សិល្បៈសម្តែងជាចំណែកដោះស្រាយបញ្ហាសហគមន៍

សិល្បៈសម្តែងជាចំណែកដោះស្រាយបញ្ហាសហគមន៍

នេះ​ជា​ល្ខោន​អប់រំ​អំពី​បញ្ហា​សង្គម សម្ដែង​ដោយ​ស្ត្រី​១២​រូប​ដែល​ជា​អ្នក​រស់នៅ​សហគមន៍​ក្រីក្រ​នៃ​តំបន់​អនាធិបតេយ្យ​មួយ​នៅ​ក្នុង​ខេត្ត​បាត់ដំបង។ ពួកគេ​បាន​យក​វេទិកា​សម្ដែង​នេះ​ដើម្បី​លើក​យក​បញ្ហា​ដែល​ពួក​គេ​បាន​ជួប​ប្រទះ​នៅ​ក្នុង​ជីវិត​ពិត​មក​ចងក្រង​ជា​រឿង ហើយ​សម្តែង​ជា​ល្ខោន​អប់រំ​បង្ហាញ​ទៅ​សហគមន៍។

ការ​សម្ដែង​ល្ខោន​អប់រំ​ដែល​ដឹកនាំ​ដោយ​សិល្បករ​មក​ពី​អង្គការ​ហ្វាពន្លឺសិល្បៈ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​គម្រោង​ដែល​មាន​ឈ្មោះ​ថា ការ​ប្រើប្រាស់​សិល្បៈ​សម្តែង​ដើម្បី​លើក​កម្ពស់​ការ​រួម​បញ្ចូល​គ្នា​នៅ​ក្នុង​តំបន់​ក្រីក្រ។ គម្រោង​នេះ​មាន​រយៈពេល​៨​ខែ ដោយ​ទទួល​បាន​ជំនួយ​ហរិញ្ញប្បទាន​ពី​កម្មវិធី VOICE នៃ​អង្គការ​អុកស្វាម។

លោកស្រី ស្រី សុខា មន្រ្តី​សម្របសម្រួល​កម្មវិធី VOICE បាន​បញ្ជាក់​ថា គម្រោង​នេះ​មាន​គោលបំណង​ពង្រឹង​សិទ្ធិ ក៏​ដូចជា​ផ្លាស់ប្តូរ​ឥរិយាបថ​នៃ​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​កាត់​បន្ថយ​ការ​រើសអើង ទៅ​លើ​មនុស្ស​វ័យ​ចំណាស់ យុវជន អ្នក​ដែល​រស់នៅ​ជាមួយ​ពិការភាព អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា និង​ស្រ្តី​រងគ្រោះ​ពី​អំពើ​ហិង្សា និង​ការ​កេងប្រវ័ញ្ច​ជាដើម។ កញ្ញា​បញ្ជាក់​ថា គម្រោង​សម្តែង​នេះ​មាន​បំណង​ឆ្លើយ​តប​ទៅ​នឹង​ក្រុម​គោលដៅ​របស់ VOICE ដោយ​ផ្ញើរ​សារ​ទៅ​កាន់​សង្គម​តាមរយៈ​មធ្យោបាយ​ដែល​មាន​ភាព​ច្នៃប្រឌិត ផ្អែក​លើ​បញ្ហា និង​តម្រូវការ​ពិត​ប្រាកដ​របស់​ប្រជាពលរដ្ឋ។

លោកស្រី ស្រី សុខា៖ «មាន​ភាព​ខុស​ប្លែក​ពី​គេ​ដែល​គាត់​ប្រើប្រាស់​សិល្បៈ​ការ​សម្តែង​ល្ខោន​នៅ​តាម​សហគមន៍ ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​បញ្ហា​របស់​គាត់។ ហើយ​ក្រៅ​អំពី​ឆ្លុះ​បញ្ចាំង​ពី​បញ្ហា​ហើយ គាត់​ក៏​បាន​ស្វែងរក​គំនិត ការ​ចូលរួម​យោបល់​ពី​អ្នក​ចូលរួម​ដែល​មើល​សិល្បៈ​របស់​គាត់​ហ្នឹង ដើម្បី​ឱ្យ​គាត់​បាន​ឆ្លើយ​តប​ដើម្បី​ដោះស្រាយ​បញ្ហា​របស់​គាត់​ដែរ។»

