អ្វីទៅជា ISO 9001?

អ្វីទៅជា ISO 9001?

វិញ្ញាបនបត្រស្តង់ដា​9001

ISO (អាយ អេស អូ) មក​ពី​ភាសា​ហ្គិច ដែល​មាន​ន័យ​ពេញ​ជា​ភាសាខ្មែរ​ថា អង្គការ​ស្តង់ដា​អន្តរជាតិ។ ពាក្យ ISO នេះ​ផ្តោត​ទៅ​លើ ការ​គ្រប់គ្រង​លើ​ស្តង់ដា​គុណភាព​នៅ​ទូទាំង​ពិភពលោក។ នេះ​បើ​តាម​គេហទំព័រ​អង្គការ​ស្តង់ដា​អន្តរជាតិ ISO។

ប្រភព​ដដែល​បន្ត​ថា ISO 9001:2015 គឺ​ជា​ទម្រង់​នៃ​ប្រព័ន្ធ​គ្រប់គ្រង​សុវត្ថិភាព (QMS) ដែល​ជា​មូលដ្ឋាន​គ្រឹះ សម្រាប់​ឈាន​ទៅ​រក​ការ​អនុវត្តន៍​ស្តង់ដា ISO ផ្សេងៗ​ទៀត ដូចជា ISO 15161 ដែល​ជា​គោលការណ៍​ណែនាំ​សម្រាប់​អនុវត្តន៍​លើ​ម្ហូប​អាហារ ISO 9004 គោលការណ៍​ណែនាំ​សម្រាប់​អនុវត្តន៍ ISO 19011 គោលការណ៍​ណែនាំ​សម្រាប់​ធ្វើ​សវនកម្ម​ជាដើម។

បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​អង្គការ​ជាង​១​លាន​ស្ថាប័ន​ហើយ ដែល​ទទួល​បាន​វិញ្ញាបនប័ត្រ ISO 9001:2015 នេះ នៅ​ក្នុង​ប្រទេស​ជាង​១៧០ លើ​ពិភពលោក។ ការ​អនុវត្ត ISO 9001:2015 មិន​ប្រកាន់​ថា ក្រុមហ៊ុន​តូច ឬ​ធំ ផ្នែក​សេវាកម្ម ឬ​ចំណី​អាហារ​នោះ​ទេ គឺ​សុទ្ធ​តែ​អាច​អនុវត្ត​បាន​ទាំងអស់។

អនុប្រធាន​នាយកដ្ឋាន​វិញ្ញាបនបត្រកម្ម​នៃ​វិទ្យាស្ថាន​ស្តង់ដា​កម្ពុជា លោក សោម ណូ បាន​ឲ្យ​ដឹង​ថា ស្តង់ដា​9001 ត្រូវ​បាន​គេ​កែសម្រួល ធ្វើ​ឱ្យ​ប្រសើរ​ជា​បន្តបន្ទាប់។ ដូចជា​ស្តង់ដា ISO 9001:2015 ជាដើម បច្ចុប្បន្ន​បាន​កែប្រែ​ថ្មី​ដល់ ISO 9001:2018។

បើ​ទោះ​ជា​ពាក្យពេចន៍​នៃ​ការ​អនុវត្ត​ប្រព័ន្ធ​ស្តង់ដា​នេះ មាន​ការ​កែប្រែ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​យ៉ាងណា​ក៏​ដោយ សោម ណូ បញ្ជាក់​ថា ខ្លឹមសារ​នៃ​ស្តង់ដា​នេះ​មិន​មាន​ការ​ប្រែប្រួល​ច្រើន​នោះ​ទេ។ អ្នកជំនាញ​រូប​នេះ​ពន្យល់​យ៉ាង​ដូច្នេះ​ថា៖ «ក្រុមហ៊ុន​ណា​ក៏​ដោយ​ត្រូវ​តែ​គោរព​តាម​[ISO 9001:2015]​ហ្នឹង​ដែរ។ ដោយ​ឡែក​បើ​ផលិតកម្ម​ហ្នឹង​ផលិត​ម្ហូប​អាហារ ត្រូវ​មើល​ការ​អនុវត្ត​ស្តង់ដា ISO 15165 (គោលការណ៍​ណែនាំសម្រាប់អនុវត្តន៍ ISO 9001 ទៅ​លើម្ហូបអាហារ) ថា​តើ​គេ​តម្រូវ​អ្វី​ខ្លះ។ [ស្តង់ដា​ISO 15165] គេ​វិភាគ​ដំណាក់​មួយៗ ត្រូវ​ធ្វើ​អ្វី? ត្រូវ​គ្រប់គ្រង​កន្លែង​ណា? វត្ថុ​ធាតុ​ដើម​ត្រូវ​ចេញ​ចូល​តាម​ណា គ្រប់គ្រង​ផលិតកម្ម​យ៉ាង​ម៉េច? មាន​ទូ​ដាក់​ឬ​ក៏​អ្វីៗ​ផ្សេង។ ចឹង​មាន​ស្តង់ដា​ហ្នឹង​សម្រាប់​ធ្វើការ​ណែនាំ»។

