួយៗ ឆលី អាច​ដឹង​ពាក្យ​ពេញ​មាន​ន័យ​ម៉េច​គឺ​ដឹង​ទាំងអស់»។

បច្ចុប្បន្ន​កុមារា ឆលី មិន​ទាន់​ចូល​រៀន​នៅ​សាលា​នោះ​ទេ តែ​បន្ទាប់​ពី​ឆ្លង​កាត់​ការ​បង្រៀន​ពី​ឪពុក​ម្តាយ​របស់​គេ​នៅ​ផ្ទះ ឆលី អាច​អាន​ភាសាខ្មែរ​និង​អង់គ្លេស​បាន​ស្ទើរ​គ្រប់​ពាក្យ។

លោក មុនីខេមរា បាន​បញ្ជាក់​ថា ការ​បង្រៀន​នោះ​ទៀត​សោត លោក​ចំណាយ​ពេល​តែ​៥​នាទី​តែ​ប៉ុណ្ណោះ​ជា​រៀង​រាល់​ថ្ងៃ ដោយ​លោក​បាន​ប្រើប្រាស់​វិធីសាស្ត្រ​២​ដំណាក់កាល។ ដំណាក់កាល​នីមួយៗ លោក​គិត​ថា ជា​វិធីសាស្ត្រ​ដែល​ងាយ​និង​អាច​ឱ្យ​អាណា​ព្យាបាល​គ្រប់​រូប​យក​មក​អនុវត្ត​ចំពោះ​កូនៗ​របស់​ពួក​គេ​បាន។

លោក​ចែក​រំលែក​បទពិសោធ​បង្រៀន​កូន​យ៉ាង​ដូច្នេះ៖ «នៅ​ពេល​អាយុ​១​ឆ្នាំ​៨​ខែ គឺ​យើង​ចាប់​ផ្តើម​សរសេរ​អក្សរ​នៅ​លើ​ Sticker (ក្រដាស) សរសេរ​ជា ក ខ គ…សរសេរ​មួយ​តួៗ​ចឹង​ទៅ ហើយ​ចោល​ពេញ​ផ្ទះ។ ចឹង​អក្សរ​ដែល​លើ Sticker ដ៏​ច្រើន​ហ្នឹង ព្រឹក​ឡើង ថ្ងៃ​ឡើង ល្ងាច​ឡើង យើង​ដើរ​ប៉ះ​អក្សរ​ណា យើង​រើស​អក្សរ​ហ្នឹង​អាន​ឱ្យ​កូន​ស្តាប់។ ចំណែក​កូន​ដើរ​ប៉ះ​អក្សរ​ណា លើក​អាន​ឱ្យ​យើង​ស្តាប់​វិញ ធ្វើ​ដូច្នេះ​ជា​រាល់​ថ្ងៃ កូន​ហ្នឹង​ចាំ​គ្រប់​ពាក្យ​ទាំង​អស់»។

លោក មុនី បន្ថែម​ថា៖ «នៅ​ពេល ឆលី បាន​អាយុ ២​ឆ្នាំ​កន្លះ យើង​មាន​វិធីសាស្ត្រ​ថ្មី​មួយ​ទៀត គឺ​យើង​សរសេរ​លើ​ក្ដារ​ខៀន យើង​ចាប់​ផ្តើម​សរសេរ​ជា​មេរៀន​ហើយ មេរៀន​ប្រកប។ ចឹង​យើង​ចាប់​ផ្តើម​ថត​ជា​វីដេអូ នៅ​ក្នុង iPad ឬ​ទូរសព្ទ​យើង​ហ្នឹង ដែល​សរសេរ​ហើយ​អាន ទុក​ឱ្យ​កូន​យើង​ស្តាប់ នៅ​ពេល​ហូប​បាយ ពេល​កូន​ទំនេរ​បើក​ឱ្យ​កូន​យើង​ស្តាប់។ ហើយ​នៅ​ពេល​ដែល​យើង​សម្រាក ពេល​ចូល​ដេក យើង​ចាប់​ផ្តើម​រំលឹក​មេរៀន​ឱ្យ​កូន​អាន​ឡើង​វិញ នូវ​អ្វី​ដែល​យើង​សរសេរ យើង​ប្រាប់​និង​ពន្យល់»។

លោក ចៅ មុនីខេមរា កំពុងបង្រៀនភាសាខ្មែរទៅកាន់កូនប្រុស
លោក ចៅ មុនីខេមរា កំពុងបង្រៀនភាសាខ្មែរទៅកាន់កូនប្រុស