កញ្ញា ស្រី សុខា មន្រ្តីសម្របសម្រួលកម្មវិធី VOICE
លោកស្រី ស្រី សុខា មន្រ្តីសម្របសម្រួលកម្មវិធី VOICE

បញ្ហា​ដែល​ត្រូវ​បាន​លើក​យក​មក​សម្តែង​នោះ​រួម​មាន៖ អំពើ​ហិង្សា​ក្នុង​គ្រួសារ ការ​សេព​គ្រឿង​ស្រវឹង ការ​ប្រើប្រាស់​គ្រឿងញៀន និង​ការ​លេង​ល្បែង​ស៊ី​សង​ជា​ដើម។

ក្រោយ​ពី​ល្ខោន​អប់រំ​ដែល​សម្តែង​អំពី​បញ្ហា​សង្គម​នេះ​បាន​បញ្ចប់ ទស្សនិកជន​ដែល​ជា​អ្នក​ចូលរួម​នោះ ត្រូវ​បាន​សួរ ដើម្បី​ផ្តល់​ជា​ដំណោះស្រាយ​ទៅ​លើ​បញ្ហា​ដែល​លើក​ឡើង ប្រសិន​បើ​ព្រឹត្តិការណ៍​ក្នុង​រឿង​នោះ​កើត​ពិត​លើ​ពួក​គាត់។ ការ​ជ្រើសរើស​ឱ្យ​មាន​កិច្ចពិភាក្សា​បែប​នេះ គឺ​ដើម្បី​ឆ្លុះ​បញ្ចាំង​អំពី​បញ្ហា​និង​ដំណោះស្រាយ​ក៏​ដូចជា​ឆ្លើយ​តប​ទៅ​នឹង​ចំណងជើង​នៃ​ល្ខោន​អប់រំ​នោះ ដែល​មាន​ឈ្មោះ​ថា “បញ្ហា​ខ្ញុំ ដំណោះស្រាយ​ខ្ញុំ”

ទស្សនិកជន​ដែល​បាន​ទស្សនា​ការ​សម្ដែង​ល្ខោន​អប់រំ​នេះ​បាន​សាទរ និង​អះអាង​ថា​ខ្លួន​ទទួល​បាន​សារ​អប់រំ​ជា​ច្រើន​ពី​ការ​សម្តែង​នេះ។

កញ្ញា សាន មួយលី ដែល​ជា​ទស្សនិកជន​ម្នាក់​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា៖ «ក្រោយ​ពី​មើល​រឿង​ហ្នឹង​ចប់ ធ្វើ​ឱ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា ព្យាយាម​ស្វែង​រក​ដំណោះស្រាយ​ទាក់ទង​ទៅ​នឹង​បញ្ហា​ហ្នឹង។ អ៊ីចឹង​ធ្វើ​ឱ្យ​យើង​គិត​ថា ប្រសិន​បើ​បញ្ហា​ហ្នឹង​ជួប​ទៅ​លើ​គ្រួសារ ឧទាហរណ៍​ថា​គ្រួសារ​យើង គួរ​ដោះស្រាយ​បញ្ហា​ហ្នឹង​យ៉ាង​ម៉េច?»

