អ្វីទៅជារនាតឯក?

អ្វីទៅជារនាតឯក?

រនាថឯក

រនាត​ឯក​ត្រូវ​បាន​គេ​យល់​ឃើញ​ផ្សេងៗ​គ្នា​អំពី​រូប​រាង​របស់​វា។ អ្នក​ខ្លះ​យល់​ថា រនាត​ឯក​នេះ រូបរាង​របស់​វា ធ្វើ​ដូចជា​ទូក ព្រោះ​ក្បាល និង​កន្ទុយ​របស់​វា​កោង​ដូច​ក្បាល​ទូក។ រី​ឯ​អ្នក​ខ្លះ​ទៀត អះអាង​ថា រនាត​នេះ​មាន​រូប​រាង​ដូច​សត្វ​ក្ងោក ដោយ​សម្អាង​ថា ខោល​រនាត​សង​ខាង​មាន​រាង​ដូច​កន្ទុយ​ក្ងោក​ពង់។

ប៉ុន្តែ​តាម​ទស្សនៈ​របស់​តន្រ្តី​បុរាណ​ខ្មែរ​យល់​ថា  រនាត​ឯក​របស់​ខ្មែរ​មាន​រូប​រាង​ត្រាប់​តាម​សត្វ​នាគ គឺ​ត្រង់​ជើង​ពាន​ទ្រ​ស្នូក គឺ​ជា​កន្ទុយ​នាគ​ពីរ​ដែល​រុំ​ព័ទ្ធ​គ្នា​ ត្រង់​ស្នូក គឺ​ជា​តួ​នាគ​ពីរ​ដែល​ងាក​ចេញ​ពី​គ្នា​ ត្រង់​ខោល​សង​ខាង គឺ​ជា​ក្បាល​នាគ​ពីរ​ដែល​កំពុង​តែ​បើក​ពពារ រី​ឯ​ផ្លែ​រនាត​គឺ​ជា​ស្រកា​នាគ។ នេះ​បើ​តាម​សៀវភៅ​តន្រ្តី​បុរាណ​កម្ពុជា។

ក្នុង​សៀវភៅ​«តន្រ្តី​បុរាណ​កម្ពុជា»​កម្រាស់ ២៧០​ទំព័រ បាន​ពិព័ណ៌នា​ពី​រនាត​ឯក​ថា ឧបករណ៍​នេះ​មាន​ស្នូក​ធ្វើ​អំពី​ឈើ​ខ្នុរ ឈើ​បេង ឈើ​នាងនួន ឬ​ឈើ​ធ្នង់ ឈាម​មាន់។ គេ​ឱ្យ​ឈ្មោះ​ថា រនាត​ឯក ដោយសារ​ឧបករណ៍​នេះ​មាន​រូប​រាង​តូច តែ​សំឡេង​ខ្ពស់​ជាង​រនាត​ផ្សេងៗ​ទៀត ជាពិសេស​រនាត​ធុង។

រនាត​នេះ​មាន​ប្រវែង​ប្រហែល​១,១០​ម៉ែត្រ​(មួយ​ម៉ែត្រ​ដប់​សង់ទីម៉ែត្រ) មាន​ផ្លែ​សំនៀង​ចំនួន​២១ ធ្វើ​អំពី​ឫស្សី ឬ​ឈើ ប៉ុន្តែ​ឫស្សី​ឱ្យ​សំនៀង​ល្អ​ជាងគេ។ គេ​យក​ឫស្សី​ដែល​មាន​សាច់​វែងៗ ហើយ​ក្រាស់ៗ​អាច​ធ្វើ​ផ្លែ​រនាតបាន ទៅ​ត្រាំ​ទឹក​រយៈពេល​ពី​១​ឆ្នាំ​ឡើង​ទៅ។ គេ​ស្រង់​ឫស្សី​ទាំង​នោះ​ទៅ​ហាល​ក្នុង​ម្លប់​រយៈពេល​រាប់​ឆ្នាំ​ដែរ ទើប​យក​មក​សម្រិត​សម្រាំង​ធ្វើ​ជា​ផ្លែ​រនាត។ ក្នុង​ពេល​ធ្វើ​បើ​ចង់​ឱ្យ​ផ្លែ​សំនៀង​ធូរ គេ​ត្រូវ​ចិត​យក​សាច់​ចំ​កណ្តាល​ចេញ ប៉ុន្តែ​បើ​ចង់​ឱ្យ​ផ្លែ​សំនៀង​តឹង​វិញ គេ​ត្រូវ​ចិត​យក​សាច់​ចុង​សង​ខាង​ចេញ។ នៅ​លើ​ផ្លែ​នីមួយៗ មាន​ចោះ​រន្ធ​ផ្នែក​ខាង​ចុង​សង​ខាង​សម្រាប់​ដោត​ខ្សែ​ចង​ព្យួរ​ទៅ​នឹង​ខោល សង​ខាង​របស់​រនាត។ នៅ​ខាង​ក្រោម​ចុង​ផ្លែ​ម្ខាងៗ មាន​បិទ​ដុំ​ប្រមរ​សម្រាប់​រឹត (ធៀប)​សំនៀង​របស់​ផ្លែ​នីមួយៗ​នោះ​តាម​កម្រិត​សំនៀង​ដែល​គេ​ត្រូវ​ការ។ នេះ​បើ​តាម​សៀវភៅ​តន្រ្តី​បុរាណ​កម្ពុជា។

