តើ CSR ផ្តល់អត្ថប្រយោជន៍អ្វីខ្លះ?

តើ CSR ផ្តល់អត្ថប្រយោជន៍អ្វីខ្លះ?

តាម​ពិត​ទៅទំនួលខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន​ឬ​ CSR​ មិន​មែន​បង្កើត​មក​ដើម្បី​តែ​ផ្តល់​ផល​ប្រយោជន៍​ដល់​តែ​ម្ចាស់​ភាគ​ហ៊ុន​ប៉ុណ្ណោះ​ទេ។​ ការ​យក​ចិត្ត​ទុក​ដាក់​ពី​ការ​រៀបចំ​គម្រោង​គោល​នយោបាយ​ និង​កម្មវិធី​CSR​ អាច​ជួយ​ក្រុមហ៊ុន​បង្កើត​ប្រភព​ធនធាន​ និង​ប្រាក់​ចំណេញ។​ អត្ថប្រយោជន៍​ដែល​បាន​ផល​មក​ពី​យុទ្ធសាស្រ្ត​CSR​ រួម​មាន៖​ ការ​សន្សំ​សំចៃ​ដោយ​ផ្ទាល់​ និង​ប្រយោល​ ពង្រឹង​ចំណង​ទាក់ទង​ បង្កើត​និង​បង្កើន​ធនធាន​មនុស្ស​ ក៏​ដូចជា​កសាង​កេរ្តិ៍​ឈ្មោះ​ក្រុមហ៊ុន​ផង​ដែរ។​ នេះ​បើ​យោង​តាម​ឯកសារ​ស្តី​ពី​ទំនួល​ខុសត្រូវ​សង្គម​នៅ​កម្ពុជា​ ដែល​បោះពុម្ព​ក្នុង​ឆ្នាំ​២០១៦​ មាន​កម្រាស់​២០​ទំព័រ​ ដោយ​អង្គការ​អភិវឌ្ឍន៍​ និង​ភាព​ជា​ដៃគូ​ក្នុង​សកម្មភាព​ DPA។​

ក្រុមហ៊ុន​គំរូ​មួយ​ក្នុង​ចំណោម​ ក្រុមហ៊ុន​ជាង​១០​ នៅ​ក្នុង​ឯកសារ​ស្រាវជ្រាវ​ដដែល​នោះ​គឺ​ក្រុមហ៊ុន​នាំ​ចេញ​ស្រូវ​អង្ករ​អេមរុរ៉ាយស៍​បាន​បង្ហាញ​ពី​សមិទ្ធផល​វិជ្ជមាន​របស់​ខ្លួន​ ក្រោយ​ការ​អនុវត្ត​CSR។​

អគ្គ​នាយក​ក្រុមហ៊ុន​អេមរុរ៉ាយស៍​ លោក​ សុង​ សារ៉ន​ បញ្ជាក់​ថា​ ទាំង​គុណភាព​និង​បរិមាណ​ផលិតផល​ស្រូវ​មាន​ភាព​ល្អ​ប្រសើរ​ ហើយ​ពិសេស​ជាង​នេះ​ទៀត​គឺ​ បន្ទាប់​ពី​ការ​ជ្រើស​យក​ការ​អនុវត្ត​CSR​ ក្រុមហ៊ុន​លោក​ទទួល​បាន​ការ​សាទរ​ពី​សំណាក់​អតិថិជន​ដៃគូ​សហការ​ទាំង​រដ្ឋាភិបាល​និង​សង្គម​ស៊ីវិល។​