វា​មិន​មែន​រឿង​ចៃដន្យ​នោះ​ទេ​ដែល​លោក មុនីខេមរា ខិតខំ​ប្រឹងប្រែង​បង្រៀន​ភាសាជាតិ​របស់​ខ្លួន​ដល់​កូន បន្ទាប់​ពី​បាន​ផ្លាស់​ទី​លំនៅ​ពី​កម្ពុជា​ទៅ​រស់​នៅ​លើ​ទឹកដី​នៃ​ប្រទេស​មហា​អំណាច​អស់​រយៈពេល​ជាង៤ឆ្នាំ។ លោក​បញ្ជាក់​ថា ក្នុង​នាម​ជា​អាណាព្យាបាល​ម្នាក់ លោក​មិន​ចង់​ឱ្យ​កូន​របស់​ខ្លួន​មិន​ចេះ​ភាសាជាតិ​ខ្លួន​នោះ​ទេ ខណៈ​លោក​ចាត់​ទុក​ថា ការ​ចេះ​ភាសាជាតិ គឺ​ជួយ​បង្កើត​ការ​សន្ទនា​ឱ្យ​កាន់​តែ​មាន​ភាព​ស្និទ្ធស្នាល​នៅ​ក្នុង​គ្រួសារ។ ម្យ៉ាង​ទៀត ការ​ដែល​កើត​មក​ជា​កូន​ខ្មែរ ចេះ​អាន ចេះ​សរសេរ និង​ចេះ​និយាយ​ភាសាខ្មែរនឹង​អាច​បញ្ជាក់​បាន​ថា ខ្លួន​ជា​ខ្មែរ​ ទោះ​រស់​នៅ​ទីណា​ក៏​ដោយ។

បើ​មើល​ទៅ​លើ​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​បង្រៀន​ភាសាខ្មែរ​ដល់​កូន​របស់​គ្រួសារ​លោក ចៅ មុនីខេមរា ជា​ឧទាហរណ៍​ស​បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ បើ​ទោះ​ជា​ទៅ​ដល់​ទីណា ក៏​ពួកគេ​ខិតខំ​ប្រឹង​ប្រែង​បង្រៀន​ពី​វប្បធម៌​និង​អក្សរសាស្ត្រ​ជាតិ​ខ្លួន​ដែរ។

ក៏​ប៉ុន្តែ​ បើ​ក្រឡេក​មក​មើល​មួយ​ផ្នែក​តូច​នៃ​គ្រួសារ​ខ្មែរ​មួយ​ចំនួន​ទៀត​ហាក់​ផ្ទុយ​ស្រឡះ។ ផ្ទុយ​ស្រឡះ​ត្រង់​ថា អាណាព្យាបាល​មួយ​ចំនួន​តែង​តែ​បញ្ជូន​កូន​របស់​ពួកគេ​ដែល​ដល់​វ័យ​ចូល​សាលា​ឱ្យ​សិក្សា​ភាសា​បរទេស​មុន​នឹង​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ភាសាជាតិ​ខ្លួន។

ទាំង​នេះ​គឺ​ជា​មតិ​មួយ​ចំនួន​របស់​អាណាព្យាបាលដែល​យល់ឃើញ​ខុស​គ្នាៗ​ចំពោះ​ការបង្រៀន​ភាសា​ខ្មែរ​ដល់កូនៗ៖

ស្ត្រី​វ័យ​ជាង​៣០​ឆ្នាំ​និយាយ៖ «សម្រាប់​ខ្ញុំ​គិត​ថា វា​ជា​ការ​ចាំបាច់​ណាស់ ដែល​កូនៗ នៅ​ផ្ទះ​គួរ​តែ​រៀន​ភាសាខ្មែរ ពីព្រោះ​បើ​យើង​មិន​រៀន​ទេ ភាសាខ្មែរ​យើង​នឹង​បាត់បង់។ ក្នុង​ចិត្ត​ខ្ញុំ​គឺ​ខ្ញុំ​ស្អប់​ហ្មង គឺ​ស្អប់​ឪពុក​ម្តាយ​ណា ដែល​កូន​កើត​មក​ភាគ​ច្រើន មិន​និយាយ​ភាសាខ្មែរ​ជាមួយ​កូន​ទេ គឺ​និយាយ​ភាសា​បរទេស ដូច​ជា​ចិន អង់គ្លេស ដើម្បី​ឱ្យ​កូន​ហ្នឹង​ចេះ​ភាសា​បរទេស»។

