អ្វីទៅជាបន្លែសរីរាង្គ?

អ្វីទៅជាបន្លែសរីរាង្គ?

បន្លែសរីរាង្គប៉េងប៉ោះ

បន្លែ​នៅ​លើ​ទីផ្សារ​កម្ពុជា​ត្រូវ​បាន​គេ​បែក​ចែក​ជា​៤​ប្រភេទ​សំខាន់ៗ​រួម​មាន បន្លែ​ធម្មជាតិ បន្លែ​សុវត្ថិភាព បន្លែ​គីមី និង​បន្លែ​សរីរាង្គ។ នេះ​បើ​តាម​ប្រធាន​គ្រប់គ្រង​ផ្នែក​គុណភាព​ផលិតផល​នៃ​សហករណ៍​សរីរាង្គ​ខ្មែរ​លោក នាង ថៃ។

លោក នាង ថៃ រៀបរាប់​ពី​ភាព​ខុស​គ្នា​នៃ​បន្លែ​ទាំង​៤​ប្រភេទ​ថា​ទី​១ បន្លែ​ធម្មជាតិ​ជា​ប្រភេទ​បន្លែ​ដែល​ប្រជាកសិករ​ដាំ​នៅ​ជុំវិញ​ផ្ទះ​ឬ​ដុះ​ដោយ​ឯកឯង​តាម​ធម្មជាតិ ដោយ​មិន​មាន​ប្រើ​ជី​ឬ​ថ្នាំ​អ្វី​នោះ​ទេ។ រី​ឯ​ទី​២ បន្លែ​សុវត្ថិភាព​ជា​ប្រភេទ​បន្លែ​ដែល​ប្រជាកសិករ​ដាំ​ដុះ​ជា​ទ្រង់ទ្រាយ​ធំ​ឬ​តូច​ទៅ​តាម​ទំហំ​ដី។ ការ​ដាំ​ដុះ​នោះ​មាន​ប្រើ​ជី​គីមី​ឬ​ថ្នាំ​ពុល​គីមី ដែល​មិន​មាន​ការ​ហាម​ឃាត់ និង​ប្រើ​ទៅ​តាម​ស្តង់ដារ​បច្ចេកទេស​ដែល​បាន​កំណត់​ត្រឹមត្រូវ។ បន្លែ​ដែល​ទទួល​ស្គាល់​ថា​ជា​បន្លែ​សុវត្ថិភាព លុះ​ត្រា​តែ​បាន​ទទួល​វិញ្ញាបនបត្រ​បញ្ជាក់​ជា​ប្រភេទ​បន្លែ​បាន​អនុវត្ត​កសិកម្ម​ល្អ​ (GAP) ពី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ

ប្រធាន​គ្រប់គ្រង​ផ្នែក​គុណភាព​ផលិតផល​នៃ​KOC វ័យ​ជាង​៣០​ឆ្នាំ សម្បុរ​សណ្តែកបាយ​រូប​នេះ​បន្ត​ទៀត​ថា សម្រាប់​ប្រភេទ​ទី​៣ គឺ​បន្លែ​គីមី​ជា​ប្រភេទ​បន្លែ​ដែល​ដាំ​ដុះ​ដោយ​ប្រើ​ថ្នាំ​ពុល​ឬ​ជី​គីមី ហាម​ឃាត់​និង​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើប្រាស់​និង​បរិស្ថាន​ផង​ដែរ។  បន្លែ​ប្រភេទ​នេះ​ត្រូវ​គេ​អះអាង​ថា​មាន​ច្រើន​នៅ​លើ​ទីផ្សារ​កម្ពុជា​និង​ត្រូវ​បាន​គេ​ជឿ​ថា​មាន​ការ​ដាំដុះ​ក្នុង​ស្រុក​និង​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង​ទៀត​ផង។