(ខាងស្ដាំ) លោក សួស វណ្ណា គ្រូភ្លេងបុរាណសាលាមធ្យមវិចិត្រសិល្បៈ
(ខាងស្ដាំ) លោក សួស វណ្ណា គ្រូភ្លេងបុរាណសាលាមធ្យមវិចិត្រសិល្បៈ

ភ្នែក​ទាំង​គូរ​កំពុង​រំពៃ​មើល​រនាប​រនាត​ពី​មួយ​ទៅ​មួយ​ដែល​ត្រូវ​ដំ​បន្ត រី​ឯ​ដៃ​ទាំង​គូរ​កាន់​អន្លូង វាយ​ដោយ​ផ្ចិត​ផ្ចង់​ទៅ​លើ​បន្ទះ​រនាត​ទៅ​តាម​ចង្វាក់​ភ្លេង​ខ្មែរ ដោយ​ទឹក​មុខ​ញញឹម តែ​ម៉ត់​ចត់។ លោក សួស វណ្ណា ជា​គ្រូ​ភ្លេង​បុរាណ​សាលា​មធ្យម​វិចិត្រ​សិល្បៈ​មាន​ប្រសាសន៍​ថា ក្រៅ​ពី​ការ​ប្រើប្រាស់​ក្នុង​ភ្លេង​ប្រពៃណី បច្ចុប្បន្ន រនាតឯក​ត្រូវ​បាន​ប្រើ​សម្រាប់​ប្រគំ​តន្រ្តី​សម័យ និង​ប្រើ​ជាមួយ​ឧបករណ៍​ភ្លេង​អឺរ៉ុប​ផង​ដែរ។

លោក សួស វណ្ណា និយាយ​ថា៖ « ពី​ដើម​ឡើយ ឧបករណ៍​រនាត​នេះ​គេ​និយម​លេង​ជាមួយ​វង់​ភ្លេង​ពិណពាទ្យ ក្រោយ​មក​លេង​ជាមួយ​វង់ភ្លេង​មហោរី ក្រោយ​មក​ទៀត​នៅ​ទស្សវត្ស​៦០ យើង​មាន​ស្តាប់​លឺ​បទ​ចម្រៀង​ខ្លះ​ដែល​មាន​លេង​ចូល​ជាមួយ​បទ​ភ្លេង​ប្រជាប្រិយ​ខ្មែរ រាំ​វង់ រាំ​ក្បាច់​សារវ៉ាន់ ដែល​មាន​លក្ខណៈ​ប្រជាប្រិយ មាន​លក្ខណៈ​ពេញ​និយម​ដែរ។  ក្រោយ​មក​គេ​យក​ទៅ​ច្នៃ​លេង​ជាមួយ​ឧបករណ៍​បច្ចឹម​ប្រទេស​មួយ​ចំនួន​មាន​លក្ខណៈ​ច្នៃប្រឌិត។»

រស់នៅ​ក្នុង​ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល កុមារា រដ្ឋា សក្កណា អាយុ​១២​ឆ្នាំ កំពុង​អង្គុយ​កាន់​ផ្លែ​រនាត វាយ​លើ​រនាប​ពី​មួយ​ទៅ​មួយ​តាម​លំដាប់​ណោត​ភ្លេង នៅ​ក្នុង​សាលា​មធ្យម​សិក្សា​ភូមិន្ទ​វិចិត្រ​សិល្បៈ។ កុមារា​រូប​នេះ​បាន​និយាយ​ថា ខ្លួន​មាន​ដុង​ស្រឡាញ់​ភ្លេង​នេះ​តាំង​ពី​តូច​មក ដោយសារ​មាន​សាច់ញាតិ​ដែល​ជា​តន្រ្តីករ ហើយ​ម៉្យាង​ឪពុក​ម្តាយ​បាន​ជំរុញ​ឱ្យ​បន្ត​អាជីព​នេះ ដោយ​ពួក​គាត់​មើល​ឃើញ​អំពី​ទីផ្សារ​ការងារ​ល្អ សម្រាប់​អ្នក​ចេះ​ជំនាញ​នេះ។

នៅ​ពេល​សួរ​ថា ហេតុអ្វី​បានជា​ស្រឡាញ់​ភ្លេង​ហ្នឹង? រដ្ឋា សក្កណា និយាយ​ថា  «មក​ពី​ខ្ញុំ​ឃើញ​តា​របស់​ខ្ញុំ​គាត់​រៀន​ខាង​ហ្នឹង​ខ្ញុំ​ឃើញ​គាត់​វាយ​ពិរោះ ខ្ញុំ​រៀន​ទៅ»។

យ៉ាងណាមិញ លោកគ្រូ​ភ្លេង សួស វណ្ណា ដែល​មាន​វ័យ​ជាង​៤០​ឆ្នាំ​រូប​នេះ​បញ្ជាក់​ថា លោក​បារម្ភ​អំពី​ឧបករណ៍​នេះ​អាច​ប្រឈម​នឹង​ការ​បាត់បង់​ទៅ​ថ្ងៃ​អនាគត ប្រសិន​បើ​យុវជន​ជំនាន់​ក្រោយ មិន​បាន​ស្វែង​យល់ ឬ​ដឹង​ពី​អត្ថប្រយោជន៍​របស់​វា ខណៈ​បច្ចុប្បន្ន​ការ​និយម​ប្រើ​ឧបករណ៍​នេះ គឺ​ធ្វើ​តៗ​គ្នា​តែ​ប៉ុណ្ណោះ៕

ចែករំលែកតាម៖