លោក​ សារ៉ន​ អះអាង​យ៉ាង​ដូច្នេះ​ថា៖​ «ក្រុមហ៊ុន​របស់​យើង​ទទួល​បាន​នូវ​ការ​គាំទ្រ​ច្រើន​ពី​ទីផ្សារ​អន្តរជាតិ។​ យើង​ទទួល​បាន​ការ​វិនិយោគ​ច្រើន​ពី​ក្រុមហ៊ុន​ដែល​មាន​គំនិត​ប្រហាក់​ប្រហែល​យើង។​ ហើយ​យើង​មាន​ការ​គាំទ្រ​ថវិកា​ ទាំង​បច្ចេកទេស​ពី​ស្ថាប័ន​ដៃគូ​អភិវឌ្ឍ​ដែល​គាត់​ចង់​បង្កើត​ការងារ​ឱ្យ​សហគមន៍​ ដែល​គាត់​ចង់​ឱ្យ​សហគមន៍​មាន​ចេរភាព។​ ហើយ​យើង​ទទួល​បាន​នូវ​គម្រោង​ផ្សេងៗ​ដែល​អេមរុ​បង្កើត​កន្លង​មក​ជាមួយ​នឹង​សហគមន៍​ ដូចជា​គម្រោង​ស្រូវ​សរីរាង្គ​ គម្រោង​ស្រូវ​ចេរភាព​ គម្រោង​កិច្ច​សន្យា​កសិកម្ម​ ហើយ​និង​គម្រោង​ផលិត​ពូជ។​ អ៊ីចឹង​កន្លង​មក​ហ្នឹង​គឺ​ទទួល​បាន​នូវ​ការ​គាំទ្រ​ហើយ​និង​ចូលរួម​ជំរុញ​ឱ្យ​សហគមន៍​ហ្នឹង​មាន​សមត្ថភាព​រឹងមាំ​ជាង​មុន​ កសាង​សមត្ថភាព​សហគមន៍​ ហើយ​ទី៥​នោះ​គឺ​ពង្រឹង​នូវ​ គេ​ហៅ​ថា​ស្រ្តី​ឱ្យ​គាត់​ក្លាយ​ទៅ​ជា​សហគ្រិន​ឈាន​មុន​មួយ​នៅ​ក្នុង​ការ​ផលិត​ឬ​ក៏​ក្នុង​ការ​ធ្វើ​ជំនួញ​នៅ​ក្នុង​សហគមន៍​ ជា​ពិសេស​គឺ​ការ​ដាំ​កសិផល​កសិកម្ម​តាម​បែប​កិច្ច​សន្យា»។​

លោក សុង សារ៉ន អគ្គនាយកនៃក្រុមហ៊ុនអេមរុរ៉ាយស៍
លោក សុង សារ៉ន អគ្គនាយកនៃក្រុមហ៊ុនអេមរុរ៉ាយស៍

ក្រៅ​ពី​កិត្យានុភាព​ល្អ​និង​វឌ្ឍនភាព​យូរ​អង្វែង​របស់​ក្រុមហ៊ុន​ ការ​អនុវត្ត​CSR​ដ៏​ពិត​ប្រាកដ​មួយ​បាន​ជួយ​ផ្តល់​ការងារ​សមរម្យ​ បង្កើន​ចំណូល​ដល់​កម្មករ​និយោជិត​ ឱ្យ​មាន​ជីវភាព​ប្រសើរ​ បង្កើន​ចំណេះដឹង​ តាម​ការ​ផ្តល់​ឱកាស​បណ្តុះ​បណ្តាល​ បូក​រួម​ទាំង​ការ​គាំពា​សុខភាព​និង​សុវត្ថិភាព​អំឡុង​ពេល​ប្រតិបត្តិ​ការងារ​ដល់​បុគ្គលិក​ទាំង​នោះ​ផង​ដែរ។​ នេះ​បើ​តាម​ការ​រៀបរាប់​ពី​អគ្គនាយិកា​ក្រុមហ៊ុន​លីលី​ ផលិត​នំ​ស្រួយ​ លោកស្រី ​កែវ​ មុំ។​