ស្ត្រី​ម្នាក់​ទៀត៖ «សម្រាប់​ខ្ញុំ​ជា​ជំហាន​ដំបូង​ពេល​ដែល (អាយុ) បី​ឆ្នាំ ចង់​បញ្ចូន​ទៅ​សាលា​មត្តេយ្យ​មុន។ ជា​ធម្មតា​ក្នុង​(សាលា) មត្តេយ្យ​ហ្នឹង​គឺ​មាន​ទាំងអស់​ហើយ​មាន​ទាំង​ខ្មែរ​និង​អង់គ្លេស។ ហើយ​បើ​ខ្ញុំ​បញ្ចូល​​សាលា​មត្តេយ្យ​គឺ​រក​សាលារៀន​ណា​ដែល​មាន​ទាំង​ពីរ​ភាសា​ហ្នឹង​ចូល​គ្នា នេះ​ជា​ជម្រើស។ តែ​បើ​អត់​ជម្រើស​គឺ​ខ្មែរ​មុន​ហើយ តែ​បើ​អង់គ្លេស​គឺ​យើង​អាច​បង្រៀន​គាត់​នៅ​ផ្ទះ​តិចៗ​ទៅ ហើយ​ចាំ​ឱ្យ​គាត់​រៀន​ភាសា​អង់គ្លេស​តាម​ក្រោយ»។

អាណាព្យាបាល​ម្នាក់​ទៀតបាន​លើក​ឡើង​ផ្ទុយ​ពី​នេះ​ថា៖ «ដោយសារ​តែ​តម្រូវការ​នៅ​លើ​ទីផ្សារ​ច្រើន​ផ្នែក​ភាសា​អង់គ្លេស ដូច​ចិន ឬ​ក៏​ភាសា​ដទៃ​ទៀត ហាក់​ដូចជា​មាន​ទីផ្សារ ហើយ​គេ​ក៏​ត្រូវ​ការ​ច្រើន​ដែរ។ ចឹង​ពេល​ដែល​កូន​ខ្ញុំ​អាយុ​៣ឆ្នាំឬ​៣ឆ្នាំ​ជាង​ហ្នឹង ខ្ញុំ​ចាប់​ផ្តើម​សាកល្បង​ឱ្យ​គាត់​ហ្នឹង​ចូល​រៀន​ភាសា​អង់គ្លេស​ជា​មុន។ នេះ​ជា​ការ​យល់​ឃើញ​របស់​ខ្ញុំ»។

ទាក់ទិន​នឹង​បញ្ហា​នេះ សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រ​លោក សំបូរ មាណ្ណារ៉ា មាន​ប្រសាសន៍​ថា វា​ជា​រឿង​មួយ​ដែល​ល្អ​ប្រសើរ​ដែល​អាណាព្យាបាល​សង្វាត​ឱ្យ​កូន​របស់​ពួកគេ​រៀន​ភាសា​បរទេស ស្រប​ពេល​តម្រូវការ​សេដ្ឋកិច្ច​មាន​សន្ទុះ​ខ្លាំង។ តែ​ទោះ​ជា​យ៉ាង​ណា លោក​ថា​អាណាព្យាបាល​ទាំង​អស់​ក៏​មិន​ត្រូវ​ភ្លេច​ពី​តម្លៃ​ភាសា​ជាតិ​ដែរ។

លោក​មាន​ប្រសាសន៍៖ «នៅ​ពេល​គាត់​ជំរុញ​ឱ្យ​កូន​របស់​គាត់​ទៅ​រៀន​ភាសា​បរទេស​តាំង​ពី​តូច ហាក់​បី​ដូច​ជា​កាត់​ត្រួយ​ភាសា​ជាតិ​របស់​យើង ពង្រឹង​គ្រឹះ​របស់​បរទេស​ចឹង។ បើ​យើង​គិត​ឡើង​វិញ​ថា តើ​ចៅៗ​កូន​តូចៗ​ទាំង​អស់​នោះ គឺ​ជា​គ្រឹះ​របស់​យើង ហើយ​ចុះ​បើ​យើង​យក​គ្រឹះ​របស់​យើង​ទៅ​កាត់​ត្រួយ​តម្រឹម​ទៅ​ជា​បរទេស​បែប​នេះ តើ​យើង​បាន​អី​ទៅ​ក្តី​សង្ឃឹម»។

លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ
លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ

ស្ថិត​ក្នុង​សម្លៀក​បំពាក់​អាវ​ឆ្នូត​ក្រហម​បង់​ក​ក្រមា លោក​សាស្ត្រាចារ្យ​សម្បុរ​ស្រអែម​រូប​នេះ​បន្ត​ថា ភាសាខ្មែរ​គឺ​ជា​អត្តសញ្ញាណ​ជាតិ​មួយ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន ព្រោះ​ថា​ការ​មាន​ភាសា​ជា​របស់​ខ្លួន ការ​ប្រើ​ភាសា​ជាតិ​ខ្លួន​បាន​ត្រឹមត្រូវ​គឺ​ជា​តម្លៃ​ជាតិ​ខ្មែរ​និង​ជា​មោទនភាព​ដែល​បរទេស​មិន​អាច​ធ្វើ​បាន។