ផ្ទុយ​ស្រឡះ​ពី​ប្រភេទ​បន្លែ​ទាំង​៣​ លោក​ នាង ថៃ ប្រធាន​គ្រប់គ្រង​ផ្នែក​គុណភាព​ផលិតផល នៃ​KOC បន្ត​ថា បន្លែ​សរីរាង្គ​ជា​បន្លែ​ កម្រ​ជាង​គេ។ កម្រ​ត្រង់​ថា បន្លែ​ប្រភេទ​នេះ​មាន​លក់​តិច​តួច នៅ​លើ​ទីផ្សារ​ ហើយ​វា​មាន​តម្លៃ​ថ្លៃ។

លោក នាង ថៃ ប្រធានគ្រប់គ្រងផ្នែកគុណភាពផលិតផលនៃសហករណ៍សរីរាង្គខ្មែរ
លោក នាង ថៃ ប្រធានគ្រប់គ្រងផ្នែកគុណភាពផលិតផលនៃសហករណ៍សរីរាង្គខ្មែរ

សហករណ៍​សរីរាង្គ​ខ្មែរ​ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា KOC ជា​ក្រុមហ៊ុន​ដំបូង​គេ​នៅ​កម្ពុជា ដែល​ទទួល​បាន​វិញ្ញាបនបត្រ​សរីរាង្គ​ស្តង់ដារ​សហភាព​អឺរ៉ុប​សម្រាប់​បន្លែ​និង​ផ្លែឈើ​កាល​ពី​ឆ្នាំ​២០១៧។

គេហទំព័រ​របស់ KOC បាន​ឱ្យ​ដឹង​ថា បន្លែ​និង​ផ្លែឈើ​ដែល​ទទួល​បាន​វិញ្ញាបនបត្រ​សរីរាង្គ​ស្តង់ដារ​នោះ​សរុប​ប្រមាណ​៥៨​ប្រភេទ នៅ​ក្នុង​កសិដ្ឋាន​ពីរ​កន្លែង​របស់ KOC គឺ​រមណីយដ្ឋាន​ពិកនិក​ ក្នុង​ខេត្ត​ព្រះសីហនុ និង​កសិដ្ឋាន Eco-Agri Farm ក្នុង​ខេត្ត​កោះកុង។ វិញ្ញាបនបត្រ​ទទួល​ស្គាល់​នោះ​មាន​ន័យ​ថា ផលិតផល​កសិកម្ម​ចេញ​ពី​ចម្ការ​ទាំង​ពីរ​នោះ​អាច​នាំ​ចេញ​ទៅ​សហភាព​អឺរ៉ុប​បាន។

ប្រធាន​គ្រប់គ្រង​ផ្នែក​គុណភាព​ផលិតផល​នៃ​KOC លោក នាង ថៃ បាន​ឱ្យ​ដឹង​ថា ការ​ដាំដុះ​បន្លែ​សរីរាង្គ​គឺ​មិន​អនុញ្ញាត​ឱ្យ​ប្រើ​សារធាតុ​គីមី អ័រម៉ូន​ឬ​សារធាតុ​គីមី​សំយោគ​ផ្សេងៗ​ទៀត​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​សុខភាព​មនុស្ស សត្វ និង​បរិស្ថាន​នោះ​ទេ។ ក្រៅ​ពី​នោះ សម្រាប់​ស្តង់ដារ​សរីរាង្គ​អឺរ៉ុប​មិន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ផលិតផល​ធម្មជាតិ​មួយ​ចំនួន​ដូចជា ថ្នាំ​ជក់ ផ្លែ​ស្លែង កាក​សំណល់​ផ្ទះ​បាយ កាក​សំណល់​នៅ​ក្នុង​បង្គន់ បន្ទប់​ទឹក​សម្រាប់​មនុស្ស​ប្រើប្រាស់ សូម្បី​តែ​ទឹក​ងូត និង​ទឹក​លាង​ចាន ព្រោះ​ថា​សារធាតុ​សាប៊ូ​ដែល​មនុស្ស​ប្រើប្រាស់​នោះ​មាន​ធាតុ​គីមី​ដែល​ប៉ះពាល់​ដល់​បន្លែ។