ទស្សនិកជន​មួយ​រូប​ដែល​បាន​មើល​ការ​សម្តែង​នេះ​តាំង​ពី​ដើម​រហូត​ដល់​ចប់ គឺ​លោក សុទ្ធ ពៅសំណាង បង្ហាញ​ពី​ចំណាប់អារម្មណ៍​គាំទ្រ​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​សប្បាយ​ចិត្ត នៅ​ពេល​ដែល​សហគមន៍​ចេះ​ស្វែង​រក​បញ្ហា​ដែល​កើត​មាន​របស់​ពួក​គាត់​យក​មក​បង្ហាញ​សហគមន៍​ដូចគ្នា ដើម្បី​យើង​ចែក​រំលែក​គ្នា ហើយ​ព្យាយាម​ស្វែង​រក​ដំណោះស្រាយ​ទាំងអស់​គ្នា។»

ការសម្ដែងល្ខោនអប់រំដែលដឹកនាំដោយសិល្បករមកពីអង្គការហ្វាពន្លឺសិល្បៈ
ការសម្ដែងល្ខោនអប់រំដែលដឹកនាំដោយសិល្បករមកពីអង្គការហ្វាពន្លឺសិល្បៈ

ក្រោយ​ពី​ចូលរួម​ក្នុង​គម្រោង​នេះ តំណាង​ស្រ្តី​អ្នក​សម្តែង អ្នកស្រី ពៅ​ សុវណ្ណ អះអាង​ថា​ខ្លួន​មាន​ការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​ជា​ច្រើន ពិសេស​មាន​ចំណេះដឹង ការ​តស៊ូ​មតិ និង​ទំនុកចិត្ត​ក្នុង​ការ​ចូលរួម​ដោះស្រាយ​បញ្ហា​ក្នុង​សហគមន៍។

អ្នកស្រី ពៅ សុវណ្ណ៖ «ភាគ​ច្រើន​ក្មេង​នៅ​ភូមិ​ខ្ញុំ សម្បូរ​អ្នក​ជក់​៣​គ្រឿងញៀន​អ៊ីចឹង​ហា។ ប៉ុន្តែ​យើង​មិន​អាច​ទៅ​ណែនាំ​គេ​ភ្លាម​បាន​ទេ ប៉ុន្តែ​ខ្ញុំ​ឧស្សាហ៍​ ដែល​ខ្ញុំ​ធ្លាប់​រៀន​ដឹង​អ៊ីចឹង ចេះ​និយាយ​ដែរ​ឱ្យ​គេ​លះបង់​អី​អ៊ីចឹង។ (និ)យាយ​ភាគ​ច្រើន ខ្ញុំ​បាន​និយាយ​ទូទៅ កាល​ពី​មុន​ខ្ញុំ​អត់​ហ៊ាន​និយាយ តែ​ឥឡូវ​ខ្ញុំ​ហ៊ាន​និយាយ និយាយ​បើក​ចំហ ខ្ញុំ​អត់​ខ្លាច​គេ​ស្អប់ គេ​គុំ​គួន​អី​ទេ​ណា។»

កម្មវិធី VOICE គឺ​ជា​ម្ចាស់​ជំនួយ​ហិរញ្ញប្បទាន​នៃ​គម្រោង​នេះ។ VOICE សម្របសម្រួល​ដោយ​អង្គការ​អុកស្វាម រួម​ជាមួយ​នឹង​អង្គការ​ហ៊ីវូស​ ដែល​គាំទ្រ​ដោយ​ក្រសួង​ការបរទេស​របស់​ប្រទេស​ហូឡង់ដ៌។ កម្មវិធី VOICE អនុវត្ត​នៅ​ក្នុង​ប្រទេស​ចំនួន​១០ ដោយ​កំណត់​ក្រុម​គោលដៅ​ចំនួន​៥ ក្នុង​ចំណោម​ក្រុម​ជន​ងាយ​រងគ្រោះ ដែល​បាន​កំណត់​នៅ​ក្នុង​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ជា​សកល​(SDG) ជាពិសេស​នៅ​ក្នុង​គោលការណ៍ គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​គេ​បំភ្លេច​ចោល៕

ចែករំលែកតាម៖