អ្នកជំនាញ​ខាង​ស្តង់ដា វ័យ​ជាង​៤០​ឆ្នាំ​រូប​នេះ​បន្ថែម​ថា ការ​អនុវត្តន៍​ស្តង់ដា ISO 9001:2015 នេះ ត្រូវ​បាន​បែង​ចែក​ចេញ​ជា ៤​ដំណាក់កាល ដែល​ក្នុង​នោះ​២៧ នីតិវិធី។ រាល់​ដំណាក់កាល​នីមួយៗ​ទាមទារ​ឱ្យ​មាន​ការ​អនុវត្តន៍ និង​ត្រូវ​ចងក្រង​ឯកសារ។

ប្រភព​ដដែល​បន្ថែម​ថា ចំណុច​ទាំង​នោះ​រួម​មាន៖ ពិព័ណនា​អំពី​ក្រុមហ៊ុន ការ​សម្រេចចិត្ត​លើ​ការ​អនុវត្តន៍​ស្តង់ដា​ប្រព័ន្ធ​គ្រប់គ្រង​គុណភាព ការ​ស្វែងរក​ប្រភព​ស្តង់ដា ISO 9001:2015 ជ្រើសរើស​តំណាង​ក្នុង​ការ​គ្រប់គ្រង តំណាង​បង្កើត​គណកម្មការ​ស្តង់ដា បង្កើត​រចនា​សម្ព័ន្ធ​បុគ្គលិក បង្កើត​ក្រុម​ត្រួតពិនិត្យ​គុណភាព បង្កើត​គោល​នយោបាយ​គ្រប់គ្រង​អនុវត្តន៍ កំណត់​វិសាលភាព​នៃ​ការ​គ្រប់គ្រង​គុណភាព កំណត់​ច្បាប់​ទាក់ទង​អាជីវកម្ម​ទាំង​ជាតិ និង​អន្តរជាតិ​កំណត់​ការ​ពិព័ណ៌នា​ផលិតកម្ម កន្លែង​ទុក​ដាក់ ដោយ​ផ្តោត​លើ​ការ​ត្រួត​ពិនិត្យ​ធ្វើ​តេស្ដ ឬ​ធ្វើ​កោសល្យវិច្ច័យ ផ្តល់​ព័ត៌មាន ក្តារ​ខៀន ឬ​ឧបករណ៍​បំពង​សំឡេង បង្កើត​សំនួរ​ប្រព័ន្ធ​គ្រប់គ្រង​គុណភាព​(QMS) ពី​៥០ ទៅ​៦០​សំនួរ​អំពី​ស្តង់ដា កែលម្អ​បំពេញ​ភាព​ខ្វះ​ចន្លោះ ផ្តល់​ការ​បណ្តុះ​បណ្តាល​ដល់​បុគ្គលិក ត្រូវ​ពិនិត្យ​ការ​អនុវត្តន៍​គម្រោង សិក្សា​ពី​ផលចំណេញ និង​ភាព​ខ្វះខាត​របស់​ក្រុម សម្រេចចិត្ត​ជ្រើសរើស​ផ្នែក​ដែល​ត្រូវ​អនុវត្តន៍​ស្តង់ដា ជម្រុញ​ការ​អនុវត្ត​ផ្ទៃ​ក្នុង​ក្រុមហ៊ុន ត្រួត​ពិនិត្យ​និង​សិក្សា​គំរូ​ដែល​ចង់​អនុវត្តន៍ ពង្រាង​សំណុំ​ឯកសារ​គ្រប់​គ្រង​គុណភាព បណ្តុះ​បណ្តាល​ផ្ទៃ​ក្នុង​អំពី​អ្វី​ដែល​ត្រូវ​អនុវត្តន៍ អនុវត្តន៍លំនាំ ចងក្រង​សំណុំ​ឯកសារ​ដែល​បាន​អនុវត្តន៍ រួច​ដាក់​វាយ​តម្លៃ​ផ្ទៃ​ក្នុង បន្ទាប់​ពី​ការ​សម្រួល​ចំណុច​ខ្វះខាត រួច​បញ្ជូន​ទៅ​ក្រុមហ៊ុន​វាយ​តម្លៃ​ស្តង់ដា ដើម្បី​ស្នើ​សុំ​វិញ្ញាបនបត្រ។

ម្ចាស់​សហគ្រាស​ផលិត​ទឹក​ត្រី និង​ទឹក​ស៊ីអ៊ីវ​លាងឡេង លោក លាង ឡេង ដែល​ក្រុមហ៊ុន​លោក​បាន​អនុវត្ត និង​ទទួល​បាន​វិញ្ញាបនប័ត្រ ISO9001:2018 កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ មាន​ប្រសាសន៍​ថា រាល់​ការ​អនុវត្តន៍​គោលការណ៍​ស្តង់ដា ក្រៅ​អំពី​អត្ថប្រយោជន៍ ក្រុមហ៊ុន​លោក​ជួប​នឹង​បញ្ហា​ប្រឈម​ផង​ដែរ នោះ​គឺ​ការ​ចំណាយ​បន្ថែម។