លោកស្រី​ កែវ​ មុំ​ពន្យល់​ពី​បទពិសោធន៍​ការ​អនុវត្ត​CSR​ នៅ​ក្នុង​ស្ថាប័ន​លោកស្រី​យ៉ាង​ដូច្នេះ​ថា៖​ «បច្ចុប្បន្ន​ក្រុមហ៊ុន​លីលី​ គឺ​យើង​តែង​តែ​គិត​ច្រើន​ទៅ​លើ​រឿង​CSR​ហ្នឹង​ ទាំង​ថវិកា​ ដូចថា​យើង​មាន​ចូលរួម​ចំណាយ​ថវិកា​ចូល​រួម​អនុវត្ត​គម្រោង​ផ្សេងៗ​ឬ​ក៏​យើង​ជួយ​បណ្តុះ​បណ្តាល​ដល់​បុគ្គលិក​កម្មករ។​ យើង​ចែក​រំលែក​នូវ​បទពិសោធន៍​របស់​យើង​ទៅ​ដល់​ឧស្សាហករ​ផ្សេង​ទៀត។​ ហើយ​ហ្នឹង​គឺ​ថា​យើង​(ផ្តល់​ការ​សម្រាក​សម្រាល​មាតុភាព​ដល់)​បុគ្គលិក​ស្ត្រី​ដែល​មាន​ផ្ទៃពោះ​សម្រាល​កូន​អ៊ីចឹង​ ទុក​ឱ្យ​គាត់​៣ខែ​សម្រាប់​សម្រាក។​ អ៊ីចឹង​ហើយ​មាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដែល​យើង​ផ្តល់​ឱ្យ​បុគ្គលិក​កម្មករ​របស់​យើង។​ ចា៎!​ ម៉្យាង​ទៀត​ ក៏​យើង​ឱកាស​ឱ្យ​សិស្ស​ដែល​បញ្ចប់​ការ​សិក្សា​គាត់​មក​យក​ចំណេះដឹង​ រៀន​ ដែល​ថា​ធ្វើ​កម្មសិក្សា​ ដើម្បី​យក​បទពិសោធន៍​ពី​ក្រុមហ៊ុន​ ក៏​យើង​អនុញ្ញាត​ឱ្យ​ជា​ច្រើន​រយ​នាក់​ហើយ»។​

ពាក្យ​ទំនួល​ខុស​ត្រូវ​សង្គម​របស់​ក្រុមហ៊ុន​ ឬ​CSR​គឺ​ជា​ការ​រួម​បញ្ចូល​ការ​អភិវឌ្ឍ​ ដើម្បី​ឱ្យ​ពាណិជ្ជកម្ម​អាច​បន្ត​បាន​យូរ​អង្វែង​ ដោយ​ភ្ជាប់​ជាមួយ​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​លើ​សង្គម​និង​បរិស្ថាន​ នៅ​ក្នុង​ការ​អនុវត្ត​នៃ​ជំនួយ​នោះ។​ ឧទាហរណ៍​ដូចជា​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​បុគ្គលិក​និយោជិត​ សហជីព​ អតិថិជន​ អ្នក​ផ្គត់ផ្គង់​ ពាណិជ្ជករ​ អង្គការ​សង្គម​ស៊ីវិល​ រដ្ឋាភិបាល​ និង​សហគមន៍​ជារួម។​ នេះ​បើ​តាម​ឯកសារ​ស្តី​ពី​ទំនួល​ខុស​ត្រូវ​សង្គម​នៅ​កម្ពុជា។​

ជាង​នេះ​ទៅ​ទៀត​ CSR​ មាន​គោលការណ៍​គន្លឹះ​ចំនួន​៧​ជា​សកល​គឺ​ អភិបាលកិច្ច​ស្ថាប័ន​ សិទ្ធិ​មនុស្ស​ គោលការណ៍​ពលកម្ម​ បរិស្ថាន​ គោលការណ៍​ការងារ​យុត្តិធម៌​ ដោះស្រាយ​បញ្ហា​អតិថិជន​ និង​ការ​ចូលរួម​ និង​អភិវឌ្ឍន៍​សហគមន៍។​ នេះ​យោង​តាម​សេចក្តី​ណែនាំ​ ISO​២៦០០០​ នៃ​អង្គការ​ស្តង់ដា​អន្តរជាតិ​(ISO)។​

លោក អៀង សុធារ៉ា ស្ថាបនិកនៃក្រុមហ៊ុនសហករណ៍សរីរាង្គខ្មែរ (KOC)
លោក អៀង សុធារ៉ា ស្ថាបនិកនៃក្រុមហ៊ុនសហករណ៍សរីរាង្គខ្មែរ (KOC)