លោក​បញ្ជាក់៖ «ចឹង​ការ​បាត់​បង់​តម្លៃ​នៃ​ការសិក្សា​ភាសាខ្មែរ​របស់​ខ្លួន​គឺ​ជា​ការ​បាត់បង់​អត្តសញ្ញាណ​ជាតិ​របស់​ខ្លួន​និង​មោទនភាព​ជាតិ​របស់​ខ្លួន​ដែរ។ នៅ​ពេល​ក្រោយ​កូន​របស់​យើង​នឹង​ក្លាយ​ទៅ​ជា​អ្នក​ដែល​មាន​ភាព​អនក្ខរជន​ក្នុង​ភាសា​ជាតិ​របស់​ខ្លួន​ហើយ។ ចឹង​សួរ​ថា ចុះ​ហេតុអី​បាន​ជា​យើង​មិនអាច​បំពេញ​កាតព្វកិច្ច​នេះ​បាន»?

លោក​សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ស្នើ​ឱ្យ​អាណាព្យាបាល​ទាំងអស់​គួរ​ងាក​មក​គិតគូរ​ពី​បញ្ហា​នេះ​ទាំងអស់​គ្នា​ថា​តើ​គួរ​បន្ត​ឱ្យ​កូនៗ​របស់​ខ្លួន​ចាប់​យក​ភាសា​បរទេស​មុន​នឹង​រៀន​ភាសាជាតិ​ខ្លួន​ឬ​យ៉ាង​ណា?

ប្រធាន​សមាគម​ទ្រទ្រង់​អក្សរសាស្ត្រ​និង​វប្បធម៌​ខ្មែរ ​សាស្ត្រាចារ្យ ទូច គីមស្រ៊ាង មាន​ប្រសាសន៍​ថា ជាតិ​សាសន៍​ណា​ក៏​ដោយ​គឺ​គេ​តែង​លើក​តម្កើង​និង​សិក្សា​ឈ្វេង​យល់​ភាសាជាតិ​របស់​ខ្លួន​ឱ្យ​បាន​ច្បាស់​ជា​មុន​សិន មុន​នឹង​សិក្សា​ឈ្វេង​យល់​ភាសា​ជាតិ​ដទៃ។ លោក​សាស្ត្រាចារ្យជំនាញ​អក្សរសាស្ត្រ​ខ្មែរ​​រូប​នេះ​បន្ត​ថា ភាសា​គឺ​ជា​មេ​នៃ​ការសិក្សា ជា​មេ​នៃ​ប្រាជ្ញា និង​ជា​មេ​នៃ​សិល្បៈ ដូចនេះ​ដើម្បី​យល់​ដឹង​ពី​វប្បធម៌​របស់​ខ្លួន​ ទាមទារ​ឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​ត្រូវ​ឈ្វេង​យល់​ភាសា​ជាតិ​របស់​ខ្លួន។

ងាក​ទៅ​ចាប់​អារម្មណ៍​នឹង​ឱពុក​របស់ ឆលី ឯណេះ​វិញ ក្រៅ​ពី​មាន​បំណង​ចង់​ឱ្យ​កូន​ខ្លួន​ចេះ​និយាយ អាន និង​សរសេរ​ភាសាខ្មែរ ដើម្បី​បញ្ជាក់​ថា​ជា​ជនជាតិ​ខ្មែរ​នោះ លោក​ក៏​មាន​បំណង​ឱ្យ​កូន​ប្រុស ឈ្វេង​យល់​ពី​វប្បធម៌ ប្រពៃណី​ខ្មែរ ប្រវត្តិសាស្ត្រ​ជាតិ​ខ្លួន​ផង​ដែរ។ លោក​ស្នើ​សុំ​និង​លើក​ទឹក​ចិត្ត​ដល់​អាណាព្យាបាល​គ្រប់​រូប​មិន​ថា​ស្ថិត​នៅ​ទី​ណា​នោះ​ទេ គួរ​ចំណាយ​ពេល​វេលា​ក៏​មាន​តម្លៃ​បង្រៀន​អក្សរសាស្ត្រ​ជាតិ​ដល់​កូនៗ​របស់​ខ្លួន ព្រោះ​ថា​ការ​មិន​ចេះ​ភាសាជាតិ​គឺ​ជា​ការ​បាត់បង់​សេចក្តី​ថ្លៃថ្នូរ​របស់​ខ្លួន៕

ចែករំលែកតាម៖