គោលការណ៍​ណែនាំ​សម្រាប់​អ្នក​សម្របសម្រួល​ស្តី​ពី​ផលិតផល​កសិកម្ម ដំណាំ​សរីរាង្គ​របស់​ក្រសួង កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​បាន​សរសេរ​ថា ផលិតផល​កសិកម្ម​សរីរាង្គ ត្រូវ​បាន​គេ​កំណត់​អត្ថន័យ​ថា ជា​ប្រព័ន្ធ​ផលិតកម្ម​មួយ​ដែល​កំពុង​ប្រើប្រាស់​ធនធាន​ដែល​មាន​ស្រាប់​ដូចជា រុក្ខជាតិ​បៃតង លាមក​សត្វ កាក​សំណល់​ពី​កសិដ្ឋាន និង​រុក្ខជាតិ​ឱសថ។ ការ​អនុវត្ត​វិធីសាស្រ្ត​សរីរាង្គ​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​សត្វ បរិស្ថាន និង​កាត់​បន្ថយ​ការ​ចំណាយ។

កសិករប្រមូលផលបន្លែសរីរាង្គ
កសិករប្រមូលផលបន្លែសរីរាង្គ

ប្រធាន​ផ្នែក​អភិវឌ្ឍ​អាជីវកម្ម​នៅ​ក្រុមហ៊ុន Control Union ដែល​ជា​ស្ថាប័ន​ចេញ​វិញ្ញាបនបត្រ​សរីរាង្គ លោក គ្រី វង្សសុជាតិ មាន​ប្រសាសន៍​ថា មុន​នឹង​ទទួល​បាន​ស្លាក​សញ្ញា​ជា​បន្លែ​សរីរាង្គ​ ក្រុមហ៊ុន​ដែល​ដាំដុះ​បន្លែ​សរីរាង្គ​ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​យ៉ាង​ម៉ត់​ចត់ ចាប់​តាំង​ពី​ការ​រៀបចំ​ដី​រហូត​ដល់​ការ​ដាក់​លក់​ផលិតផល​កសិកម្ម​នៅ​លើ​ទីផ្សារ។ នីតិវិធី​នៃ​ការ​រៀបចំ​ទាំង​នោះ​នឹង​ត្រូវ​បាន​ចង​ក្រង​ជា​ឯកសារ​និង​មាន​ការ​ចុះ​ធ្វើ​សវនកម្ម​ពី​មន្រ្តី​ជំនាញ​ខាង​ស្តង់ដារ​ផង​ដែរ។

លោក គ្រី វង្សសុជាតិ បន្ថែម​ថា ប្រជាពលរដ្ឋ​ខ្មែរ​អាច​រក​ទិញ​បន្លែ​សរីរាង្គ​បាន​នៅ​តាម​ផ្សារ។ ប៉ុន្តែ​អ្នក​ជំនាញ​រូប​នេះ​សង្កត់​ធ្ងន់​ថា បន្លែ​សរីរាង្គ​ជា​បន្លែ​ដែល​មាន​បិទ​ស្លាក​សញ្ញា​សម្គាល់​សរីរាង្គ​ដែល​ផ្តល់​ដោយ​ស្ថាប័ន​ជាតិ​ឬ​អន្តរជាតិ​នៅ​លើ​កញ្ចប់​បន្លែ។ រី​ឯ​បន្លែ​ដែល​មិន​មាន​បិទ​ស្លាក​សញ្ញា​មិន​អាច​ចាត់​ទុក​ជា​បន្លែ​សរីរាង្គ​បាន​នោះ​ទេ។

ប្រធាន​គ្រប់​គ្រង​ផ្នែក​គុណភាព​ផលិតផល​នៃ​សហករណ៍​សរីរាង្គ​ខ្មែរ (KOC) លោក នាង ថៃ បញ្ជាក់​ថា ​បន្លែ​សរីរាង្គ​គឺ​ជា​ផលិតផល​ដែល​មាន​ទាំង​គុណភាព សុវត្ថិភាព និង​អនាម័យ​សម្រាប់​អ្នក​ប្រើប្រាស់​និង​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​និង​បរិស្ថាន​នោះ​ទេ៕

ចែករំលែកតាម៖