ស្ថាបនិក​នៃ​ក្រុមហ៊ុន​សហករណ៍​សរីរាង្គ​ខ្មែរ​ (KOC)​ លោក​ អៀង​ សុធារ៉ា​ ចែក​រំលែក​បទពិសោធន៍​ថា​ ស្ថាប័ន​លោក​ដែល​អាច​និយាយ​ថា​បាន​គិត​អំពី​ពាក្យ​CSR​ នោះ​គឺ​ថ្នាក់​ដឹកនាំ​ស្ថាប័ន​បាន​គិត​ពី​៣​ចំណុច​ធំៗ​ ក្នុង​នោះ​រួម​កត្តា​មនុស្ស​ ភព​ផែនដី​ ឬ​បរិស្ថាន​ និង​កត្តា​និរន្តភាព​របស់​អាជីវកម្ម។​ អ្នក​ជំនួញ​ចាស់​វស្សា​រូប​នេះ​បញ្ជាក់​ថា​ ការ​គោរព​តាម​គោលការណ៍​CSR​នេះ​ គឺ​មិនមែន​ជា​រឿង​អ្វី​ដែល​ថ្មី​នោះ​ទេ​ ដោយ​អ្វី​ដែល​មាន​ក្នុង​ទ្រឹស្តី​CSR​ គឺ​លោក​ធ្លាប់​ឃើញ​មាន​ចែង​នៅ​ក្នុង​ព្រះពុទ្ធ​សាសនា​ ដែល​លោក​បាន​រៀន​កន្លង​មក​ហើយ។​

លោក​បន្ត​ថា​ ការ​ប្រតិបត្តិ​តាម​ពុទ្ធឱវាទ​ដែល​មាន​ដូច​នឹង​ទ្រឹស្តី​CSR​ នេះ​បាន​ផ្តល់​ការ​រីក​ចម្រើន​ដល់​ស្ថាប័ន​នៅ​ក្នុង​រយៈពេល​យូរ។​

លោក​ សុធារ៉ា​អះអាង៖​ «ក្រុមហ៊ុន​មាន​លក្ខណៈ​CSR​ ឬ​ការ​រកស៊ី​តាម​បែប​ព្រះពុទ្ធ​សាសនា​សម្រាប់​រយៈពេល​ខ្លី​ គឺ​យើង​មើល​អត់​ឃើញ​ទេ។​ ប៉ុន្តែ​សម្រាប់​រយៈពេល​វែង​ យើង​នឹង​ឃើញ​ថា​ ក្រុមហ៊ុន​ដែល​អនុវត្ត​តាម​បែប​ព្រះពុទ្ធ​សាសនា​ ឬ​ក៏​CSR​នេះ​នឹង​មាន​អនាគត​រុងរឿង​ជាង​ក្រុមហ៊ុន​មិន​អនុវត្ត​តាម​ព្រះពុទ្ធ​សាសនា​ ឬ​CSR​ហ្នឹង»។​

នៅ​ក្នុង​របាយការណ៍​ឯកសារ​ស្តីពី​ទំនួល​ខុសត្រូវ​សង្គម​នៅ​កម្ពុជា​ដែល​បោះពុម្ព​ផ្សាយ​កាល​ពី​ឆ្នាំ​២០១៦​កន្លង​ទៅ​ បាន​ឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​គំរូ​ជាង​១០​ដែល​បាន​ចងក្រង​ក្នុង​ការ​អនុវត្ត​CSR​ ពិត​ជា​ទទួល​បាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង។​ សមិទ្ធផល​ទាំង​នោះ​រួម​មាន​ការ​បង្កើត​ផលិតផល​ថ្មី​ ភាព​រីក​ចម្រើន​លើ​មុខ​ជំនួញ​ ពង្រីក​ទីផ្សារ​ទាំង​ក្នុង​ស្រុក​និង​អន្តរជាតិ​ កសាង​សក្ដានុពល​ធនធាន​មនុស្ស​ និង​ការ​ទទួល​ស្គាល់​ពី​អន្តរជាតិ៕​

ចែករំលែកតាម៖