លោក លាង ឡេង មាន​ប្រសាសន៍​ថា៖ «សម្រាប់ការអនុវត្តនៃស្តង់ដា​នេះ ធម្មតា​ទេយើងត្រូវចាយ​នូវទ្រព្យធនបន្ថែម ថ្លៃដើមបន្ថែម ក្នុងការផលិតខ្សែសង្វាក់។ ប៉ុន្តែអ្វី​ដែលការចាយបន្ថែមនេះ គឺយើងសង្កេត​ឃើញថា អស់តិចទេ! បើបានមកវិញគឺច្រើនមែនទែន។ គឺថា យើងអនុវត្តន៍​យកISO យកស្តង់ដា​នីមួយៗ​ហ្នឹង គឺយើងត្រូវការកែច្នៃបន្ទប់វេចខ្ចប់តិចតួច ធ្វើឱ្យស្តង់ដា មានសម្លៀកបំពាក់ឯកសណ្ឋាន និងមួក​ការពារ ម៉ាស់ ឬ​ក៏អ្វីដែលជា​ការតម្រូវ ឱ្យទៅតាមប្រព័ន្ធនៃផលិតផលនីមួយៗ»

បើ​ទោះ​ជា​ការ​ចំណាយ ក៏​ដូចជា​ការ​លំបាក​ក្នុង​ពេល​អនុវត្ត​យក​ស្តង់ដា​យ៉ាង​នេះ​ក្តី បុរស​សម្បុរ​ស​វ័យ​កណ្តាល​រូប​នេះ​អះអាង​ថា​ ក្រុមហ៊ុន​លោក​បាន​ទទួល​ឈ្មោះ​ជា​ក្រុមហ៊ុន​គំរូ ខាង​សុវត្ថិភាព​ចំណី​អាហារ​កម្រិត​ខ្ពស់​នៅ​កម្ពុជា​ក្រោយ​ទទួល​បាន​វិញ្ញាបនបត្រ ISO9001:2018។

ក្រៅ​អំពី​កិត្តិនាម​ក្រុមហ៊ុន ម្ចាស់​សហគ្រាស​សិប្បកម្ម​រូប​នេះ​ក៏​បាន​បញ្ជាក់​អំពី​សុវត្ថិភាព​នៃ​ផលិតផល​របស់​ខ្លួន​ថា ត្រូវ​បាន​ធានា ការពារ​យ៉ាង​ត្រឹមត្រូវ ខណៈ​អាជីវកម្ម​ផលិត​គឿង​ឧបភោគ​បរិភោគ​ប្រភេទ​ទឹក​ដូច​លោក​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់។

លោក សោម ណូ មន្រ្តី​ជំនាញ​កម្ពុជា​ខាង​ស្តង់ដា​បញ្ជាក់​ថា ក្រុមហ៊ុន​ដែល​អនុវត្តន៍​យក​ស្តង់ដា ISO9001:2015 បាន នោះ​នឹង​បាន​ផ្តល់​ទំនុកចិត្ត​កាន់​តែ​ខ្ពស់​សម្រាប់​អតិថិជន។ ហើយ​ក្រុមហ៊ុន​ក៏​ទទួល​បាន​ផល​ចំណេញ​ខ្ពស់​ដោយសារ​គ្រប់​វត្ថុ​ធាតុ​ដើម​ទាំងអស់​ត្រូវ​បាន​ធានា​ថា មាន​សុវត្ថិភាព និង​គុណភាព។

ប្រភព​ដដែល​បន្ត​ថា អង្គការ​ស្តង់ដា​អន្តរជាតិ (ISO) ចាប់​ផ្តើម​ដំបូង​តាំង​ពី​ឆ្នាំ​១៩៤៧ នៅ​ទីក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស។ ប្រព័ន្ធ​ទាំង​នេះ​ត្រូវ​បាន​យក​មក​អនុវត្ត​ស្ទើ​តែ​ពេញ​ពិភពលោក ក្នុង​នោះ​ក៏​មាន​សហគ្រាស​នៅ​កម្ពុជា​ផង​ដែរ។ វិទ្យាស្ថាន​ស្តង់ដា​កម្ពុជា​ជា​សមាជិក​របស់​អង្គការ​ISO ដូច្នេះ​វិទ្យាស្ថាន​នេះ​មាន​សិទ្ធិ​ក្នុង​ការ​បណ្តុះ​បណ្តាល ចុះ​ធ្វើ​សវនកម្ម និងចេញ​វិញ្ញាបនបត្រ​ជូន​ក្រុមហ៊ុន​ដែល​ស្នើ​សុំ​ដោយ​ទទួល​ស្គាល់​ជា​អន្តរជាតិ៕

ចែករំលែកតាម៖